26 C
Phnom Penh

លោក សម រង្ស៊ី ចុះ​​​សួរ​​​សុខទុក្ខ​​​សហគមន៍​​​ដែល​​​មាន​​​វិវាទ​​​ដីធ្លី​​​មួយទៀត​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក សម រង្ស៊ី ប្រធាន​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​បាន​​​បន្ត​​​ចុះ​​​ទៅ​​​សហគមន៍​​​ដែល​​​រង​​​គ្រោះ​​​ដោយសារ​​​វិវាទ​​​ដី​​​ធ្លី​​​ពី​​​មួយ​​​ទៅ​​​មួយ​​​ ដែល​​​បាន​​​ធ្វើ​​​ដំណើរ​​​មក​​​កាន់​​​រាជ​​​ធានី​​​ភ្នំពេញ​​​ដើម្បី​​​ស្វែង​​​រក​​​ជំនួយ​​​អន្តរាគមន៍​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ ដោយ​​លោក​​​ចុះ​​​សួរ​​​សុខទុក្ខ​​​អ្នក​​​ភូមិ​​​មក​​​ពី​​​ស្រុក​​​ស្នួល​​​ខេត្ត​​​ក្រចេះ ដែល​​​មាន​​​វិវាទ​​​ដី​​​ធ្លី​​​ជា​​​មួយ​​​ក្រុម​​​ហ៊ុន​​​កសិកម្ម​​​មួយ​​​របស់​​​កូរ៉េ​​​ខាង​​​ត្បូង។

ការ​​​ចុះ​​​សួរ​​​សុខ​​​ទុក្ខ​​​របស់​​​មេ​​​ដឹក​​​នាំ​​​គណបក្ស​​​ប្រឆាំង​​​រូប​​​នេះ​​​​នៅ​​​​វត្ត​​​សាម​​​គ្គីរង្សី ដែល​​​ស្ថិត​​​នៅ​​​ជាយ​​​រាជ​​​ធានី​​​ភ្នំពេញ កន្លែង​​​ដែល​​​អ្នក​​​ភូមិ​​​ខេត្ត​​​ក្រចេះ​​​ស្នាក់​​​នៅ​​​រយៈ​​​ពេល​​​ពីរ​​​សប្ដាហ៍​​​​​នេះធ្វើ​​​ឡើង​​​​​​មួយ​​​ថ្ងៃ​​​បន្ទាប់​​​ពី​​​លោក​​​បាន​​​ចុះ​​​សួរ​​​​​​សុក​​​ទុក្ខ​​​អ្នក​​​ភូមិ​​​ខេត្ត​​​កំពង់​​​ឆ្នាំ​​ង​​​ដែល​​​បាន​​​​នាំ​គ្នា​ដើរ​​​មក​​​កាន់​​​រាជ​​​ធានី​​​ភ្នំពេញ​​​កាល​​​ពី​​​ដើម​​​សប្ដាហ៍​​​នេះ ដើម្បី​​​ស្វែង​​​រក​​​​​​ជំនួយ​​​អន្តរាគមន៍​​​​នៅ​ក្នុងវិវាទ​ដីធ្លី​​​របស់​​​​ពួក​គាត់​​​ជាមួយ​​​ភរិយា​​​លោក ស៊ុយ​​​ សែម រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​រ៉ែ​​​ និង​​​ថាមពល​​​។

អ្នក​​​ភូមិ​​​ខេត្ត​​​ក្រចេះ​​​ទាំង​​​នេះ​​​ដែល​​​បាន​​​ជួប​​​ជាមួយ​​​លោក​​​ សម រង្ស៊ី​​​ កាល​​​ពី​​​ថ្ងៃ​​​សុក្រ បាន​​​និយាយ​​​ថា​ពួក​គាត់​​​​បាន​ទទួល​​ប័ណ្ណ​​​កម្មសិទ្ធិ​​​​​​​ដី​នោះ​​​​កាល​​​ពី​​​ឆ្នាំ​​​២០១២​​​ ប៉ុន្តែ ត្រូវ​​​គេយក​​​ទៅ​​​វិញ​​​ បន្ទាប់ពីក្រុម​​​ហ៊ុន Horizon Agriculture Development ដែល​​​និយាយ​​​ថា ខ្លួន​​​បាន​​​ទិញ​​​ដី​​​នោះ​​​​កាល​ពី​ឆ្នាំ​​​២០១០​​​​​​​​​បាន​​​ដាក់​​​​​​ពាក្យ​​​បណ្ដឹង​​​​​​​​​​​​​​​​​​ទៅ​​​មន្ត្រី​​​ខេត្ត​​​​​​​​​។

អ្នកភូមិ​​​ទាំង​​​នេះ​​​បាន​​​ធ្វើ​​​ញត្តិ​​​ចំនួន​​​៣​​​លើក​​​រួច​​​មក​​​ហើយ​​​ក្នុង​​​ខែ​​​នេះ​​​ដាក់ជូន​​​​ទៅ​​​ខុទ្ទកាល័យ​​​របស់​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន ដើម្បី​​​សុំ​​​ជំនួយ​​​អន្តរាគមន៍ ពីព្រោះ​​​​ក្រុម​យុវនិស្សិត​​​ស្ម័គ្រ​​​ចិត្ត​​​ដែល​​​ធ្វើ​​​ការ​​​ក្នុង​​​​គម្រោង​​​ផ្ដល់​​​ប័ណ្ណ​​​កម្ម​​​សិទ្ធ​​​ិដីធ្លី​​​របស់​​​លោក​​​នាយក​​​​​​រដ្ឋមន្ត្រី​​​បាន​​​វាស់​​​វែង​​​ដី​​​នោះ​​​ឲ្យ​​​ពួកគាត់​​កាល​ពី​​​​​​ឆ្នាំ​​​២០១២​​​។

លោក សម រង្ស៊ី បាន​​​មាន​​​ប្រសាសន៍​​​ទៅកាន់​​​ប្រជា​​​ពល​​​រដ្ឋ​​​ ដែល​​​ជួប​ជុំ​គ្នា​នៅ​​​វត្ត​​​សាម​​​គ្គី​​​រង្ស៊ី​​​ថា “យើង​​​នឹង​​​ជួយ​​​គាំទ្រ​​​អ្នក​​​ភូមិ​​​ទាំង​​​អស់​​​ឲ្យ​​​ទទួល​​​បាន​​​ដី​​​របស់​​​ពួក​​​គាត់​​​វិញ។ ទោះ​​​បី​​​ជា​​​ខ្ញុំ​​​ជា​​​តំណាង​​​រាស្ត្រ​​​ខេត្ត​​​កំពង់​​​ចាម​​​ក្តី ក៏​​​ខ្ញុំ​​​នៅ​​​តែ​​​ធ្វើ​​​ការ​​​ការ​​​ពារ​​​ប្រជា​​​ពល​​​រដ្ឋ​​​ទាំង​​​អស់​​​ដែរ”។

អ្នក​​​ភូមិ​​​ម្នាក់​​​ឈ្មោះ ​​​អ៊ាក សម្បត្តិ បាន​​​និយាយ​​​ថា ការ​​​ចុះ​​​សួរ​​​សុខ​​​ទុក្ខ​​​របស់​​​លោក សម រង្ស៊ី បាន​​​ធ្វើ​​​ឲ្យ​​​គាត់​​​សប្បាយ​​​ចិត្ត​​​យ៉ាង​​​ខ្លាំង។ គាត់​​​និយាយ​​​ទៀត​​​ថា “យើង​​​សប្បាយ​​​ចិត្ត​​​ណាស់​​​ដែល​​​ជួប​​​គាត់​​​នៅ​​​ថ្ងៃ​​​នេះ​​​។ ក្តី​​​សង្ឃឹម​​​ចុង​​​ក្រោយ​​​របស់​​​ខ្ញុំ​​​គឺ​​​ពឹង​​​លើ​​​លោក​​​ សម រង្ស៊ី ហើយគាត់​​​​​​អាច​​​ជួយ​យើង​​​​បាន​​​ ហើយ​គាត់​មាន​​​​អំណាច​​​អំពាវ​​​នាវ​​​ឲ្យ​​​អភិបាល​​​​​​ខេត្ត​​​បញ្ចប់​​​បញ្ហា​​​របស់​​​យើង​​​”៕សុខុម​​​​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស