អ្នករួមគំនិតចំនួនប្រាំនាក់ ដែលបញ្ជូនស្ត្រីកម្ពុជាយ៉ាងតិច១០នាក់ឲ្យទៅរៀបការជាមួយបុរសនៅក្នុងប្រទេសចិនត្រូវសាលាដំបូងរាជធានីភ្នំពេញផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារតាមច្បាប់ប្រឆាំងការជួញដូរមនុស្សកាលពីម្សិលមិញ នេះគឺជាករណីថ្មីបំផុតនៃករណីស្រដៀងគ្នាដែលមានការកើនឡើងជាបន្តបន្ទាប់។
ជនរងគ្រោះដែលមិនបានបង្ហាញខ្លួនក្នុងតុលាការកាលពីម្សិលមិញ ត្រូវមេខ្យល់ក្នុងប្រទេសកម្ពុជាសន្យាថា នឹងផ្ដល់ការងារល្អឲ្យ និងឲ្យរៀបការជាមួយប្ដីដែលមានទ្រព្យសម្បត្តិស្តុកស្ដម្ភនៅក្នុងប្រទេសចិន ប៉ុន្តែ ផ្ទុយទៅវិញត្រូវបានគេលក់ទៅឲ្យបុរសជនជាតិចិនដែលរំលោភ រំលោភបំពាន បង្ខាំង ហើយក្នុងករណីខ្លះលក់ស្ត្រីកម្ពុជាបន្ត។ នេះបើយោងតាមសំដីជនរងគ្រោះប្រាប់តុលាការ និងអង្គការសិទ្ធិមនុស្ស។
ជនជាតិចិនឈ្មោះ Tao Ye Hong អាយុ៣៥ឆ្នាំ និងប្រពន្ធជនជាតិខ្មែររបស់ខ្លួនឈ្មោះ និន ចេងលី អាយុ៣១ឆ្នាំ ក៏ដូចជា បុរសជនជាតិខ្មែរឈ្មោះ នេត សុគី អាយុ៣២ឆ្នាំម្នាក់ទៀតត្រូវបានផ្ដន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេលប្រាំពីរឆ្នាំ ដោយលោកចៅក្រម គឹម រ័ត្នណារិន ។ លោកចៅក្រមបានមានប្រសាសន៍ថា “ពួកគេត្រូវផ្ដន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេលប្រាំពីរឆ្នាំតាមច្បាប់ប្រឆាំងការជួញដូរមនុស្ស និងច្បាប់ប្រឆាំងការកេងប្រវ័ញ្ចផ្លូវភេទ”។
ហើយជនដែលត្រូវបានផ្ដន្ទាទោសកាលពីម្សិលមិញ ពីបទជាប់ពាក់ព័ន្ធក្នុងក្រុមនេះដែរនោះ គឺស្ត្រីកម្ពុជាឈ្មោះ ស្រឿង ណារ៉ា អាយុ៤០ឆ្នាំ និង ដួង ស្វិត អាយុ៦៣ឆ្នាំ ដែលត្រូវផ្ដន្ទាទោសកំបាំងមុខ។ ជនទាំងពីរនេះត្រូវផ្តន្ទាទោសរយៈពេលពីរឆ្នាំក្នុងម្នាក់ៗ ហើយតុលាការបានចេញដីកាចាប់ខ្លួន ដួង ស្វិត ។
ចៅក្រមក៏បានបង្គាប់ឲ្យ ចេងលី និង ណារ៉ា បង់ប្រាក់ចំនួន៥.០០០ដុល្លារក្នុងម្នាក់ៗទៅឲ្យជនរងគ្រោះទាំងពីរនាក់ ដែលមានឈ្មោះ អេង លីណា និង ហៃ សុភា ផងដែរ។ លោកក៏បានបង្គាប់ឲ្យ ដួង ស្វិត បង់ប្រាក់សំណងជំងឺចិត្តចំនួន២.០០០ដុល្លារ ទៅឲ្យស្ត្រីជនរងគ្រោះ សុភា ដែរ។
នៅពេលបើកសវនាការជំនុំជម្រះរឿងក្ដីនេះកាលពីខែកក្កដា ជនរងគ្រោះម្នាក់ទៀតអាយុ២៩ឆ្នាំ ដែលមិនត្រូវបានប្រាប់ពីរអត្តសញ្ញាណបាននិយាយថា មេខ្យល់បានមកភូមិរបស់នាង ហើយប្រាប់ពីរឿងស្ត្រីកម្ពុជាដែលកាក់កបនៅក្នុងប្រទេសចិន ហើយបន្ទាប់មកបានឲ្យលុយទៅក្រុមគ្រួសារនាង៥០០ដុល្លារមុនពេលរៀបចំឲ្យនាងទៅប្រទេសចិន។
នៅពេលទៅដល់ប្រទេសចិន នាងត្រូវបានគេលក់ឲ្យទៅបុរសជនជាតិចិនម្នាក់ ដែលរំលោភនាង ហើយបន្ទាប់មកបានលក់នាងឲ្យទៅបុរសម្នាក់ ដែលបានរំលោភនាងដូចគ្នា។
នាងបានប្រាប់តុលាការថា “ខ្ញុំត្រូវបានគេលក់ពីផ្ទះមួយទៅផ្ទះមួយដូចសត្វធាតុអ៊ីចឹង”។ ចេងលី បានបដិសេធការចោទប្រកាន់ទាំងនេះ ដោយនិយាយថា ខ្លួន និងប្តីត្រូវជនរងគ្រោះដែលចង់រកការងារធ្វើនៅប្រទេសចិនមករកដោយខ្លួនឯង ហើយថា ខ្លួនគ្រាន់តែជួយសម្របសម្រួលឲ្យពួកគេមានការងារប៉ុណ្ណោះ។
Toa Ye Hong ក៏បានបដិសេធថា មិនដឹងអំពីការលក់ ឬការរំលោភបំពានផ្លូវភេទលើជនរងគ្រោះដែរ ដោយលើកឡើងថា ខ្លួនគ្រាន់តែជួយនាំស្ត្រីកម្ពុជាពីអាកាសយានដ្ឋានទៅផ្ទះមិត្តភក្តិខ្លួនពេលទៅដល់ទីក្រុងសៀងហៃប៉ុណ្ណោះ។
អង្គការសិទ្ធិមនុស្សអាដហុក បានឲ្យដឹងថា ស្ត្រីចំនួន២៩នាក់ត្រូវបានគេជួញដូរ ឬក៏ត្រូវបានលក់ឲ្យធ្លាក់ចូលស្ថានភាពរំលោភបំពានក្នុងប្រទេសចិននៅប្រាំមួយខែដំបូងនៃឆ្នាំ២០១៤នេះ ពោលគឺបានកើនឡើងប្រាំបីករណីពីលើករណីទាំងអស់កាលពីឆ្នាំមុន៕គឹមហឿន