30.7 C
Phnom Penh

សាលារាជធានី​រារាំង​មិន​ឲ្យ​សកម្មជន​ជិះ​កង់​ធ្វើ​យុទ្ធនាការ​ប្រឆាំង​ទំនប់​វារី​អគ្គិសនី​នៅ​កោះ​កុង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ម្សិលមិញ កង​កម្លាំង​សន្តិសុខ​ក្រុង​ភ្នំពេញ​បាន​រារាំង​សកម្មជន​មិន​ឲ្យ​ជិះ​កង់​នៅ​ក្នុង​ទីក្រុង​ធ្វើយុទ្ធនាការ​ប្រឆាំង​ការ​សាង​សង់​ទំនប់​វារីអគ្គិសនី​នៅ​ក្នុង​ខេត្ត​កោះ​កុង ដោយអះអាង​ថា អ្នក​រៀបចំ​មិន​បាន​ស្នើ​សុំ​​ការ​អនុញ្ញាត​ពី​សាលា​រាជធានី​ទេ។areng

អង្គការ​ Mother​​ Nature បាន​ធ្វើ​យុទ្ធនាការ​តាង​នាម​ឲ្យ​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ជង នៅ​ក្នុង​ខេត្ត​កោះ​កុង ដែល​ចង់​ឲ្យ​រដ្ឋាភិបាល​លុប​ចោល​គម្រោង​របស់​ខ្លួន​សម្រាប់​ទំនប់​​​ស្ទឹង​អារ៉ែង​កម្លាំង​១០៨​មេហ្គាវ៉ាត់។ គម្រោង​នេះ​នឹង​ធ្វើ​ឲ្យ​ប្រជា​ជន​រាប់​រយ​គ្រួសារ​ផ្លាស់​ទី​លំនៅ​ និង​ធ្វើ​ឲ្យជន់លិច​ដី​លំនៅ​ដ្ឋាន​ដូន​តា​របស់ពួកគេ​នៅ​តាម​ព្រៃ​ ដែល​ជា​កន្លែង​រស់​នៅ​របស់​សត្វ​ជិត​ផុត​ពូជ​មួយ​ចំនួន​ផង​ដែរ។

អង្គការ​នេះ​កំពុង​រៀបចំ​ផែន​ការ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​អំពី​យុទ្ធនាការ​របស់​ខ្លួន ដោយ​ដឹក​នាំ​ការ​ជិះ​កង់​កាលពី​ម្សិលមិញ​​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ដែល​មាន​អ្នក​គាំទ្រ​ភាគ​ច្រើន​មកពី​​យុវជន​ខ្មែរ​មហានគរ ជា​ក្រុម​យុវជន​ដែល​បាន​តស៊ូ​មតិ​សម្រាប់​បុព្វហេតុ​ជា​ច្រើន។ ពួកគេ​ប្រហែល​៤០​នាក់​បាន​ប្រមូល​ផ្ដុំ​គ្នា​​នៅ​ការិយាល័យ​អង្គការ​ Mother Nature នៅ​ទីក្រុង​ភ្នំពេញ ក្នុង​ខណ្ឌ​មានជ័យ នៅ​ពេល​រសៀល​។

​លោក អាឡិច ហ្គន់ហ្សាឡេ ដាវីសុន សហស្ថាបនិក​អង្គការ​ Mother Nature បាន​និយាយ​ថា អង្គការ​មានគម្រោង​ជិះកង់នៅ​ក្នុងទីក្រុង​ប្រហែល​បីម៉ោង ដោយមានចែក​ខិត្តប័ណ្ណ​​។ លោក​បាន​និយាយ​ថា ​អង្គការ​បាន​ជូន​ដំណឹង​សាលា​រាជ​ធានី​កាល​ពី​ថ្ងៃទី​១១ ខែ​សីហា អំពី​ផែន​ការ​របស់​ខ្លួន​តាម​ច្បាប់​ស្ដីពី​ការ​ជួប​ជុំ​គ្នា​ដោយ​អហិង្សា​រួច​ហើយ​។

ទោះ​ជាយ៉ាង​ណា មុនពេល​ពួកគេ​ចាប់​ផ្ដើម សន្ដិខុស​ខណ្ឌ នគរ​បាល​ និង​កង​រាជ​អាវុធ​ហត្ថ​ប្រហែល​៦០​នាក់​​ បាន​ទៅ​ប្រាប់​ពួកគេ​ឲ្យ​ឈប់​ និង​បិទ​ផ្លូវ​មិន​ឲ្យ​ពួកគេ​ជិះកង់។

លឹម គឹមស៊ សកម្មជន​យុវជន​ខ្មែរ​មហានគរ​ បាន​និយាយ​ថា អាជ្ញាធរ​គ្មាន​សិទ្ធិ​រារាំង​ពួក​គេ​មិន​ឲ្យជិះកង់​ទេ។ គាត់​បាន​និយាយ​ថា “យើង​គ្រាន់​តែ​ចង់​ជិះកង់​ផ្សព្វផ្សាយ​ព័ត៌មាន​អំពី​ផល​ប៉ះពាល់​​​ដោយ​សារ​ទំនប់​នេះ​មក​លើ​​បរិស្ថាន​ប៉ុណ្ណោះ​ ហើយ​យើង​បាន​​ជូន​ដំណឹង​ពួកគាត់​រួច​ហើយ ប៉ុន្តែ​ពួកគាត់​មិន​អនុញ្ញាត​ឲ្យ​យើងទេ​។ យើង​មិន​សប្បាយ​ចិត្ត​ចំពោះ​រឿង​នេះ​ឡើយ”។

លោក ឡុង ឌីម៉ង់ អ្នក​នាំពាក្យ​សាលា​រាជធានី​បាន​និយាយ​ថា ការ​ជិះកង់​នេះ​ត្រូវ​បាន​រារាំង​​ដោយ​ត្រឹម​ត្រូវ​ ពីព្រោះ​អង្គការ​​គ្រាន់​តែ​បាន​ជូន​ដំណឹង​ទៅ​សាលា​រាជ​ធានី​​តែ​ប៉ុណ្ណោះ​។ លោក​បាន​និយាយ​ថា “ពួកគេ​ត្រូវ​ធ្វើ​លិខិត​សុំការ​អនុញ្ញាត​ ប៉ុន្តែ​ពួកគេ​គ្រាន់​តែ​ផ្ញើ​លិខិត​មួយ​ច្បាប់​មក​ឲ្យ​យើង​ជូន​ដំណឹង​យើង​ប៉ុណ្ណោះ ដូច្នេះ​យើង​មិន​អាច​អនុញ្ញាត​ឲ្យ​ពួកគេ​ទេ​”។

តាម​ពិត​ច្បាប់​ស្ដីពី​ការ​ជួប​ជុំគ្នា​​តម្រូវ​ឲ្យមនុស្ស​មួយ​ក្រុម​ជូន​ដំណឹង​អាជ្ញាធរ​អំពី​ផែ​ន​ការ​របស់​ខ្លួន​ឲ្យ​បាន​មុន​ប្រាំថ្ងៃ​ និង​តម្រូវ​ឲ្យអាជ្ញាធរ​ដដែល​នេះ​ឆ្លើយ​តប​​ដោយ​ត្រឹម​ត្រូវ​ លើក​លែង​តែ​ព្រឹត្តិការណ៍​ដែល​គ្រោង​ទុក​នោះ​ត្រូវ​ចំថ្ងៃបុណ្យជាតិ ឬ​​ប្រសិន​បើ​ខ្លួន​មាន​ព័ត៌មាន​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ សុវត្ថិភាព ឬ​សណ្ដាប់​ធ្នាប់​សាធារណៈ។ មិន​តម្រូវ​ឲ្យ​មាន​សំណើ​សុំការ​អនុញ្ញាត​ជា​ផ្លូវ​ការ​ទេ។

លោក ហ្គន់សាឡេ ដាវីសុន ​បាន​និយាយ​ថា ការ​សម្រេច​របស់​អាជ្ញាធរ​ដើម្បី​​រារាំង​មិន​ឲ្យ​ជិះកង់​នេះ​អាច​ធ្វើ​ឲ្យ​អង្គការ​នេះ​កាន់​តែ​ល្បី​ និង​មាន​ការ​ចាប់​អារម្មណ៍​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ លើស​ពី​ការ​​ជិះកង់​នោះ​ទៅ​ទៀត។ លោក​បាន​និយាយ​ថា “គំនិត​នេះ​គឺ​ដើម្បី​ផ្សព្វផ្សាយ​អំពី​ជ្រលង​ភ្នំអារ៉ែង​ ហើយ​នោះគឺ​ជា​អ្វី​ដែល​យើង​សម្រេច​បានពិត​ប្រាកដ​។ ចំពោះការ​ផ្សព្វ​ផ្សាយ​ យើង​ពិត​ជា​សប្បាយ​ចិត្ត​ណាស់​”៕ គឹមហឿន​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស