កាលពីម្សិលមិញ ទីស្តីការគណៈរដ្ឋមន្ត្រីបានអនុម័តសេចក្ដីព្រាងច្បាប់ចរាចរណ៍ថ្មីមួយក្នុងគោលបំណងធ្វើឲ្យប្រសើរឡើងនូវសុវត្ថិភាពតាមដងផ្លូវដ៏គ្រោះថ្នាក់ក្នុងប្រទេសកម្ពុជា ដោយពេលនេះរង់ចាំតែការអនុម័តពីរដ្ឋសភាប៉ុណ្ណោះ។
យោងតាមលោក ឈួន វន់ អគ្គលេខារងនៃអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (NRSC) បានឲ្យដឹងថា សេចក្តីព្រាងច្បាប់ដែលរួមមានទាំងការធ្វើវិសោធនកម្មមាត្រាចំនួន៦៤ ការបន្ថែមមាត្រាថ្មីចំនួន១៥ និងការដកមាត្រាចំនួន១៨ចេញដែរនេះ នឹងត្រូវបញ្ជូនទៅរដ្ឋសភា “ឲ្យបានឆាប់ដែលអាចធ្វើទៅបាន”។
អ្នកបើកបរពេលស្រវឹងនឹងប្រឈមការពិន័យធ្ងន់ធ្ងរតាមច្បាប់ថ្មីនេះ ពី១.០០០ដុល្លារទៅជិត៤.០០០ដុល្លារ ហើយអ្នកដំណើរតាមម៉ូតូទាំងអស់ដែលត្រូវបានកំណត់ឲ្យជិះត្រឹមតែមនុស្សពេញវ័យពីរនាក់ និងកុមារម្នាក់សម្រាប់ម៉ូតូមួយគ្រឿង នឹងត្រូវតម្រូវឲ្យពាក់មួកការពារសុវត្ថិភាពទាំងអស់គ្នា។
លោក ឈួន វន់ ដែលគណៈកម្មាធិការរបស់លោកជាអ្នកទទួលខុសត្រូវចំពោះការពិនិត្យមើលការអនុវត្តច្បាប់ចរាចរណ៍ បានមានប្រសាសន៍ថា “ខ្ញុំគិតថា សេចក្តីព្រាងច្បាប់ចរាចរណ៍ថ្មីនេះនឹងឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ និងជំរុញការអនុវត្តច្បាប់ដើម្បីកាត់បន្ថយការស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍”។
លោកបានមានប្រសាសន៍ទៀតថា នៅពេលច្បាប់នេះចូលជាធរមាន ការទទួលខុសត្រូវលើគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកនេះ នឹងត្រូវផ្លាស់ប្តូរពីក្រសួងសាធារណការ និងដឹកជញ្ជូន ទៅក្រសួងមហាផ្ទៃ ដោយលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនឹងក្លាយជាប្រធានថ្មីរបស់គណៈកម្មាធិការនេះ ជំនួសលោក ត្រាំ អីុវតឹក រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដែលជាប្រធានបច្ចុប្បន្ន។
លោកមានប្រសាសន៍ថា “យើងចង់ឲ្យគណៈកម្មាធិការនេះនៅក្រោមឆត្រតែមួយដើម្បីងាយស្រួលសម្របសម្រួល”។ លោកបានគូសបញ្ជាក់ថា ក្រសួងមហាផ្ទៃគឺជាអ្នកទទួលខុសត្រូវរួចទៅហើយចំពោះមន្ត្រីទទួលបន្ទុកអនុវត្តច្បាប់នៅនឹងកន្លែង។
កាលពីខែមីនា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងក្នុងសុន្ទរកថាផ្សាយតាមទូរទស្សន៍ថា បច្ចុប្បន្ន ក្នុងមួយឆ្នាំៗប្រជាពលរដ្ឋកម្ពុជាស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ច្រើនជាងចំនួនអ្នកស្លាប់ដោយសារសង្គ្រាមស៊ីវិលក្រោយរបបខ្មែរក្រហមដួលរលំទៅទៀត។
លោកបានមានប្រសាសន៍ថា “សូម្បីអំឡុងឆ្នាំមានសង្គ្រាមមនុស្សមិនស្លាប់រាល់ថ្ងៃទេ ហើយពេលនេះជាមធ្យមមានមនុស្សលើសពីប្រាំនាក់ស្លាប់ជារៀងរាល់ថ្ងៃនៅក្នុងប្រទេសកម្ពុជាដោយសារគ្រោះថ្នាក់ចរាចរណ៍។ ក្នុងរយៈពេល១០ថ្ងៃ មនុស្សពី៥០នាក់ទៅ៦០នាក់ស្លាប់។ ប្រហែល៦០០នាក់នឹងស្លាប់រាល់១០០ថ្ងៃម្តង ហើយក្នុងមួយឆ្នាំមានជាង២.០០០នាក់ស្លាប់ជាមួយនឹងអ្នករបួសជាង១០.០០០នាក់បន្ថែមទៀត”។
លោក អ៊ា ចរិយា អ្នកប្រឹក្សាផ្នែកសុវត្ថិភាពផ្លូវថ្នល់ និងជាអតីតប្រធានកម្មវិធីសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅអង្គការ Handicap International ប្រចាំកម្ពុជាបានលើកឡើងថា សេចក្តីព្រាងច្បាប់ចរាចរណ៍នេះមានសក្ដានុពលធ្វើឲ្យសុវត្ថិភាពផ្លូវថ្នល់ប្រសើរឡើងប្រសិនបើត្រូវបានអនុវត្តពិតប្រាកដដោយមន្ត្រីនគរបាលចរាចរដែលល្បីខាងទទួលការសូកប៉ាន់ជាជាងការចេញបង្កាន់ដៃពិន័យផ្លូវការ។
លោកបានលើកឡើងតាមអីុម៉េលមួយថា “នឹងគ្មានគ្រឿងលើកទឹកចិត្តបន្ថែមសម្រាប់នគរបាលចរាចរ [ដើម្បីបញ្ឈប់សកម្មភាពទទួលសំណូក] ទេ ប៉ុន្តែ អ្វីដែលនឹងធ្វើឲ្យមានការផ្លាស់ប្តូរនោះ គឺច្បាប់ចរាចរណ៍ថ្មីនេះ ដែលនឹងផ្លាស់ប្តូរប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ពីរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលគ្រប់គ្រងនគរបាលចរាចរដោយផ្ទាល់។ កត្តានេះធ្វើឲ្យយើងមានក្តីសង្ឃឹមថា ការអនុវត្តច្បាប់នឹងប្រសើរឡើង”។
ប៉ុន្តែ នៅក្នុងរាជធានីភ្នំពេញកាលពីម្សិលមិញ នគរបាលចរាចរម្នាក់ដែលសុំមិនបញ្ចេញឈ្មោះដោយសារខ្លាចបាត់បង់ការងារបាននិយាយថា វានឹងគ្មានការផ្លាស់ប្តូរដោយសារអ្នកដែលធ្វើជាប្រធានគណៈកម្មាធិការនេះទេ។
នគរបាលចរាចរដែលទទួលបានប្រាក់ខែត្រឹមជាង១០០ដុល្លាររូបនេះ បានលើកឡើងថា “នគរបាលចរាចរនឹងនៅតែទទួលការសូកប៉ាន់ ពីព្រោះវាជាបញ្ហាជីវភាព។ អស់លោកត្រូវយល់ថា មនុស្សមានសេចក្តីថ្លៃថ្នូររបស់ខ្លួន ហើយពួកគេនឹងមិនទទួលការសូកប៉ាន់ទេ ប្រសិនបើពួកគេមានប្រាក់ខែសមរម្យ”។
លោក សុន ឆ័យ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិដែលបានមានប្រសាសន៍ថា លោកមិនទាន់បានអានសេចក្ដីព្រាងច្បាប់នេះនៅឡើយនោះមានមន្ទិលថា វានឹងធ្វើឲ្យប៉ះពាល់ដល់ការធ្វើគោលនយោបាយស្ដីពីសុវត្ថិភាពផ្លូវថ្នល់។ លោកបានមានប្រសាសន៍ទៀតថា “វានឹងគ្មានការផ្លាស់ប្ដូរទេ។ ការអនុវត្តច្បាប់នៅនឹងកន្លែងគឺមន្ត្រីនគរបាលចរាចរជាអ្នកអនុវត្ត ដូច្នេះវានឹងនៅតែជាបញ្ហាធំ”៕ សុខុម (រាយការណ៍បន្ថែមដោយ Alex Consiglio)