35 C
Phnom Penh

វៀតណាម​ជំរុញ​ឲ្យ​​អាជ្ញាធរ​កម្ពុជា​ចាត់វិធានការ​​ចំពោះ​សកម្មភាព​ដុត​ទង់ជាតិ​របស់​ខ្លួន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួង​ការ​បរទេស​វៀតណាម​បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​ខ្លាំង​ៗ​កាលពី​​ថ្ងៃ​ពុធ ដើម្បី​ថ្កោល​ទោស​ការ​ដុត​ទង់ជាតិ​ខ្លួន​​​ នៅ​ខាង​មុខ​ស្ថានទូត​វៀតណាម​ក្នុ​ងរាជ​ធានី​ភ្នំពេញ​ កាលពី​ថ្ងៃ​អង្គារ និង​ជំរុញ​ឲ្យ​អាជ្ញាធរ​កម្ពុជា​ចាត់​រាល់​វិធាន​ការ​ចាំ​បាច់​ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា សកម្មភាព​បែប​​នេះ​មិន​កើត​ឡើង​ម្ដង​ទៀត​។Khmer-Krom-burning

បាតុករ​មួយ​ក្រុម​​បាន​ដុត​ទង់ជាតិ​​វៀតណាម​នៅ​ខាង​មុខ​ស្ថានទូត​នេះ​ កាលពី​ថ្ងៃ​អង្គារ អំឡុង​បាតុកម្ម​ដ៏ធំ​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ ប្រឆាំង​​ការ​អត្ថាធិប្បាយ​​ដ៏ចម្រូង​ចម្រាស​ ដែល​លេខាទី១​របស់​ស្ថានទូត​នេះ​បាន​លើក​ឡើង​​​កាលពី​ខែ​មិថុនា និង​ដើម្បី​ទាម​ទារ​​ឲ្យ​មាន​ការ​សូមអភ័យទោស​ ឬ​ធ្វើ​ការ​កែ​​តម្រូវ។

នៅ​ក្នុង​បទ​សម្ភាស​មួយ​តាម​វិទ្យុ លោក ត្រាន វ៉ានថុង លេខាទី១ និង​ជា​អ្នក​នាំពាក្យ​ស្ថាន​ទូត​វៀតណាម​ បាន​ច្រាន​ចោល​ការ​អះអាង​របស់​ប្រជា​ពល​រដ្ឋខ្មែរ​មួយ​ចំនួន​ ដែល​លើក​ឡើង​ថា កម្ពុជា​ក្រោម​ដែល​បច្ចុប្បន្ន​ស្ថិត​នៅ​ក្នុង​ប្រទេស​វៀតណាម​ប៉ែក​ខាង​ត្បូង ​និង​ជា​កន្លែង​ដែល​មាន​ប្រជា​ពល​រដ្ឋខ្មែរ​ជាច្រើន​រស់​នៅ​ជា​របស់​កម្ពុជា​ មុន​ពេល​អាណានិគម​និយម​បារំាង​​កាត់​ទឹកដីនេះ​ឲ្យទៅ​វៀតណាម​នៅ​ក្នុង​ឆ្នាំ​១៩៤៩​។

នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍មួយ​កាលពី​ថ្ងៃ​ពុធ លោក ឡេ ហៃប៊ិញ អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​វៀតណាម​បាន​លើក​ឡើង​ថា ការ​តវ៉ា​នេះ​គឺ​ខុស​ច្បាប់​ ហើយ​បាន​អំពាវ​នាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ទប់​ស្កាត់​កុំ​ឲ្យ​មាន​ការ​ដុត​បំផ្លាញ​ទង់ជាតិ​របស់​ខ្លួន​ម្ដង​ទៀត​ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​​ទីភ្នាក់ងារ​​សារព័ត៌មាន​ស៊ីនហួ​របស់​​ប្រទេស​ចិន​។

សេចក្ដី​រាយការណ៍​នេះ​​បាន​ដក​ស្រង់​សេចក្ដី​ថ្លែង​ការណ៍​នោះ ដែល​មាន​ខ្លឹម​សារ​ដូច្នេះ​ថា ” វៀតណាម​សូម​ប្រឆាំង​ដាច់​ខាត​ចំពោះ​​សកម្មជន​ខ្មែរ​កម្ពុជា​ក្រោម​​​​ ដែល​បាន​ធ្វើ​ការ​តវ៉ា​ខុស​ច្បាប់ និង​ដុត​បំផ្លាញ​ទង់ជាតិ​វៀតណាម​នៅ​ក្នុង​រាជ​ធានី​​ភ្នំពេញ​ប្រទេស​កម្ពុជា​។ សកម្ម​ភាព​ហិង្សា​ទាំង​នេះ​​ធ្វើ​ឡើង​ក្នុង​គោល​បំណង​ប្រមាថ​មាក់​ងាយ​ធ្ងន់ធ្ងរ​ចំពោះ​អារម្មណ៍​របស់​ប្រជាជន​វៀតណាម ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​មិត្ត​ភាព​ល្អ​​យូរអង្វែង​រវាង​ប្រទេស​វៀតណាម និង​ប្រទេស​កម្ពុជា​។ វៀតណាម​សូម​ជំរុញ​ឲ្យ​កម្ពុជា​ដោះ​ស្រាយ​សកម្មភាព​ទាំង​នេះ​ឲ្យ​​បាន​ម៉ឺង​ម៉ាត់ ដោយ​គោរព​ច្បាប់ និង​ចាត់វិធានការ​មាន​ប្រសិទ្ធភាព​ដើម្បី​ទប់​ស្កាត់​កុំ​ឲ្យ​ហេតុការណ៍​ស្រដៀង​គ្នា​នេះ​កើត​ឡើង​ម្ដង​ទៀត​”។

បុរស​ម្នាក់​ដែល​លើក​ទូរស័ព្ទ​របស់​លោក ត្រាន វ៉ានថុង កាលពី​ម្សិលមិញ បាន​បដិសេធ​មិន​និយាយ​ជាមួយ​អ្នក​យក​ព័ត៌មាន​ទេ ហើយ​មន្ត្រី​ផ្សេង​ៗទៀត​នៅ​ស្ថានទូត​វៀតណាម​មិន​​អាច​ទាក់​ទង​សុំការ​បំភ្ល​ឺ​បាន​ឡើយ​។

លោក ផៃ ស៊ីផាន អ្នក​នាំពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ថា លោក​មិន​ដឹង​ទេ​ពាក់​ព័ន្ធ​នឹង​​សេចក្ដី​ថ្លែង​ការណ៍​របស់​វៀតណាម​នេះ ហើយ​លោក​បាន​បង្វែរ​សំណួរ​ទំាង​អស់​ទៅ​ក្រសួង​ការ​បរទេស​របស់​កម្ពុជា​ ប៉ុន្តែ​មន្ត្រី​នៅ​ក្រសួង​នេះ​មិន​អាច​ទាក់​ទង​បាន​ឡើយ។

ឧត្តមសេនីយ៍​ត្រី ខេង ទីតូ អ្នក​នាំពាក្យ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​ ដែល​ត្រូវ​បាន​បញ្ជូន​ឲ្យ​ទៅ​គ្រប់​គ្រង​ស្ថាន​ការណ៍​អំឡុង​ការ​ធ្វើ​បាតុកម្ម​របស់​ខ្មែរ​កម្ពុជា​ក្រោម​ បាន​មាន​ប្រសាសន៍​ថា លោក​ដឹង​ជុំវិញ​សេចក្ដី​ថ្លែង​ការណ៍​របស់​វៀតណាម​ ហើយ​បាន​លើក​ឡើង​ថា លោក​នឹង​ធ្វើ​គ្រប់​យ៉ាង​តាម​បទ​បញ្ជា​ពី​ថ្នាក់​លើ​។

លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា “នៅ​ពេល​មាន​បញ្ជា​ពី​ក្រសួង​មហាផ្ទៃ​ [រាជធានី​ភ្នំពេញ] សាលា​រាជ​ធានី​ ឬរដ្ឋាភិបាល​ យើង​នឹង​ចាត់​វិធានការ​។ យើង​នឹង​អនុវត្ត​តាម​បទ​បញ្ជា​ពី​ថ្នាក់​លើ​ ហើយ​យើង​នឹង​អនុវត្ត​ភារកិច្ច​របស់​យើង​តាម​ច្បាប់​”។

អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ និង​អ្នក​នាំពាក្យ​នគរ​​បាល​ជាតិ​មិន​អាច​ទាក់​ទង​បាន​ទេ​។ លោក ឡុង ឌីម៉ង់ អ្នក​នាំពាក្យ​សាលា​រាជ​ធានី​ភ្នំពេញ​បាន​មាន​ប្រសាសន៍​ថា ការ​ឆ្លើយ​តប​ទៅ​នឹង​សំណើ​របស់​វៀតណាម​ គឺ​ស្រេច​​លើ​រាជ​រដ្ឋាភិបាល​កម្ពុជា។

ពាក់​ព័ន្ធ​នឹង​អ្នក​ដែល​បាន​ដុត​បំផ្លាញ​ទង់ជាតិ​វៀតណាម​កាលពី​ថ្ងៃ​អង្គារ​ លោក ឡុង ឌីម៉ង់ បាន​មាន​ប្រសាសន៍​ថា អាជ្ញាធរ​មិន​​ទាន់​សម្រេច​ថា ត្រូវ​ចាត់វិធានការ​បែប​ណា​នៅ​ឡើយ​ទេ។

លោក ថាច់ សេដ្ឋា នាយក​​ប្រតិបត្តិ​សហគមន៍ខ្មែរ​កម្ពុជា​ក្រោម ដែល​បានជួយ​រៀបចំ​បាតុ​កម្ម​ក្នុង​ពេល​ថ្មីៗ​នេះ បានបដិសេធ​ថា លោក​​មិន​​​ជាប់​ពាក់​ព័ន្ធ​ជាមួយ​អ្នក​ដែល​បាន​ដុត​បំផ្លាញ​ទង់ជាតិ​វៀតណាម​កាលពី​ថ្ងៃ​អង្គារទេ។

លោក​បាន​មាន​ប្រសាសន៍​កាលពី​ម្សិលមិញ​ថា សំណើ​របស់​រដ្ឋាភិបាល​ក្រុង​ហាណូយ​មក​កាន់​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​ បាន​បង្ហាញ​ពី​ការ​ជ្រៀត​ជ្រែក​កិច្ច​ការ​ផ្ទៃ​ក្នុង​របស់​កម្ពុជា​។លោក​បាន​បន្ត​​ថា ” វា​បង្ហាញ​ថា យួន​ជ្រៀត​ជ្រែក​កិច្ច​ការ​ផ្ទៃ​ក្នុង​របស់​កម្ពុជា​ ហើយ​បង្ហាញ​ថា ​វា​ជា​ចៅហ្វាយ​នាយ​របស់​ប្រទេស​យើង​ ហើយ​មិន​គោរព​អធិបតេយ្យ​របស់​ប្រទេស​ដទៃ​។ ប្រសិន​បើ​រដ្ឋាភិបាល​ និង​អាជ្ញាធរ​ធ្វើតាម​បញ្ជា​របស់​យួន​វា​បង្ហាញ​ថា រដ្ឋាភិបាល​របស់​យើង​គឺ​ជា​អាយ៉ង​យួន”។

លោក​មាន​ប្រសាសន៍​ថា សំណើ​នេះ​មិន​អាច​បំភ័យ​ក្រុម​របស់​លោក​ឲ្យ​ឈប់​ធ្វើ​ការ​តវ៉ា​បន្ថែម​ទៀត​ក្នុង​ពេល​ឆាប់ៗ​នេះ​ឡើយ។ លោក​បាន​លើក​ឡើង​ទៀត​ថា “យើង​មិន​ខ្លាច​អាជ្ញាធរ​បង្ក្រាប​ទេ។ ប្រសិន​បើពួកគេ​បង្ក្រាប​ វា​នឹង​បង្ហាញ​ថា ពួកគេ​បង្ក្រាប​ប្រជា​ពល​រដ្ឋ​ខ្លួន​ឯង”។

ព្រះតេជគុណ ថាច់ ហាសំអាង ព្រះចៅអធិការ​ស្ដីទី​នៅ​វត្ត​សាមគ្គីរង្សី និង​ជា​មេដឹកនាំ​មួយ​រូប​ទៀត​នៅ​ក្នុង​បាតុកម្ម​នាពេល​ថ្មីៗ​នេះ បាន​មាន​សង្ឃដីកា​​ថា ​ប្រសិន​បើ​កង​កម្លាំង​សន្តិសុខ​ចាត់វិធានការ​ហិង្សា​លើ​អ្នក​តវ៉ា​នៅ​ពេល​ខាង​មុខ​ វា​នឹង​កាន់​តែ​ធ្វើ​ឲ្យ​កម្លាំង​តវ៉ា​រីក​កាន់​តែ​ធំ​ទៅវិញទេ។

ព្រះ​អង្គ​បានមាន​សង្ឃដីកា​ទៀត​ថា ” ប្រសិន​បើ​រដ្ឋាភិបាល​ និង​អាជ្ញាធរ​បង្ក្រាប​អ្នក​តវ៉ា​ ប្រជាពល​រដ្ឋ​កាន់​តែ​ច្រើន​នឹង​ចូល​រួម​ជាមួយ​ពួក​យើង ពួកគេ​នឹង​មិន​អត់​ឱន​ឲ្យ​យួន​ឡើយ បន្ទាប់ពី​ពួកគេ​បាន​ប្រមាថមាក់​ងាយ​យើង​”។

លោក​ អ៊ុំ សំអាន តំណាង​រាស្ត្រ​មក​ពី​គណបក្ស​សង្គ្រោះជាតិ​ ដែល​បាន​ចូល​រួម​ក្នុង​បាតុ​កម្ម​នេះ​ដែរ បាន​មាន​ប្រសាសន៍​ថា លោក​មាន​គម្រោង​កោះ​ហៅ​លោក ហោ ណាំហុង រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ ឲ្យ​ចូល​មក​រដ្ឋសភា​ដើម្បី​សួរ​សំណួរ​ជាច្រើន​ទៅ​កាន់​រូប​លោក​ជុំវិញ​ការ​ស្ងាត់​ស្ងៀម​របស់​រដ្ឋាភិបាល​ចំពោះ​ពាក្យ​សម្ដី​បង្កហេតុ​របស់​ស្ថានទូត​វៀតណាម។

លោក​បាន​មាន​ប្រសាសន៍​ថា លោក​នឹង​ធ្វើ​សំណើ​នេះ​ នៅ​ពេល​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជា​ជន​កម្ពុជា​កំពុង​កាន់​អំណាច​រៀបចំ​សេចក្ដី​លម្អិត​នៃ​កិច្ច​ព្រម​ព្រៀង​ ដែល​គណបក្ស​ទាំង​ពីរ​បាន​ចុះ​ហត្ថលេខា​ក្នុង​ពេល​ថ្មីៗ​នេះ ដើម្បី​ឲ្យគណបក្ស​ប្រឆាំង​ទទួល​យក​អាសនៈ​សភា​​របស់​ខ្លួន​ បន្ទាប់ពី​ការ​ធ្វើ​ពហិការ​មិន​ចូល​សភា​រយ​ៈ​ពេល​ជិត​មួយ​ឆ្នាំ​ ដោយ​សារ​លទ្ធផល​ចម្រូង​ចម្រាស​នៃ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​កាលពី​ឆ្នាំ​មុន​។

លោក​បាន​លើក​ឡើង​បន្ត​ថា ” ខ្ញុំ​នឹង​ផ្ញើ​លិខិត​ទៅ​ក្រសួង​ការ​បរទេស​តាម​រយៈ​​ប្រធាន​រដ្ឋសភា​ ដើម្បី​អញ្ជើញ​លោក ហោ ណាំហុង ឲ្យ​មក​បក​ស្រាយ​ពីមូល​ហេតុ​​ដែល​គ្មាន​ការ​ឆ្លើយ​តប​ពី​​ក្រសួង​ការ​បរទេស​​ពាក់​ព័ន្ធ​​នឹង​ការ​អះអាង​របស់​វៀតណាម ដែល​លើក​ឡើង​ថា កម្ពុជា​ក្រោម​ជារបស់​វៀតណាម​ជាយូរ​មក​ហើយ និង​ដើម្បី​ស្នើ​ឲ្យ​លោក​អំពាវ​នាវ​ទៅ​វៀតណាម និង​សួរ​ពី​មូលហេតុ​ដែល​​វៀតណាម​មិន​ទទួល​យក​ញត្តិ​របស់​ប្រជា​ពល​រដ្ឋ​”។

លោក​ ថាច់ សេដ្ឋា ​បាន​មាន​ប្រសាសន៍​ថា លោក​នឹង​រៀបចំ​បាតុកម្ម​បន្ថែម​ទៀត ប្រសិន​បើ​រដ្ឋាភិបាល​កម្ពុជា​ និង​រដ្ឋាភិបាល​វៀតណាម​មិន​ដោះ​ស្រាយ​វិវាទ​ជុំវិញ​ការ​លើក​ឡើង​ដ៏ចម្រូង​ចម្រាស​របស់​អ្នក​នាំពាក្យ​ស្ថានទូត​វៀតណាម​នៅ​មួយ​ ឬពីរ​សប្ដាហ៍​ក្រោយ​ទេ​នោះ៕ សុខុម​​​​​​​​​​

 

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស