33 C
Phnom Penh

ទំនប់​​​វារី​​​អគ្គិសនី​​​​​​ទី​​​៦​​​របស់​​​ចិន​​​នៅ​​​ខេត្ត​​​កោះកុង​​​ចាប់​​​ផ្តើម​​​ដំណាក់​​​កាល​​​​​​សាក​​​ល្បង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​​​មន្ត្រី​​​មួយ​​​រូប​​​នៅ​​​ក្រសួង​​​រ៉ែ និង​​​ថាមពល​​​ បាន​​​លើក​​​ឡើង​​​កាល​​​ពី​​​ម្សិលមិញ​​​ថា ទំនប់​​​វារី​​​អគ្គិ​​​សនីទី​​​៦​​​របស់​​​ចិន​​​​​​ នៅ​​​​​​ក្នុង​​​ខេត្ត​​​កោះ​​​កុង​​​​​​ បាន​​​ចាប់​​​ផ្ដើម​​​ដំណើរ​​​ការ​​​ម៉ាស៊ីន​​​ភ្លើង​​​មួយ​​​គ្រឿង​​​​​​​​​ក្នុង​​​ចំណោម​​​​​​ម៉ាស៊ីន​​​ភ្លើង​​​បី​​​គ្រឿង​​​ជា​​​ការ​សាក​​​ល្បង​​​កាល​​​ពី​​​ថ្ងៃ​​​ពុធ​​​។

លោក អិុត ប្រាំង រដ្ឋ​​​លេខា​​​ធិការ​​​ក្រសួង​​​រ៉ែ និង​​​ថាមពល​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា អាជ្ញាធរ​​​អគ្គិសនី​​​កម្ពុជា​​​នឹង​​​ធ្វើ​​​ការ​​​វាយ​​​តម្លៃ​​​លើ​​​ទំនប់​​​វារី​​​អគ្គិសនី​​​នេះ អំឡុង​​​ដំណាក់​​​កាល​​​សាក​​​ល្បង​​​​​​នេះ​​​។ លោក​​​បាន​​​​​​លើក​​​​​​ឡើង​​​ថា ប្រសិន​​​បើ​​​អ្វី​​​ៗ​​​ដំណើរ​​​ការ​​​តាម​​​ការ​​​គ្រោង​​​ទុក​​​ គេ​​​រំពឹង​​​ថា ទំនប់​​​វារី​​​អគ្គិសនី​​​នេះ​​​នឹង​​​បំពេញ​​​ការ​​​ខ្វះ​​​ខាត​​​​​​នៅ​​​ក្នុង​​​ការ​​​ផ្គត់​​​ផ្គង​​​់​​​ថាម​​​ពល​​​អគ្គិសនី​​​​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ ហើយ​​​នឹង​​​​​ធ្វើ​​​ឲ្យ​​​តម្លៃ​​​អគ្គិសនី​​​ធ្លាក់​​​ចុះ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ទៀត​​​ថា “ទំនប់​​​វារី​​​អគ្គិសនី​​​នៅ​​​តាតៃ​​​កំពុង​​​​​​ធ្វើ​​​តេស្ត​​​សាក​​​ល្បង។ ប្រសិន​​​បើ​​​គ្មាន​​​បញ្ហា​​​អ្វី​​​ទេ​​​នោះ វា​​​ជា​​​ការ​​​ប្រសើរ​​​ណាស់​​​សម្រាប់​​​ការ​​​ផ្គត់​​​ផ្គង់​​​អគ្គិសនី​​​នៅ​​​​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ ពីព្រោះ​​​យើង​​​ខ្វះ​​​អគ្គិសនី​​​ដោយសារ​​​តម្រូវ​​​ការ​​​កើន​​​ឡើង​​​រាល់ថ្ងៃ​​​​​​ ដោយសារ​​​សកម្មភាព​​​សាង​​​សង់​​​ និង​​​នៅ​​​តាម​​​លំនៅ​​​ដ្ឋាន​​​​​​ប្រជា​​​ពល​​​រដ្ឋ​​​​​​​​​​​​​​​​​​​​​​​​​​​។ នៅ​​​ពេល​​​ទំនប់​​​នេះ​​​ដំណើរ​​​ការ​​​ពេញ​​​លេញ យើង​​​នឹង​​​មាន​​​ថាមពល​​​ដ៏​​​ច្រើន​​​សម្រាប់​​​ផ្គត់​​ផ្គង់​​​ ហើយ​​​តម្លៃ​​​នឹង​​​ចុះ​​​ថោក​​​”។

ក្រុមហ៊ុន​​​ China National Heavy Machinery Corporation បាន​​​ចាប់​​​ផ្ដើម​​​សាង​​​សង់​​​ទំនប់​​​វារី​​​អគ្គិសនី​​​កម្លាំង​​​២៤៦មេហ្គាវ៉ាត់​​​នេះ​​​នៅ​​​ឆ្នាំ​​​២០១០​​​ ដោយ​​​ចំណាយ​​​អស់​​​ទឹក​​​ប្រាក់​​​ប្រមាណ​​​​​​៥៤០​​​លាន​​​ដុល្លារ​​​។ នៅ​​​ទី​​​បំផុត​​​ ម៉ាស៊ីន​​​ភ្លើង​​​បី​​​គ្រឿង​​​ ដែល​​​ក្នុង​​​មួយ​​​គ្រឿង​​​ៗ​​​​​​​​​មាន​​​សមត្ថ​​​ភាព​​​​​​ផលិត​​​អគ្គិសនី​​​បាន​​​៨២មេហ្គាវ៉ាត់ នឹង​​​ដាក់​​​ឲ្យ​​​ដំណើរ​​​ការ​​​នៅ​​​ទំនប់​​​វារី​​​អគ្គិសនី​​​នេះ​​​ នេះ​​​បើ​​​យោង​​​តាម​​​សេចក្ដី​​​រាយការណ៍​​​ដោយ​​​​​​ទី​​​ភ្នាក់ងារ​​​សារព័ត៌មាន​​​ស៊ីនហួ របស់​​​ប្រទេស​​​ចិន​​​។

យោង​​​តាម​​​ទិន្នន័យ​​​​ទទួល​បាន​​​ពី​​​ទី​​​ភ្នាក់​​​ងារ​​​សារព័ត៌មាន​​​ស៊ីនហួ និង​​​ក្រសួង​​​រ៉ែ និង​​​ថាមពល​​​ បង្ហាញ​​​ថា ប្រទេស​​​ចិន​​​គឺ​​​ជា​​​អ្នក​​​វិនិយោគ​​​ធំ​​​បំផុត​​​លើ​​​ទំនប់​​​វារី​​​អគ្គិសនី​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ ដោយ​​​បាន​​​បោះ​​​ទុន​​​​​​រហូត​​​ដល់​​​ទៅ​​​១,៦​​​ពាន់​​​លាន​​​ដុល្លារ​​​ ដើម្បី​​​ផលិត​​​អគ្គិសនី​​​ ដែល​​​មាន​​​កម្លាំង​​​សរុប​​​៨២៨មេហ្គាវ៉ាត់​​​។

ទំនប់​​​វារី​​​អគ្គិសនី​​​របស់​​​ចិន​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​បាន​​​រង​​​ការ​​​រិះ​​​គន់​​​យ៉ាង​​​ខ្លាំង​​​ម្ដង​​​ហើយ​​​ម្ដង​​​ទៀត​​​ចំពោះ​​​ការ​​​ជម្លៀស​​​ប្រជា​​​ពល​​​រដ្ឋ​​​ចេញ​​​ពី​​​លំនៅ​​​ដ្ឋាន​​​ និង​​​ការ​​​ធ្វើ​​​ឲ្យ​​​ប៉ះពាល់​​​​​​ដល់​​​បរិស្ថាន​​​។ ទោះ​​​ជា​​​យ៉ាង​​​ណា លោក​​​ អាឡិច ហ្គន​​​ហ្សាឡេស  ដេវីដសុន (Alex Gonzalez Davidson) ស្ថាបនិក​​​អង្គការ​​​ Mother Nature ជា​​​អង្គការ​​​មិន​​​មែន​​​រដ្ឋាភិបាល​​​មួយ​​​ដែល​​​កំពុង​​​តែ​​​ធ្វើ​​​យុទ្ធ​​​នា​​​ការ​​​ប្រឆាំង​​​ការ​​​សាង​​​សង់​​​ទំនប់​​​វារី​​​អគ្គិសនី​​​ដ៏​​​ចម្រូង​​​ចម្រាស​​​មួយ​​​នៅ​​​ក្នុង​​​ខេត្ត​​​កោះ​​​កុង​​​ បាន​​​មានប្រសាសន៍​​​ថា ទំនប់​​​ថ្មី​​​បំផុត​​​នៅ​​​​​​ស្ទឹង​​​តាតៃ​​​នេះ​​​ស្ទើរ​​​តែ​​​គ្មាន​​​ផល​​ប៉ះពាល់​​​​​​អវិជ្ជមាន​​​លើ​​​បរិស្ថាន​​​ទេ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ផល​​​ប៉ះពាល់​​​ផ្នែក​​​​​​បរិស្ថាន​​​​​​មិន​​​ធ្ងន់​​​ធ្ងរ​​​ដល់​​​ថ្នាក់​​​នោះ​​​ទេ​​​ ពី​​​ព្រោះ​​​អាង​​​ស្តុក​​​ទឹក​​​មិន​​​ធំ​​​ ហើយ​​​ ដី​​​ដែល​​​ត្រូវ​​​បាន​​​ឈូស​​​ឆាយ​​​ក៏​​​ជា​​​ផ្នែក​​​មួយ​​​នៃ​​​ស្ទឹង​​​នោះ​​​ដែរ”។

ប៉ុន្តែ លោក​​​បាន​​​មានប្រសាសន៍​​​ថា អ្នក​​​ដែល​​​ពាក់​​​ព័ន្ធ​​​នឹង​​​ការ​​​សាង​​​សង់​​​ទំនប់​​​នេះ ​​​បាន​​​ឆ្លៀត​​​​​​ឱកាស​​​កាប់​​​ឈើ​​​មាន​​​តម្លៃ​​​នៅ​​​តំបន់​​​ជុំវិញ​​​នោះ ហើយ​​​លាង​​​វា​​​តាម​​​រយៈ​​​អាង​​​ស្តុក​​​ទឹក​​​នេះ​​​៕សុខុម​​​​​​​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស