តំណាងរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា បានចុះទៅជួបជាមួយអ្នកភូមិជនជាតិដើមភាគតិចព្នងនៅក្នុងខេត្តមណ្ឌលគិរីនៅក្នុងសប្ដាហ៍នេះប៉ុន្មានថ្ងៃបន្ទាប់ពីអាជ្ញាធរមូលដ្ឋានបានរារាំងពួកគាត់រាប់រយនាក់មិនឲ្យហែក្បួន ដើម្បីប្រារព្ធទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោក។
អ្នកភូមិម្នាក់ឈ្មោះ ផ្លាង ស៊ីម បានឲ្យដឹងថា លោកស្រី Wan-Hea Lee បានជួបជាមួយអ្នកភូមិជនជាតិដើមភាគតិចនៅក្នុងឃុំប៊ូស្រា ស្រុកពេជ្រាដា កាលពីម្សិលមិញ ដើម្បីស្ដាប់ការត្អូញត្អែររបស់ពួកគាត់ទាក់ទិនរឿងកាប់បំផ្លាញព្រៃឈើ និងវិវាទរបស់ពួកគាត់ជាមួយក្រុមហ៊ុនចម្ការកៅស៊ូឯកជន ដែលពួកគាត់ចោទប្រកាន់ថា បានរំលោភយកដីដូនតារបស់ពួកគាត់។
លោក ស៊ីម បាននិយាយដោយសំដៅទៅលើក្រុមហ៊ុន Socfin-KDC ជាក្រុមហ៊ុនចម្ការកៅស៊ូដែលអង្គការសិទ្ធិមនុស្សបានចោទប្រកាន់ពីបទបង្ខំអ្នកភូមិឲ្យលក់ដីរបស់ខ្លួនថា ” លោកស្រី Lee បានសួរខ្ញុំថា តើការលំបាកអ្វីខ្លះដែលយើងកំពុងជួបក្នុងពេលបច្ចុប្បន្ន ហើយខ្ញុំបានប្រាប់គាត់ថា យើងកំពុងប្រឈមនឹងការបាត់បង់ដីសហគមន៍របស់យើង និងការកាប់បំផ្លាញព្រៃឈើ បន្ទាប់ពីក្រុមហ៊ុចម្ការកៅស៊ូ Socfin ទទួលបានដីសម្បទានសេដ្ឋកិច្ច”។
អ្នកភូមិម្នាក់ទៀតឈ្មោះ ដួង ប៉ែន មកពីសង្កាត់សុខដុម ក្រុងសែនមនោរម្យ បាននិយាយថា គាត់បានជួបជាមួយលោកស្រី Lee កាលពីថ្ងៃច័ន្ទ ហើយបានលើកឡើងពីវិវាទដីធ្លីដែលសហគមន៍របស់គាត់ជាមួយក្រុមហ៊ុន Villa Development។ លោក យឹម លុច អភិបាលរងខេត្តបានបញ្ជាក់ថា ប្រពន្ធរបស់គាត់គឺជាអគ្គនាយកក្រុមហ៊ុននេះ។
លោក ប៉ែន បាននិយាយថា “ក្រុមហ៊ុនទទួលបានដីសម្បទានសេដ្ឋកិច្ចសម្រាប់ធ្វើចម្ការកៅស៊ូក្នុងស្រុកពេជ្រាដា ហើយបានកាប់ឈើដែលនៅម្ដុំដីសម្បទាននោះ”។ លោកស្រី Lee បានឲ្យដឹងថា គាត់បានប្រាប់អ្នកភូមិថា អង្គការសហប្រជាជាតិនឹងបន្តឃ្លាំមើលស្ថានភាពនេះបន្តទៀត។
លោកស្រីបានមានប្រសាសន៍ថា “ប្រសិនបើ និងនៅពេលគ្រួសារអ្នកភូមិជនជាតិដើមភាគតិចព្នងដាក់ពាក្យប្ដឹងទៅតុលាការ [អង្គការសហប្រជាជាតិ] នឹងតាមដានករណីរបស់ពួកគាត់ដោយយកចិត្តទុកដាក់។ ស្របពេលនោះដែរ អង្គការនឹងបន្តតស៊ូមតិសម្រាប់អ្នកភូមិជនជាតិដើមភាគតិចព្នងឲ្យអាចប្រើប្រាស់សេរីភាពនៃការបញ្ចេញមតិ និងការជួបជុំដោយសន្តិវិធីរបស់ពួកគាត់”។
អាជ្ញាធរបានបញ្ឈប់អ្នកភូមិជនជាតិដើមភាគតិចព្នងមិនឲ្យហែក្បួនតាមក្រុងសែនមនោរម្យ ដើម្បីប្រារព្ធទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោកកាលពីថ្ងៃសៅរ៍ ដោយអះអាងថា វានឹងធ្វើឲ្យភ្ញៀវទេសចរ “យល់ច្រឡំ”។
លោកស្រី Lee បានឲ្យដឹងបន្តថា គាត់សង្ស័យចំពោះហេតុផលនេះ។ លោកស្រីបានមានប្រសាសន៍ថា “ជំហររបស់យើងគឺថា គួរតែមានសិទ្ធិជួបជុំដោយសន្តិវិធី។ ខ្ញុំមិនទាន់ឃើញហេតុផលផ្លូវការទេ ប៉ុន្តែប្រសិនបើមានហេតុផលដែលសមហេតុផលចំពោះការហាមមិនឲ្យហែក្បួន ខ្ញុំមិនទាន់ឃើញនៅឡើយទេ”៕ គឹមហឿន