28.4 C
Phnom Penh

ជន​​​បរទេស​​នឹង​​​បង់​​​​​​ថ្លៃ​​​ទិដ្ឋាការ​តម្លៃ​ថ្មី​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ជន​​​បរទេស​​​នឹង​​​ត្រូវ​​​បង់​​​ថ្លៃ​​​បន្ថែម​សម្រាប់​ការ​​​ចូល​​​ប្រទេស​​​កម្ពុជា​​​ បន្ទាប់​​​ពី​​​រដ្ឋាភិបាល​បាន​​​​ប្រកាស​​​ជូន​​​ដំណឹង​​​​​​​នៅ​​​ដើម​​​សប្ដាហ៍​​​នេះ​​​ថា តម្លៃ​​​ទិដ្ឋាការ​​​នឹង​​​កើន​​​ឡើង​​​១០​​​ដុល្លារ​​​ចាប់​​​ផ្តើម​​​ពី​​​ខែ​​​តុលា​​​ទៅ​​​។ ភ្ញៀវ​​​ទេសចរ​​​នឹង​​​ត្រូវ​​​បង់​​​ប្រាក់​​​៣០​​​ដុល្លារ​​​សម្រាប់​​​ទិដ្ឋាការ​​​ចូល​​​រយៈ​​​ពេល​​​មួយ​​​ខែ​​​ គឺ​​​​ឡើង​​​ពី​​​តម្លៃ​​​២០​​​ដុល្លារ ហើយ​​​អ្នក​​​ធ្វើ​​​ជំនួញ​​​បង់​​​៣៥​​​ដុល្លារ​​​ ​កើន​ឡើង​ពី​​​តម្លៃ​២៥​​​ដុល្លារ​​​​​​នៅ​​​ពេល​​​បច្ចុប្បន្ន​​​។

លោក អិុត ចន្ថា អគ្គនាយក​​​ក្រសួង​​​ទេសចរណ៍​​​បាន​​​មាន​​​ប្រសាសន៍​​​ថា រដ្ឋាភិបាល​​​​​​មិន​​​បារម្ភ​​​ថា ការ​​​ឡើង​​​ថ្លៃ​​​នេះ​​​អាច​​​​​​មាន​​​ផល​​​ប៉ះពាល់​​​អវិជ្ជមាន​​​លើ​​​វិស័យ​​​ទេសចរណ៍​​​ទេ​​​ ពី​​​ព្រោះ​​​តម្លៃ​​​នេះ​​​នៅ​​​ទាប​​​នៅ​​​ឡើយ។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ការ​​​ដំឡើង​​​​​​តម្លៃ​​​ទិដ្ឋាការ​​​​​​​​​​​នឹង​​​មិន​​​ប៉ះពាល់​​​ដល់​​​ចំនួន​​​ភ្ញៀវ​​​ទេសចរ​​​ ដែល​​​មក​​​លេង​​​ប្រទេស​​​កម្ពុជា​​​ទេ​​​ ហើយ​តម្លៃ​​​នេះ​​​នៅ​​​តែ​ថោក​​​សម​​​​រម្យ​​​ បើ​​​ប្រៀប​​​ធៀប​​​ទៅ​​​នឹង​​​ប្រទេស​​​ជា​​​ច្រើន​​​ផ្សេង​​​ទៀត ​​​ដែល​​​តម្លៃ​​​មាន​​​៧០​​​ដុល្លារ​​​ ៨០​​​ដុល្លារ​​​ ១០០​​​ដុល្លារ​​​ ​​​ដូច​​​ជា​​​​នៅ​ប្រទេស​​​អូស្ត្រាលី​​​ និង​​​ប្រទេស​​​អាមេរិក​​​ជា​​​ដើម​​​”។

ក៏​​​ប៉ុន្តែ លោក​​​ ហូរ វណ្ឌី សហ​​​ប្រធាន​​​ក្រុម​​​ការងារ​​​ទេសចរណ៍​​​​​​ផ្នែក​​​រដ្ឋ​​​-ឯកជន​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា ការ​​​ដំឡើង​​​ថ្លៃ​​​នេះ​​​នឹង​​​ដាក់​​​សម្ពាធ​​​លើ​​​វិស័យ​​​ទេសចរណ៍​​​​​​​​​របស់​​​ប្រទេស​​​កម្ពុជា​​​ក្នុង​​​គ្រា​​​ដែល​​​ការ​​​ប្រកួត​​​ប្រជែង​​​ដើម្បី​​​ទាក់​​​ទាញ​​​ភ្ញៀវ​​​ទេសចរ​​​កំពុង​​​តែ​​​ស្វិត​​​ស្វាញ។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា “រដ្ឋាភិបាល​​​គួរ​​​គិត​​​ថែម​​​ទៀត​​​​​​អំពី​​​គោល​​​នយោបាយ​​​​​​ផ្សព្វ​ផ្សាយ​​និង​​​ទាក់​​​ទាញ​​​ទេសចរ​​​។ គោលនយោបាយ​​​​នោះ​​ក៏​​រួម​​​មាន​ទាំង​តម្លៃ​​​ទិដ្ឋាការ​​​​ផង​ដែរ​ ដើម្បី​​​ទាក់​​​ទាញ​​​ភ្ញៀវ​​​ច្រើន​​​ទៀត​​​ឲ្យ​មក​​​លេង​​​ប្រទេស​​​យើង​​​”៕មានិត​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស