26 C
Phnom Penh

កម្មករ​ហែក្បួន​ទៅ​ក្រសួង​ការ​ងារ​ដើម្បី​ទាម​ទារ​ឲ្យ​​​រោង​​​ចក្រ​​​បើក​​​ប្រាក់​ខែ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កម្មករ​ និង​តំណាង​សម្ព័ន្ធ​សហជីព​បាន​លើក​ឡើង​ថា កាលពី​ម្សិលមិញ​ កម្មករ​ប្រហែល​៥០​នាក់​មកពី​រោង​ចក្រ​កាត់​ដេរ XinChangXin បាន​ហែក្បួន​ជាលើក​ទី២ទៅ​ក្រសួង​ការ​ងារ​ដើម្បី​ទាម​ទារ​ឲ្យ​​​​​​មាន​​​ការ​​​ជួយ​​​អន្តរាគមន៍​ បន្ទាប់ពី​រោងចក្រ​មិន​បាន​បើក​ប្រាក់​ខែ​អស់​​​រយៈ​ពេល​ពីរ​ខែ​មក​ហើយនោះ។

កុយ សាវឿន ជា​កម្មការិនី​ម្នាក់​បាន​និយាយ​ថា ” យើង​បាន​ហែក្បួន​ជា​លើក​ទី២ ពីព្រោះ​យើង​ចង់​ឲ្យ​ក្រសួង​ជួយ​​​ធ្វើ​អត្តរាគមន៍​ ដើម្បីឲ្យ​រោងចក្រ​​បើក​ប្រាក់​ខែ​ឲ្យ​ពួក​យើង”។

នាក់ ណុំ តំណាង​សហជីព​បាន​និយាយ​ថា រោងចក្រ​នេះ​ត្រូវ​បាន​ទទួលកិច្ច​សន្យា​បន្ត​ដើម្បី​​ផលិត​សម្លៀក​បំពាក់​ឲ្យក្រុម​ហ៊ុន Gap និង Nike ។ រោងចក្រ​បាន​ផ្អាក​ប្រតិបត្តិការ​កាល​ពី​ខែ​មិថុនា ដោយ​សារ​មិន​មាន​ការ​បញ្ជា​ទិញ​ ហើយ​បាន​សន្យា​ពីរ​លើក​ដល់​កម្មករ​​ថា នៅ​ពេល​រោងចក្រ​បន្ត​ប្រតិបត្តិការ​ឡើង​វិញ រោងចក្រ​នឹង​បើក​​ប្រាក់​ដល់​​​ពួក​​​គេ​​​។ ប៉ុន្តែ​ការ​សន្យា​ទាំង​ពីរ​លើក​នោះបាន​កន្លង​ផុត​ទៅ​ហើយ។

នៅ​ពេល​ថ្ងៃ​សន្យា​បើក​ប្រាក់​ខែ​ចុង​ក្រោយ​បាន​កន្លង​ផុត​ទៅ​កាលពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន កម្មករ​ប្រហែល​៧០​នាក់​បាន​ហែក្បួន​ទៅ​ក្រសួង​ការ​ងារ ដើម្បី​សុំជំនួយ​កាលពី​ថ្ងៃ​សៅរ៍ ។

បន្ទាប់​ពី​ជួប​ប្រជុំ​ជា​មួយ​នាយក​ដ្ឋាន​ដោះ​ស្រាយ​​វិវាទ​ការ​ងារ​នៅ​ក្រសួង​នេះ រោងចក្រ​បាន​លើក​ឡើង​ថា រោង​​​​ចក្រ​​នឹង​បើក​ប្រាក់​​​​៥០​ភាគរយ​ដល់​កម្មករ​ម្នាក់ៗ ប៉ុន្តែ​ ​បាន​ប្រាប់​ពួកគេ​ឲ្យ​រង់ចាំ​ជា​ថ្មី​ម្ដង​ទៀត​​​នៅ​ពេល​នេះ​ គឺ​​​រហូត​ដល់​ថ្ងៃ​ទី២២ ខែ​សីហា​។

អ្នកស្រី​ សាវឿន បាន​និយាយ​ថា ” ប្រសិន​បើ​ពន្យារ​​ពេល​​​យូរ​ពេក​ នោះ​​​យើង​នឹង​​​​ហែ​​​ក្បួន​ទៅ​ភូមិ​​​គ្រឹះលោក​ ហ៊ុន សែន។ ខ្ញុំ​ត្រូវ​ការ​ប្រាក់​ដើម្បី​ផ្គត់​ផ្គង់​ជីវភាព”។

លោក វង្ស សុវណ្ណ អនុ​ប្រធាន​នាយក​ដ្ឋាន​ដោះ​ស្រាយ​វិវាទ​ការ​ងារ​នៅ​ក្រសួង​នេះ​បាន​មាន​ប្រសាសន៍​ថា រោងចក្រ​ XinChangXin ត្រូវ​បាន​ផ្តល់ពេល​ពីរលើក​​ក្នុង​ការ​បើក​ប្រាក់​ខែ​ដល់​កម្មករ។ លោក​បាន​មាន​ប្រសាសន៍​ថា ” យើង​ទុក​ពេល​បន្ថែម​ទៀត​ដល់​ថៅកែ​រោងចក្រដើម្បី​​រក​ប្រាក់​។ ប៉ុន្តែ​​ប្រសិន​បើ​នៅ​ថ្ងៃ​ទី​២២ ខែ​សីហា រោងចក្រ​​មិន​​បើក​ប្រាក់​ខែ​ទេ​នោះ យើង​នឹង​ស្នើ​ឲ្យរោងចក្រ​​លក់​ម៉ាស៊ីន​ដេរ”៕ សារុន​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស