29 C
Phnom Penh

រដ្ឋាភិបាល​​​កំពុង​​​ស្វះ​​​ស្វែង​​​ទារ​​​សំណង​​​សម្រាប់​​​ជន​​​រង​​​គ្រោះ​​​នៃ​​​ការ​​​បាក់​​​អគារ​​​ក្នុង​​​ប្រទេស​​​ថៃ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​​​ស្ថាន​​​ទូត​​​កម្ពុជា​​​នៅ​​​ក្នុង​​​ទីក្រុង​​​បាង​​​កក​​​កំពុង​​​តែ​​​ធ្វើ​​​ការ​​​ជាមួយ​​​នគរ​​​បាល​​​ថៃ​​​ ដើម្បី​​​ដាក់​​​ពាក្យ​​​ប្តឹង​​​ម្ចាស់​​​ក្រុមហ៊ុន​​​សំណង់​​​ដែល​​​កំពុង​​​សាងសង់​​​ខុន​​​ដូ​​​មួយ​​​​​​ដែល​​​បាក់​​​ស្រុត​​​កាលពី​​​ថ្ងៃ​​​ច័ន្ទ នៅ​​​ជាយ​​​ក្រុង​​​បាង​​​កក​​​ ដើម្បី​​​ទាម​​​ទារ​​​សំណង​​​សម្រាប់​​​កម្មករ​​​កម្ពុជា​​​បី​​​នាក់​​​ដែល​​​បាន​​​ស្លាប់​​​ក្នុង​​​ហេតុ​​​ការណ៍​​​បាក់​​​ស្រុត​​​អគារ​​​នេះ​​​។

យោង​​​តាម​​​ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​ក្នុង​​ប្រទេស​​​ថៃ​​​បាន​​​ឲ្យ​​​ដឹង​​​ថា ​​​មក​​​ទល់​​​ពេល​​​នេះ​​​អាជ្ញាធរ​​​ថៃ​​​ បាន​​​បញ្ជាក់​​​ថា មាន​​​កម្មករ​​​សំណង​​​់​​​បី​​​នាក់​​​បាន​​​ស្លាប់​​​នៅ​​​ក្នុង​​​ការ​​​បាក់​​​ស្រុត​​​ខុន​​​ដូ U-Place កម្ពស់​​​ប្រាំ​​​មួយ​​​ជាន់​​​ ដែល​​​កំពុង​​​ត្រូវ​​​បាន​​​សាង​​​សង់​​​នៅ​​​ក្នុង​​​ខេត្ត​​​ផាធំ ​​ថានី​​​  ហើយ​​​បាន​​​បញ្ជាក់​​​អត្ត​​​សញ្ញាណ​​​ថា ក្នុង​​​ចំណោម​​​ជន​​​រង​​​គ្រោះ​​​ទាំង​​​បី​​​នាក់​​​មាន​​​ជន​​​ជាតិ​​​ថៃ​​​ម្នាក់​​​។

កាល​​​ពី​​​ម្សិលមិញ លោក​​​ កុយ គួង​​​ អ្នក​​​នាំ​​​ពាក្យ​​ក្រសួង​​​ការ​​​បរទេស​​​បាន​​​ឲ្យ​​​ដឹង​​​ថា កម្មករ​​​កម្ពុជា​​​ចំនួន​​​បី​​​នាក់​​​ក៏​​​បាន​​​ស្លាប់​​​នៅ​​​ក្នុង​​​​​​ការ​​​បាក់​​​ស្រុត​​​អគារ​​​នោះ​​​ដែរ​​​។លោក​​​​​បាន​​​ប្រាប់​​​​​​អត្ត​​​សញ្ញាណ​​​ជន​​​រង​​​គ្រោះ​​​ទាំង​​​នោះ​​​ថា មាន​​​ឈ្មោះ អឹុម ភា អាយុ​​​២៧​​​ឆ្នាំ យ៉ាត ផេង អាយុ​​​១៩​​​ឆ្នាំ និង​​​ឈ្មោះ អ៊ុច អាយុ​​​២៧​​​ឆ្នាំ។ លោក​​​បាន​​​បន្ថែម​​​ថា កម្មករ​​​កម្ពុជា​​​ម្នាក់​​​ទៀត​​​ឈ្មោះ ឈឹម ច័ន្ទ អាយុ​​​៦០​​​ឆ្នាំ​​​ក៏​​​បាន​​​រង​​​របួស​​​ដែរ​​​។

លោក​​​ កុយ គួង​​​ បាន​​​​​​ឲ្យដឹង​​​បន្ត​​​ថា ពួក​​​គេ​​​កំពុង​​​ធ្វើការ​​​នៅ​​​ក្នុង​​​ប្រទេស​​​ថៃ​​​ដោយ​​​ខុស​​​ច្បាប់​​​ ហើយ​​​កំពុង​​​ស្ថិត​​​ក្នុង​​​ដំណើរ​​​ការ​​​ដាក់​​​ពាក្យ​​​សុំ​​​ឯកសារ​​​ដើម្បី​​​ធ្វើ​​​ឲ្យ​​​ពួក​​​គេ​​​រស់​​​នៅ​​​ក្នុង​​​ប្រទេស​​​ថៃ​​​ដោយ​​​ស្រប​​​ច្បាប់​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “មន្ត្រី​​​ស្ថាន​​​ទូត​​​របស់​​​យើង​​​នៅ​​​ក្នុង​​​ប្រទេស​​​ថៃ​​​កំពុង​​​ធ្វើ​​​ការ​​​លើ​​​ករណី​​​នេះ​​​ហើយ​​​។ ឥឡូវ​​​ពួក​​​គេ​​​កំពុង​​​ធ្វើ​​​ការ​​​ជាមួយ​​​នគរ​​​បាល​​​ថៃ​​​ ដើម្បី​​​ដាក់​​​ពាក្យ​​​ប្តឹង​​​ម្ចាស់​​​ក្រុម​​​ហ៊ុន​​​សំណង់​​​ទាម​​​ទារ​​​សំណង​​​សម្រាប់​​​កម្មករ​​​ដែល​​​បាន​​​ស្លាប់​​​ និង​​​រង​​​របួស​​​”។

លោក កុយ គួង​​​ បាន​​​លើក​​​ឡើង​​​បន្ថែម​​​ទៀត​​​ថា លោក​​​​​​មិន​​​ដឹង​​​ថា តើ​​​សព​​​របស់​​​កម្មករ​​​កម្ពុជា​​​ត្រូវ​​​បាន​​​យក​​​ចេញ​​​ពី​​​កម្ទេច​​​ថ្ម​​​រួច​​​ហើយ​​​ឬ​​នៅ​​​នោះ​​​ទេ​​​ ហើយ​​​មិន​​​ដឹង​​​ថា តើ​​​ប្រាក់​​​សំណង​​​អ្វី​​​ដែល​​​ជន​​​រង​​​គ្រោះ​​​នឹង​​​ទទួល​​​បាន​​​ដែរ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​មិន​​​ដឹង​​​អំពី​​​ប្រាក់​​​សំណង​​​ទេ​​​ ពី​​​ព្រោះ​​​វា​​​អាស្រ័យ​​​លើ​​​ច្បាប់​​​របស់​​​ប្រទេស​​​ថៃ​​​”។

យោង​​​តាម​​​​​​កាសែត​​​បាង​​​កក​​​ ប៉ុស្តិ៍​​​បាន​​​ឲ្យ​​​ដឹង​​​ថា តុលាការ​​​ថៃ​​​នៅ​​​ក្នុង​​​ខេត្ត​​​ផាធំ ថានី បាន​​​យល់​​​ព្រម​​​​​​ចេញ​​​ដីកា​​​ចាប់ខ្លួន​​​ “ថៅ​​​កែ​​​សំណង់” ចំនួន​​​ប្រាំ​​​នាក់​​​ដែល​​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ថា មាន​​​កំហុស​​​ចំពោះ​​​ការ​​​បាក់​​​ស្រុត​​​អគារ​​​នេះ​​​។

កាសែត​​​នេះ​​​បាន​​​រាយការណ៍​​​ថា ពួក​​​គេ​​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​ “ធ្វេស​​​ប្រហែស​​​បង្ក​​​ឲ្យ​​​មាន​​​ការ​​​ស្លាប់”។

អភិបាល​​​ខេត្ត​​​ផាធំ ថានី ត្រូវ​​​បាន​​​​​​គេ​​​ដក​​​ស្រង់​​​សម្តី​​​ថា ឆ្កែ​​​ហិត​​​ក្លិន​​​​​​ត្រូវ​​​បាន​​​បញ្ជូន​​​ទៅ​​​​​​ស្វែង​​​រក​​​ជន​​​រង​​​គ្រោះ​​​​​​ដែល​​​ជាប់​​​ក្នុង​​​កម្ទេច​​​ថ្ម។

យោង​​​តាម​​​កាសែត​​​នេះ​​​ដដែល​​​​​​បាន​​​ឲ្យ​​​ដឹង​​​ទៀត​​​ថា តួ​​​លេខ​​​ស្លាប់​​​ជា​​​ផ្លូវ​​​ការ​​​គិត​​​ត្រឹម​​​រសៀល​​​ម្សិល​​​​​​មិញ គឺ​​​នៅ​​​តែ​​​បី​​​នាក់​​​ដដែល​​​ តែ​​​ទោះ​​​ជា​​​យ៉ាង​​​ណា​​​មនុស្ស​​​បួន​​​ ឬ​​​ប្រា​​​ំ​​​នាក់​​​ទៀត​​​​​​ត្រូវ​​​ជាប់​​​ក្នុង​​​កម្ទេច​​​ថ្ម។ មនុស្ស​​​២៥​​​នាក់​​​ផ្សេង​​​ទៀត​​​ត្រូវ​​​គេ​​​រាយការណ៍​​​ថា ​​​រង​​​របួស​​​ស្រាល​​​៕ គឹមហឿន​​​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស