41.3 C
Phnom Penh

នគរបាល​ឆ្មក់ចូល​​ហាង​អុិនធើ​ណិត​កាហ្វេ​ចំនួនពីរ​ក្នុង​ក្រុង​បាត​់​ដំបង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ម្ចាស់​ហាង​អុីនធើណិត​កាហ្វេ​​ចំនួន​​​ពីរ​​នាក់​​​ត្រូវ​បាន​ដោះ​លែង​ពី​កន្លែង​​​​​​ឃុំខ្លួន​របស់​នគរ​បាល​កាល​ពី​ម្សិលមិញ​ បន្ទាប់ពី​ពួក​​​គេ​​​យល់​​​ព្រម​​​បិទ​ហាង​របស់​ខ្លួន​ក្នុង​ក្រុង​បាត់​ដំបង ក្រោយ​​​ពី​នគរ​បាល​បាន​ឆ្មក់​ចូល​ហាង​ទាំង​នោះ បន្ទាប់​ពី​មាន​ការ​ត្អូញ​ត្អែរពី​អាណា​ព្យាបាល​សិស្ស​។

រដ្ឋា​ភិបាល​បាន​ហាម​​មិន​ឲ្យ​បើក​ហាង​អុីនធើណិត​​​​កាហ្វេ កន្លែង​ដែល​សិស្ស​ជា​ច្រើន​បាន​ចំណាយ​ពេល​រាប់​ម៉ោង​លេង​ហ្គេម​តាម​ប្រព័ន្ធ​អុីនធើណិត​​​ឥត​​​ឈប់​​​ឈរ​​​​​​នោះ​​​ ក្នុង​ចម្ងាយ​ប្រហែល​៥០០​ម៉ែត្រ​ពី​សាលា​រៀន កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៣​។

សេចក្ដី​ប្រកាស​ដែល​ចុះហត្ថ​លេខា​ដោយ​​លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួង​ប្រៃស​ណី​យ៍ និង​ទូរគម​នាគមន៍ ក៏​បាន​​ហាម​​សិស្ស​អាយុ​ក្រោម​១៨​ឆ្នាំ​មិន​ឲ្យ​ចូល​ទៅ​ហាង​អុីនធើ​ណិត​បែប​នោះដែរ​​​ ជា​ការ​ខិត​ខំ​ប្រឹង​ប្រែង​ដើម្បី​ឲ្យ​ពួកគេ​ផ្ដោត​លើ​​ការ​សិក្សា​វិញ។

ផាន់ សុខចំរើន អាយុ​២០​ឆ្នាំ​ ជា​ម្ចាស់​ហាង​អុីនធើណិត​ក្នុង​សង្កាត់​ស្វាយ​ប៉ោ និង​ ជុំ សុខៃ អាយុ​២០​ឆ្នាំ ជា​ម្ចាស់​ហាង​មួយ​ទៀត​នៅ​ក្នុង​សង្កាត់តែ​មួយនេះ​ ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ថ្ងៃ​ពុធ ហើយ​ត្រូវ​បាន​ដោះ​លែង​វិញ​កាលពី​ថ្ងៃ​ម្សិលមិញ។

លោក ជេត​​​ វណ្ណី ស្នង​ការ​រង​នគរ​បាល​ខេត្ត​បាន​មាន​ប្រសាសន៍​ថា ” យើង​បាន​បញ្ជា​ឲ្យ​មន្ត្រី​ចុះ​បង្ក្រាប​​ទី​តាំង​ទាំង​នេះ​ ពីព្រោះ​ទីតាំង​ទាំង​នេះ​នៅ​ជិត​សាលា​រៀន ហើយ​សិស្ស​ជា​ច្រើន​បាន​គេច​សាលា​ទៅ​​​លេងហ្គេមនៅ​ហាង​អុីនធើណិត​នោះ​រាល់​ថ្ងៃ​។ យើង​ទទួល​​បាន​ការ​ត្អូញត្អែរ​ពី​អាណាព្យាបាល​​សិស្ស​”។

លោក វណ្ណី បាន​មាន​ប្រសាសន៍​ថា​ ក្រុម​មន្ត្រី​ដក​ហូត​កុំព្យូទ័រ​​​​បាន​​​ចំនួន​​​១០០​គ្រឿង​ ហើយ​ “អប់រំ” សិស្ស​៣០​នាក់​ អាយុ​ពី​៨ឆ្នាំ​ដល់​១៨​ឆ្នាំ​​ឲ្យ​យល់​ដឹង​អំពី​សារៈ​សំខាន់​នៃការ​សិក្សា​ជាជាង​ការ​លេង​ហ្គេម​។

លោក ម៉េង លៀង ​នាយ​នគរ​បាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត ​បាន​មាន​ប្រសាសន៍​ថា នគរ​បាល​បាន​ស៊ើប​អង្កេត​ហាង​ទាំង​ពីរ​នេះ​រយៈ​ពេល​បី​ខែ​មុន​ពេល​​​ចាត់​វិធានការ​។

លោក​​បានមាន​ប្រសាសន៍​ថា ” យើង​ក៏កំពុង​ស៊ើប​អង្កេត​ដើម្បី​បង្ក្រាប​ហាង​មួយ​ចំនួន​ទៀត​ផងដែរ។ ហាង​ទាំង​ពី​រ​​​នេះ​ត្រូវ​បាន​រឹប​អូស​យក​សម្ភារ​​​ទាំង​​​អស់ ហើយ​​​​​យក​ទៅ​រក្សា​ទុក​នៅ​ស្នង​ការ​ដ្ឋាន​​នគរ​បាល​​ខេត្ត​​។ នៅ​ក្នុង​រាជ​​ធានីភ្នំពេញ ម្ចាស់​ហាង​មួយ​ចំនួន​មិន​បារម្ភ​អំពី​ការ​បង្ក្រាប​របស់​នគរ​បាល​នៅ​ពេល​ណា​​​មួយ​​​ឆាប់​​​ៗនេះ​​​ឡើយ​។

លោក ឈួន សុធា អ្នក​គ្រប់​គ្រង​ហាង​អុីនធើណិត​ PS ក្នុង​សង្កាត់​ផ្សារ​ថ្មី​៣ ដែលស្ថិត​នៅជិត​សាលា​បឋម​សិក្សា​ភ្នំដូនពេញ និង​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ បាន​និយាយ​ថា លោក​មិន​ដែល​មាន​បញ្ហា​ជាមួយនគរ​បាល​ឡើយ​។

លោក​បាន​និយាយ​ថា “ខ្ញុំ​បាន​បើក​ហាង​នៅ​ទីនេះ​ជាង​មួយ​ឆ្នាំ​មក​ហើយ ហើយ​មិន​ដែល​មាន​បញ្ហា​ទេ​”។ លោក​ សុធា បាន​និយាយ​ថា លោក​​ហាម​សិស្ស​អាយុ​ក្រោម​១៨​ឆ្នាំ​​មិន​ឲ្យ​ចូលប្រើ​ប្រាស់​អុីនធើណិត​នៅ​ហាង​របស់​លោក​។ លោក​បាន​​បន្ថែម​ថា ” មិន​មាន​ផល​ប៉ះ​ពាល់​ណាមួយ​ដល់​សិស្ស​ទេ ពីព្រោះ​យើង​ហាម​​​​មិន​​​ឲ្យ​​​ពួកគេ​​ចូលឡើយ​”៕ សារុន​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស