27 C
Phnom Penh

គណៈកម្មការជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​របស់​ប្រទេស​ថៃ​ថា ក្រុម​ហ៊ុន​ស្ករស​ថៃ​រំលោភ​យក​ដី​អ្នក​ភូមិ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​កាលពី​ម្សិលមិញ គណៈកម្មការ​ជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​របស់​ប្រទេស​​ថៃ​បាន​បញ្ជាក់​ពីការ​អះអាង​ដែល​ថា ក្រុម​ហ៊ុន​ស្ករស​ថៃ​ដែល​ផ្គត់​ផ្គង់​ស្ករ​ស​ឲ្យ​ក្រុម​ហ៊ុម​កូកាកូឡា បាន​រំលោភ​យក​ដី​អ្នក​ភូមិ​ដោយ​ខុស​ច្បាប់​នៅ​ក្នុង​ខេត្ត​ឧត្តរមានជ័យ ហើយ​បាន​រំលោភ​សិទ្ធិ​មនុស្ស​របស់​ពួកគាត់​។ ការ​បញ្ជាក់​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ជាង​១ឆ្នាំ​​បន្ទាប់ពីសហគមន៍​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​កាន់​គណៈកម្មការនេះ​។

ដោយ​ទទួល​បាន​ជំនួយ​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ក្នុង​ស្រុក អ្នក​ភូមិ​បាន​ដាក់​ពាក្យ​បណ្ដឹង​របស់​ពួកគាត់​ទៅ​កាន់​គណៈកម្មការ​ជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​របស់​ប្រទេស​​ថៃ​កាលពី​ខែឧសភា ឆ្នាំ​២០១៣ ដោយ​ចោទ​ប្រកាន់​ក្រុម​ហ៊ុន​ចម្ការ​អំពៅ​ចំនួន​បី​ ដែល​គ្រប់​គ្រង​ដោយ​ក្រុម​ហ៊ុន​ស្ករស​ដ៏ធំ​របស់​ថៃ​ឈ្មោះ Mitr Phol ពី​បទ​រំលោភ​យក​ដី​ស្រែ​របស់​ពួកគាត់​កាលពី​៥ឆ្នាំ​កន្លង​មក​នេះ ហើយ​នៅ​ក្នុង​ករណី​ខ្លះ​បាន​ដុត​ និង​កម្ទេច​ផ្ទះ​សំបែង​របស់​ពួកគាត់​ទៀត​ផង។ ពួកគាត់​ចោទ​ប្រកាន់​ក្រុម​ហ៊ុន​ថា បាន​បាញ់​សម្លាប់​សត្វ​ពាហនៈ​របស់​ពួកគាត់ ឬក៏ចាប​់​ពួកវា​ដើម្បី​ទារ​ប្រាក់​លោះ​​ ហើយ​ប្រើ​ប្រាស់​នគរបាល​មូលដ្ឋាន​ និង​តុលាការ​មក​វាយដំ​ ធ្វើ​ទុក​បុក​ម្នេញ និង​ប្ដឹង​ពួកគាត់។

បន្ទាប់ពី​ចុះទៅ​សហគមន៍​ដែល​រង​ផល​ប៉ះពាល់​ក្នុង​រយៈ​ពេល​ពីរ​ថ្ងៃ​នៅ​សប្ដាហ៍​នេះ លោក​ នីរ៉ាន ភីថាខ្វាចារ៉ា ឧត្តម​ស្នង​ការ​ទទួល​​បន្ទុក​សិទ្ធិ​មនុស្ស​របស់​ប្រទេស​​ថៃ​បាន​ឲ្យ​ដឹង​កាលពី​ម្សិល​មិញ​ថា លោក​គាំទ្រ​ការ​អះអាង​ដែល​ប្រឆាំង​នឹង​ក្រុម​ហ៊ុន Mitr Phol។

លោកបានមាន​ប្រសាសន៍​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​ក្នុង​រាជ​ធានី​ភ្នំពេញ ដែល​រៀបចំ​ឡើង​ដោយ​អង្គការ​សមធម៌​កម្ពុជា ជា​អង្គការ​​មួយ​ក្នុង​ចំណោម​អង្គការ​ក្រៅ​រដ្ឋាភិបាល​ក្នុង​ស្រុក​ផ្សេងៗ​ទៀត​ ដែល​បានជួយ​អ្នក​ភូមិ​ថា “ដី​សម្បទាន​បាន​ធ្វើ​ឲ្យ​មាន​ការ​រំលោភ​យក​ដី​ពី​អ្នក​ភូមិ​ដោយ​ខុសច្បាប់​ បំផ្លិច​បំផ្លាញ​ផ្ទ​ះ​សំបែង​របស់​ពួកគាត់​ សម្លាប់​សត្វ​ពាហនៈ ​បាញ់​ប្រហារ​ វាយដំ គំរាម ​និង​បំភិត​បំភ័យ ព្រមទាំង​ធ្វើ​ទុក​បុក​ម្នេញ​អ្នក​ភូមិ​”។ លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ថា ” យោង​តាម​ការ​សន្និដ្ឋាន​ ការ​រក​ឃើញ​របស់​យើង​គឺ​ថា វា​ជា​ការ​ដួល​រលំ​របស់​​សហគមន៍”។

អ្នកស្រី​ ហួយ ម៉ៃ ​ជា​កសិករ​ម្នាក់​ក្នុង​ចំណោម​កសិករ​រង​​ផល​ប៉ះពាល់​​ និង​ដែល​បាន​ចូល​រូម​នៅ​ក្នុង​សន្និសីទ​កាសែត​នេះ​បាន​និយាយ​ថា ​អ្នក​ភូមិ​ជាង​៦០០​គ្រួសារ​ បាន​បាត់​បង់​ដីស្រែ​របស់​ខ្លួន​ទំហំ​ជាង​១០.០០០ហិកតា​នៅ​ភូមិ​ចំនួន​ប្រាំ​ ដោយ​សារ​ក្រុម​ហ៊ុន​ចម្ការ​អំពៅ​ទាំង​បី។

អ្នកស្រី ម៉ៃ ដែល​ពេល​មួយ​ត្រូវ​បាន​គេ​ចាប់​ដាក់​ពន្ធនាគារ​ ដោយ​សារ​ការ​តវ៉ា​ប្រឆាំង​ក្រុម​ហ៊ុន​ចម្ការ​អំពៅ​ ខណៈ​គាត់​កំពុង​មាន​ផ្ទៃ​ពោះ​ប្រាំ​ខែ​បាន​និយាយ​ថា ពួកគេ​ក៏​បាន​ដុត​កម្ទេច​ផ្ទះ​សំបែង​ដែរ។ ហើយ​សូម្បី​តែ​ស្រូវ​របស់​យើង​ក៏ពួកគេ​យក​ដែរ។ ពួកគេ​មិន​គោរព​សិទ្ធិ​មនុស្ស​ទេ”។ គាត់​បាន​បន្ត​ថា “ពួកគាត់​ភាគ​ច្រើន​ [អ្នក​ភូមិ​] បាន​​ធ្វើ​ចំណាក​ស្រុក​ទៅ​ប្រទេស​ថៃ ព្រោះ​ពួកគាត់​គ្មាន​ដីស្រែ​ គ្មាន​ការ​ងារ​ធ្វើ​គ្មាន​អ្វីៗ​ទាំង​អស់​។ ហេតុដូច្នេះ ឥឡូវ​នេះ​យើង​ជួប​ការ​លំបាក​ច្រើន​ណាស់​”។

អ្នកស្រី ម៉ៃ បាន​លើក​ឡើង​ថា ពាក្យ​បណ្ដឹង​របស់​ពួកគាត់​ដាក់​ទៅ​អាជ្ញាធរ​មូលដ្ឋាន​សុទ្ធ​តែ​ត្រូវ​បាន​គេ​ធ្វើ​ព្រងើយកន្តើយ​ទាំង​អស់​។ ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ​ឥឡូវ​នេះ​បាន​ឈាន​ដល់​ការ​ព្រមព្រៀង​គ្នា ដែល​ធ្វើ​ឲ្យ​គណបក្ស​ប្រឆាំង​បញ្ចប់​ការ​ធ្វើ​ពហិការ​មិន​ចូល​សភា​ជិត​មួយ​ឆ្នាំ​របស់​ខ្លួន​នោះ​ គាត់​នៅ​តែ​មាន​សង្ឃឹម​ថា អ្វី​ៗ​អាច​ផ្លាស់​ប្ដូរ។ អ្នកស្រី​​បាន​និយាយ​​ថា “យើង​ចង់​ឲ្យ​ពួកគេ​ជួយ​យើង​យក​ដី​យើង​ត្រឡប់​មក​វិញ ហេតុដូច្នេះ យើង​អាច​រស់​នៅ​បាន​ដូច​កាលពី​មុន”។

ដោយ​​គណៈកម្មការជាតិ​ទទួល​បន្ទុក​​សិទ្ធិ​មនុស្ស​របស់​ប្រទេស​​ថៃ ដែល​ជា​ស្ថាប័ន​មួយ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​រដ្ឋធម្មនុញ្ញថៃ​ក្នុង​ឆ្នាំ​១៩៩៧​ លោក នីរ៉ាន បាន​លើក​ឡើង​ថា ជំហាន​បន្ទាប់​គឺ​ត្រូវ​ជួប​ជាមួយ​តំណាង​ក្រុម​ហ៊ុន​ Mitr Phol នៅ​ក្នុង​ទីក្រុង​បាងកក។

លោក​បាន​លើកឡើង​ទៀត​ថា លោក​មិន​បាន​ឃើញ​​តំណាង​ក្រុម​ហ៊ុនណាមួយឡើយ​នៅ​ពេល​គាត់​ចុះ​ទៅ​ចម្ការ​របស់​ក្រុម​ហ៊ុន​​ទាំង​នេះ​ក្នុង​សប្ដាហ៍​នេះ​ ហើយ​អ្វី​ដែល​គាត់​បានឃើញ​នោះ គឺ​មាន​តែ​ការ​ដាំដុះ​នៅ​លើ​ដីនេះ​ប៉ុណ្ណោះ ដីភាគ​ច្រើន​នៅ​ទំនេរ​ ដីខ្លះ​ទៀតមាន​ដាំ​ដំឡូង​មី​។

ហើយ​ខណៈ​ដែល​អ្នកស្រី​ ម៉ៃ និយាយ​ថា អ្នក​ភូមិ​ជាច្រើន​គ្រួសារ​សប្បាយ​ចិត្ត​ដោយ​មាន​ការ​ជួយ​ពី​លោក នីរ៉ាន បាន​លើក​ឡើង​ថា លោក​គ្មាន​អំណាច​ដាក់​ទណ្ឌកម្ម​ក្រុម​ហ៊ុន ឬ​ដាក់​ពាក្យ​បណ្ដឹង​ឡើយ​។ អ្វី​ដែល​លោក​អាច​ធ្វើ​ គឺ​បាន​ត្រឹម​តែ​សរសេរ​របាយការណ៍​លើក​ឡើង​ពីករណី​នេះ​ជាមួយ​អង្គការ​មួយ​ចំនួន​ដូច​ជា អង្គការ​សហប្រជាជាតិ សហភាព​អឺរ៉ុប ហើយ​ព្យាយាម​សម្រប​សម្រួល​រវាង​ក្រុម​ហ៊ុន ​និង​អ្នក​ភូមិ​។

លោក​បានមាន​ប្រសាសន៍​ថា “ខ្ញុំ​បាន​​ត្រឹម​តែ​និយាយ​ការពិត ហើយ​ព្យាយាម​ដើរ​តួ​ជា​អ្នក​សម្រប​សម្រួល​រវាង​អ្នក​ភូមិ និង​ក្រុម​ហ៊ុន​ ហើយ​ធ្វើ​ឲ្យ​មាន​តុល្យភាព​ [ហើយ​ប្រាប់​ក្រុម​ហ៊ុន] ថា ប្រសិន​បើ​អ្នក​ចង់​បន្ត​ការ​រក​ស៊ី​របស់​ខ្លួន​ អ្នក​ត្រូវ​តែ​គិត​អំពី​សហគមន៍ និង​ពល​រដ្ឋ”។ ប៉ុន្តែ​ទោះ​ជាយ៉ាង​នេះ​ក្ដី​វា​អាច​ត្រូវ​ចំណាយ​ពេល​យូរ​ទៀត​។

កាលពី​ខែ​កក្កដា ឆ្នាំ​២០១២ គណៈកម្មការ​នេះ​បាន​ចេញ​ការ​រក​ឃើញ​បឋម​នៅ​ក្នុង​ករណី​របស់​ក្រុម​ហ៊ុន​ស្ករស​​ថៃ​មួយ​ផ្សេងទៀត​ឈ្មោះ Khon Kean Sugar ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​រំលោភ​យកដី​អ្នក​ភូមិ​ជាច្រើន​គ្រួសារ​ក្នុង​ខេត្ត​កោះ​កុង និង​ពីបទ​រំលោភ​សិទ្ធិ​មនុស្ស។ ប៉ុន្តែ​​ ​ការ​ពិភាក្សា​របស់​គណៈកម្មការ​ជាមួយ​ក្រុម​ហ៊ុន​មិន​បាន​ចេញ​ជា​លទ្ធផល​ណាមួយ​ទេ សម្រាប់​គ្រួសារ​រង​ផល​ប៉ះពាល់​ ហើយ​របាយការណ៍​ចុង​ក្រោយ​​លើ​ករណី​នេះ ដែល​គេ​សន្យា​ជាយូរ​មក​ហើយ​ក៏នៅ​មិនទាន់​ចេញ​នៅ​ឡើយ​ដែរ។

លោក នីរ៉ាន បាន​មាន​​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា របាយការណ៍​នេះ​ត្រូវ​បាន​ពន្យារ​ពេល​ គឺ​ដោយ​សារ​ខ្វះ​បុគ្គលិក ហើយ​បាន​សន្យា​ថា នឹង​ចេញ​នៅ​ខែ​តុលា។

ចំពោះភាគី​ក្រុម​ហ៊ុន​វិញ ក្រុម​ហ៊ុន Mitr Phol បាន​បដិសេធ​ថា គ្មាន​ធ្វើ​អ្វី​ខុស​ទេ។

នៅ​ក្នុង​ការ​លើក​ឡើង​ដែល​ខ្លួន​បាន​បញ្ជូន​ទៅ​ឲ្យ​​មជ្ឈមណ្ឌល​ធនធាន​សិទ្ធិ​មនុស្ស និង​​ជំនួញ​ (Businessand Human Right Resource Center) ជា​អង្គការ​មិន​ស្វែង​រក​ប្រាក់​ចំណេញ​មាន​មូលដ្ឋាន​នៅ​ក្នុង​ប្រទេស​អង់គ្លេស ​កាលពី​ឆ្នាំ​២០១២ ក្រុម​ហ៊ុន Mitr Phol បាន​លើក​ឡើង​ថា ខ្លួន​បាន​ធ្វើ​តាម​ច្បាប់​ទាំង​អស់​នៅ​ក្នុង​ការ​ទទួល​បាន​ដី​ក្នុង​ខេត្ត​ឧត្តរមានជ័យ ហើយ​ថា “មន្ត្រី​មាន​សមត្ថកិច្ច” ដែល​គេ​មិន​បាន​បញ្ជាក់​​បាន​ចុះ​ទៅ​ពិភាក្សា​ពិគ្រោះ​យោបល់​ជាមួយ​​សហគមន៍មូលដ្ឋាន​ជាមុន​រួច​ហើយ។ ការ​អះអាង​នេះ​​ត្រូវ​សហគមន៍​បដិសេធ​។

ក្រុម​ហ៊ុន​នេះ​ក៏​បាន​អះអាង​ដែរថា ចម្ការ​អំពៅ​ជួយ​ពន្លឿន​សេដ្ឋកិច្ច​មូលដ្ឋាន​។ ការ​អះ​អាង​នេះ​ក៏​ត្រូវ​សហគមន៍​ច្រាន​ចោល​ដែរ​។

កាលពីចុង​ឆ្នាំ​មុន នៅ​ពេល​មានការ​ដាក់​សម្ពាធ​កាន់​តែ​ច្រើនឡើង​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ ដើម្បី​ត្រួត​ពិនិត្យ​ឲ្យ​បាន​ត្រឹម​ត្រូវ​លើ​ក្រុម​ហ៊ុន​នានា​​ដែល​ផ្គត់​ផ្គង់​ស្ករសមក​ឲ្យ​ខ្លួន ក្រុម​ហ៊ុន​កូកាកូឡា បានបង្ហាញ​​ថា ក្រុម​ហ៊ុន Mitr Phol គឺ​ជា​ក្រុម​ហ៊ុន​មួយ​ក្នុង​ចំណោម​ក្រុម​ហ៊ុន​ផ្គត់​ផ្គង់​ស្ករស​ទូទាំង​ពិភពលោក​ធំៗ​ចំនួនបី​របស់​ខ្លួន ហើយ​បាន​​ប្រកាស​ឲ្យ​មាន​ការ​បើក​ការ​ស៊ើប​អង្កេតជា​លក្ខណៈ​​អន្តរជាតិ​លើ​ការ​ចោទ​ប្រកាន់​ពីបទ​រំលោភ​យកដីធ្លី​ ដែល​ប្រព្រឹត្ត​ដោយ​ក្រុម​ហ៊ុន​នេះ និង​ក្រុម​ហ៊ុន​ផ្សេងទៀត។ ក្រុម​ហ៊ុន​កូកាកូឡា បាន​បញ្ជូន​ក្រុម​ការ​ងារ​មួយ​ក្រុម​មក​ប្រទេស​កម្ពុជា​កាលពី​ខែ​កុម្ភៈ ដើម្បី​ស៊ើប​អង្កេត​ក្រុម​ហ៊ុន​ផ្គត់​ផ្គង់​ស្ករ​ស​ឲ្យ​​ខ្លួន​នៅទី​នេះ​ ប៉ុន្តែ​នៅ​មិន​ទាន់​ចេញ​ផ្សាយ​លទ្ធផល​​របស់​ខ្លួន​នៅ​ឡើយ​ទេ​។

គ្រួសារ​ដែល​រង់​ផល​ប៉ះពាល់​ និង​អង្គការ​សិទ្ធិ​មនុស្ស​ក៏​បាន​ស្នើ​ឲ្យ​គណៈកម្មការ​អឺរ៉ុប​​លុប​ចោល​​ការ​ផ្ដល់​ការ​រួច​ពន្ធ​ឲ្យ​ក្រុម​ហ៊ុន​ស្ករ​ស​កម្ពុជា​ ដែល​នាំចេញស្ករស​ទៅ​កាន់​ទីផ្សារ​​អឺរ៉ុប​ផង​ដែរ ព្រោះ​ការ​ផ្ដល់​ការ​រួច​ពន្ធ​នេះ​​វា​ជួយ​ផ្ដល់​ប្រាក់​ឧបត្ថម្ភធន​ដល់​ប្រតិបត្តិការ​របស់​ក្រុម​ហ៊ុន​នានា ដែល​ត្រូវ​បាន​ចោទ​​ប្រកាន់​ពី​បទ​រំលោភ​យក​ដីអ្នក​ភូមិ​។

ឧត្តម​ស្នង​ការ​​សហភាព​នៃ​គណៈកម្មការ​អឺរ៉ុប​បាន​ច្រាន​ចោល​សំណើ​នេះ។ ដោយ​ជំនួស​ឲ្យ​ការ​បញ្ចប់​ការ​ផ្ដល់​ការ​រួច​ពន្ធ​ គណៈប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​ប្រទេស​​កម្ពុជា​ បាន​បើក​ការ​ចរចា​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​នៅ​ដើម​ឆ្នាំ​នេះ​ ដើម្បី​រក​ដំណោះ​ស្រាយ​​ថ្មី​សម្រាប់​គ្រួសារ​ទាំង​អស់​ ដែល​រង​ផល​ប៉ះពាល់​ដោយសារ​ក្រុម​ហ៊ុន​ចម្ការ​អំពៅ​។

ភាគីទាំង​ពីរ​​បាន​ខ្វែង​គំនិត​គ្នា​ទាក់​ទិន​នឹង​រឿង​ថា តើ​គ្រួសារ​ចំនួន​ប៉ុន្មាន​សម​​នឹង​ស្ថិត​ក្នុង​ផ្នែក​នៃ​ដំណោះ​ស្រាយ​នេះ​។ កាលពី​ម្សិលមិញ សហភាព​អឺរ៉ុប​មិន​បាន​ឆ្លើយ​តប​​នឹង​​​ការ​សុំ​បំភ្លឺ​ពី​ស្ថាន​ភាព​ចរចានេះ​ឡើយ​។

លោក នីរ៉ាន បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ថា តើ​លោក​​គាំទ្រ​​​ការ​បញ្ចប់​ការ​ផ្ដល់​ការ​រួច​ពន្ធ​នេះ​​ឬយ៉ាង​ណា​ទេ ដោយ​អះអាង​ថា បញ្ហា​នេះ​ ” ជា​បញ្ហា​នយោបាយ​” ហើយ​ហួស​ពី​យុត្តាធិការ​របស់​លោក​ ប៉ុន្តែ​លោក​បាន​ផ្ដល់​យោបល់​ខ្លះៗ​ដល់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។ លោក​បាន​មាន​ប្រសាសន៍​ថា ” ខ្ញុំ​សង្ឃឹម​ថា លោក ហ៊ុន សែន នឹង​យកចិត្ត​ទុក​ដាក់​ចំពោះ​ពលរដ្ឋ​របស់​លោក យក​ចិត្ត​ទុក​ដាក់​ចំពោះ​សិទ្ធិ​មនុស្ស​របស់​ពល​រដ្ឋកម្ពុជា​”៕ គឹមហឿន​​​​​​​​​​​​​​​​​​​​

 

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស