27 C
Phnom Penh

សាលា​រាជ​ធានី​មាន​ផែនការ​​ដោះ​ស្រាយ​បញ្ហា​សម្រាប់​អ្នក​ដែល​ត្រូវ​បាន​បណ្ដេញ​ចេញ​នៅ​បុរីកីឡា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​សាលា​រាជធានី​ភ្នំពេញ បានជួប​ជាមួយ​​អ្នក​ដែល​ត្រូវ​គេ​បណ្ដេញ​ចេញ​ប្រហែល​១០០​នាក់​នៅ​សហគមន៍​បុរីកីឡា​កាលពី​ម្សិលមិញ ដើម្បី​ព្យាយាម​ដោះ​ស្រាយ​វិវាទ​ដីធ្លី​ជា​យូរ​មក​ហើយ​របស់ពួកគាត់​ជាមួយ​អ្នក​ស្រី​ ស៊ុយ សុផាន ម្ចាស់​ក្រុម​ហ៊ុន​ផានអុីម៉ិច ដែល​គ្រប់​គ្រង​តំបន់​នេះ។

​​ចាប់​តាំង​ពីត្រូវ​បាន​បណ្ដេញ​ចេញ​ដោយ​បង្ខំ​ពី​ជម្រក​បណ្ដោះ​អាសន្ន​របស់​ខ្លួន​​កាលពី​ខែ​មករា ឆ្នាំ​២០១២​មក ពួកគាត់​បាន​រស់​នៅ​ក្នុង​តង់​​រខេក​រខាក​ក្រោយ​អគារ​មួយ​ចំនួន​ ដែល​ក្រុម​ហ៊ុន​បាន​សាង​សង់​សម្រាប់​អ្នក​ដែល​ត្រូវ​បាន​បណ្ដេញ​ចេញ​លើក​មុនៗ​​។ ក្រុម​ហ៊ុន​ផានអុីម៉ិច មិន​បាន​សាងសង់​អគារ​គ្រប់​ចំនួន​​ទាំង​អស់​ដែល​ខ្លួន​បាន​សន្យា​​ទេ ហើយ​ក៏​នៅ​មិន​ទាន់​អភិវឌ្ឍ​​តំបន់​បណ្ដេញ​ចេញ​រួច​រាល់​នៅ​ឡើយ​ដែរ​។

លោក ឃួន ស្រេង អភិបាល​រង​រាជធានី​បាន​ប្រាប់​អ្នក​ភូមិ​នៅ​មហោស្រព​ចេនឡាថា ការ​ងារ​នេះ​គឺ​ជា​អ្វី​ដែល​សាលា​រាជ​ធានី​មិន​ដែល​បាន​ធ្វើ​ទេ​ពីមុនមក។ យើងចង់​ឲ្យ​វា​មាន​ភាព​ច្បាស់​លាស់​ ហើយមាន​តុល្យភាព​ ហេតុដូច្នេះ បង​ប្អូន​ពិត​​ជា​មាន​សង្ឃឹម​”។

លោក​បាន​ឲ្យ​ដឹង​ថា សាលា​រាជ​ធានី​ចង់​ដឹង​ឲ្យ​ពិត​ប្រាកដ​ថា តើ​អ្នកភូមិ​ប៉ុន្មាន​នាក់​មាន​ឯកសារ​ត្រឹម​ត្រូវ​ ដើម្បី​ទទួល​បាន​ផ្ទះ​ថ្មី​ ហើយ​​ប្រាប់​​អ្នក​ដែល​គ្មាន​ឯកសារ​ឈប់​តវ៉ា​ ព្រោះ​​ពួកគាត់​ធ្លាប់​តែ​ធ្វើ​ការ​តវ៉ា​​តាម​រាជ​ធានី​។

លោក ឃួង ស្រេង បាន​មាន​ប្រសាសន៍​ថា ” ប្រសិន​បើ​បង​ប្អូន​មាន​ឯកសារ​គ្រប់​គ្រាន់​ បង​ប្អូន​នឹង​ទទួល​បាន​ផ្ទះ​មួយ​ ហើយ​ប្រសិន​បើ​បងប្អូន​គ្មាននោះ​ទេ [លោក​អភិបាល​ បា៉ សុជាតិវង្ស] នឹង​ដោះ​ស្រាយ​បញ្ហា​នេះ​ដោយ​ផ្ដល់​កន្លែង​ផ្សេង​”។

សាលា​រាជ​ធានី​មាន​គម្រោង​សាង​សង់​ជម្រក​បណ្ដោះ​អាសន្ន​ដ៏ល្អ​ប្រសើរ​សម្រាប់​អ្នក​ភូមិ​ ដែល​កំពុង​រស់​នៅ​ក្នុង​តង់​សព្វ​ថ្ងៃ​ ខណៈ​មន្ត្រី​កំពុង​សម្រេច​ថា តើ​នរណា​អាច​ទទួល​បាន​ផ្ទះ ឬក៏នរណា​​ត្រូវ​ទទួល​បាន​កន្លែង​ផ្សេង​។

លោក ឃួង ស្រេង បាន​បន្ត​ថា “យើង​នឹង​ប្រាប់​លទ្ធផល​នៅ​ពេល​យើង​បញ្ចប់​ការ​សិក្សា។ យើង​មិន​អាច​បញ្ចប់​ការ​សិក្សា​ទាំង​អស់​ត្រឹម​រយ​ៈពេល​មួយ​ថ្ងៃ​បាន​ទេ ព្រោះ​យើង​ត្រូវ​សើរើ​មើល​ពី​មួយ​ករណី​ទៅ​មួយ​ករណី​”។

អ្នក​ភូមិ​ម្នាក់​ឈ្មោះ រុន សុផាត អាយុ​២៥​ឆ្នាំ កំពុង​រស់​នៅ​ក្នុង​តង់មួយ ហើយ​បាន​សម្រាល​កូន​កាលពី​បួន​ថ្ងៃ​កន្លង​​នេះ​។ គាត់​បាន​ប្រាប់​មន្ត្រី​សាលា​រាជ​ធានី​ថា​ គាត់​ព្រួយ​បារម្ភ​ខ្លាច​ក្រែង​មិន​អាច​​ទទួល​បាន​ផ្ទះ​ថ្មី​​មួយ​ ព្រោះ​ទោះបីជា​គាត់​មាន​ឯកសារ​មួយ​ចំនួន​ក៏ដោយ តែ​ម្ដាយ​របស​់​គាត់​នៅ​ពេល​មួយ​បាន​សរសេរ​​ឈ្មោះ​គាត់​ខុស​នៅ​ក្នុង​ឯកសារ​វាយ​តម្លៃ​សម្រាប់​ផ្ទះ​ចាស់​របស់​គាត់​។

គាត់​បាន​​និយាយ​​ដោយ​សំដៅ​ទៅ​អគារ​មួយ​ក្នុង​ចំណោម​អគារ​ទាំង​អស់​ ដែល​ក្រុម​ហ៊ុន​ផានអុីម៉ិច បាន​សាង​សង់​ថា “ខ្ញុំ​បាន​រស់​នៅ​ទីនេះ​តាំង​ពី​ឆ្នាំ​១៩៨៩​មក​ម្លេ៉ះ​ ប៉ុន្តែ​ខ្ញុំ​ខឹង​យ៉ាង​ខ្លាំង​​ពេលគេ​​បដិសេធ​មិន​អនុញ្ញាត​ឲ្យ​ខ្ញុំ​រស់​នៅ​ក្នុង​អគារ​លេខ​៦”៕ គឹមហឿន​​​​​​​​​​​​​​​​

 

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស