31 C
Phnom Penh

ការ​​តវ៉ា​របស់​ខ្មែរ​ក្រោម​បញ្ចប់​​​​​ទៅ​​​ដោយ​​​មានការ​​​ដាក់ឱសានវាទថ្មី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អ្នក​តវ៉ាជាតិ​និយម​ដែល​បាន​ទាម​ទារ​ឲ្យ​អ្នក​កា​រទូ​ត​វៀត​​ណាម​ម្នាក់​សូម​ទោស​ចំពោះ​លើក​ឡើង​ដ៏​ចម្រូង​​ចម្រាស​ទាក់​ទង​នឹង​ការ​កាន់​កាប់​​កម្ពុជា​ក្រោម​រយៈពេល​៦៥​ឆ្នាំ​មកហើយ​នោះ បាន​បញ្ឈប់​កា​រត​វ៉ា​របស់ខ្លួន​នៅ​ថ្ងៃ​ទី៣​កាល​ពី​ម្សិលមិញ ដោយ​សន្យា​ថា​នឹង​ត្រឡប់​មកធ្វើការ​​ត​វ៉ា​នៅ​តាម​ផ្លូវ​ទៀត​​ ប្រសិន​បើ​ស្ថាន​ទូ​ត​វៀត​​ណាម​មិន​អើ​ពើ​នឹង​ការ​ទាម​ទារ​របស់ខ្លួន​នោះ។Khmer-embassy-protest

ព្រះ​សង្ឃនិង​អ្នក​ត​វ៉ា​រាប់​រយ​អង្គ-នាក់​​ ដែល​ភាគ​ច្រើន​កាន់​ទង់​ជាត​ិ​ខ្មែរ​និង​ទង់​ជា​តិ​កម្ពុជា​ក្រោម​នោះ បាន​ធ្វើ​ការ​​ត​វ៉ា​​នៅ​ស្ថាន​​ទូត​​វៀត​​ណាម​​រយៈ​ពេល​បីថ្ងៃ​ជំុវិញ​ការ​លើក​ឡើង​​របស់​លោក ត្រាន វ៉ានថុង អ្នក​នាំ​ពាក្យ​ស្ថាន​ទូត​​នេះ​​​កាល​ពី​ខែ​មិថុនា។

កាល​ពី​ថ្ងៃអង្គារ ព្រះ​សង្ឃ​មួយ​អង្គ​និង​​​អ្នក​ត​វ៉ា​ពីរ​បី​នាក់​បាន​ដុត​ទង់​ជាត​ិ​វៀត​ណាម ហើយ​បាន​សន្យា​ដុត​ចំនួន​៥០ទៀត​ ប៉ុន្តែ​​ការ​តវ៉ា​បាន​បញ្ចប់​ដោយ​​អហិង្សា​កាល​ពី​ម្សិលមិញ ដោយ​លោក ថាច់ សេដ្ឋា នាយក​ប្រតិបត្តិ​សហគមន៍​ខ្មែរ​កម្ពុជា​​ក្រោម​ អំពាវ​នាវ​ឲ្យ​រដ្ឋា​ភិបាល​កម្ពុជា​ និង​វៀត​​ណាម​ធ្វើ​ការ​រួម​គ្នា​ដើម្បី​ដោះ​ស្រាយ​ជម្លោះ​នេះ។

ដោយ​​ប្រើ​ប្រាស់​ពាក្យ​បែប​ប្រមាថ​ដល់​ជន​ជា​តិ​វៀត​ណាម លោក សេដ្ឋា បាន​មាន​ប្រសា​សន៍​ថា “​យើង​នឹង​អនុញ្ញាត​​ឲ្យ​រដ្ឋាភិបាល​របស់​យើង​​ធ្វើ​ការ​ជាមួយ​រដ្ឋាភិបាល​យួន​រយៈពេល​មួយ​ទៅ​ពីរ​សប្តាហ៍។ ប្រសិន​បើ​មិន​មាន​ដំណោះ​ស្រាយ​ទេ​នោះ យើង​នឹង​ធ្វើ​ការ​តវ៉ា​ទៀត​ ហើយ​យើង​នឹងមិន​​ដកថយ​ឡើយ”។

កាល​ពី​ខែ​កក្កដា លោក សេដ្ឋា ដែល​ជា​សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍គណបក្ស​សង្គ្រោះ​ជាត​ិ​ ក៏​បាន​ដឹក​នាំ​ការ​តវ៉ា​រយៈ​ពេល​បីថ្ងៃ​នៅ​ស្ថាន​ទូត​វៀត​​ណាម​​ ហើយ​ទុក​ពេល​ពីរ​​សប្តា​ហ៍ឲ្យ​រដ្ឋាភិបាល​ស្វែង​រក​ដំណោះ​ស្រាយ។

ញត្ត​ិ​ដែល​ចុះ​ហត​្ថ​លេខា​ដោយ​អង្គ​ការ​យុវជន​ចំនួន​១៣ ដើម្បី​ជំរុញ​ឲ្យ​រដ្ឋា​ភិបាល​បរ​ទេស​​ដាក់​សម្ពាធ​លើអ្នក​ការ​ទូត​​វៀត​ណាម​ឲ្យ​សូម​ទោស​នោះ ត្រូវ​​បាន​ទទួលយក​ដោយ​ស្ថាន​ទូត​​របស់​ប្រទេស​មួយ​ចំនួន​ជុំវិញ​ការ​តវ៉ាពីរ​លើក​រយៈពេល​បី​ថ្ងៃ​នេះ​​។ ទោះ​យ៉ាងណា កាល​ពី​ម្សិលមិញ លោក សេដ្ឋា មិន​​​បាន​​​​ប្រគល់​ញត​្តិ​ទៅ​តំណាង​ស្ថាន​ទូត​ថៃឡើយ​។

បន្ទាប់ពី​រង់​ចាំ​​​រយៈពេល​ជិត​​មួយ​ម៉ោងចាំ​នរណាម្នាក់​មក​ជួប​ជាមួយ​អ្នក​តវ៉ា​ប្រហែល​៤០០​នាក់ បុរសម្នាក់​បាន​ចេញមក​​ពី​ស្ថានទូត​ថៃ ប៉ុន្តែ​បដិសេធ​មិន​ប្រាប់​ឈ្មោះ ឬតួនាទី​​ដោយ​ធ្វើ​ឲ្យ​លោក​ សេដ្ឋា មិនប្រគល់​ញត្តិឲ្យ​។

លោក​បាន​មាន​ប្រសាសន៍​ថា ” យើង​បាន​ដាក់​ញត្តិ​របស់​យើង​ជូន​ប្រទេស​នៅតំបន់​អាស៊ី​ទាំង​អស់​លើក​លែង​តែ​ស្ថានទូត​ថៃ ដែល​មិន​បាន​ទទួល​យក​”។

ព្រះតេជគុណ សឹង ហៃ ដែល​បាន​ដឹកនាំ​ការ​ដុត​ទង់​ជាតិ​កាលពី​ថ្ងៃ​អង្គារ បា​ន​មាន​សង្ឃ​ដីកា​នៅ​ស្ថានទូត​កាលពី​ព្រឹក​ម្សិលមិញ​ថា ព្រះ​អង្គ​នឹង​ ” ដុត​ទង់ជាតិ​៥០​ទៀត​នៅ​ម៉ោង​៣​សៀល”។ ទោះ​ជាយ៉ាង​ណា នៅ​ពេល​ឆាន់​ចង្ហាន់​​​​ថ្ងៃ​​​ត្រង់​រួច​ ព្រះតេជគុណ សឹង ហៃ បាន​បាត់​ខ្លួន​ពី​កន្លែង​ត​វ៉ា។

ព្រះតេជគុណ ថាច់ ហាសំអាង ព្រះចៅអធិការ​​វត្ត​សាមគ្គីរង្សី ​ជា​វត្ត​ដែល​ស្ថិត​ក្នុង​សង្កាត់​ស្ទឹង​មានជ័យ និង​ដែល​មាន​ព្រះសង្ឃ​ខ្មែរ​ក្រោម​គង់​នៅ​ច្រើន បាន​មាន​សង្ឃដីកា​ថា ” ព្រះតេជគុ ណ សឹង​ ហៃ គង់​នៅ​កន្លែង​មាន​សុវត្ថិភាព​​ បន្ទាប់ពី​ទទួល​បាន​ការ​បំភិត​បំភ័យ​​ចំពោះ​ការ​ដុត​ទង់ជាតិ​។ នៅ​ពេល​ព្រះ​​អង្គ​បាន​ដុត​ទង់ជាតិ​នោះ ព្រះ​អង្គ​មិន​ខ្លាច​ទេ ប៉ុន្តែ​ក្រោយ​មក​ព្រះ​អង្គ​ទទួល​បាន​ព័ត៌​មាន​ថា គេ​នឹង​ចាប់​ខ្លួន​ព្រះអង្គ ព្រះ​អង្គ​បាន​ទៅ​គង់​នៅ​កន្លែង​ដែល​មាន​សុវត្ថិភាព​”។

នៅ​ម៉ោង​​ប្រហែល​៨ព្រឹក​ ការ​ប៉ះទង្គិច​គ្នា​មួយ​បាន​កើត​​ឡើង​នៅ​កន្លែង​តវ៉ា​ នៅពេល​ព្រះ​សង្ឃ​មួយ​ចំនួន​បាន​ចង្អុលទៅ​បុរស​ម្នាក់​ ហើយ​ស្រែក​ថា “ចារកម្ម​យួន ចារកម្មយួន” ដោយ​ឲ្យ​​អ្នក​តវ៉ា​ដែល​មាន​កំហឹង​មួយ​ក្រុម​ដេញ​តាម​បុរស​នោះ។

បុរស​ដែល​ព្រះ​សង្ឃ​អះអាង​ថា បាន​តាម​ដាន​ព្រះតេជគុណ​ សឹង ហៃ ពេញ​មួយ​យប់នោះ ​​​បាន​ឡើង​ជិះ​ម៉ូតូ​បើក​ចេញ​​ពី​កន្លែង​នោះ​បាត់​ដោយ​គ្មាន​រង​របួស​ឡើយ។ នគរ​បាល​មិន​អាច​ទាក់​ទង​ដើម្បី​បញ្ជាក់​ថា តើ​ព្រះតេជគុណ​ សឹង ហៃ ត្រូវ​គេ​តាម​​​​ចាប់​ខ្លួន​ឬ​​​យ៉ាង​ណា​នោះ​ទេ។

លោក ឡុង ឌីម៉ង់ អ្ន​ក​នាំ​​​ពាក្យ​សាលា​រាជ​ធានី​បាន​មាន​ប្រសាសន៍​ថា លោក​​មិន​អាច​បញ្ជាក់​ពី​​​ការ​អះអាង​នេះ​បាន​ទេ​៕ សារុន​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស