បុរសពីរនាក់បានដាក់ពាក្យបណ្ដឹងទៅអាជ្ញាធរ ដោយអះអាងថា នគរបាលជាង១០នាក់បានវាយពួកគេនៅពេលចាប់បង្ខាំងរយៈពេលប្រាំម៉ោង បន្ទាប់ពីពួកគេត្រូវបានឃាត់ដោយសារបើកបរមិនពាក់មួកសុវត្ថិភាពនៅក្នុងខេត្តបាត់ដំបងកាលពីថ្ងៃសៅរ៍។
ប្រាក់ តុលា អាយុ២៤ឆ្នាំ និង សុត រ៉ាវី អាយុ២៣ឆ្នាំបាននិយាយថា ពួកគេបានធ្វើដំណើរទៅចូលរួមពិធីខួបកំណើតមិត្តភក្ដិក្នុងក្រុងបាត់ដំបង ដោយជិះម៉ូតូជាមួយ រ៉ាវី នៅពេលនោះនគរបាលពីរនាក់បានឃាត់ពួកគេ ព្រោះមិនបានពាក់មួកសុវត្ថិភាព ហើយកញ្ចក់សម្រាប់មើលក្រោយបែកទៀតនៅម៉ោងប្រហែល៧និង៣០នាទីព្រឹកថ្ងៃសៅរ៍។
បុរសទាំងពីរនាក់នេះអះអាងថា នគរបាលបានទាមទារប្រាក់ពិន័យ៧.០០០រៀល ប៉ុន្តែពួកគេទាំងពីរនាក់មានប្រាក់តែ២.០០០រៀលប៉ុណ្ណោះ ធ្វើឲ្យមន្ត្រីនគរបាលនោះមានកំហឹង។
តុលា បាននិយាយកាលពីម្សិលមិញថា “នគរបាលបានព្យាយាមបើកកែបម៉ូតូ ហើយយើងបានប្រាប់ពួកគេកុំឲ្យដាក់គ្រឿងញៀននៅក្នុងនោះ ហើយមកចោទពួកយើងឲ្យសោះ”។ តុលា បាននិយាយថា បន្ទាប់មកនគរបាលម្នាក់បានដាល់មុខខ្លួនមួយដៃមុនពេលយកពួកគេទាំងពីរនាក់ទៅស្នងការដ្ឋាននគរបាលខេត្ត ដែលនៅទីនោះពួកគេទាំងពីររងការវាយដំជាទ ម្ងន់ពីសំណាក់មន្ត្រីនគរបាលមួយក្រុម។
បុរសរូបនេះបាននិយាយថា “នគរបាលបានចងដៃរបស់យើងនៅពេលយើងទៅដល់កន្លែងឃុំខ្លួនរបស់នគរបាល បន្ទាប់មកបានបិទភ្លើង ហើយមន្ត្រីនគរបាលប្រហែល១០នាក់បានវាយមកលើពួកយើង”។ តុលា បានបន្ថែមថា ខ្លួនសន្លប់អំឡុងការវាយដំនោះ មុនពេលត្រូវបានដោះលែងវិញ។ តុលា បាននិយាយថា នគរបាលអះអាងថា ខ្លួននិង រ៉ាវី បានប្រើអំពើហិង្សានៅពេលនគរបាលឃាត់នោះ ជាអ្វីដែលពួកគេទាំងពីរនាក់បដិសេធ។
យោងតាមលោក យិន ម៉េងលី អ្នកសម្របសម្រួលអង្គការអាដហុកប្រចាំខេត្តបាត់ដំបង បានឲ្យដឹងថា បុរសទាំងពីរនាក់នេះបានដាក់ពាក្យបណ្តឹងនៅសាលាដំបូងខេត្តកាលពីថ្ងៃអង្គារបន្ទាប់ពីស្វែងរកជំនួយពីអង្គការសិទ្ធិមនុស្សក្នុងស្រុកអាដហុក។ លោក ម៉េងលី បានមានប្រសាសន៍ថា ” វាជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ រួមទាំងការធ្វើទារុណកម្មផង នេះគឺជាបទឧក្រិដ្ឋធ្ងន់ធ្ងរដែលមន្ត្រីនគរបាលបានប្រព្រឹត្ត”។
លោក សាត គឹមសាន នាយនគរបាលចរាចរខេត្តបានមានប្រសាសន៍ថា លោកមិនដឹងអំពីករណីនេះទេ ប៉ុន្តែលោកនឹងស៊ើបអង្កេតការអះអាងនេះ។
លោក គឹមសាន បានមានប្រសាសន៍ថា “មិនទាន់មានការដាក់ពាក្យបណ្ដឹងប្តឹងនគរបាលរបស់យើងនៅឡើយទេ ប៉ុន្តែមន្ត្រីនគរបាលមានសិទ្ធិចាប់ខ្លួននិងឃុំខ្លួនមនុស្ស ប្រសិនបើពួកគេតដៃជាមួយពួកយើង”។ គេមិនអាចទាក់ទងមន្ត្រីសាលាដំបូងខេត្តដើម្បីសុំអត្ថាធិប្បាយបានទេ៕ សារុន