27.5 C
Phnom Penh

ចៅ​​​ក្រម​​​សាកសួរ​​​​​​មន្ត្រី​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ម្នាក់ ហើយ​​​កំណត់​​​ពេល​​​កោះ​​​ហៅ​​​សកម្ម​​​ជន​​​ជាប់​​​ឃុំ​​​បី​​​នាក់​​​ទៀត​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពី​​​ម្សិលមិញ សាលា​​​ដំបូង​​​រាជ​​​ធានី​​​ភ្នំពេញ​​​បាន​​​កោះ​​​ហៅ​​​មន្ត្រី​​​គណបក្ស​​សង្គ្រោះ​​​ជាតិ​​​ម្នាក់​​​​ទៅ​​​សាក​​​សួរ​​​ជុំ​​​វិញ​​​ការ​​​ជាប់​​​ពាក់​​​ព័ន្ធ​​​របស់​​​គាត់​​​នៅ​​​ក្នុង​​​ហេតុការណ៍​​​ប៉ះ​​​ទង្គិច​​​គ្នា​​​មួយ​​​ ដែល​​​បាន​​​ផ្ទុះ​​​ឡើង​​​​​​ជិត​​​ទីលាន​​​ប្រជាធិបតេយ្យ​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​១៥​​​ខែ​​​កក្កដា ចំណែក​​​ឯ​​​សកម្ម​​​ជន​​​យុវជន​​​បី​​​រូប​​​ទៀត​​​​​​របស់​​​គណបក្ស​​​ប្រឆាំង​​​ដែល​​​កំពុង​​​ជាប់​​​ឃុំ​​​នៅ​​​ឡើយ​​​​​​ ត្រូវ​​​បាន​​​កំណត់​​​កាល​​​បរិច្ឆេទ​​​ឲ្យ​​​ចូល​​​ខ្លួន​​​ទៅ​​​សាលា​​​ឧទ្ធរណ៍​​ នេះ​​​បើ​​​យោង​​​តាម​​​ការ​​​លើក​​​ឡើង​​​របស់​​​មេធាវី​​​ជន​​​ជាប់​​​ចោទ​​​​​​ទាំង​​​នេះ​​​។

យោង​​​តាម​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​បាន​​​ឲ្យដឹង​​​ថា ​​​​​​​​ លោក មៀច សុវណ្ណារ៉ា សកម្ម​​​ជន​​​គណ​​​បក្ស​​​សង្គ្រោះ​​​ជាតិ​​​ ដែល​​មាន​​​វត្ត​​​មាន​​​អំឡុង​​​ការ​​​តវ៉ា​​​នៅ​​​​​​ទីលាន​​​ប្រជាធិបតេយ្យ​​​​​​កាល​​​ពី​​​ខែ​​​មុន​​​​​​ក៏​​​ត្រូវ​​​បាន​​​តុលាការ​​​កោះ​​​ហៅ​​​ឲ្យ​​​ចូល​​​ខ្លួន​​​​​​​​​ដែរ​​​។

លោក អឿ ណារិទ្ធ ជំនួយ​​​ការ​​​របស់​​​លោកស្រី មូរ សុខ​​​ហួរ ប្រធាន​​​កិច្ច​​​ការ​​​សាធារណៈ​​​​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​ ត្រូវ​​​បាន​​​ចៅ​​​ក្រម​​​សើុប​​​សួរ​​​ កែវ មុនី សាកសួរ​​​កាល​​​ពី​​​ម្សិលមិញ ជុំ​​​វិញ​​​ការ​​​ជាប់​​​ពាក់​​​ព័ន្ធ​​​របស់​​​គាត់​​​នៅ​​​ក្នុង​​​ការ​​​តវ៉ា​​​ហិង្សា​​​ ដែល​​​តុលាការ​​​បាន​​​ប្រើ​​​ប្រាស់​​​ជា​​​មូល​​​ដ្ឋាន​​​នៃ​​​ការ​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​ដឹក​​​នាំ​​​កុបកម្ម និង​​​ញុះ​​​ញង់​​​ឲ្យ​​​ប្រព្រឹត្ត​​​បទ​​​ឧក្រិដ្ឋ​​​។

លោក អឿ ណារិទ្ធ បាន​​​មាន​​​ប្រសាសន៍​​​ថា “អំឡុង​​​ពេល​​​សាក​​​សួរ​​​​​​​​​ លោក​​​ដឹង​​​ច្បាស់​​​ថា បទ​​​​​​ចោទ​​​ប្រកាន់​​​​​​ទាំង​​​នេះ​​​ដែល​​​ត្រូវ​​​បាន​​​ដាក់​​​មកលើ​​​​​​​​​តំណាង​​​រាស្ត្រ​​​គណបក្ស​​​សង្គ្រោ​​​ះ​​​ជាតិ​​​ប្រាំពីរ​​​រូប​​​ ដែល​​​​​​មាន​​​វត្ត​​​មាន​​​អំឡុង​​​ការ​​​តវ៉ា​​​នោះ​​​ដែរ​​​នៅ​​​ខ្វះ​​​ភ័ស្តុ​​​តាង​​​ច្រើន​​​ណាស់​​​។

លោក​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា “ខ្ញុំ​​​អាច​​​មើល​​​ឃើញ​​​ថា​​​ វា​​​ជា​​​បញ្ហា​​​នយោបាយ ដែល​​​​​​ជាប់​​​ពាក់​​​ព័ន្ធ​​​​​នឹង​​​ការ​​​បំភិត​​​បំភ័យ​​​យុវជន​​​​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​។ប្រសិន​​​បើ​​​តុលាការ​​​រក​​​យុត្តិធម៌​​​ពិត​​​ប្រាកដ​​​ឲ្យ​​​ខ្ញុំ​​​ ខ្ញុំ​​​មិន​​​ខ្លាច​​​ទេ ពី​​​ព្រោះ​​​អ្វី​​​ដែល​​​ខ្ញុំ​​​បាន​​​ធ្វើ​​​ចាប់​​​ពី​​​រ​​​ដើម​​​ហូត​​​ដល់​​​ចប់ គឺ​​​ផ្អែក​​​លើ​​​ច្បាប់​​​ និង​​​ធ្វើ​​​ឡើង​​​ដោយ​​​អហិង្សា”។

លោក សម សុគង់ មេធាវី​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​បាន​​​ទទួល​​​បាន​សេចក្តី​​​ជូន​​​ដំណឹង​​​កាល​​​ពីម្សិលមិញ​​​ថា ប្រធាន​​​​​​ចលនា​​​យុវជន​​​ទាំង​​​បី​​​រូប​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ ដែល​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​២ ខែ​​​សីហា​​​ និង​​​​​​ត្រូវ​​​បាន​​​បញ្ជូន​​​ខ្លួន​​​​​​ទៅ​​​ពន្ធ​​​នាគារ​​​ព្រៃ​​​ស​​​ជុំ​​​វិញ​​​ការ​​​ពាក់​​​ព័ន្ធ​​​​​​​​​​​​​​​​​​​​​របស់​​​ពួកគេ​​​នៅ​​​ក្នុង​​​អំពើ​​​ហិង្សា​​​កាល​​​ពី​​​ថ្ងៃ​​​ទី១៥ ខែ​​​កក្កដា​​ត្រូវ​​​បាន​​​កោះ​​​ហៅ​​​ឲ្យ​​​ចូល​​​ខ្លួន​​​ទៅ​​​សាលា​​​ឧទ្ធរណ៍​៍​​​នៅ​​​ថ្ងៃ​​​ទី​​​២២ ខែ​​​សីហា។

លោក ឃិន ជំរឿន អាយុ​​​៣២​​​ឆ្នាំ​​​ ជា​​​ប្រធាន​​​ចលនា​​​យុវជន​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​រាជ​​​ធានី​​​ភ្នំពេញ​​​ លោក នាង​​​ សុឃុន អាយុ​​​២៨​​​ឆ្នាំ​​​ ជា​​​ប្រធាន​​​ចលនា​​​យុវជន​​​​​​របស់​​​គណបក្ស​​សង្គ្រោះ​​​ជាតិ​​​ខណ្ឌ​​​ទួល​​​គោក​​​ និង​​​លោក​​​ សាន​​​ គឹម​​​ហេង អាយុ​​​២៨​​​ឆ្នាំ​​​ជា​​​ហេរញ្ញិក​​​របស់​​​ចលនា​​​យុវជន​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​ខណ្ឌ​​​មាន​​​ជ័យ ​​​ត្រូវ​​​បាន​​​តុលាការ​​​ច្រាន​​​ចោល​​​សំណើ​​​សុំ​​​ដោះ​​​លែង​​​នៅ​​​​​​ក្រៅ​​​ឃុំ​​​កាល​​​ពី​​​​​​​​​​​​ដើម​​​ខែ​​​នេះ​​​ ទោះ​​​បី​​​ជា​​​លោក សម រង្ស៊ី ប្រធាន​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​មាន​​​ប្រសាសន៍​​​ម្ដង​​​ហើយ​​​ម្ដង​​​ទៀត​​​ថា គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​បាន​​​ធានា​​​អះ​​​អាង​​​ចំពោះ​​​លោក​​​ថា ពួក​​​គេ​​​នឹង​​​​​​ត្រូវ​​​បាន​​​ដោះ​​​លែង​​​ក្នុង​​​ពេល​​​ឆាប់​​​ៗ​​​នេះ​​​ក្ដី​​​។

លោក ម៉ៅ មុន្នីវណ្ណ មេធាវី​​​​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​ម្សិលមិញ​​​ថា ចៅ​​​ក្រម​​​ កែវ មុនី បាន​​​កោះ​​​ហៅ​​​លោក មៀច សុវណ្ណារ៉ា ឲ្យ​​​ចូល​​​ខ្លួន​​​​​​ទៅ​​​តុលាការ​​​ដើម្បី​​​សាក​​​សួរ​​​នៅ​​​​​​ពី​​​ថ្ងៃ​​​ទី​​​១​​​ ខែ​​​កញ្ញា ។

លោក​​​បាន​​​មានប្រសាសន៍​​​ទៀត​​​ថា​​​ ” នេះ​​​គឺ​​​ជា​​​បញ្ហា​​​នយោបាយ​​​។ យើង​​​ត្រូវ​​​តែ​​​គោរព​​​តាម​​​កិច្ច​​​ព្រម​​​ព្រៀង​​​នយោបាយ​​​រវាង​​​គណបក្ស​​​នយោបាយ​​​ទាំង​​​ពីរ​​​ដើម្បី​​​បញ្ចប់​​​បញ្ហា​​​ទាំង​​​នេះ​​​”៕សុខុម​​​​​​

​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស