មួយថ្ងៃបន្ទាប់ពីរដ្ឋាភិបាលក្រុងហាណូយបានចេញសេចក្ដីថ្លែងការណ៍ប្រើពាក្យខ្លាំងៗអំពាវនាវឲ្យរដ្ឋាភិបាលខ្មែរចាត់វិធានការទប់ស្កាត់បាតុកម្មប្រឆាំងវៀតណាម កុំឲ្យទំនាក់ទំនងរវាងប្រទេសជិតខាងទាំងពីរល្អក់កករនោះ ក្រុមដែលបានរៀបចំបាតុកម្មជាបន្តបន្ទាប់ក្នុងពេលថ្មីៗនេះ បានសន្យាបន្តការតវ៉ានៅដើមខែកញ្ញា ប្រសិនបើមិនធ្វើតាមការទាមទាររបស់ពួកគេទេនោះ។
សហគមន៍ខ្មែរកម្ពុជាក្រោម ដែលដឹកនាំដោយលោក ថាច់ សេដ្ឋា សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍របស់គណបក្សសង្គ្រោះជាតិ បានសន្យាកាលពីម្សិលមិញថា នឹងបន្តធ្វើបាតុកម្មនៅខាងក្រៅស្ថានទូតវៀតណាមក្នុងពេលពីរសប្ដាហ៍ទៀត ប្រសិនបើស្ថានទូតនេះមិនព្រមសូមអភ័យទោសចំពោះការអត្ថាធិប្បាយដ៏ចម្រូងចម្រាសរបស់អ្នកការទូតវៀតណាមម្នាក់ជុំវិញការកាន់កាប់ទឹកដីកម្ពុជាក្រោម។
លោក សេដ្ឋា បានមានប្រសាសន៍ថា “ប្រសិនបើមិនមានដំណោះស្រាយពីក្រសួងការបរទេស[ វៀតណាម ] ទេ យើងនឹងធ្វើបាតុកម្មដ៏ធំនៅដើមខែកញ្ញា ប៉ុន្តែ ឥឡូវនេះយើងកំពុងរង់ចាំលទ្ធផលពីក្រសួងការបរទេសខ្មែរ”។
កាលពីថ្ងៃពុធ លោក សេដ្ឋា បានផ្អាកការធ្វើបាតុកម្មរយៈពេលបីថ្ងៃ ដែលក្នុងបាតុកម្មនោះអ្នកតវ៉ាមួយក្រុមតូចបានដុតទង់ជាតិវៀតណាម ហើយលោកបានមានប្រសាសន៍ថា លោកផ្ដល់ឱកាសឲ្យអ្នកការទូតកម្ពុជា និងវៀតណាម ដើម្បីដោះស្រាយស្ថានការណ៍នេះ មុនពេលបន្តការតវ៉ា។
ទីភ្នាក់ងារព័ត៌មានស៊ីនហួរ របស់ប្រទេសចិនបានធ្វើសេចក្ដីរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ ថា លោក ឡេ ហៃ ប៊ិញ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមបានចេញសេចក្ដីថ្លែងការណ៍មួយ ដើម្បីថ្កោលទោសបាតុកម្មនេះ ហើយបានអំពាវនាវឲ្យរដ្ឋាភិបាលក្រុងភ្នំពេញចាត់វិធានការ។
ទីភ្នាក់ងារព័ត៌មានស៊ីនហួរ បានដកស្រង់ខ្លឹមសារសេចក្តីថ្លែងការណ៍នោះថា ” វៀតណាមសូមប្រឆាំងដាច់ខាតចំពោះសកម្មជនខ្មែរកម្ពុជាក្រោម ដែលបានធ្វើការតវ៉ាខុសច្បាប់ និងដុតបំផ្លាញទង់ជាតិវៀតណាមនៅក្នុងរាជធានីភ្នំពេញប្រទេសកម្ពុជា។វៀតណាមសូមជំរុញឲ្យកម្ពុជាដោះស្រាយសកម្មភាពទាំងនេះឲ្យបានម៉ឺងម៉ាត់ ដោយគោរពច្បាប់ និងចាត់វិធានការមានប្រសិទ្ធភាពដើម្បីទប់ស្កាត់កុំឲ្យហេតុការណ៍ស្រដៀងគ្នានេះកើតឡើងម្ដងទៀត”។
កាលពីថ្ងៃទី៦ខែមិថុនា លោក ត្រាន វ៉ានថុង លេខាទី១ស្ថានទូតវៀតណាម បានមានប្រសាសន៍ក្នុងបទសម្ភាសតាមវិទ្យុថា ប្រទេសវៀតណាមបានត្រួតត្រាកម្ពុជាក្រោមយូរមកហើយ ពោលគឺមុនពេលអាណានិគមបារាំងប្រគល់ទឹកដីនេះឲ្យទៅវៀតណាមជាផ្លូវការនៅឆ្នាំ១៩៤៩ទៅទៀត។ លោកបានមានប្រសាសន៍ថា អ្នកដែលជឿផ្សេងពីនេះគឺខុសហើយ។ លោកបានឲ្យដឹងទៀតថា “វៀតណាមខាងត្បូងជារបស់វៀតណាមយូរលង់ណាស់មកហើយ”។
ក៏ប៉ុន្តែ ក្រុមនិស្សិតនិងព្រះសង្ឃជាច្រើនរយអង្គបានប្រមូលផ្ដុំគ្នាទាមទារឲ្យមានការសូមអភ័យទោស និងការកែតម្រូវ ដោយលើកឡើងថា តាមប្រវត្តិសាស្ត្រទឹកដីនេះគឺជារបស់ប្រទេសកម្ពុជា ហើយគ្មានពេលណាមួយដែលមេដឹកនាំប្រទេសកម្ពុជាបានយល់ព្រមតាមការប្រគល់ទៅឲ្យប្រទេសវៀតណាមឡើយ៕មានិត