28.4 C
Phnom Penh

តុលា​ការ​កោះ​ហៅ​យុវជន​គណបក្ស​សង្គ្រោះ​ជាត​ិ​ជុំវិញ​ការ​ត​វ៉ា​ដោយ​ហិង្សា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ឥឡូវ​នេះសកម្ម​ជន​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​សរុប​ប្រាំបី​នាក់​បានជាប់​ពន្ធនា​គារ ឬកោះ​ហៅ​​មក​សាក​សួរ​នៅ​តុលាការ​ជុំវិញ​ការ​ជាប់ចោទ​ពីបទ​ចូល​រួម​នៅក្នុង​ការ​តវ៉ា​កាល​ពី​ថ្ងៃទី​១៥ ខែ​កក្កដា ដែល​គេ​ឃើញ​ក្រុម​អ្នក​តវ៉ា​គណបក្ស​ប្រឆាំង​បាន​វាយ​ដំ​យ៉ាង​ខ្លាំង​ទៅ​លើ​សន្តិសុខ​ស្លៀក​ពាក់​ឯកសណ្ឋាន​មួយ​ក្រុម ដែល​អាជ្ញាធរ​បាន​បញ្ជូន​ឲ្យ​ទៅ​បង្ក្រាប​បាតុកម្ម​ទាម​ទារ​បើក​ទីលាន​ប្រជាធិបតេយ្យ​ក្នុង​រាជ​ធានី​ភ្នំពេញ​។

កាល​ពី​ថ្ងៃ​សៅរ៍ អាន បឋម អាយុ​៣៥​ឆ្នាំ​ជា​សកម្មជន​គណបក្សសង្គ្រោះជាតិ​ក្នុង​រាជ​ធានី​ភ្នំពេញ​ទទួល​បាន​ដីកា​កោះ​ហៅ​ពី​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ” ពីបទ​ចូល​រួម​ក្នុង​កុបកម្ម​ និងប្រឆាំង​អាជ្ញាធរ​សាធារណៈ​ ព្រមទាំង​ប្រើអំពើ​ហិង្សា​ដោយ​ចេតនា​នៅទីលាន​ប្រជាធិប​តេយ្យ​”។

សកម្ម​ជន​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​បី​នាក់ គឺ​ ឃិន ជំរឿន ប្រធានក្រុម​​យុវជន​រាជ​ធានី​ភ្នំពេញ​របស់​គណបក្ស​សង្គ្រោះ​ជាតិ នាង សុឃុន មេដឹកនាំ​យុវជន​គណបក្ស

​សង្គ្រោះ​ជាតិ​ខណ្ឌទួលគោក និង សាន គឹមហេង ហេរញ្ញិក​ក្រុម​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​ខណ្ឌ​មាន​​ជ័យ​​ ត្រូវ​​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​២ ខែ​សីហា ដោយ​ចោទ​ប្រកាន់ពីបទ​ដូច​គ្នា​នេះ​ ហើយ​កំពុង​ត្រូវ​ឃុំខ្លួន​បណ្ដោះ​អាសន្ន​រង់ចាំ​ការ​កាត់​ក្ដី​នៅ​ពន្ធនាគារ​ព្រៃស។

អាន បឋម បានចូល​រួម​ជាមួយ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​បួន​រូប​ទៀត ដែល​ត្រូវ​បាន​កោះ​ហៅ​ឲ្យ​បង្ហាញ​ខ្លួន​នៅ​តុលាការ​ចាប់​ពី​ថ្ងៃទី​៥ ដល់ថ្ងៃ​ទី​៨ ខែសីហា ដើម្បី​សាក​សួរ​ជុំវិញ​ការ​ចោទ​ប្រកាន់​ទាំង​នេះ​។ អ្នក​ដែល​ត្រូវ​បាន​កោះ​ហៅ​ឲ្យ​ទៅ​បង្ហាញ​ខ្លួន​នៅ​តុលាការ​ផង​ដែរ គឺ​ មៀច សុវណ្ណារា ទេព ណារិន សម សីហៈ និង អ៊ូច ពេជ្រ​សំណាង។

សមាជិក​សភា​គណបក្ស​សង្គ្រោះ​​ជាតិ​ប្រាំពីរ​រូប និង​សកម្មជនមួយ​រូប​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​ពី​បទ​ដឹកនាំ​កុបកម្ម និង​ប្រើអំពើ​ហិង្សា ប៉ុន្តែ​ត្រូវ​បាន​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន​បន្ទាប់ពី​មាន​កិច្ចព្រម​ព្រៀង​រវាង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ដើម្បី​បញ្ចប់​ភាព​ទាល់​ច្រក​នយោបាយ​នៅ​ក្នុង​ប្រទេស​។

មន្ត្រី​គណបក្ស​កាន់អំណាច​បាន​លើក​ឡើង​ថា អភ័យ​ឯកសិទ្ធិ​របស់​ពួកគេ​ក្នុង​នាម​ជា​សមា ជិក​សភា​ នឹង​ជា​ប្រតិសកម្ម​​បន្ទាប់ពី​ការទទួល​យក​អាសនៈ​របស់​ខ្លួន​នៅ​រដ្ឋសភា ដែល​ពួកគេ​បាន​ទទួល​យក​កាល​ពី​ថ្ងៃ​ទី៥ ខែ​សីហា។

សកម្មជន​ និង​សមាជិក​សភា​បានអះ​អាង​​ថា ការ​តវ៉ា​របស់​ខ្លួន​ធ្វើ​ឡើង​ដោយ​សន្តិវិធី​ ហើយ​ថា បុគ្គល​ដែល​បាន​វាយដំ​ដោយ​ហិង្សា​ទៅ​លើ​សន្តិសុខ​ខណ្ឌ​ដោយ​ដំបង ដែល​តែង​តែ​បាន​វាយ​ដំ​លើ​អ្នក​តវ៉ា​ចាប់​តាំង​ពី​មាន​បម្រាម​របស់​ក្រសួង​មហាផ្ទៃ​ហាម​មិន​ឲ្យមាន​ការ​ធ្វើ​បាតុកម្ម​កាលពី​ខែ​មករា។

សីហៈ អាយុ​២៦​ឆ្នាំ​ជា​សកម្មជន​ម្នាក់​ក្នុង​ចំណោម​សកម្មជន​យុវជន​គណបក្សសង្គ្រោះ​ជាតិ ដែល​ត្រូវ​បាន​កោះ​ហៅ​នោះ បាន​លើក​ឡើង​ថា មាន​យុវជន​កាន់​តែច្រើន​ឡើង​ៗ​ត្រូវ​បាន​ចោទ​ប្រកាន់​ទាក់​ទង​នឹង​ការ​ធ្វើ​បាតុកម្ម​កាលពី​ខែ​កក្កដា ដើម្បី​បំភិត​បំភ័យ​គណ​បក្ស​ប្រឆាំង។

យុវជន​រូប​នេះ​បាន​និយាយ​ថា ” ពួកគេ​កោះ​ហៅ​យុវជន​កាន់​តែ​ច្រើន​ឡើង​ៗ​ ដើម្បី​ដាក់​សម្ពាធ​លើ​មេដឹកនាំ​របស់​យើង និង​គំរាម​កំហែង​ដល់​យុវជន​ដទៃ​ទៀត ប៉ុន្តែ​យើង​មិន​ខ្លាច​ពួក​គេ​ឡើយ​”៕ សារុន​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស