34 C
Phnom Penh

អ្នក​ភូមិ​ខេត្ត​កំពង់​ឆ្នាំង​ហែក្បួន​មក​ដល់​រាជ​ធានី​ ទោះ​ជាមាន​ការ​រារាំងពី​នគរបាល

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ស្ត្រី​ដំណាង​អ្នក​ភូមិ​​ភូមិ​ឡ​ពាង​ម្នាក់​កំពុង​បំ​ពេញ​​​ញត្តិ​ដើម្បីដាក់​ជូន​ក្រសួង​យុត​្តិ​ធម៌ រដ្ឋ​សភា និង​ ស្ថាន​ទូត​​នានា​ដើម្បី​អំពាវ​នាវ​ឲ្យ​មាន​ការ​ដោះ​លែង​​អ្នក​ភូមិ​ប្រាំ​នាក់​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​។ ល័រ​រិន គ្រុ​ធឺរ​/ ​ខេម​បូ​ឌា​ ដេ​លី ​​
ស្ត្រី​តំណាង​អ្នក​ភូមិ​ឡ​ពាង​ម្នាក់​កំពុង​បំ​ពេញ​​​ញត្តិ​ដើម្បីដាក់​ជូន​ក្រសួង​យុត​្តិ​ធម៌ រដ្ឋ​សភា និង​ ស្ថាន​ទូត​​នានា​ក្នុងរាជធានីភ្នំពេញ ដើម្បី​អំពាវ​នាវ​ឲ្យ​មាន​ការ​ដោះ​លែង​​អ្នក​ភូមិ​ប្រាំ​នាក់​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​។ ល័រ​រិន គ្រុ​ធឺរ​/ ​ខេម​បូ​ឌា​ ដេ​លី ​​

មួយ​ថ្ងៃ​បន្ទាប់​ពី​សមាជិក​បីនាក់​​ក្នុង​ចំណោម​សមាជិក​សហ​គមន​៍​របស់ខ្លួន​ត្រូវ​បាន​ចាប់ខ្លួន​បន្ទាប់​ពី​ការ​ប៉ះ​ទង្គិច​គ្នា​ដ៏​ហិង្សា​ជាមួយ​នគរបាល​មក អ្នក​ភូមិ​ប្រហែល​៥០នាក់​មក​ពី​ខេត្ត​កំពង់​​ឆ្នាំង​​បាន​បន្ត​ហែ​ក្បួន​ដោយ​សន្តិ​វិធី​ឆ្ពោះ​មក​កាន់​រាជ​ធានី​ភ្នំពេញ​កាល​ពី​ម្សិលម​ិញ ប៉ុន្តែ​​​ត្រូវ​បាន​រារាំង​​ដោយ​មន្ត្រី​នគរ​បាល​ខណ្ឌ​ឫស្ស​ី​កែវ​អស់​មួយ​សន្ទុះ​ធំ។

អ្នក​ភូមិ​​ដែល​ភាគ​ច្រើន​មក​ពី​ភូមិ​ឡ​ពាង​ ស្រុក​កំពង់​ត្រឡាច ខេត្ត​កំពង់​ឆ្នាំង​​មាន​គម្រោង​​យក​ញត្តិ​ទៅដាក់​ជូន​ក្រសួង​យុត​្តិ​ធម៌ រដ្ឋ​សភា ​និង​ស្ថាន​ទូត​​នានា​ដើម្បី​អំពាវ​នាវ​ឲ្យ​មាន​ការ​ដោះ​លែង​​អ្នក​ភូមិ​ប្រាំនាក់​ដែល​ត្រូវ​បាន​ចាប់​ដាក់​ពន្ធនាគារ​ជុំវ​ិញ​ការ​ប៉ះ​ទង្គិច​គ្នា​ជាមួយ​កម្មករ​ក្រុម​ហ៊ុន​ខេឌី​ស៊ី ដែល​ពួក​គាត​់​លើក​ឡើង​ថា បាន​រំលោភ​យក​ដី​របស់ពួក​គាត​់​រយៈ​ពេល​ជាង​មួយ​ទស​វត្សរ៍មក​ហើយ។

បន្ទាប់​ពី​ចំណាយ​ពេល​មួយ​យប់ស្នាក់​នៅ​វត្ត​មួយ​ក្នុងខេត្ត​កណ្តាល ក្រុម​អ្នក​ភូមិ​បាន​ប​ន្ត​​ដំណើរ​​មក​កាន់​រាជ​ធានី ប៉ុន្តែ​ត្រូវ​បាន​រារាំង​ដោយ​អាជ្ញា​ធរ​ខណ្ឌ​ឫស្ស​ី​កែវ​​​នៅ​ម៉ោង​ប្រហែល​​​១០​ព្រឹក​ ហើយ​ត្រូវ​​បាន​​អញ្ជើញ​ឲ្យ​​ទៅ​ជួប​ជាមួយ​លោក ធុយ សុខន អភិបាល​ខណ្ឌ​នៅ​ក្នុង​​សាលា​រៀន​មួយក្បែរ​នោះ។ លោក ធុយ សុខុន​ ដែលពួកគេ​​បាន​ប្រាប់​ពួក​គា​ត់​ថា ការ​ហែក្បួន​របស់​ពួកគាត់​ត្រូវ​បាន​ហាម​​ឃាត​់។

លោក​បាន​ពន្យល់​ថា “ជា​ទូទៅ អ្នក​ភូមិ​មាន​សិទ្ធិពេញ​លេញដូច​​ដែល​បាន​ចែង​ក្នុង​រដ្ឋ​ធម្មនុញ្ញ​អំពី​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ ប៉ុន្តែ​យើង​មិន​អាច​អនុញ្ញាតឲ្យ​ពួក​គាត់​ហែក្បួន​ដោយ​មាន​​មនុស្ស​មួយ​ក្រុម​ធំ​បែ​បនេះ​ឡើយ។ ឥឡូវ​នេះ​ពួកគា​ត់​បាន​ចូលមកដល់​​រាជ​ធានី ដូច្នេះ យើង​​​ត្រូវ​ការ​ពារ​សន្តិ​សុខ និង​សណ្តាប់​ធ្នាប់​។ ពិត​មែន​ហើយ យើង​​មិន​អាច​អនុញ្ញាត​​ឲ្យ​ពួក​គា​ត់​បន្ត​ដំណើរ​ទៅ​មុខ​បាន​ទេ”។

លោក​បាន​មាន​ប្រសាសន៍​ថា “ថ្នាក់​លើ​” បាន​​បញ្ជា​ឲ្យ​រារាំង​ការ​ហែក្បួន​នេះ​​។ ក្រុម​ហ៊ុន​ខេឌីស៊ី គឺ​ជា​ក្រុ​ម​ហ៊ុន​ដែល​អ្នក​ភូមិ​ចោទ​ថា បាន​ប្លន់​យក​ដី​របស់​ពួកគាត់​ទំហំ​១៤៥​ហិកតា​នោះ ត្រូវ​បាន​កាន់​កាប់​ដោយ​អ្នកស្រី ជា ខេង ភរិយា​លោក ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល។

នៅ​ខាង​ក្រៅ​សាលា​រៀន មាន​ការ​ប៉ះទង្គិច​គ្នា​មួយ​បាន​កើត​ឡើង​​បន្ទាប់ពី​អ្នក​ភូមិ​បាន​ឃើញបុគ្គលិក​ក្រុម​ហ៊ុន​ខេឌីស៊ី​ម្នាក់​លួច​ស្ដាប់​ការ​ប្រជុំ​របស់​ពួកគេ​។ បុគ្គលិក​នោះ​ត្រូវ​អ្នក​ភូមិ​ដែល​មាន​កំហឹង​ដេញ​ចេញ​ពី​បរិវេណ​សាលា​រៀន ហើយ​ព្រះសង្ឃ​មួយ​អង្គ​បាន​យក​ឆត្រ​វាយ​មុន​ពេលបុគ្គលិក​នោះ​ធ្លាក់​ចូល​ប្រឡាយ​មួយ​។ ទីបំផុត កម្មករនោះបាន​រត់គេច​ពី​កន្លែង​នោះ​តាម​រថយន្ត​មួយគ្រឿង។

ប៉ុន្មាន​ម៉ោង​ក្រោយ​មក​ ក្រុម​មន្ត្រី​បាន​អនុញ្ញាត​ឲ្យ​ក្រុម​អ្នក​ភូមិ​បន្ត​ដំណើរ​។ ក្រុម​អ្នក​ភូមិ​មាន​គម្រោង​ដាក់​ញត្តិ​នៅ​ក្នុង​រាជ​ធានី​នៅ​ថ្ងៃ​នេះ​។

អ្នកស្រី អ៊ុំ សុភី ជា​តំណាង​អ្នក​ភូមិ​ដែល​ប្ដី​របស់​គាត់​​ឈ្មោះ ស្ងួន ញឿន ជា​បុរស​ម្នាក់​ក្នុង​ចំណោម​បុរស​បី​នាក់​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​ការ​ប៉ះទង្គិច​គ្នា​កាលពី​ថ្ងៃ​អង្គារ តាម​ផ្លូវ​ជាតិ​លេខ៥ បាន​ហែក្បួន​ពីភូមិ​ឡពាង​មក​កាន់​រាជ​ធានី​ភ្នំពេញជាមួយ​នឹង​ទារក​អាយុ​៤​ខែ​របស់​អ្នកស្រី។

អ្នកស្រី​បាន​និយាយ​ថា ” យើង​ចង់​ឲ្យ​សហរដ្ឋអាមេរិក​ សហភាព​​អឺរ៉ុប និង​ប្រទេស​បារាំង​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​ ពីព្រោះ​មេដឹកនាំ​រដ្ឋាភិបាលមិន​បាន​ដោះ​ស្រាយ​បញ្ហា​វិវាទ​ដីធ្លី​ជូន​ប្រជាពល​រដ្ឋក្រីក្រ ដែល​បានតស៊ូ​ទាម​ទារ​ដីស្រែ​របស់​ខ្លួន​ពី​អ្នកស្រី ជា ខេង ភរិយា​របស់​លោក ស៊ុយ សែម មក​វិញ​”។

លោក សុរិយា ស៊ូបេឌី ប្រេសិត​​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទិ្ធ​មនុស្ស​ក្នុង​ប្រទេស​កម្ពុជា បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​មួយ​កាលពីខែ​មុន អំពាវ​នាវ​ឲ្យ​ក្រុម​ហ៊ុន​ខេឌីស៊ី​បញ្ឈប់​ការ​អភិវឌ្ឍ​លើ​ដី​ដែល​មាន​វិវាទ​នេះ​ រហូត​​ដល់​វិវាទ​ដីធ្លី​​ត្រូវ​បាន​ដោះ​ស្រាយ​រួចរាល់​។

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​លើកឡើង​នៅ​ក្នុង​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាលពី​ម្សិលមិញ​ថា លោក​ចង់​អញ្ជើញ​​លោក ស៊ុយ សែម ឲ្យ​មក​បង្ហាញ​មុខ​នៅ​រដ្ឋសភា​ ដើម្បី​ពន្យល់​ ” ហេតុ​អ្វី​បាន​ជា​​​លោក​អនុញ្ញាត​ឲ្យ​ភរិយា​របស់​លោក​ប្រើ​ប្រាស់​ឥទ្ធិពលនយោបាយ​​របស់​លោក​ប្លន​់​យក​ដី​ពីក្រុម​អ្នក​ភូមិ​ ហើយ​ប្រព្រឹត្ត​ទង្វើ​អមនុស្ស​ធម៌​​​ទៅ​លើ​​ជន​រងគ្រោះ​”។

ថ្លែង​តាម​ទូរស័ព្ទ​ លោក សម រង្ស៊ី បាន​មាន​ប្រសាសន៍​ថា ចំណាត់​ការ​របស់​នគរ​បាល​ និង​តុលាការ​បង្ហាញ​ឲ្យ​ឃើញ​ថា ពួកគេ​កំពុង​បម្រើ​ឲ្យ​ផល​ប្រយោជន៍​នយោបាយ។

លោក​បាន​មាន​ប្រសាសន៍​ថា ” វា​ជា​សិទ្ធិ​របស់​យើង​ក្នុង​ការ​ដាក់​ញត្តិ​​សម្ដែង​ការ​មិន​ពេញ​ចិត្ត​​​ ហើយ​ខ្ញុំ​សង្ឃឹម​ថា ក្នុង​ចំណោម​សមាជិក​សភា​គណបក្ស​ប្រជា​ជន​កម្ពុជា​ក៏មាន​អ្នក​ដែល​មាន​ក្ដី​មេត្តាករុណាដល់​ជន​រងគ្រោះ​ដោយ​សារ​ការ​រំលោភ​យក​ដីធ្លីដែរ​ ហើយ​អាច​ចូល​រួម​ជាមួយ​ពួកយើងដើម្បី​ដាក់​ទណ្ឌ​កម្ម​លោក ស៊ុយ សែម “៕ សារុន​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស