តុលាការផ្តន្ទាទោសថៅកែក្រុមហ៊ុន Giant Ocean ម្តងទៀត ប៉ុន្តែមិនបន្ថែមទោសជាប់ពន្ធនាគារទេស្ត្រីចិនតៃវ៉ាន់ ម្នាក់ដែលកាលពីខែមេសា ត្រូវបានតុលាការផ្ដន្ទាទោសពីបទជួញដូរប្រជាពលរដ្ឋខ្មែរចំនួន១៧៩នាក់ឲ្យធ្វើការនៅលើទូកនេសាទ កន្លែងដែលពួកគេជាប់ឃុំ រងការវាយដំ និងមិនទទួលបានប្រាក់ខែនោះ ត្រូវបានតុលាការផ្តន្ទាទោសម្ដងទៀតកាលពីម្សិលមិញពីបទជួញដូរជនរងគ្រោះទី១៨០ ប៉ុន្តែតុលាការមិនបានបន្ថែមទោសពីលើទោសជាប់ពន្ធនាគាររយៈពេល១០ឆ្នាំរបស់ស្ត្រីរូបនេះទេ។
លោក កោ វណ្ឌី ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានមានប្រសាសន៍ថា សំណុំរឿងដែលលោក ធាន ឧត្ដម បានដាក់ប្តឹងនេះ នឹងត្រូវបូកបញ្ចូលជាមួយសំណុំរឿងមុន ដែលបានដំណើរការទៅដល់សាលាឧទ្ធរណ៍ហើយនោះ។
លោកមានប្រសាសន៍ទៀតថា “តាមច្បាប់ សំណុំរឿងទាំងអស់នេះនឹងត្រូវរួមបញ្ចូលជាសំណុំរឿងតែមួយ”។ លោកបានបង្គាប់ឲ្យស្ត្រីរូបនេះផ្ដល់ប្រាក់ខែចំនួន៦០០ដុល្លារ និងសំណងជំងឺចិត្ត២.០០០ដុល្លារដល់លោក ធាន ឧត្ដម។
ស្ត្រីចិនតៃវ៉ាន់ ឈ្មោះ លីន យូសិុន អាយុ៥៤ឆ្នាំ និងបុរសតៃវ៉ាន់ ប្រាំនាក់ទៀតដែលកំពុងគេចខ្លួននៅឡើយ បានបោកបញ្ឆោតប្រជាពលរដ្ឋខ្មែររហូតដល់ទៅ១.០០០នាក់ឲ្យចុះកិច្ចសន្យាជាមួយក្រុមហ៊ុន Giant Ocean International Fishing Co. ជាទីភ្នាក់ងារជ្រើសរើសពលករដែលចុះបញ្ជីនៅក្រសួងការងារ រហូតដល់ពេលទីភ្នាក់ងារនេះត្រូវបានបិទចោលកាលពីឆ្នាំ២០១២។
ក្រុមហ៊ុននេះបានសន្យាផ្តល់ប្រាក់ខែរបស់អ្នកនេសាទទាំងេនះឲ្យមកក្រុមគ្រួសាររបស់ពួកគេ ខណៈពេលពួកគេបំពេញកិច្ចសន្យាការងាររយៈពេលពីរឆ្នាំ ប៉ុន្តែ ជាក់ស្តែងពេលទៅដល់សមុទ្រ ពួកគេក៏បានបាត់បង់ការទំនាក់ទំនងទាំងអស់មកផ្ទះរបស់ខ្លួន ហើយគ្មានដំណឹងថា ពួកគេទទួលបានប្រាក់ខែ ឬយ៉ាងណាទេ ហើយក្រុមហ៊ុននេះក៏ត្រូវបានបិទទ្វារ។
ក្រៅពីស្ត្រី លីន យូស៊ិន ដានដែលនៅសេសសល់តែមួយគត់របស់ក្រុមហ៊ុននេះ គឺប្រាក់ធានាចំនួន១០០.០០០ដុល្លារដែលតាមច្បាប់ត្រូវបង់ឲ្យទៅក្រសួងការងារ នៅពេលចុះបញ្ជីក្រុមហ៊ុននេះ។
នៅឯសិក្ខាសាលាមួយកាលពីខែមុនដែលត្រូវបានរៀបចំឡើងសម្រាប់មន្ត្រីតុលាការ ជនរងគ្រោះ និងមេធាវីរបស់ពួកគេ លោក អិុត រ៉ាឌី រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានមានប្រសាសន៍ថា វាជាកាតព្វកិច្ចរបស់ដើមចោទក្នុងការដាក់ពាក្យស្នើសុំទៅតុលាការឲ្យផ្អឹបទុកប្រាក់ធានា១០០.០០០ដុល្លារនោះ ដែលទំនងជាស្ថិតនៅក្នុងដៃធនាគារជាតិ។
នៅពេលទាក់ទងកាលពីម្សិលមិញ លោក មុំ សុខចា អ្នកគ្រប់គ្រងកម្មវិធីនៅអង្គការជំនួយផ្លូវច្បាប់ដល់កុមារ និងស្ត្រី ដែលបានផ្ដល់ជំនួយផ្លូវច្បាប់ដល់ជនរងគ្រោះដោយសារក្រុមហ៊ុន Giant Ocean បានមានប្រសាសន៍ថា លោកមិនទាន់បានស្នើសុំឲ្យផ្អឹបប្រាក់ទាំងនោះទុកនៅឡើយទេ។
លោក មុំ សុខចា បានសួរថា “ហេតុអីយើងចាំបាច់ត្រូវស្នើសុំឲ្យតុលាការផ្អឹបទុកប្រាក់ទាំងនោះ? ប្រាក់ទាំងនោះស្ថិតនៅក្នុងគណនីរបស់រដ្ឋាភិបាល ដូច្នេះគួរតែគ្មានផ្លូវដែលវាត្រូវបានបញ្ចេញឲ្យនរណាម្នាក់ឡើយ”៕សុខុម