30 C
Phnom Penh

ធនាគារ​​​ ANZ Royal បដិសេធ​​​មិន​​​ជួយ​​​អ្នក​​​​​​ភូមិ​​​ដែល​​​ត្រូវ​​​គេ​​​បណ្តេញ​​​ចេញ​​​ពី​​​ដី​​​ធ្លី​​​របស់​​​ខ្លួន​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​​​ភូមិ​​​ប្រហែល​​​១០០នាក់​​​ ដែល​​​បាត់​​​បង់​​​ដី​​ធ្លី​​​របស់​​​ខ្លួន​​​ដោយសារ​​​ក្រុម​​​ហ៊ុន​​​ចម្ការ​​​អំពៅ​​​មួយ​​​​​​ដែល​​​នៅ​​​តែ​​​​​​ត្រូវ​​​បាន​​​ផ្តល់​​​ហិរញ្ញវត្ថុ​​​ដោយ​​​ធនាគារ​​​ ANZ Royal មក​​​ទល់​​​នឹង​​​ពេល​​​ថ្មី​​​ៗ​​​នេះ​​​ បាន​​​នាំ​​​គ្នា​​​ធ្វើ​​​ដំណើរ​​​មក​​​រាជ​​​ធានី​​​ភ្នំពេញ​​​ដើម្បី​​​តវ៉ា​​​នៅ​​​ខាង​​​មុខ​​​ទី​​​ស្នាក់​​​ការ​​​កណ្ដាល​​​របស់​​​ធនាគារ​​​​​​នេះ​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ ប៉ុន្តែ នៅ​​​តែ​​​មិន​​​អាច​​​បញ្ចុះ​​​បញ្ចូល​​​ធនាគារ​​​ឲ្យ​​​ជួយ​​​ពួក​​​គាត់​​​ដដែល​​​។cam-photo-anz

អ្នក​​​ភូមិ​​​ជា​​​ច្រើន​​​រយ​​​គ្រួសារ​​​នៅ​​​ក្នុង​​​ខេត្ត​​​កំពង់​​​ស្ពឺ​​​បាន​​​ចោទ​​​ប្រកាន់​​​ក្រុម​​​ហ៊ុន​​​ចម្ការ​​​អំពៅ​​​ចំនួន​​​ពីរ​​​ដែល​​​គ្រប់​​​គ្រង​​​ដោយ​​​លោក លី​​​ យ៉ុង​​​ផាត់​​​ សមាជិក​​​ព្រឹទ្ធ​​​សភា​​​របស់​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា និង​​​ភរិយា​​​របស់​​​លោក​​​ គឺ​​​លោក​​​ស្រី គឹម ហៀង ពី​​​បទ​​​រំលោភ​​​យក​​​ដី​​​ស្រែ​​​ពួក​​​គាត់​​​ ចាប់​​​សត្វ​​​ពាហនៈ​​​របស់​​​ពួក​​​គាត់​​​ ដើម្បី​​​ទាម​​​ទារ​​​ប្រាក់​​​លោះ​​​ និង​​​​​​ធ្វើ​​​ឲ្យ​​​ពួក​​​គាត់​​​ជំពាក់​​​បំណុល​​​គេ​​​។ ធនាគារ​​​ ANZRoyal បាន​​​ផ្តល់​​​ហិរញ្ញវត្ថុ​​​ឲ្យ​​​ក្រុមហ៊ុន​​​ភ្នំពេញ​​​ស្ករស ​​​(Phnom Penh Sugar) របស់​​​លោក​​​ លី យ៉ុង​​​ផាត់ ប៉ុន្តែ ​​​ក្រុមហ៊ុន​​​​​​នេះ បាន​​​សង​​​ប្រាក់​​​ទៅ​​​ធនាគារ​​​វិញ​​​គ្រប់​​​ចំនួន​​​អស់​​​ហើយ​​​គិត​​​ត្រឹម​​​​​ខែ​​​កក្កដា។

អ្នក​​​ភូមិ​​​ជា​​​ច្រើន​​​​​​គ្រួសារ​​​បាន​​​លើក​​​ឡើង​​​ថា ធនាគារ​​​នៅ​​​តែ​​​ត្រូវ​​​ទទួល​​​ខុស​​​ត្រូវ​​​ចំពោះ​​​ការ​​​ជួយ​​​ឲ្យ​​​ក្រុមហ៊ុន​​​នេះ​​​ធ្វើ​​​ខុស​​​ ហើយ​​​​​​មាន​​​អ្នក​​​ភូមិ​​​ប្រហែល​​​១០​​​នាក់​​​បាន​​​មក​​​រាជ​​​ធានី​​​ភ្នំពេញ​​​កាល​​​ពី​​​សប្ដាហ៍​​​មុន​​​ដើម្បី​​​ដាក់​​​ញត្តិ ដែល​​​មាន​​​ស្នាម​​​មេដាយ​​​ជាង​​​៣០០​​​ ពី​​​អ្នក​​​ភូមិ​​​ដែល​​​រង​​​ផល​​​​​​ប៉ះពាល់​​​។

ដោយ​​​​​​មិន​​​ទទួល​​​បាន​​​ការ​​​ឆ្លើយ​​​តប​​​ពី​​​ញត្តិ​​​របស់​​​ខ្លួន​​​ដែល​​​បាន​​​ដាក់​​​នោះ​​​ អ្នក​​​ភូមិ​​​បាន​​​កៀង​​​គរ​​​អ្នក​​​ជិត​​​ខាង​​​របស់​​​ខ្លួន​​​ឲ្យ​​​ត្រឡប់​​​មក​​​រាជ​​​ធានី​​​ភ្នំពេញ​​​កាល​​​ពី​​​ម្សិលមិញ ដើម្បី​​​តវ៉ា​​​នៅ​​​ខាង​​​មុខ​​​ទី​​​ស្នាក់​​​ការ​​​កណ្ដាល​​​របស់​​​ធនាគារ​​​។

បន្ទាប់ពី​​​ជួប​​​ជជែក​​​គ្នា​​​ជាមួយ​​​តំណាង​​​ធនាគារ​​​ ANZ Royal ដោយ​​​សម្ងាត់​​​ជាង​​​មួយ​​​ម៉ោង​​​រួច​​​ អ្នក​​​ភូមិ​​​ម្នាក់​​​ឈ្មោះ ឆេង​​​ សុភាព បាន​​​និយាយ​​​ថា ធនាគារ​​​បាន​​​បដិសេធ​​​មិន​​​ប្តូរ​​​ជំហរ​​​របស់​​​ខ្លួន​​​ដែល​​​ថា ខ្លួន​​​លែង​​​មាន​​​កាតព្វកិច្ច​​​ត្រូវ​​​ជួយ​​​ពួក​​​គាត់​​​ទៀត​​​ហើយ​​​។

ពេល​​​ក្រោយ​​​​​​មក​​​ លោក​​​ សុភាព បាន​​​និយាយ​​​​​​ថា “យើង​​​ចង់​​​ឲ្យ​​​ធនាគារ​​​ ANZ Royal ធានា​​​ខុស​​​ត្រូវ​​​ចំពោះ​​​ប្រាក់​​​សំណង​​​ ពី​​​ព្រោះ​​​ធនាគារ​​​បាន​​​ផ្តល់​​​ប្រាក់​​​កម្ចី​​​ទៅ​​​ឲ្យ​​​ក្រុមហ៊ុន​​​របស់​​​លោក​​​លីយ៉ុង​​​ផាត់​​​ ហើយ​​​ខ្លួន​​​ទទួល​​​បាន​​​ការ​​​ប្រាក់​​​ពី​​​ក្រុមហ៊ុន​​​នេះ​​​។ ប៉ុន្តែ​​​ ធនាគារ​​​បាន​​​ប្រាប់​​​យើង​​​ថា ខ្លួន​​​​​​មិន​​​ទទួល​​​ខុស​​​ត្រូវ​​​ចំពោះ​​​ប្រាក​​​់សំណង​​​ទេ​​​ ព្រោះ​​​ខ្លួន​​​លែង​​​ជាប់​​​ពាក់​​​ព័ន្ធ​​​នឹង​​​ក្រុម​​​ហ៊ុន​​​នេះ​​​ហើយ​​​”។

លោក សុភាព បាន​​​ឲ្យ​​​ដឹង​​​ថា គាត់​​​បាន​​​ប្រាប់​​​មន្ត្រី​​​ ដែល​​​បដិសេធ​​​មិន​​​ប្រាប់​​​ឈ្មោះ​​​ថា អ្នក​​​ភូមិ​​​នឹង​​​ត្រឡប់​​​មក​​​វិញ​​​ម្តង​​​ទៀត​​​ដោយ​​​​​​មាន​​​មនុស្ស​​​កាន់​​​តែ​​​ច្រើន​​​ជាង​​​មុន​​​។

លោក សុភាព បាន​​​និយាយ​​​ថា “ខ្ញុំ​​​បាន​​​ប្រាប់​​​តំណាង​​​ធនាគារ​​​ ANZ Royalថា យើង​​​នឹង​​​ធ្វើ​​​បាតុកម្ម​​​ដ៏​​​ធំ​​​មួយ​​​ប្រឆាំង​​​នឹង​​​ធនាគារ​​​ ព្រោះ​​​តំណាង​​​រូប​​​នេះ​​​បដិសេធ​​​មិន​​​ទទួល​​​ខុស​​​ត្រូវ​​​”។

លោក Grant Knuckey នាយក​​​ប្រតិបត្តិ​​​ធនាគារ​​​ ANZ Royal បាន​​​បដិសេធ​​​​​​មិន​​​ធ្វើ​​​អត្ថាធិ​​​ប្បាយ​​​ចំពោះ​​​ការ​​​ជួប​​​ចរចា​​​គ្នា​​​ ឬ​​​ក៏​​​​​​បញ្ហា​​​ ឬក៏​​​មិន​​​បញ្ជាក់​​​ថា​​​ តើ​​​លោក​​​បាន​​​ជួប​​​ជាមួយ​​​លោក​​​ សុភាព ​​​ឬ​​​ក៏​​​អត់​​​​​​ទេ​​​។

លោក​​​ Stephen Ries អ្នក​​​នាំ​​​ពាក្យ​​​របស់​​​ ANZ ជា​​​ក្រុម​​​ហ៊ុន​​​គ្រប់គ្រង​​​ដោយ​​​ជន​​​ជាតិ​​​​​​អូស្ត្រាលី​​​​​​​​​ និង​​​ជា​​​ធនាគារ​​​មេ​​​របស់​​ធនាគារ​​​ ANZRoyal​​​ ក៏​​​បាន​​​បដិសេធ​​​មិន​​​ធ្វើ​​អត្ថាធិប្បាយ​​​លើ​​​ការ​​​ជួប​​​ចរចា​​​គ្នា​​​កាល​​​ពី​​​ម្សិលមិញ​​​ដែរ ប៉ុន្តែ លោក​​​បាន​​​លើក​​​ឡើង​​​ម្តង​​​ទៀត​​​ថា ធនាគារ​​​នឹង​​​មិន​​​ធ្វើ​​​អ្វី​​​បន្ថែម​​​ទៀត​​​ដើម្បី​​​ជួយ​​​គ្រួសារ​​​ដែល​​​រង​​​ផល​​​ប៉ះ​​​ពាល់​​​ឡើយ​​​។

លោក​​​បាន​​លើក​​​ឡើង​​​តាម​​​រយៈ​​​អីុម៉េល​​​ថា ” ធនាគារ​​​ ANZ Royal​​​ លែង​​​ផ្តល់​​​ហិរញ្ញវត្ថុ​​​ឲ្យ​​​ក្រុមហ៊ុន [ ភ្នំពេញ​​​ស្ករស ]​​​​​​ ទៀត​​​ហើយ​​​  ហេតុ​​​ដូច្នេះ វាមិន​​​​​​ត្រឹម​​​ត្រូវ​​​ទេ ដែល​​​យើង​​​នាំ​​​គ្នា​​​និយាយ​​​ពី​​​ជំនួួញ​​​របស់​​​ក្រុមហ៊ុន​​​នេះ​​​​​​។ ដោយ​​​សារ​​​នេះ​​​ជា​​​បញ្ហា​​​ ​​​ដែល​​​ក្រុមហ៊ុន [ ភ្នំពេញ​​​ស្ករស ]​​​​​​​​​​​​​​​​ ​​​ត្រូវ​​​ដោះ​​​ស្រាយ​​​​​​ជាមួយ​​​សហគមន៍​​​មូល​​​ដ្ឋាន  ធនាគារ​​​ ANZ Royal មិន​​​ពិចារណា​​​រឿង​​​ចាត់​​​វិធាន​​​ការ​​​ផ្ដល់​​​ប្រាក់​​​សំណង​​​​​នោះ​​​ទេ​​​”។

កាល​​​ពី​​​សប្ដាហ៍​​​មុន​​​លោក Ries បាន​​​លើក​​​ឡើង​​​ថា ធនាគារ​​​កំពុង​​​ចាត់​​​វិធាន​​​ការ​​​ដើម្បី​​​ជួយ​​​គ្រួសារ​​​រង​​​ផល​​​ប៉ះពាល់​​​ ប៉ុន្តែ ការ​​​ខំប្រឹង​​​ប្រែង​​​នោះ ត្រូវ​​​បាន​​​បញ្ចប់​​​នៅ​​​ពេល​​​ក្រុមហ៊ុន​​ភ្នំពេញ​​​ស្ករស​​​បាន​​​សង​​​ប្រាក់​​​កម្ចី​​​មក​​​វិញ។

ក្រុមហ៊ុន​​​ភ្នំពេញ​​​ស្ករស បាន​​​លើក​​​ឡើង​​​ថា ខ្លួន​​​បាន​​​ផ្ដល់​​​ប្រាក់​​​សំណង​​​ដល់​​​គ្រួសារ​​​រង​​​ផល​​​ប៉ះពាល់​​​ បាន​​​ផ្តល់​​​ឲ្យ​​​ពួក​​​គាត់​​​នូវ​​​ដី​​​ថ្មី​​​ ហើយ​​​ផ្ដល់​​​ការ​​​ងារ​​​ល្អ​​​ឲ្យ​​​ពួក​​​គាត់​​​នៅ​​​ក្នុង​​​ចម្ការ​​​អំពៅ​​​។

ប៉ុន្តែ គ្រួសារ​​​ទាំង​​​នេះ​​​បាន​​​និយាយ​​​ថា ​​​ប្រាក់​​​សំណង​​​នោះ​​​តិច​​​តួច​​​ណាស់​​​ ដី​​​គ្មាន​​​ជីជាតិ​​​ ហើយ​​​ការ​​​ងារ​​​ដែល​​​ត្រូវ​​​បាន​​​ផ្តល់​​​វិញ​​​ គឺ​​​មិន​​​អាច​​​មក​​​ជំនួស​​​ឲ្យ​​​ដីស្រែ​​​ដែល​​​ពួក​​​គាត់​​​បាន​​​​​​បាត់​​​បង់​​​​​​បាន​​​ឡើយ​​​។

អ្នក​​​ស្រី ហុិន​​​ រ័ត្ន ដែល​​​បាន​​​ចូល​​​រួម​​​ការ​​​តវ៉ា​​​កាល​​​ពី​​​ម្សិលមិញ​​​បាន​​​និយាយ​​​ថា ជីវិត​​​របស់​​​អ្នក​​​ស្រី​​​កាន់​​​តែ​​​លំបាក​​​ទៅ​​​ៗ​​​ ចាប់​​​តាំង​​​ពី​​​បាត់​​​បង់​​​ដី​​​ទំហំ​​​២ហិកតា​​​កន្លះ​​​ដោយ​​​សារ ក្រុមហ៊ុន​​​ចម្ការ​​​អំពៅ​​​លោក​​​ លី យ៉ុង​​​ផាត់​​​ រួច​​​មក​​​។ ហើយ​​​ប្រសិន​​​បើ គ្រួសារ​​​របស់​​​អ្នក​​​ស្រី​​​មិន​​​បាត់​​​បង់​​​ដី​​​ធ្លី​​​កាល​​​ពី​​​បួន​​​ឆ្នាំ​​​កន្លង​​​មក​​​នេះ​​​នោះ​​​ទេ ម្លេ៉ះ​​​អ្នក​​​ស្រី​​​អាច​​​មាន​​​ជីវភាព​​​ដូច​​​កាល​​​​​​ពី​​​មុន​​​ ប៉ុន្តែ​​​ ​​​ឥឡូវ​​​នេះ​​​អ្នក​​​ស្រី​​​មិន​​​អាច​​​បញ្ជូន​​​កូន​​​ៗ​​​ដែល​​មាន​​​អាយុ​​​​​​ចន្លោះ​​​ពី​​​៥​​​ឆ្នាំ ដល់​​​៧​​​ឆ្នាំ ចំនួន​​​បី​​​នាក់​​​របស់​​​គាត់​​​ឲ្យទៅ​​​សាលា​​​រៀន​​​បាន​​​ឡើយ​​​។

អ្នក​​​ស្រី​​​បាន​​​និយាយ​​​នៅ​​​ពេល​​​ឈរ​​​នៅ​​​ខាង​​​ក្រៅ​​​ទី​​​ស្នាក់​​​ការ​​​កណ្ដាល​​​របស់​​​ធនាគារ​​​ ANZ Royal កាល​​​ពី​​​ម្សិលមិញ​​​ថា “ពួក​​​គេ​​​​​​មិន​​​ទៅ​​​រៀន​​​ ព្រោះ​​​យើង​​​គ្មាន​​​ប្រាក់​​​ដើម្បី​​​ទិញ​​​កង់​​​ឲ្យ​​​ពួក​​​គេ​​​ជិះ​​​បាន​​​នោះ​​​ទេ ហើយ​​​សាលា​​​នៅ​​​ឆ្ងាយ​​​ទៀត​​​។ ​​​យើង​​​ធ្វើ​​​ការ​​​មួយ​​​ថ្ងៃ​​​ ស៊ី​​​មួយ​​​ថ្ងៃ”៕គឹម​​​ហឿន​​​​​​

​​​​​​​​​​​​​​​​​​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស