32.9 C
Phnom Penh

រដ្ឋ​​​មន្ត្រី​​​ការ​​​ពារ​​​ជាតិ​​​ថា កម្មវិធី​​​វះ​​​កាត់​​​ក្រលៀន​​​​​​មិន​​​មែន​​​ជា​​​រឿង​​​អាថ៌កំបាំង​​​ទេ ប៉ុន្តែ​​​មិន​​ព្រម​​​បញ្ជាក់​​​លម្អិត​​​ឡើយ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពី​​​ម្សិលមិញ​​​ លោក ទៀ បាញ់ រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​ការពារ​​​ជាតិ​​​ បាន​​​បដិសេធ​​​ថា កម្មវិធី​​​បណ្តុះ​​​បណ្តាល​​​វះ​​​កាត់​​​ក្រលៀន​​​នៅ​​​មន្ទីរ​​​ពេទ្យ​​​យោធា​​​ព្រះកេតុមាលា​​​​​​ មិន​​​មែន​​​ជា​​​រឿង​​​អាថ៌កំបាំង​​​ទេ ប៉ុន្តែ លោក​​​មិន​​​ព្រម​​​បញ្ជាក់​​​​​​លម្អិត​​​​​​ពី​​​កម្មវិធី​​​​​​ដែល​​​នគរ​​​បាល​​​បាន​​​សង្ស័យ​​​កាល​​​ពី​​​ដើម​​​សប្តាហ៍​​​នេះ​​​ថា ជា​​​ចំណុច​​​ស្នូល​​​នៃ​​​ក្រុម​​​ជួញ​​​ដូរ​​​សរីរាង្គ​​​​​​​​​មនុស្ស​​​មួយ​​​ក្រុម​​​នោះ​​​ឡើយ​​​​​​​​​។

លោក ទៀ បាញ់​​​ បាន​​​លាត​​​ត្រដាង​​​កម្មវិធី​​​នេះ​​​ជា​​​សាធារណៈ​​​នៅ​​​សប្តាហ៍​​​នេះ បន្ទាប់​​​ពី​​​នគរ​​​បាល​​​ប្រឆាំង​​​ការ​​​ជួញ​​​ដូរ​​​មនុស្ស​​​​​​បាន​​​សាក​​​សួរ​​​ឧត្តម​​​សេនីយ៍​​​ឯក លី សុវណ្ណ ប្រធាន​​​មន្ទីរ​​​ពេទ្យ​​​នេះ និង​​​ឧត្តម​​​សេនីយ៍​​​ទោ កែវ​​​ ដាវុធ អនុ​​​ប្រធាន​​​មន្ទីរ​​​ពេទ្យ​​​នេះ ជុំ​​​វិញ​​​អ្វី​​​ដែល​​​គេ​​​សង្ស័យ​​​​​​ថា ជា​​​បណ្ដាញ​​​ជួញ​​​ដូរ​​​ក្រលៀន​​​មនុស្ស​​​។

លោក ទៀ បាញ់​​​ និង​​​ឧត្តម​​​សេនីយ៍​​​ទាំង​​​​​​ពីរ​​​រូប​​​នេះ​​​បាន​​​អះ​​​អាង​​​ថា ការវះកាត់​​​ក្រលៀន ធ្វើ​​​ឡើង​​​នៅ​​​មន្ទីរ​​​ពេទ្យ​​​នេះ​​​ គឺ​​​ជា​​​ផ្នែក​​​នៃ​​​កម្ម​​​វិធី​​​បណ្ដុះ​​​បណ្ដាល​​​មួយ​​​សហ​​​ការ​​​​​​ជាមួយ​​​ក្រសួង​​​ការពារ​​​ជាតិ​​​របស់​​​ប្រទេស​​​ចិន ដោយ​​​មាន​​​ការ​​​ចូល​​​រួម​​​ពី​​​អ្នក​​​ជំងឺ​​​ស្ម័គ្រ​​​ចិត្ត​​​ជន​​​ជាតិវៀត​​​ណាម​​​​​​​​​​​​។

នគរ​​​បាល​​​បាន​​​និយាយ​​​ថា ខ្លួន​​​បាន​​​ចាប់​​​ផ្ដើម​​​ធ្វើ​​​ការ​​​សើុប​​​អង្កេត​​​រយៈ​​​ពេល​​​ពីរ​​​ខែ​​​លើ​​​មន្ទីរ​​​ពេទ្យ​​​នេះ​​​ក្រោយ​​​ពី​​​មាន​​​ព័ត៌​​​មាន​​​មួយ​​​​​​បង្ហោះ​​​តាម​​​ទំព័រ​​​ហ្វេសប៊ុក​​​ ដែល​​​អះ​​​អាង​​​ថា ការ​​​វះ​​​កាត់​​​ខុស​​​ច្បាប់​​​កំពុង​​​ធ្វើ​​​ឡើង​​​នៅ​​​ទីនេះ​​​នោះ​​​​​​ បាន​​​ដក​​​ខ្លួន​​​លែង​​​សើុប​​​អង្កេត​​​ករណី​​​នេះ​​​ទៀត​​​ហើយ​​​ បន្ទាប់ពី​​​ឧត្ដម​​​សេនីយ៍​​​ទាំង​​​នេះ​​​បាន​​​បញ្ជាក់​​​ប្រាប់​​​ពួក​​​គេ​​​ថា កម្ម​​​វិធី​​​នេះ​​​គ្មាន​​​អ្វី​​​ខុស​ឡើយ​​​​​​​​​​។

កាល​​​ពី​​​ម្សិលមិញ លោក ទៀ បាញ់ មិន​​​បាន​​​បញ្ជាក់​​​ថា តើ​​​អ្នក​​​ជំងឺ​​​ជន​​​ជាតិ​​​វៀតណាម​​​ទាំង​​​នេះ​​​ត្រូវ​​​បាន​​​ជ្រើស​​​រើស​​​ដោយ​​​វិធី​​​ណា​​​ ឬ​​​ថា​​​តើ​​​មាន​​​ការ​​​ពាក់​​​ព័ន្ធ​​​ជា​​​ថ្នូរ​​​នឹង​​​ប្រាក់​​​ដើម្បី​​​ទទួល​​​បាន​​​​​​ការ​​​អនុញ្ញាត​​​ការ​​​វះ​​​កាត់​​​ក្រលៀន​​​អ្នក​​​ជំងឺ​​​នៅ​​​មន្ទីរ​​​ពេទ្យ​​​នេះ ដែល​​​ល្មើស​​​នឹង​​​ច្បាប់​​​ជួញ​​​ដូរ​​​មនុស្ស​​​របស់​​​ប្រទេស​​​កម្ពុជា​​​ ឬ​​​យ៉ាង​​​ណា​​​នោះ​​​ទេ​​​។

លោក​​​បាន​​​មានប្រសាសន៍​​​អំពី​​​ការ​​​លាត​​​ត្រដាង​​​សេចក្តី​​​លម្អិត​​​ស្តី​​​ពី​​​អ្នក​​​ជំងឺ​​​ទាំង​​​នេះ​​​ថា “វា​​​មិន​​​ចាំ​​​បាច់​​​ទេ​​​។ កម្មវិធី​​​នេះ​​​មិន​​​​​​មែន​​ជា​​​រឿង​​​អាថ៌កំបាំង​​​ទេ វា​​​ជា​​​កម្ម​​​វិធី​​​បណ្តុះ​​​បណ្តាល​​​សម្រាប់​​​វេជ្ជ​​​បណ្ឌិត​​​យោធា​​​ [របស់​​​យើង​​​]”។

ប៉ុន្តែ នៅ​​​ឯ​​​មន្ទីរ​​​ពេទ្យ​​​នេះ​​​ ការ​​​សាក​​​សួរ​​​ព័ត៌​​​មាន​​​ស្តី​​​ពី​​​កម្ម​​​វិធី​​​នេះ​​​មិន​​​ត្រូវ​​​បាន​​​ស្វាគមន៍​​​ឡើយ​​​។ ឧត្តម​​​សេនីយ​​​៍​​​ទោ​​​ កែវ ដាវុធ អនុ​​​ប្រធាន​​​មន្ទីរ​​​ពេទ្យ​​​នេះ​​​បាន​​​ដើរ​​​ចេញ​​​យ៉ាង​​​ប្រញាប់​​​ពី​​​ក្រុម​​​អ្នក​​​យក​​​ព័ត៌​​​មាន​​​ ហើយ​​​​​​ចូល​​​ទៅ​​​ក្នុង​​​បន្ទប់​​​ការិយាល័យ​​​របស់​​​លោក​​​​​​ដោយ​​​បិទ​​​ទ្វារ​​​ជិត​​​។ ពេល​​​នោះ​​​ក្រុម​​​សន្តិសុខ​​​បាន​​​បញ្ជា​​​ឲ្យ​​​អ្នក​​​យក​​​ព័ត៌​​​មាន​​​ចាក​​​ចេញ​​​ពី​​​មន្ទីរ​​​ពេទ្យ​​​នេះ។

សន្តិសុខ​​​ម្នាក់​​​ដែល​​​មិន​​​ព្រម​​​ប្រាប់​​​ឈ្មោះ​​​របស់​​​ខ្លួន​​​និយាយ​​​ថា “ករណី​​​នេះ​​​ត្រូវ​​​បាន​​​ដោះ​​​ស្រាយ​​​រួច​​​រាល់​​​ហើយ​​​។ តើ​​​មក​​​សួរ​​​នាំ​​​អី​​​ទៀត​​​?”។ ពេល​​​នោះ​​​ក្រុម​​​សន្តិ​​​សុខ​​​បាន​​​ប្រាប់​​​ទៅ​​​អ្នក​​​យក​​​ព័ត៌​​​មាន​​​ថា ប្រសិន​​​បើ​​​ពួក​​​គេ​​​មិនព្រម​​​ចាក​​​ចេញ​​​ទេ​​​ ខ្លួន​​​នឹង​​​ចាប់​​​ទាញ​​​ពួក​​​គេ​​​ចេញ​​​ពី​​​បរិវេណ​​​មន្ទីរ​​​ពេទ្យ​​​​​​។

វរសេនីយ៍ទោ​​​ អាន អាន់ អនុ​​​ប្រធាន​​​រដ្ឋ​​​បាល​​​នៅ​​​មន្ទីរ​​​ពេទ្យ​​​​​​នេះ​​​បាន​​​លើក​​​ឡើង​​​ថា ក្រុម​​​វេជ្ជ​​​បណ្ឌិត​​​មក​​​ពី​​​ជួរ​​​កង​​​ទ័ព​​​វៀតណាម​​​​​​​​​​​​​​​បាន​​​អម​​​ដំណើរ​​​អ្នក​​​ជំងឺ​​​ជន​​​ជាតិ​​​វៀតណាម​​​មក​​​កាន់​​​មន្ទីរ​​​ពេទ្យ​​​នេះ​​​។ លោក​​​ស្រី​​​បាន​​​បន្ត​​​ថា “ខ្ញុំ​​​មិន​​​អាច​​​ប្រាប់​​​អស់​​​លោក​​​បាន​​​ទេ​​​ ពីព្រោះ​​​វា​​​ជា​​​រឿង​​​សម្ងាត់​​​របស់​​​យោធា”៕​​​សុខុម​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស