30 C
Phnom Penh

លោក សម រង្ស៊ី ទៅសួរសុខទុក្ខ​អ្នក​ភូមិ​ឡពាងនៅ​តំបន់​បឹងកក់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ករណី​​​​របស់​​​អ្នក​ភូមិ​ឡ​ពាង​មក​ពី​ខេត្ត​កំពង់ឆ្នាំង បានក្លាយ​ជា​បញ្ហា​​​​នយោបាយ​កាលពី​ម្សិលមិញ នៅពេល​​លោក​ សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​​ធ្វើ​ដំណើរ​ទៅ​កាន់​អតីត​តំបន់​បឹង​កក់ កន្លែង​ដែល​អ្នក​ភូមិ​ប្រហែល​៥០​នាក់​ស្នាក់​នៅ បន្ទាប់ពី​​ធ្វើដំណើរដោយ​ថ្មើរជើង​ពី​លំនៅ​​​ដ្ឋាន​​​របស់​ពួកគាត់​មក​រាជ​ធានីភ្នំពេញ​ដើម្បី​ដាក់​ញត្តិ​​​ទៅ​​​​រដ្ឋាភិបាល។sam-rainsy

ការ​ធ្វើ​ដំណើរ​របស់​លោក​ សម រង្ស៊ី ទៅ​ទីនោះ​កើត​ឡើង​មួយ​ថ្ងៃ​បន្ទាប់ពី​ក្រុម​​អ្នក​ភូមិ​ ដែល​បី​នាក់​​​​ក្នុង​​​ចំណោម​​​ពួក​​​គាត់​​​ត្រូវ​បាន​ចាប់​ខ្លួន​ ខណៈ​ពេល​​​​ហែក្បួន​ពី​​​លំនៅ​​​ដ្ឋាន​​​​​របស់​​​ពួកគាត់​កាលពី​ថ្ងៃ​អង្គារ ត្រូវ​នគរ​បាល​រារាំង​នៅ​ក្នុង​ខណ្ឌ​ឫស្សីកែវ។

លោក​ សម រង្ស៊ី បាន​និយាយ​ទៅ​កាន់​ក្រុម​អ្នកភូមិដែលលើក​ឡើង​ថា ក្រុមហ៊ុនខេឌីស៊ី របស់​​​អ្នកស្រី ជា ខេង ភរិយា​លោក ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាម​ពល បាន​រំលោភ​យក​ដី​របស់​ពួកគាត់​កាលពី​ឆ្នាំ​២០០២​​​ថា ” ខ្ញុំ​បាន​តាម​ដាន​ស្ថានភាព​នេះ​ ហើយ​​យល់​ពីទុក្ខលំបាក​របស់​បង​ប្អូន”។

លោក​បាន​មាន​ប្រសាសន៍​ថា បងប្អូនគឺ​ជា ” ជន​រងគ្រោះ​ ពីព្រោះ​ដី​របស់​បង​ប្អូន​ត្រូវ​បាន​រំលោភ ​ប្លន់យក ហើយ​ពួកគេ​បាន​ប្រើ​អំពើ​ហិង្សា​មក​លើ​បង​ប្អូនទៀត”។

កាលពី​ថ្ងៃ​ពុធ លោក សម រង្ស៊ី បាន​ប្រកាស​អំពី​គោល​បំណង​របស់​លោក​​កោះ​​​ហៅ​​​លោក ស៊ុយ សែម ឲ្យ​​​មក​បង្ហាញ​មុខ​​​នៅ​រដ្ឋសភា ដើម្បី​សាក​​​សួរ​​​គាត​់​​អំពី​ឥទ្ធិ​ពល​របស់​អ្នកស្រី ជា ខេង លើ​ក្រុម​អាជ្ញាធរ​ និង​តុលាការ​នៅ​ក្នុង​តំបន់​នោះ។

កាលពី​ម្សិលមិញ លោក​បាន​ប្រាប់​ក្រុមអ្នកភូមិ​ថា លោក​និង​សមាជិក​គណបក្ស​របស់​លោកនឹង​ ” តស៊ូរួមគ្នា​” ជាមួយពួកគាត់​។

លោក​បាន​ប្រាប់​ក្រុម​អ្នកភូមិ​ថា ខ្លួន​លោក​បរិច្ចាគ​​​​ប្រាក់​​​​ផ្ទាល់​​​ខ្លួន​​​ចំនួន​​​២០០​ដុល្លារ​ដើម្បី​ជួយ​ពួក​គាត់​ចំណាយ​លើ​ម្ហូប​អាហារ​ និង​កន្លែង​ស្នាក់​នៅ​ ហើយ​​ប្រាក់​៦០០​ដុល្លារ​ទៀត​បាន​មក​ពីអ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​សហរដ្ឋអាមេរិក។

អ្នកស្រី ខាត់ សារួន តំណាង​អ្នក​ភូមិឡពាង ដែល​ប្ដី​របស់​គាត់​ឈ្មោះ ស៊ាង ហេង កំពុង​ជាប់​​​ឃុំ​​​ក្នុង​ពន្ធនាគារ​រង់ចាំ​ការ​កា​ត់​ក្តីតាម​​​ការ​​ចោទ​ប្រកាន់​ពី​បទ​​បំផ្លាញ​ទ្រព្យ​សម្បត្ត​ិដោយចេតនា និង​បង្ក​អំពើហិង្សា​លើ​ក្រុម​ហុ៊ន​ខេឌីស៊ី និង​កម្មករ​របស់​ក្រុម​ហ៊ុន​នេះ​កាលពី​ខែ​កក្កដា​នោះ​ បាន​និយាយ​ថា ​អ្នក​ភូមិ​សូមថ្លែងអំណរគុណចំពោះ​ការ​បរិច្ចាគនេះ។

អ្នកស្រី​បាន​និយាយ​អំពី​​​ការ​ប៉ះទង្គិច​គ្នា​កាលពី​ថ្ងៃ​អង្គារថា ” នៅ​ពេល​យើង​ធ្វើ​ដំណើរ​តាម​ផ្លូវ​មក​កាន់​រាជ​ធានី​ភ្នំពេញ យើង​ប្រឈម​នឹង​ឧបសគ្គ​គ្រប់​យ៉ាង​​​ ដូចជា ការ​វាយ​ដំ ការ​ចាប់​ខ្លួន និង​ការ​ចាប់​ដាក់​ពន្ធនាគារ…​ពួកគេចាត​់ទុក​ពួកយើង​ដូច​​សត្វធាត​ុ​ មិនមែន​ជា​មនុស្ស​ទេ”។

អ្នកស្រី​បានបន្ថែម​ថា “នៅពេល​ប្រជា​ពល​រដ្ឋ​របស់​យើង​​​​​មាន​​​កម្លាំង​គ្រាន់បើ​ឡើងវិញ យើង​នឹង​ហែក្បួន​ទៅកាន់​រដ្ឋសភា​ដើម្បី​​​ទាមទារ​ឲ្យ​ដោះ​លែង​ប្ដី​របស់​ពួកយើង​ និង​ទាម​ទារ​ដី​របស់​ពួក​យើង​មក​វិញ​”៕ សារុន​​​​​​​​

 

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស