34 C
Phnom Penh

ទាហាន​ថៃ​ចាប់​ខ្លួន​អាជីវករ​ខ្មែរ​នៅ​តាម​ព្រំដែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ទាហាន​ថៃ​បាន​ចាប់​ខ្លួន​អាជីវ​ករ​ខ្មែរ​នៅ​តាម​ព្រំដែនចំនួន​១៦​នាក់​ដាក់​ពន្ធនាគារ​កាល​ពី​ចុង​សប្ដាហ៍​ បន្ទាប់ពី​ពួកគេ​​ត្រូវ​បាន​តាម​ទាន់​ពេល​កំពុង​ដឹក​ស្បែក​ជើង និងសម្លៀក​បំពាក់​ខុស​ច្បាប់​ ដែល​មានយីហោ​ចុះបញ្ជី​ត្រឹម​ត្រូវ​ឆ្លង​កាត់​ច្រកទ្វារ​ព្រំដែន​ប៉ោយ​បែ៉ត កាល​ពី​ថ្ងៃ​សៅរ៍។poipet-protest

លោក ង៉ោ ម៉េង​ជ្រួន អភិបាល​ក្រុង​ប៉ោយ​ប៉ែត បាន​និយាយ​ថា អាជីវករ​លក់​ដូរ​នៅ​ផ្សារ​រុងក្លឿ នៅជិត​ព្រំដែន​ក្នុង​ខេត្ត​ស្រះកែវ ត្រូវ​បាន​ទាហាន​ចាប់​ខ្លួន​បន្ទាប់ពី​ពួកគេ​ និង​រទេះ​អូស​សម្លៀក​បំពាក់​ជជុះ​ចំនួន​២១​រទេះ​ ដែល​មាន​លាក់​ទំនិញ​នោះ បាន​​ទៅ​ត្រួត​ពិនិត្យ​នៅ​ទីស្នាក់ការ​គយ​។

លោក​បាន​និយាយ​ថា ” មូលហេតុ​ដែល​ទាហាន​ថៃ​ចាប់​ខ្លួន​កម្មករ​អូស​រទេះ​ខ្មែរ​នេះ​ គឺ​ដោយ​សារ​ពួកគេ​បាន​លាក់​ទំនិញ​ទាំង​នោះ ដូច​ជា ស្បែក​ជើង​ដែល​មាន​យីហោ​នៅ​ក្នុង​ខោអាវ​ជជុះ និង​ដាក់នៅ​ក្នុង​រទេះ​រុញ​យក​ទៅ​លក់​នៅ​ក្នុង​ទីផ្សារ​ថៃ​នៅ​តាម​ព្រំដែន​”។

លោក ម៉េងជ្រួន បាន​និយាយ​ថា លោក​មិន​បាន​ដឹង​ថា តើ​យីហោ​ ឬ​ស្លាក​សញ្ញា​ពាណិជ្ជ​កម្ម​ណាមួយ​ត្រូវ​បាន​បំពាន​ ដោយសារ​ទំនិញ​ដែល​គេ​នាំចូល​ដោយ​ខុស​ច្បាប់​ទៅ​ប្រទេស​ថៃ​នោះទេ ប៉ុន្តែ​លោក​បាន​និយាយ​ថា ទាហាន​កំពុង​ពិនិត្យ​មើលឯកសារ​កត់​ត្រា​ ដែល​មាន​ចុះ​បញ្ជី​ស្លាក​សញ្ញា​ពាណិជ្ជកម្ម​ ដែល​ជា​កម្មសិទ្ធិ​របស់​ក្រុម​ហ៊ុន​ថៃ​​។

លោក​ ថៃ​ សិលា អាជីវករ​នៅ​ផ្សារ​រុងក្ល្រឿ បាន​និយាយ​ថា ទាហាន​ថៃ​បាន​ធ្វើ​យុទ្ធនាការ​ប្រឆាំង​ស្លាកសញ្ញា​ពាណិជ្ជកម្ម​ក្លែង​ក្លាយ​ និង​ទំនិញដែល​មាន​យីហោ​នៅទូទាំង​ទីផ្សារ​ថៃ​​ចាប់​​តាំង​ពី​ខ្លួន​បាន​ក្ដោប​ក្ដាប់អំណាច​បន្ទាប់​ពីការ​ធ្វើ​រដ្ឋប្រហារ​កាលពី​ថ្ងៃ​ទី​២២ ខែ​ឧសភា​។

លោក​បាន​និយាយ​ថា ” នៅ​ក្នុង​ខេត្ត​ស្រះកែវ​ជាប់​ព្រំដែន​ថៃ​នេះ​ ទាហាន​បាន​បង្កើត​ចំណុច​ត្រួត​ពិនិត្យ​ទី២ ដើម្បី​ត្រួត​ពិនិត្យ​ទំនិញ​ដែល​គេ​នាំ​ចូលទៅ​ក្នុង​ប្រទេស​នេះ​។

លោក សិលា បាន​​និយាយ​ថា ” អាជ្ញាធរ​ថៃ​មាន​កន្លែង​​ត្រួត​ពិនិត្យពីរ​កន្លែង មួយ​កន្លែង​គឺ​​​កន្លែង​ត្រួត​ពិនិត្យ​នៅ​​ច្រកទ្វារ​ព្រំដែន និង​មួយ​កន្លែង​ទៀត​ត្រួត​ពិនិត្យ​ដោយទាហាន​ថៃ”។

មួយ​ផ្នែក​នៃ​ការ​សំអាង​ជា​ផ្លូវ​ការ​របស់​របប​យោធា​ថៃ​ចំពោះ​ការ​ទម្លាក់​រដ្ឋាភិបាល​ជាប់​ឆ្នោត​តាម​បែប​លទ្ធិ​ប្រជាធិបតេយ្យ​​របស់​ប្រទេស​នេះ គឺ​ដើម្បី​ធ្វើ​ឲ្យរដ្ឋាភិបាល​នេះលែង​មានអំពើ​ពុក​រលួយ​។

នៅ​ក្នុង​ក្រុង​ប៉ោយប៉ែតឯណោះវិញ លោក ម៉េងជ្រួន បាន​និយាយ​ថា ពាណិជ្ជករ​ខ្មែរ​មួយ​ចំនួន​ទៀត​បាន​នាំគ្នា​ទៅ​តវ៉ា​នៅ​ច្រក​ទ្វារ​ព្រំដែន​​ក្នុង​ក្រុង​ប៉ោយប៉ែត​កាលពី​ថ្ងៃ​សៅរ៍ ដើម្បី​ទាម​ទារ​ឲ្យ​មាន​ការ​ដោះ​លែង​សហការី​ទាំង​១៦​នាក់​ភ្លាមៗ។

លោក​បាន​និយាយ​ថា លោក​គិត​ថា អាជីវករ​ទាំង​នោះ​នឹង​ត្រូវ​ដោះ​លែង​នៅ​ថ្ងៃ​នេះ បន្ទាប់​ពី​មាន​ការ​ចរចា​ប្រកប​ដោយ​ផ្លែ​ផ្កា​ជាមួយ​ទាហាន​ថៃ ថ្វីបើ​មាន​ការ​បិទ​ច្រក​ទ្វារ​ព្រំដែន​មួយ​ភ្លែត​កាលពី​ថ្ងៃ​សៅរ៍ ដោយ​សារ​ការ​តវ៉ា​នេះ​ក៏ដោយ។

លោក ម៉េងជ្រួន បាន​និយាយ​ថា ” ​អាជ្ញាធរ​ថៃ​ និង​អាជ្ញាធរ​កម្ពុជា​​បាន​ព្រម​ព្រៀងគ្នាលើ​ចំណុច​មួយ​ចំនួន ទី១​គឺព្រម​ព្រៀង​គ្នា​ថា សម្លៀក​បំពាក់​ថ្មី​ដែល​មានយីហោ​ស្រប​ច្បាប់ និង​សម្លៀក​បំពាក់​ថ្មី​ដែល​ផលិត​នៅ​ក្នុង​ប្រទេស​កម្ពុជា​នឹង​ត្រូវ​អនុញ្ញាត​ឲ្យ​ចូល​ប្រទេស​ថៃ​ ប៉ុន្តែ​មិន​ត្រូវ​មាន​យីហោ​ក្លែង​ក្លាយ​ទេ”។

លោក​បាន​និយាយ​ថា ​សម្លៀក​បំពាក់​ជជុះ​ក៏​អនុញ្ញាត​ឲ្យ​យក​ទៅ​លក់​នៅ​ក្នុង​ទីផ្សារ​រុង​ក្លឿ​ដែរ គឺ​មិន​ចាំាបាច់​ពិចារណា​ពី​យីហោ​ទេ​ ពីព្រោះ​ទាំង​នោះ​គឺ​ជា​សម្លៀក​បំពាក់​ជជុះ​”។

លោក​បាន​បន្ថែម​ថា ទោះ​ជាយ៉ាង​ណា ឥឡូវ​នេះ​​ភាគី​ទាំងពីរ​សហការ​គ្នា​ទប់ស្កាត់​សម្លៀកបំពាក់​ថ្មី​ ដែល​មានយីហោ​ក្លែង​ក្លាយ​​មិន​ឲ្យ​ឆ្លង​ព្រំដែន។

ភាគី​កម្ពុជា​បាន​និយាយ​ថា ខ្លួន​ចង់​ឲ្យ​មាន​ការ​ដោះលែង​អាជីវករ​ទាំង​នោះ​​កាលពី​ម្សិល​មិញ ប៉ុន្តែ​ដោយ​សារ​ការិយាធិបតេយ្យ​នៅ​ខាង​ភាគី​ថៃ​​ធ្វើ​ឲ្យ​មាន​ការ​ពន្យារ​ពេល​ការ​ដោះ​លែង​រហូត​ដល់​ថ្ងៃ​ធ្វើការ​។

លោក​ សិលា បាន​និយាយ​កាលពី​ម្សិលមិញ​ថា ស្ថាន​ភាព​មាន​ការ​ស្ងប់​ស្ងាត់​នៅ​តាម​ទីផ្សារ​តាម​​ព្រំដែន​​ចាប់តាំង​ពី​មាន​កិច្ច​ព្រមព្រៀង​រួច​មក ហើយ​ថា ចំនួន​អាជីវករ​ឆ្លង​ព្រំដែន​បាន​ធ្លាក់​ចុះ​។

លោក​បាន​និយាយ​ថា ” ថ្ងៃ​នេះ​ស្ថានភាព​នៅ​ព្រំដែន​ស្ងប់​ស្ងាត់ ពីព្រោះ​មិន​មាន​រទេះ​រុញ​សម្លៀក​បំពាក់​ជជុះ​ដូច​មុន​ទេ។ វា​មិន​ចង្អៀត​ដូច​ពីមុន​ទៀត​ទេ​នៅព្រំដែន​នេះ​”។

តាម​កិច្ច​ព្រមព្រៀង​រវាង​លោក​ ម៉េងជ្រួន និង​ទាហាន​ថៃ​កាលពី​ចុង​សប្ដាហ៍​កន្លង​ទៅ​នេះ​ សមាគម​អាជីវករ​នៅ​ផ្សារ​ថ្មី​មួយ​នឹង​ត្រូវ​បង្កើត​ឡើង​ ហើយ​ច្រក​ទ្វារ​ព្រំដែន​នឹង​បើក​បីម៉ោង​ទៀត​សម្រាប់​អាជីវករ​លក់​ត្រី​។

លោក​បាន​និយាយ​ថា ” អាជ្ញាធរ​ថៃ​ និងកម្ពុជា​អនុញ្ញាត​ឲ្យ​បង្កើត​សមាគម​នៅ​ផ្សារ​រុងក្លឿ សម្រាប់​អាជីវករ​ផ្សារ​ដោះ​ស្រាយ​បញ្ហា​ជាមួយ​គយ​ថៃ ឬ​ជាមួយ​ក្រុម​ហ៊ុន​ថៃ​ផ្សេង​ទៀត ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​កម្មសិទ្ធិ​បញ្ញា​”។

ការ​បើក​បីម៉ោង​បន្ថែម​ទៀត​សម្រាប់​អាជីវករ​លក់​ត្រី​ ដែល​នឹង​បិទ​នៅ​ម៉ោង​៥​ល្ងាច​ជំនួស​ឲ្យ​ម៉ោង​២​រសៀល​នោះ នឹង​ធ្វើ​ឲ្យ​អ្នក​នេសាទ​ត្រី​នៅ​ទន្លេ​សាប​មាន​ពេល​បន្ថែម​ទៀត​​ដើម្បី​នាំ​ត្រី​ទៅ​លក់​ ពីព្រោះ​​ការ​នាំ​ត្រី​ភាគ​ច្រើន​មិន​បាន​ទៅ​ដល់​ព្រំដែនទេ​រហូត​ដល់​ថ្ងៃ​ត្រង់​៕ គឹមហឿន​​​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស