40.9 C
Phnom Penh

កម្មក​រោង​ចក្រ​កាត់​ដេរ​បញ្ចប់​កូដ​កម្ម​បន្ទាប់​ពីវិវាទ​ប្រាក់​ខែ​​ត្រូវ​​​បាន​​​​​​ដោះ​​​ស្រាយ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កម្មករ​រោងចក្រ​កាត់​ដេរ​ប្រហែល​៣.០០០​នាក់​ក្នុង​ខេត្ត​កំពង់ឆ្នាំង បាន​យល់​ព្រម​បញ្ចប់​​កូដកម្ម​​របស់​ខ្លួន ហើយ​បាន​ត្រឡប់​ចូលធ្វើការ​វិញ​នៅ​ថ្ងៃ​នេះ បន្ទាប់​ពី​មាន​ការ​ភាន់​ច្រឡំ​ជុំវិញ​ប្រាក់​ខែ​របស់​ខ្លួនត្រូវ​បាន​ដោះស្រាយ។

កម្មករ​មក​ពី​រោងចក្រ​កាត់​ដេរ​ Jiun Ye Garment ដែល​កាន់​កាប់​ដោយ​ជនជាតិ​ចិន​នៅ​ក្នុង​ស្រុក​សាមគ្គីមានជ័យ បាន​ធ្វើ​កូដកម្ម​កាលពី​ថ្ងៃ​ច័ន្ទ​ បន្ទាប់ពី​បើក​ប្រាក់​ខែ​ថ​្មីៗ​ ហើយ​​​យល់​​​​​ច្រឡំថា តួលេខ​​​នេះ​បាន​រួម​បញ្ចូល​ប្រាក់​ឧបត្ថម្ភ​ប្រចាំ​ខែ​របស់​ពួកគេ​ ដែលគួរ​ទទួលបានខ្ពស់​ជាង​នេះ​។

កម្មករ​បាន​យល់​ព្រម​បញ្ចប់​កូដកម្ម​ បន្ទាប់ពី​មាន​ការ​ពន្យល់​អំពី​របៀប​គណនា​ប្រាក់​​​ខែ អំឡុង​ការ​ចរចា​ជាមួយ​ក្រុម​មន្ត្រី​មកពី​សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា​ (GMAC) សហជីព​សេរី​កម្មករ​ និង​មន្ទីរ​ការ​ងារ​ខេត្ត​។

លោក ឃឹម ចំណាន តំណាង​សហជីព​បាន​មាន​ប្រសាសន៍​ថា ” កម្មករ​មាន​ការ​ភាន់​ច្រឡំ​ ហើយ​គិត​ថា រោងចក្រ​កិប​កេង​​ប្រាក់​របស់​ពួកគេ​។ ប៉ុន្តែ​បន្ទាប់​ពី​ការ​ពិនិត្យ​ និង​​ការ​ពន្យល់​ពី​ GMAC កម្មករ​បាន​និយាយ​​​​ថា ពួកគេ​នឹង​ត្រឡប់ចូល​ធ្វើការ​វិញ”។

លោក​បាន​បន្ថែម​ថា ” បន្ទាប់ពី​ការ​ចរចា​ តំណាង​កម្មករ​បាន​យល់​ព្រម​ប្ដូរ​វិធី​គណនា​ប្រាក់​ខែ​របស់​កម្មករ​ ដើម្បី​ឲ្យ​ពួកគេ​ត្រឡប់​ចូល​​​ធ្វើការ​វិញ​”។

នៅ​ក្នុង​ករណី​ដាច់​ដោយ​ឡែក​មួយ​ទៀត កម្មករ​ជាង​៣០០​នាក់​មកពី​រោងចក្រ​កាត់​ដេរ​ Hung Tak Garmentដែល​កាន់​កាប់​ដោយ​ជនជាតិ​ចិន​ហុងកុង នៅ​ខណ្ឌ​មានជ័យ​ រាជ​ធានី​ភ្នំពេញ​ បាន​ធ្វើ​កូដកម្មកាលពី​ម្សិលមិញ​ជុំវិញ​ការ​បើក​ប្រាក់​ខែ​យឺតយ៉ាវ​ ប៉ុន្តែ​បាន​យល់​ព្រម​ចូល​ធ្វើការ​វិញ​នៅ​ថ្ងៃ​នេះ​ នេះ​​​បើ​​​យោង​តាម​តំណាង​កម្មករ​ និង​មន្ត្រី​រោងចក្រ​។

លោក​ យ៉ាន់ រ័ត្ន​កែវ​ពិសី តំណាង​សហជីព​សេរីកម្មករ​ បាន​មាន​ប្រសាសន៍​ថា “បន្ទាប់ពី​ការ​ចរចា​រវាង​ភាគី​ទាំង​ពីរ​…រោងចក្រ​បាន​យល់​ព្រម​បើក​ប្រាក់​ខែ​សម្រាប់​ខែ​កក្កដា​​​ឲ្យ​​​​កម្មករ​ ហើយ​កម្មករ​នឹង​ត្រឡប់​ចូល​​​ធ្វើការ​វិញ​”។ លោក​បាន​បន្ថែម​ថា “ប្រសិន​បើ​កម្មករ​មិន​ធ្វើ​កូដកម្ម​ទេ​នោះ រោងចក្រ​នឹង​មិន​ឆ្លើយ​តប​ចំពោះ​​កម្មករ​ឡើយ​”។

លោក ចេង សេរីរតនា ប្រធាន​រដ្ឋបាល​នៅ​រោងចក្រនេះ​បាន​មាន​ប្រសាសន៍​ថា ក្រុម​ហ៊ុន​បាន​សូម​ទោសចំពោះ​កម្មករ​ ហើយ​ក៏​​​បាន​​​យល់​ព្រម​គិត​​​បៀវត្សរ៍​​​ឲ្យ​​​សម្រាប់​ថ្ងៃ​ដែល​ពួកគេ​​ធ្វើ​កូដកម្មផងដែរ​។ លោក សេរីរតនា បាន​មាន​ប្រសាសន៍​ថា ” យើង​បាន​សូម​ទោស​ចំពោះ​ការ​បើក​ប្រាក់​ខែ​យឺត​​​យ៉ាវ​​​នេះ ប៉ុន្តែ​យើង​មិន​អាច​ប្រមូល​​​ប្រាក់​​​បាន​​​លឿន​​​សម្រាប់​​​បើក​​​ប្រាក់​​​ខែ​​​តាម​​​ការ​​​ទាម​​​ទារ​​​របស់​​​ពួក​​​គេ​​​បាន​​​ឡើយ​​​​”។ លោក​បាន​បន្ថែម​ថា ” យើង​ទទួល​ស្គាល់​ថា យើង​តែង​តែ​បើក​ប្រាក់​ខែ​ឲ្យ​​​ពួកគេនៅ​ថ្ងៃ​ទី៩ ប៉ុន្តែ​ពេល​នេះយើង​យឺតយ៉ាវ​​​​ ហើយ​ធ្វើ​ឲ្យកម្មករ​មិន​សប្បាយ​ចិត្ត​”៕ សារុន​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស