ក្រសួងអប់រំបានលើកឡើងកាលពីម្សិលមិញថា ការបើកបវេសនកាលនៅឆ្នាំនេះត្រូវបានពន្យារពេលមួយខែ ដោយសារទឹកជំនន់ដែលបានប៉ះពាល់ដល់សាលារៀនជាច្រើនទូទាំងប្រទេសនៅខែនេះ។
លោក រស់ សាលីន អ្នកនាំពាក្យនិងជាប្រធានខុទ្ទកាល័យក្រសួងអប់រំបានមានប្រសាសន៍ថា បវេសនកាលនៅឆ្នាំនេះនឹងចាប់ផ្ដើមនៅថ្ងៃទី១ ខែវិច្ឆិកា មិនមែនថ្ងៃទី១ ខែតុលា ដូចការគ្រោងទុកពីដំបូងឡើយ។
លោក សាលីន បានមានប្រសាសន៍ថា “មូលហេតុចម្បងចំពោះការពន្យារពេលនេះ គឺដោយសារទឹកជំនន់ ដែលបានប៉ះពាល់ដល់សាលារៀននៅតាមបណ្ដាខេត្តជាច្រើន”។ លោកបានបន្ថែមថា វិស្សមកាលប្រចាំឆ្នាំនៅឆ្នាំក្រោយនឹងផ្លាស់ពីខែកក្កដា ទៅខែសីហាវិញដើម្បីទូទាត់សង។
លោក សាលីន បានមានប្រសាសន៍ថា ការបើកបវេសនកាលនៅទូទាំងប្រទេសត្រូវបានពន្យារពេល ដើម្បីកុំឲ្យប៉ះពាល់ដល់កម្មវិធីសិក្សា និងធានាថា សិស្សានុសិស្សមករៀន
ទាំងអស់គ្នា។
លោក សាលីន បានមានប្រសាសន៍ថា “វានឹងមិនបង្កឲ្យមានផលប៉ះពាល់អវិជ្ជមានណាមួយទេ ពីព្រោះសាលារៀនទាំងអស់នឹងចាប់ផ្ដើមបើកបវេសនកាល និងវិសម្សកាលនៅពេលតែមួយ”។
យោងតាមលោក ញឹម វណ្ណដា អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានឲ្យដឹងថា ទឹកជំនន់នៅឆ្នាំនេះបានឆក់យកជីវិតមនុស្ស៣៥នាក់ហើយ ដែលប្រហែល៦០ភាគរយជាកុមារ។
បើទោះណាជាលោក ញឹម វណ្ណដា បានមានប្រសាសន៍ថា ឥឡូវនេះកម្រិតទឹកថយចុះច្រើននៅទូទាំងប្រទេសក៏ដោយ ក៏គេរំពឹងថា នឹងមានទឹកជំនន់បន្ថែមទៀតប្រសិនបើភ្លៀងធ្លាក់ខ្លាំងនៅខែកញ្ញា និងខែតុលា ជាខែដែលមានភ្លៀងធ្លាក់ជោកជំាបំផុត។
លោកបានបន្ថែមថា ប្រជាពលរដ្ឋជាង១២០.០០០គ្រួសារត្រូវបានជម្លៀសពីផ្ទះសំបែងរបស់ខ្លួន ហើយដំណាំស្រូវលើផ្ទៃដីប្រហែល១០.០០០ហិកតាត្រូវបានប៉ះពាល់ដោយទឹកជំនន់នៅឆ្នាំនេះ។
ប្រជាពលរដ្ឋជាង១,៨លាននាក់ត្រូវបានប៉ះពាល់ដោយទឹកជំនន់កាលពីឆ្នាំមុន ដោយបណ្ដាលឲ្យមានមនុស្សស្លាប់ប្រហែល១៦៨នាក់នៅទូទាំងប្រទេស៕ សារុន