26 C
Phnom Penh

អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​​នឹង​ចាត់​វិធានការចំពោះមន្ត្រី​ខ្មោច

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក​​​ ឱម យ៉ិនទៀង ប្រធាន​​​អង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុករលួយ​របស់​​​រដ្ឋាភិបាល បាន​ធ្វើ​សន្និសីទ​មួយ​កាលពី​ថ្ងៃ​សុក្រ ព្រមាន​ដល់​អ្នក​ដឹកនាំ​ស្ថាប័ន​រដ្ឋ​ថា ពួកគេ​នឹង​ប្រឈម​មុខ​​បទ​ពុក​រលួយ ប្រសិនបើ​ត្រូវ​គេ​រក​ឃើញ​ថា​បាន​បើក​ប្រាក់​ខែ​ឲ្យ​​អ្នក​ដែល​មិន​ធ្វើ​ការ​ពិត​ប្រាកដ។

លោក ឱម យ៉ិនទៀង បាន​មាន​ប្រសាសន៍​ថា អង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុករលួយ​នឹង​ធ្វើ​យុទ្ធនាការ​រួម​គ្នា​ជាមួយ​ក្រសួង​ហិរញ្ញ​វត្ថុ​ប្រឆាំង​នឹង​ការ​ប្រើ​”បុគ្គលិក​ខ្មោច”​ ដែល​បើក​ប្រាក់​ខែ​រដ្ឋាភិបាល​ខុស​ច្បាប់ ជា​កិច្ច​ប្រឹងប្រែង​មួយ​ដើម្បី​ធ្វើ​ឲ្យ​បញ្ជី​បើក​ប្រាក់​ខែ​រដ្ឋ​ត្រឹមត្រូវ។

លោកបាន​មាន​ប្រសាសន៍​ថា “យើង​នឹង​ប្រកាស​នៅ​សប្តាហ៍​ក្រោយ​នូវ[ផែនការ] ចាប់​ខ្លួន​មន្ត្រី​ខ្មោច​ពុក​រលួយ មាន​ន័យ​ថា យើង​នឹង​ពិនិត្យ​កន្លែង​នានា​ដែល​មាន​ទម្រង់ក្របខណ្ឌ​មន្ត្រី​ខ្មោច។ យើង​នឹង​ទុក​ពេល​ឲ្យ​ពួកគេ​៣​ខែ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ។ បន្ទាប់ពី​រយៈ​ពេល​៣​ខែ​នេះ យើង​នឹង​ត្រឡប់​មក​វិញ”។

លោក ឱម យ៉ិនទៀង មាន​ប្រសាសន៍​ថា អ្នក​ដែល​ត្រូវ​គេ​រក​ឃើញ​ថា​ទទួល​ខុស​ត្រូវ​ចំពោះការ​បើក​ប្រាក់​ខែ​ខុស​ច្បាប់​ពី​រដ្ឋ នឹង​ត្រូវ​ចាប់​ខ្លួន​ហើយ​នាំ​ទៅ​តុលាការ។​ លោកបាន​បន្ថែម​ថា “យើង​នឹង​ប្តឹង​ទៅ​តុលាការ ប្រសិនបើ​អង្គភាព​រដ្ឋ​ណាមួយ​នៅ​តែ​​លាក់​និង​កេង​ប្រវ័ញ្ច​ពី​ក្រប​ខណ្ឌ​​នេះ”។ លោក ឱម យ៉ិនទៀង មាន​ប្រសាសន៍​ថា នៅ​ពេល​ណា បញ្ជី​បើក​ប្រាក់​ខែ​ត្រូវ​បាន​ជម្រះ រដ្ឋាភិបាល​នឹង​ធូរ​ស្រាល​អាចមានលទ្ធភាពដំឡើង​ប្រាក់​ខែ​ដល់​មន្ត្រី​រាជការ​ពិត​ប្រាកដ។

លោក ស៊ុន ឆ័យ សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ បាន​មាន​ប្រសាសន៍​ថា លោក​ចង់​ដឹង​ចង់​ឃើញ​ថា អង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុករលួយ​នឹង​រក​ឃើញ​អ្នក​ដែល​ជា​ “មន្ត្រី​ខ្មោច”​ ក្នុង​បញ្ជី​បើក​ប្រាក់​ខែ ដើម្បី​ដក​ពួកគេ​ចេញដោយ​របៀបណា។

លោក ស៊ុន ឆ័យ បាន​មាន​ប្រសាសន៍​ថា “តើ​អ្នក​ទាំង​នោះ​ធ្វើ​បាន​ដោយ​របៀបណា និង​តើ​ពួកគេ​អាង​លើ​អ្វី? ខ្ញុំ​មិន​ជឿ​ថា គេ​អាច​ធ្វើ​បាន​នោះ​ទេ”។ លោក ស៊ុន ឆ័យ បាន​មាន​ប្រសាសន៍​ថា យ៉ាងណា​ក៏ដោយ បញ្ហា​មន្ត្រី​”ខ្មោច”​ជា​បញ្ហា​ដ៏​ធ្ងន់ធ្ងរ​មួយ​នឹងមាន​ផល​វិបាក​ធ្ងន់ធ្ងរ។

លោក​បាន​បន្ថែម​ថា “ជា​ឧទាហរណ៍ យើង​មាន​ទាហាន១០០.០០០​នាក់​ក្នុង​បញ្ជី​បើក​ប្រាក់​ខែ ប៉ុន្តែ​មាន​តែ​៥០.០០០​ទៅ​៦០.០០០​នាក់​ប៉ុណ្ណោះ​ដែល​ជា​ទាហាន​ពិត។ពេល​យើង​មាន​ជម្លោះ​ជាមួយ​ប្រទេស​ថៃ យើង​មិន​អាច​បញ្ជូន​ទាហាន​គ្រប់គ្រាន់​ទៅ​ព្រំដែន​ផង ហើយ​បាន​ជ្រើសរើស​ទាហាន​ថ្មី​នៅ​តាម​ស្រុក​​”។

ទាំង​លោក ទៀ បាញ់ រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ ទាំងលោក ឈុំ សុជាតិ អ្នក​នាំ​ពាក្យ​ក្រសួង​នេះ​មិន​អាច​ទាក់ទង​សុំ​ការ​អធិប្បាយ​បាន​ទេ។

ទោះជា​យ៉ាង​នេះ​ក្តី លោក ព្រាប កុល ប្រធាន​អង្គការ​តម្លាភាព​អន្តរជាតិ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ការ​ដក​មន្ត្រី​”ខ្មោច”​ពី​បញ្ជី​ប្រាក់​ខែ ជា​កិច្ចការ​ធម្មតា ប្រសិន​បើ​ អង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុករលួយ​ប្តេជ្ញា​ធ្វើ​នោះ​។

លោក ព្រាប កុល មាន​ប្រសាសន៍​ថា “មិន​ពិបាក​ធ្វើ​ទេ បើគេ​ចង់​ធ្វើ​មែន​នោះ។ ប្រសិន​បើ​យើង​ធ្វើ​ការ​ស៊ើប​អង្កេត​និង​ធ្វើ​សវនកម្ម​លើ​បញ្ជី​បើក​ប្រាក់​ខែមន្ត្រី​រាជការ​ស៊ីវិល​ដែល​បើក​ប្រាក់​ខែ យើង​នឹង​ឃើញ​មន្ត្រី​ខ្មោច​ដែល​មិន​មក​ធ្វើ​ការ ប៉ុន្តែ​មក​បើក​ប្រាក់​ខែ”។

លោក រស់ ភារុណ ​អ្នក​នាំពាក្យ​ក្រសួង​ហិរញ្ញវត្ថុ បាន​មាន​ប្រសាសន៍​ថា ប្រតិបត្តិការ​រួម​ជាមួយ​អង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុករលួយ​គឺ​សំខាន់​ណាស់​ដើម្បី​បាន​ប្រាក់​នោះ​មក​វិញ​សម្រាប់​ការ​ចំណាយ​របស់​រដ្ឋ។​ លោក​បាន​បន្ថែម​ថា “រដ្ឋ​ពិបាក​រក​លុយ ហើយ​មិន​អាច​ធ្វើ​អ្វី​បាន​ទេ ប្រសិន​បើ​យើង​បើក​ប្រាក់​ខែ​ឲ្យមន្ត្រី​ខ្មោច​នោះ”។មានិត

(រាយការណ៍​បន្ថែម​ដោយ ម៉ិច ដារា៉)

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស