38 C
Phnom Penh

អ្នក​តវ៉ា​ខ្មែរ​ក្រោម​ដុត​ទង់ជាតិ​វៀតណាម​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ព្រះសង្ឃ​ខ្មែរ​ក្រោម និង​អ្នក​តវ៉ា​ជាតិ​និយម​បាន​ដុត​ទង់ជាតិ​វៀតណាម​​នៅ​ខាង​មុខ​ស្ថាន​ទូត​វៀតណាម​កាលពី​ម្សិលមិញ ខណៈ​ស្ថានទូត​នេះ​នៅ​តែ​បន្ត​ធ្វើ​ព្រងើយ​កន្តើយ​ចំពោះ​ការ​អំពាវ​នាវ​ឲ្យ​មាន​ការ​សូម​អភ័យទោស​លើ​ការ​លើក​ឡើង​របស់​មន្ត្រី​ទូត​វៀតណាម​ម្នាក់​កាល​ពី​ខែកក្កដា។Khmer-Krom-burning

អ្នក​តវ៉ា​ប្រហែល​៦០០​នាក់​បាន​ប្រមូល​ផ្ដុំគ្នា​នៅ​​ស្ថានទូត​វៀតណាម​​ម្ដង​ទៀត ដើម្បី​ទាម​ទារ​ឲ្យ​មាន​ការ​ដក​ចេញ​វិញ​នូវ​ការ​លើក​ឡើង​របស់​លោក ត្រាន វ៉ាន​ថុង អ្នក​នាំពាក្យ​ស្ថានទូត​​វៀតណាម ដែល​ថា ខេត្ត​មួយ​ចំនួន​នៅ​កម្ពុជា​ក្រោម ដែល​ស្ថិត​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​វៀតណាម​​​ក្នុង​ពេល​សព្វ​ថ្ងៃ គឺ​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​វៀតណាម​តាំង​ពី​យូរ​ណាស់​មក​ហើយ មុន​ពេល​ប្រទេស​បារាំង​បាន​កាត់​ខេត្ត​ទាំង​នេះ​ជា​ផ្លូវ​ការ​ឲ្យ​ទៅ​ប្រទេស​វៀតណាម​នៅ​ក្នុង​ឆ្នាំ​១៩៤៩។

ការ​តវ៉ា​បាន​បន្ត​ដោយ​អហិង្សា​រហូត​ដល់​ម៉ោង​ប្រហែល​២និង​៣០​នាទី​រសៀល នៅ​ពេល​នោះ​ទង់ជាតិ​ត្រូវ​បាន​យក​ទៅ​មុខ​ ហើយ​ព្រះតេជគុណ សឹង ហៃ ជា​ព្រះ​សង្ឃ​មួយ​អង្គ​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ និង​ដែល​ជា​បុគ្គល​លេច​ធ្លោ​នៅ​ក្នុង​ការ​តវ៉ា​ពីរ​ថ្ងៃ​មក​នេះ​បាន​​និមន្ត​​​មុខ​គេ។

ក្រោយ​ពេល​ទង់ជាតិ​ត្រូវ​បាន​ដុតរួច​បន្តិច​ អ្នក​តវ៉ា​ចំនួនពីរ​នាក់​ ដែល​រួម​មាន​ព្រះ​សង្ឃ​មួយ​អង្គ​ និង​បុរស​​ម្នាក់​បាន​ដើរ​ទៅ​មុខ​ ហើយ​បាន​​ជំរុញ​ឲ្យ​អ្នក​តវ៉ា​រក្សា​ការ​សន្យា​ដែល​ថា មិន​បង្ក​អំពើ​ហិង្សា​។ ប៉ុន្តែ​​ព្រះតេជគុណ សឹង ហៃ នៅ​តែ​បន្ត​សកម្មភាព​ខ្លាំង​ឡើងៗ​។

ព្រះតេជគុណ​អង្គ​នេះ​​បាន​ឆ្លើយ​តប​ចំពោះ​ការ​សុំ​ឲ្យ​រក្សា​ភាព​ស្ងៀម​ស្ងាត់​ថា ” តើ​យើង​អាច​រក្សា​ការ​មិន​បង្ក​អំពើ​ហិង្សា​បាន​យូរ​ប៉ុណ្ណា​ទៀត។ នេះ​​​គឺ​ជាបញ្ហា​របស់​វៀតណាម​”។

ក្រោយ​ពេល​និយាយ​ដាក់​គ្នា​​ទៅវិញ​ទៅមក​បាន​ពីរបី​នាទី​រួច ទីបំផុត​ទង់ជាតិ​ត្រូវ​បាន​ដុត​ ហើយ​ត្រូវ​បាន​យក​មក​ជាន់​ និង​ស្ដោះ​ទឹក​មាត់​ដាក់​ដោយ​ព្រះសង្ឃ​ និង​អ្នក​តវ៉ា​ផ្សេង​ទៀត​។

លោក ថាច់ សេដ្ឋា នាយក​ប្រតិបត្តិ​​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម​ និង​ជា​បុគ្គល​នាំមុខ​គេ​​នៅ​ក្នុង​ការ​តវ៉ា​ ដែល​បាន​ប្រគល់​ញត្តិ​ដោយ​ផ្ទាល់​​ជូន​ស្ថានទូត​មួយ​ចំនួន​ និង​ស្ថាប័ន​រដ្ឋ​ មិន​អាច​ទាក់​ទង​សុំការ​បំភ្លឺ​បានទេ​កាលពី​ម្សិលមិញ​។

លោក សេដ្ឋា បាន​គ្រោង​ទៅ​ជួប​ជាមួយ​មន្ត្រី​សាលា​រាជ​ធានី​​កាលពី​ម្សិលមិញ ដើម្បី​ពិភាក្សា​ពីការ​តវ៉ា​ ដែល​កាល​ពី​ថ្ងៃ​ច័ន្ទ​បាន​បំពាន​​សារាចរ​ណែនាំ​របស់​សាលា​រាជ​ធានី ដែល​អនុញ្ញាត​ឲ្យ​តែ​មនុស្ស​១០​នាក់​ប៉ុណ្ណោះ​ដង្ហែ​ក្បួន​ក្នុង​រាជ​ធានី​ ជា​ផ្នែក​មួយ​នៃ​បាតុកម្ម​នោះ។

លោក ឡុង ឌីម៉ង់ អ្នក​នាំពាក្យ​សាលា​រាជ​ធានី​បាន​ឲ្យ​ដឹង​ថា នៅ​​កន្លែង​ជួប​ពិភាក្សា​គ្នា​ លោក សេដ្ឋា បាន​បដិសេធ​ថា មិន​ជាប់ពាក់​ព័ន្ធ​នឹង​អ្នកដុត​ទង់ជាតិ​ទេ​។ លោក​ ឡុង ឌីម៉ង់ បាន​មាន​ប្រសាសន៍​ថា ” គាត់​បាននិយាយ​ថា មនុស្ស​ដែល​នៅ​ខាង​មុខ​ស្ថានទូត​វៀតណាម​​មិន​ស្ថិត​នៅ​ក្នុង​ក្រុម​របស់​គាត់​ទេ​”។

លោក​ ឌីម៉ង់ បាន​បន្ថែម​ថា លោក​ សេដ្ឋា បាន​ស្នើ​សុំ​បន្ត​ការ​តវ៉ា​ ប៉ុន្តែ​គាត់​ត្រូវ​បាន​បដិសេធ​ ហើយ​ថា អ្នក​ដែល​ដុត​ទង់ជាតិ​នឹង​ប្រឈម​ការ​ដាក់​ទោស​ទណ្ឌ​។​​ លោក​បាន​មាន​ប្រសាសន៍​ថា ” វា​គឺ​ជា​ក្រុម​អនាធិបតេយ្យ​ យើង​នៅ​មិន​ទាន់​សម្រេច​ថា តើ​ត្រូវ​ដាក់​ទោសទណ្ឌ​ពួកគេ​តាមរបៀប​ណា​នៅ​ឡើយ​ទេ ប៉ុន្តែ​យើង​នឹង​រង់ចាំ​មើល​”។

នៅ​កន្លែង​កើត​ហេតុ​​ លោក ជុំ ហួត អាយុ​២៨​ឆ្នាំ​ ជា​អ្នក​​​រៀប​​​ចំ​​​ការ​​​តវ៉ា​​​ម្នាក់​មកពី​យុវជន​ខ្មែរ​​​មហា​​​នគរ​​​ ដែល​ជា​អង្គការ​មួយ​ក្នុង​ចំណោម​អង្គការ​យុវជន​ចំនួន​១៣​ដែល​គាំទ្រ​ខ្មែរ​ក្រោម​ បាន​លើក​ឡើង​ថា គ្មាន​នរណា​ម្នាក់​គាំទ្រ​​ចំពោះ​ការ​ដុត​ទង់ជាតិ​នេះទេ។ លោក​បាន​និយាយ​ថា ” ខ្ញុំ​គិត​ថា មនុស្សភាគ​ច្រើន​មិន​គាំទ្រ​ទង្វើ​នេះ​ទេ ប៉ុន្តែ​វា​លំបាក​ណាស់​ក្នុង​ការ​ប្រាប់​ឲ្យពួកគេ​ឈប់​ ពួកគេ​នឹង​គិត​ថា យើង​ជា​ចារកម្ម​”។

លោក ញ៉យ ចំរើន សមាជិក​សភា​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ក៏​បាន​ចូល​រួម​ក្នុង​ការ​តវ៉ា​នេះ​ដែរ​នោះ បាន​លើក​ឡើង​ថា ការ​ដុត​ទង់ជាតិ​គឺ​ជា​រឿង​គួរ​ឲ្យ​ព្រួយ​បារម្ភ​។ លោក​បាន​មាន​ប្រសាសន៍​ថា ខ្ញុំ​មិន​ច្បាស់​ទេ​អំពី​សកម្មភាព​នេះ​។ យើង​​ត្រូវ​​​រក្សា​ការ​មិន​បង្ក​អំពើ​ហិង្សា​ ហើយ​ឥឡូវ​នេះ​ខ្ញុំ​ព្រួយ​បារម្ភ​អំពី​បញ្ហា​នេះ​”។

ទោះ​ជាយ៉ាង​ណា ព្រះតេជគុណ សឹង ហៃ ដែល​ដឹកនាំ​ការ​ដុត​ទង់ជាតិ​បានគំរាម​ចាត់​វិធាន​ការ​បន្ត​។ ព្រះតេជគុណ​មាន​សង្ឃ​ដីកា​​ដោយ​សំដៅ​ទៅ​លើ​ស្ថាន​ទូត​ថា ” យើង​នៅ​មិន​ទាន់​ដុត​ ឬកម្ទេច​អគារ​នៅ​ឡើយ​ទេ”។ ព្រះតេជគុណ​បាន​បន្ត​ថា ” ថ្ងៃ​ស្អែក​ប្រសិន​បើ ត្រាន វ៉ានថុង មិន​មក​សុំទោស​នោះ​ទេ អាត្មា​នឹង​យក​ទង់ជាតិ​៣០​ទៀត​មក​ដុត​”។ ​គេ​មិន​អាច​ទាក់​ទង​សុំការ​បំភ្លឺ​ពី​មន្ត្រី​ស្ថានទូត​វៀតណាមបានទេ​៕ គឹមហឿន​​​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស