ក្រុមមន្ត្រីបាននិយាយថា កម្មករជិត១៤០នាក់នៅរោងចក្រ៦កន្លែងក្នុងសួនឧស្សាហកម្មវឌ្ឍនៈ២ក្នុងរាជធានីភ្នំពេញ បានដួលសន្លប់នៅកន្លែងធ្វើការកាលពីថ្ងៃសុក្រនិងថ្ងៃសៅរ៍ ជាហេតុនាំឲ្យរោងចក្រទាំងនោះបិទទ្វារនៅចុងសប្តាហ៍ ដើម្បីស្វែងរកមូលហេតុនៃការដួលសន្លប់នេះ។
យោងតាមលោក ទឹម ប៊ុនថេន មេប៉ុស្ត៍សង្កាត់ក្រាំងពង្របានឲ្យដឹងថា ការដួលសន្លប់បានកើតឡើងកាលពីព្រឹកថ្ងៃសុក្រនៅសួនឧស្សាហកម្មនេះ នៅពេលដែលកម្មកររាប់សិបនាក់នៅរោងចក្រ Newpex របស់កូរ៉េចូលធ្វើការ។
ការជជែកគ្នាក្នុងចំណោមកម្មករនិងការមើលឃើញកម្មករមួយចំនួនដួលសន្លប់ជំរុញឲ្យមានការជ្រួលច្រាលក្នុងរោងចក្រ ហើយបន្ទាប់មកក៏បង្កឲ្យមានការភិតភ័យ និងឈានទៅដល់ការដួលសន្លប់តែម្តងនៅរោងចក្រ Accasette Garment រោងចក្រ Papillion Textile និង Moha Garment ជារបស់តៃវ៉ាន់ និងរោងចក្រ Dongdu Textile និងរោងចក្រ Bultext របស់ចិន។
កម្មការិនីប្រហែល១៣០នាក់បានដួលសន្លប់នៅកន្លែងធ្វើការកាលពីថ្ងៃសុក្រ និងកម្មការិនី៨នាក់ផ្សេងទៀតនៅរោងចក្រ Bultext បានដួលសន្លប់ជាថ្មីកាលពីព្រឹកថ្ងៃសៅរ៍។
លោក ប៊ុនថេន បាននិយាយថា “កម្មករបានប្រាប់យើងថា ពួកគាត់អស់កម្លាំងនិងក្អួត បន្ទាប់ពីបានឃើញកម្មករផ្សេងទៀតដួលសន្លប់។ យើងមិនទាន់ប្រាកដអំពីមូលហេតុដែលធ្វើឲ្យកម្មករជាង១០០នាក់ដួលសន្លប់នៅឡើយទេ ប៉ុន្តែយើងសន្និដ្ឋានថា គឺដោយសារធំក្លិនកាវ និងសារធាតុគីមីផ្សេងទៀតក្នុងរោងចក្រទាំងនោះ”។
លោកស្រី ឡុង សុខហ៊ីន ជំនួយការប្រធានរដ្ឋបាលរោងចក្រ Accasette Garment បាននិយាយថា កម្មករប្រហែល២០នាក់នៅរោងចក្ររបស់គាត់បានដួលសន្លប់ ដោយបានអះអាងថា ពួកគាត់ធំក្លិនអាក្រក់ពីកាវដែលភាយចេញពីរោងចក្រមួយក្បែរនោះ។
លោកស្រីបាននិយាយថា “យើងបានសម្រេចបិទរោងចក្រជាបណ្តោះអាសន្ននៅថ្ងៃសុក្រនឹងថ្ងៃសៅរ៍ ពីព្រោះយើងព្រួយបារម្ភថា កម្មករផ្សេងទៀតអាចនឹងដួលសន្លប់ទៀត”។ លោកស្រីបាននិយាយថា កម្មករដួលសន្លប់ទាំងនោះត្រូវបានព្យាបាលនៅគ្លីនីកឯកជនមួយក្បែររោងចក្រនោះ។
លោក ម៉េង ហុង ជាសមាជិកនៃគណៈកម្មាធិការទប់ស្កាត់ការដួលការដួលសន្លប់និងរបួសនៅកន្លែងធ្វើការ បាននិយាយថា លោកមិនមានសេចក្តីពិស្តារអំពីហេតុការណ៍នៅសួនឧស្សាហកម្មវឌ្ឍនៈ២ទេ ប៉ុន្តែបាននិយាយថា មូលនិធិជាតិសន្តិសុខសង្គមទទួលខុសត្រូវចំពោះការចំណាយសម្រាប់ការព្យាបាលកម្មករទាំនោះ។ លោក បានបន្ថែមថា “ក្រុមមន្ត្រីមកពីក្រសួងកំពុងពិនិត្យករណីនេះហើយ”។
លោក ហុង មិនអាចផ្តល់តួលេខនៃចំនួនកម្មករដែលដួលសន្លប់នៅឆ្នាំនេះនៅតាមរោងចក្រក្នុងប្រទេសកម្ពុជាបានទេ។ កម្មករសរុបចំនួន៨២៣នាក់បានដួលសន្លប់កាលពីឆ្នាំមុន គឺថយចុះពីចំនួន១៩៧៣នាក់ នៅឆ្នាំ២០១១។
ក្រុមអ្នកជំនាញបាននិយាយថា ការដួលសន្លប់នេះភាគច្រើនកើតឡើងដោយសារជំងឺផ្លូវចិត្ត ដែលធ្វើឲ្យប៉ះពាល់ដល់កម្មការិនី ជួនកាលបង្កឡើងដោយក្លិនអាក្រក់ ហើយអាចកាន់តែដុនដាបថែមទៀតដោយសារតែជីវភាពក្រីក្រនិងលក្ខខណ្ឌការងារមិនល្អ៕មានិត