30 C
Phnom Penh

នគរ​បាល​ចោទ​ប្រកាន់​មនុស្ស​៦នាក់​ពី​បទ​មនុស្ស​ឃា​តជុំវិញវិវាទ​ដីធ្លី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​​នគរ​បាល​មូលដ្ឋាន​​បាន​និយាយ​ថា កាលពី​ម្សិលមិញ​មនុស្ស​ប្រាំមួយ​នាក់​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​សម្លាប់​ម្ចាស់​ចម្ការ​កៅស៊ូ​ម្នាក់ ​ដែលពួកគេ​មាន​ជម្លោះ​ជាមួយ​ពាក់​ព័ន្ធ​ការ​អះអាង​សិទ្ធិ​កាន់​កាប់​ដី​នៅ​ក្នុង​ខេត្ត​រតនគិរី។

លោក សៀង លី អាយុ​៥០​ឆ្នាំ​ត្រូវ​បាន​កាប់​មួយ​កាំបិត​ផ្គាក់​ចំកញ្ចឹង​ក​ ហើយ​បាន​ស្លាប់​​កាល​ពី​ថ្ងៃ​ច័ន្ទ គឺពីរ​ថ្ងៃ​បន្ទាប់ពី​មាន​ជម្លោះ​​ជាមួយ​ម្ចាស់​ចម្ការ​កៅស៊ូ​ឯកជន​​នៅជាប់​គ្នា​ក្នុង​ស្រុក​​អណ្ដូង​មាស​។

លោក ម៉ៅ ជ្រិន អាយុ​៥៧​ឆ្នាំ​ជា​ម្ចាស់​ចម្ការ​កៅស៊ូ​ជាប់​ចោទ​ និង​កូន​ប្រុស​របស់​គាត់​ឈ្មោះ ជ្រុយ សម្បូរ ​អាយុ​២០​ឆ្នាំ​ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ព្រឹក​​ថ្ងៃ​អង្គារជាមួយ​កម្មករ​បី​នាក់​ទៀត ឈ្មោះ ឆុង រដ្ឋា អាយុ​១៨​ឆ្នាំ មឿង ម៉ាប់ អាយុ​២៣​ឆ្នាំ ស សុគន្ធ អាយុ​២៤​ឆ្នាំ​ និង​ស្ត្រី​ជា​សាច់​ញាតិ​ម្នាក់ទៀត​ឈ្មោះ​ ឯម សុខម អាយុ​៤៥​ឆ្នាំ​។ កាលពី​ម្សិលមិញ មនុស្ស​មួយ​ក្រុម​នេះ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​មនុស្ស​ឃាត​ដោយ​គិត​ទុក​ជាមុន​។

នគរ​បាល​កំពុង​តាម​​ចាប់​ខ្លួន​កូន​ប្រុស​របស់​បុរស​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ម្នាក់​​ទៀត ឈ្មោះ​ ជ្រុយ សម្បត្តិ អាយុ​២៤​ឆ្នាំ ដែល​បាន​កាប់​ជន​រងគ្រោះ​​ដោយ​​កាំបិត​ផ្គាក់​ចំកញ្ចឹង​ក ហើយ​កំពុង​រត់គេច​ខ្លួន​នៅ​ឡើយ​។

លោក ផេន ឌីណា ស្នង​ការ​រង​នគរ​បាល​ខេត្ត​បាន​មាន​ប្រសាសន៍​ថា គ្រួសារ​ទាំង​ពីរ​នេះ​បាន​ទិញ​ដី​រួម​គ្នា​ទំហំ​៦៤​ហិកតា​ច្រើន​ឆ្នាំ​មក​ហើយ ប៉ុន្តែ​បាន​ពុះចែក​​ដី​នេះ​ជាពីរ​កាលពី​ឆ្នាំ​២០១២ បន្ទាប់ពី​មាន​ជម្លោះ​។

ទោះ​ជាយ៉ាង​ណា លោក ឌីណា បាន​មាន​ប្រសាសន៍​ថា ការ​ពុះ​ចែក​ដី​ជាពីរ​នេះ​មិន​អាច​ដោះ​ស្រាយ​បញ្ហា​បាន​ឡើយ​ ដែល​ធ្វើ​ឲ្យ​មាន​បញ្ហា​កាន់​តែ​ខ្លាំង​ឡើង​នៅ​ពេល​លោក សៀង​ លី បាន​ប្រឈម​មុខ​ជាមួយ​លោក ម៉ៅ ជ្រិន បន្ទាប់ពី​កម្មករ​របស់​គាត់​បាន​ភ្ជួរ​ដី​ចូល​ក្នុង​​​កន្លែង​ដែល​ដីទាំង​ពីរ​នេះ​ប្រសព្វ​គ្នា​ និង​ដែល​កំពុង​​មាន​វិវាទ​អស់​ទំហំ​ប្រហែល​១០​ម៉ែត្រគុណ​នឹង​១០០​ម៉ែត្រ ។ លោក ឌីណា បាន​មាន​ប្រសាសន៍​ថា “អំពើ​មនុស្ស​ឃាត​នេះ​បាន​កើត​ឡើង​រយៈ​ពេល​ពីរ​ថ្ងៃ​បន្ទាប់ពី​ពួកគេ​មាន​ជម្លោះ​ពាក់​ព័ន្ធ​ព្រំដី​ដែល​មាន​វិវាទ​នេះ​”។

លោក​បាន​មាន​ប្រសាសន៍​ថា “ជន​សង្ស័យ​ទំាង​នោះ​បាន​សារភាព​ថា ពួកគេ​ពិត​​ជា​បាន​ជាប់​ពាក់​ព័ន្ធ​ក្នុង​ករណី​នេះ​មែន ប៉ុន្តែ​ជន​សង្ស័យ​ដែល​បាន​សម្លាប់​ជន​រងគ្រោះ​បាន​រត់​គេច​ខ្លួន​បាត់​ទៅ​ហើយ”។ លោក​បាន​បន្ថែម​ថា នគរ​បាល​បាន​រក​ឃើញ​កាំបិត​ផ្គាក់​ប្រឡាក់​ឈាម​មួយ​នៅ​ក្នុង​ខ្ទម​ចាំ​ដី​របស់​លោក ម៉ៅ ជ្រិន។

លោក សុវណ្ណ ភិន អធិការ​នគរ​បាល​ស្រុក​បាន​មាន​ប្រសាសន៍​ថា ជន​រងគ្រោះ​ និង​​កម្មករ​ម្នាក់​បាន​ជិះ​ម៉ូតូ​ចេញ​ទៅក្រៅ​នៅ​ម៉ោង​ប្រហែល​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ច័ន្ទ ដើម្បី​ទៅ​មើល​ព្រំ​ដី​ចម្ការ​។

លោក ភិន បាន​បន្ថែម​ថា ខណៈ​ដែល​កម្មករ​អាយុ​២០​ឆ្នាំ​ចូលទៅ​ក្នុង​ខ្ទម​ ចម្ងាយ​ប្រហែល​៣០០​ម៉ែត្រ​ពី​ព្រំដី​ដែល​មាន​ជម្លោះនោះ គាត​់​បាន​ឮ​លោក សៀង លី ស្រែក​។ លោក​បាន​មាន​ប្រសាសន៍​ថា ” កម្មករ​រូប​នេះ​បាន​និយាយ​ថា គាត់​បាន​ឮជនរងគ្រោះ​ស្រែក​ឲ្យ​ជួយ​ ហើយ​នៅ​ពេល​​គាត់​មក​ដល់​កន្លែង​កើត​ហេតុ គាត់​បាន​ឃើញ​លោក សៀង លី ស្លាប់​​បាត់​ទៅ​ហើយ​”។

លោក ភិន បាន​មាន​ប្រសាសន៍​ថា កម្មករ​រូប​នោះអះអាង​ថា​​​ បាន​ឃើញ​លោក ម៉ៅ ជ្រិន រត់​ចូល​ទៅ​ក្នុង​ដី​របស់​គាត់​វិញ បន្ទាប់ពី​ការ​​​វាយ​​​ប្រហារ​​​។ ប្រពន្ធ​របស់​ជន​រងគ្រោះ​បាន​ដាក់​ពាក្យ​បណ្ដឹង​នៅ​ថ្ងៃ​បន្ទាប់។ លោក ភិន បាន​មាន​​​ប្រសាសន៍​ថា ” ជន​សង្ស័យ​បាន​កាប់​ជន​រងគ្រោះ​ចំកញ្ចឹង​កដោយ​កាំបិត​ផ្គាក់។ ជនរងគ្រោះ​បាន​ស្លាប់​នៅ​កន្លែង​កើត​ហេតុតែម្ត​ង”។

គេ​​មិន​អាច​ទាក់​ទង​មន្ត្រី​តុលាការ​ទទួល​បន្ទុក​រឿង​ក្ដី​នេះ​បាន​ទេ។ ទោះ​ជាយ៉ាង​ណា លោក ឌីណា បាន​មាន​ប្រសាសន៍​ថា មនុស្ស​ទាំង​ប្រាំមួយ​នាក់​នេះ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​មនុស្ស​ឃាត​ដោយ​គិត​ទុក​ជាមុន ហើយ​កំពុង​ត្រូវ​​ឃុំ​ខ្លួ​ន​បណ្ដោះ​អាសន្នរង់​ចាំការ​កាត់​ក្តី​នៅ​ពន្ធ​នាគារ​ខេត្ត​៕ សារុន​​​​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស