30 C
Phnom Penh

នាយក​​​រដ្ឋ​​​មន្ត្រី​​​បន្ទោស​​​មន្ត្រី​​​ថ្នាក់​​​ក្រោម​​​ជុំ​​​វិញ​​​វិវាទ​​​ដីធ្លី​​​​​​នៅ​​​ខេត្ត​​​ក្រចេះ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពី​​​ម្សិលមិញ លោក​​​នា​​​យក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន បាន​​​បន្ទោស​​​មន្ត្រី​​​ថ្នាក់​​​ក្រោម​​​របស់​​​លោក​​​ចំពោះ​​​វិវាទ​​​ដី​​​ធ្លី​​​​​​កំពុង​​​បន្ត​​​កើត​​​មាន​​​​​​​​​មួយ​​​នៅ​​​ក្នុង​​​ខេត្ត​​​ក្រចេះ​​​​​​ ដែល​​​បាន​​​ក្លាយ​​​ជា​​​បញ្ហា​​​កាន់​​​តែ​​​ក្ដៅ​​​គគុក​​​កាល​​​ពី​​​ដើម​​​ឆ្នាំ​​​នេះ បន្ទាប់​​​ពី​​​មន្ត្រី​​​មូល​​​ដ្ឋាន​​​មិន​​​ទទួល​​​ស្គាល់​​​ប័ណ្ណ​​​កម្ម​​​សិទ្ធិ​​​ដី​​​ធ្លី​​​ចេញ​​​​ឲ្យ​​​ប្រជា​​​ពល​​​រដ្ឋ​​​ ជា​​​ផ្នែក​​​មួយ​​​នៃ​​​កម្មវិធីផ្ដល់​​​ប័ណ្ណ​​​កម្មសិទ្ធិ​​​ដី​​​ធ្លី​​​របស់​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​។kratie

ថ្លែង​​​ទៅ​​​កាន់​​​មន្ត្រី​​​រដ្ឋាភិបាល អ្នក​​​​​ការ​​​ទូត និង​​​និស្សិត​​​អំឡុង​​​សិក្ខាសាលា​​​មួយ​​​ស្ដី​​​អំពី​​​សន្តិ​​​សុខ​​​ស្បៀង​​​នៅ​​​ឯ​​​ការិយាល័យ​​​របស់​​​លោក​​​​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ លោក​​​ ហ៊ុន សែន​​​ បាន​​​រិះ​​​គន់​​​​ខ្លាំង​​​ទៅលើ​​​​​​លោក​​​ អឹុម ឈុន​​​លឹម រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​រៀប​​​ចំ​​​ដែន​​​ដី​​​ ​​​នគរូបនីយកម្ម និង​សំណង់​និង​​​លោក ស ចំរុង​​​ អភិបាល​​​ខេត្ត​​​ក្រចេះ​​ ចំពោះ​​​ការ​​​មិន​​​ដោះ​​​ស្រាយ​​​វិវាទ​​​ដី​​​ធ្លី​​​រវាង​​​អ្នក​​​ភូមិ​​​ស្រុក​​​ស្នួល​​​
និង​​​ក្រុម​​​ហ៊ុន​​​កសិពាណិជ្ជកម្ម​​​មួយ​​​​​របស់​​​កូរ៉េ​​​ខាង​​​ត្បូង។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “[ខ្ញុំ] ឮថា​​​ដី​​​ហ្នឹង​​​ យុវជន​​​បាន​​​ទៅ​​​វាស់​​​ហើយ​​​ តែ​​​មិន​​​ព្រម​​​ចេញ​​​ប្លង់​​​ តើ​​​វា​​​ពិត​​​ទេ? ហើយ​​​មាន​​​អ្នក​​​ណា​​​រាយការណ៍​​​ឲ្យ​​​ខ្ញុំ​​​ទេ​​​? អញ្ចឹង​​​​​​បញ្ហា​​​ទាំង​​​អស់​​​នេះ​​​ តើ​​​អាជ្ញាធរ​​​ខេត្ត​​​ក្រចេះ​​​ងាប់​​​​​​​​​​​​​​​​​​​​​​​​​​​​ទៅ​​​ណា​​​អស់​​​ហើយ​​​?”។

លោក​​​ ហ៊ុន សែន បាន​​​ចាប់​​​ផ្ដើម​​​កម្ម​​​វិធី​​​ផ្តល់​​​ប័ណ្ណ​​​កម្មសិទ្ធិ​​​របស់​​​លោក​​​នៅ​​​ខែ​​​មិថុនា ឆ្នាំ​​​២០១២​​​ ដោយ​​​ឲ្យ​​​យុវ​​​និស្សិត​​​ស្ម័គ្រ​​​ចិត្ត​​ចុះ​​​វាស់​​​វែង​​​​​​ដី​​​ធ្លី​​​ចំនួន​​​៧០០.០០០ឡូត៍ដែល​​​គ្រប​​​ដណ្តប់​​​លើ​​​ផ្ទៃ​​​ដី​​​សរុប​​​១,៨​​​លាន​​​ហិកតា​​​ដើម្បី​​​ចេញ​​​ប័ណ្ណ​​​កម្ម​​​សិទ្ធិ​​​​​​ដី​​​ធ្លី​​​សរុប​​​ចំនួន​​​៤៧០.០០០​​​ប័ណ្ណ នៅ​​​មុន​​​ការ​​​បោះ​​​ឆ្នោត​​​ជ្រើស​​​តាំង​​​តំណាងរាស្ត្រ​​​​​​​​​ក្នុង​​​ឆ្នាំ​​​២០១៣។

កម្ម​​​វិធី​​​នេះ​​​បាន​​​ផ្អាក​​​​​​ទៅវិញ​​​នៅ​​​មុន​​​ការ​​​បោះ​​​ឆ្នោត​​​ ហើយ​​​ពេល​​​នេះ​​​មិន​​​ទាន់​​​​​​​បាន​​​ដំណើរ​​​ការ​​​ឡើង​​​វិញ​​​ទាំង​​​ស្រុង​​​​​​នៅ​​​ឡើយ​​​ទេ​​​។

អ្នក​​​ភូមិ​​​នៅ​​​ក្នុង​​​ស្រុក​​​ស្នួល​​​ ដែល​​​បាន​​​ធ្វើ​​​ការ​​​តវ៉ា​​​នៅ​​​ខាង​​​ក្រៅ​​​រដ្ឋ​​​សភា​​​កាល​​​ពី​​​ម្សិល​​​មិញ ហើយ​​​បន្ទាប់​​​មក​​​បាន​​​ប៉ះ​​​ទង្គិច​​​ជា​​​មួយ​​​កម្លាំង​​​សន្តិសុខ​​​ខណ្ឌ និង​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​ ខណៈ​​​ពេល​​​ពួក​​​គាត់​​​ហែ​​​ក្បួន​​​ទៅ​​​កាន់​​​ភូមិ​​​គ្រឹះ​​​របស់​​​លោក​​​ ហ៊ុន​​ សែន និយាយ​​​ថា យុវ​​​និស្សិត​​​ស្ម័គ្រ​​​ចិត្ត​​​បាន​​​វាស់​​​វែង​​​ដី​​​ធ្លី​​​ឲ្យ​​​ពួក​​​គាត់​​​ក្រោម​​​កម្មវិធី​​​នេះ​​​កាល​​​ពី​​​ខែ​​​សីហា​​​ និង​​​ខែ​​​កញ្ញា ឆ្នាំ​​​២០១២​​​។

ប៉ុន្តែ អាជ្ញាធរ​​​ខេត្ត​​​បាន​​​កែ​​​ប្រែ​​​ការ​​​វាស់​​​វែង​​​របស់​​​និស្សិត​​​ទាំង​​​នោះ​​​កាល​​​ពី​​​ខែ​​​មិថុនា ឆ្នាំ​​​នេះ​​​ ក្រោយ​​​ពី​​​​​​ក្រុមហ៊ុន​​​អភិវឌ្ឍ​​​ន៍​​​កសិកម្ម​​​​​​​​​​​​​​​ Horizon Agriculture Development របស់​​​កូរ៉េ​​​ខាង​​​ត្បូង​​​ ​​​បាន​​​ដាក់​​​ពាក្យ​​​បណ្តឹង​​​ដោយ​​​អះ​​​អាង​​​ថា ដី​​​ទាំង​​​នោះ​​​ជា​​​ដី​​​សម្បទាន​​​សេដ្ឋ​​​កិច្ច​​​ដែល​​​ខ្លួន​​​ទទួល​​​បាន​​​កាល​​​ពី​​​​​​ឆ្នាំ​​​២០០៨​​​សម្រាប់​​​ដាំ​​​ដំឡូង​​​មី និង​​​ម្រេច​​​។

ហើយ​​​កាល​​​ពី​​​ខែ​​​មីនា ស្ថាន​​​ទូត​​​កូរ៉េ​​​ខាង​​​ត្បូង​​​ ក៏ធ្លាប់​​​​​​បាន​​​ដាក់​​​ពាក្យ​​​បណ្ដឹង​​​ទៅ​​​ក្រសួង​​​រៀប​​​ចំ​​​ដែន​​​ដី​​​ និង​​​នគរូបនីយកម្ម​​​ដែរ ជួស​​​មុខ​​​ឲ្យ​​​ក្រុមហ៊ុន​​​នេះ​​​។

នៅ​​​ពេល​​​ចាប់​​​ផ្ដើម​​​កម្មវិធី​​​ផ្ដល់​​​ប័ណ្ណ​​​កម្ម​​​សិទ្ធិ​​​​​​ដី​​​ធ្លី លោក​​​ ហ៊ុន សែន បាន​​​មាន​​​ប្រសាសន៍​​​ថា ប័ណ្ណ​​​កម្ម​​​សិទ្ធិ​​​​​​ដី​​​ធ្លី​​​ថ្មីៗ​​​នឹង​​​ត្រូវ​​​ផ្ដល់​​​ជូន​​​គ្រួសារ​​​ដែល​​​រស់​​​នៅ​​​លើ​​​ដី​​​សម្បទាន​​​សេដ្ឋ​​​កិច្ច និង​​​អតីត​​​តំបន់​​​សម្បទាន​​​ព្រៃ​​​ឈើ និង​​​ដី​​​ព្រៃ​​​របស់​​​រដ្ឋ​​​។

កាល​​​ពី​​​ម្សិលមិញ លោក ហ៊ុន សែន បាន​​​មាន​​​ប្រសាសន៍​​​ទៅ​​​កាន់​​​អាជ្ញាធរ​​​ទទួល​​​បន្ទុក​​​ដោះ​​​ស្រាយ​​​វិវាទ​​​ដីធ្លី​​​ថា “​​​​​​ឥឡូវ​​​ខ្ញុំ​​​នឹង​​​ចាប់​​​ផ្ដើម​​​តាម​​​ដាន​​​​​រក​​​រឿង​​​អស់​​​លោក​​​។ សូម​​​ល្មមៗ​​​បាន​​​ហើយ​​​ ប្រសិន​​​បើ​​​អស់​​​លោក​​​និយាយ​​​ថា ‘​​​ខ្ញុំ​​​មិន​​​អាច​​​បំពេញ​​តួនាទី​​​នេះ​​​បាន​​​ដោយសារ​​​តែ​​​វា​​​ធ្ងន់​​​ពេក​​​’ អស់​​​លោក​​​លាលែង​​​ពី​​​តំណែង​​​ចុះ​​​។ គ្មាន​​​បញ្ហា​​​ទេ​​​​​​បើ​​​លោក​​​ឯង​​​មិន​​​ធ្វើ​​​ការ​​​រក​​​ដំណោះ​​​ស្រាយ​​​ ពីព្រោះ​​​មិន​​​ខ្វះ​​​មនុស្ស​​​ចង់​​​ធ្វើ​​​ចៅហ្វាយ​​​ខេត្ត​​​ទេ​​​”។

លោក​​​ ស ចំរុង អភិបាល​​​ខេត្ត​​​នេះ​​​បាន​​​បដិសេធ​​​មិន​​​ធ្វើ​​​អត្ថាធិប្បាយ​​​ទេ​​​កាល​​​ពី​​​ម្សិលមិញ
ជុំ​​​វិញ​​​ការ​​​ព្រមាន​​​របស់​​​លោក ហ៊ុន សែន ។ លោក ខាន់​​​ ចំណាន អភិបាល​​​រងខេត្ត​​​នេះ​​​បាន​​​និយាយ​​​ការ​​​ពារ​​​មន្ត្រី​​​ខេត្ត​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​បាន​​​រាយការណ៍​​​ទៅ​​​ក្រសួង​​​មហាផ្ទៃ និង​​​ក្រសួង​​​រៀប​​​ចំ​​​ដែន​​​ដី​​​ហើយ។ ដូច្នេះ​​​នេះ​​​មិន​​​មែន​​​ជា​​​កំហុស​​​របស់​​​ថ្នាក់​​​ខេត្ត​​​ទេ​​​
នេះ​​​ជា​​​កំហុស​​​ថ្នាក់​​​ជាតិ”។

​​​​​​​​​ចំណែក​​​ឯ​​​លោក អឹុម ឈុនលឹម រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​រៀប​​​ចំ​​​ដែន​​​ដី និង​​​នគរូបនីយកម្ម​​​ និងសំណង់​​​ មិន​​​អាច​​​ទាក់​​​បាន​​​ទេ។ សូម​​​បញ្ជាក់​​​ថា អ្នក​​​ភូមិ​​​ដែល​​​រង​​​ផល​​​ប៉ះពាល់​​​រាប់​​​រយ​​​នាក់​​​មក​​​ពី​​​តំបន់​​​មាន​​​វិវាទ​​​ក្នុង​​​ស្រុក​​​ស្នួល​​​ បាន​​​​​​ស្នាក់​​​នៅ​​​ក្នុង​​​​​​វត្ត​​​សាមគ្គី​​​រង្ស៊ី​​​ រយៈ​​​ពេល​​​មួយ​​​ខែ​​​មក​​ហើយ បន្ទាប់ពី​​​ធ្វើ​​​ដំណើរ​​​មក​​​កាន់​​​រាជ​​​ធានី​​​ភ្នំពេញ​​​ដើម្បី​​​ស្វែង​​​រក​​​ដំណោះស្រាយ​​​ក្នុង​​​វិវាទ​​​​​​ដីធ្លី​​​របស់​​​ពួក​​​គាត់​​​ដោយ​​​ធ្វើ​​​ការ​​​ហែ​​​ក្បួន​​​ប្រចាំ​​​សប្តាហ៍​​​ និង​​​ដាក់​​​ញត្តិ​​​ទៅ​​​មន្ត្រី​​​រដ្ឋាភិ​​​បាល​​​ម្តង​​​ហើយ​​​ម្តង​​​ទៀត​​​។

បន្ទាប់​​​ពី​​ធ្វើ​​​ការ​​​តវ៉ា​​​រយៈ​​​ពេល​​​មួយ​​​​​​ម៉ោង​​​​​​នៅ​​​ខាង​​​ក្រៅ​​​រដ្ឋ​​​សភា​​​កាល​​​ពី​​​ម្សិលមិញ អ្នក​​​ភូមិ​​​ប្រហែល​​​១០០នាក់​​​បាន​​​ចាប់​​​ផ្តើម​​​ហែ​​​ក្បួន​​​ឆ្ពោះ​​​ទៅ​​​ភូមិ​​​គ្រឹះ​​​របស់​​​លោក ហ៊ុន សែន ប៉ុន្តែ ត្រូវ​​​បាន​​​រារាំង​​​ដោយ​​​សន្តិសុខ​​​ខណ្ឌ​​​ដូន​​​ពេញ និង​​​​​​ខណ្ឌ​​​មាន​​​ជ័យ​​​ព្រម​​​ទាំង​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​​ ដែល​​​បាន​​​រុញ​​​ច្រាន​​​​​​ពួកគាត់​​​​​​ឲ្យ​​​ឡើង​​​លើ​​​សួន​​​ច្បារ​​​មុខ​​​វត្ត​​​បទុម។

លោក ញែ៉ម សំអុន អាយុ​​​៤៩​​​ឆ្នាំ​​​និយាយ​​​ថា គាត​​​់​​​ត្រូវ​​​បាន​​​អាជ្ញាធរ​​​វាយ​​​ឲ្យ​​​ដួល​​​ ខណៈ​​​ពេល​​​កំពុង​​​ព្យាយាម​​​ជួយ​​​អ្នក​​​តវ៉ា​​​ម្នាក់​​​ទៀត​​​ដែល​​​ត្រូវ​​​អាជ្ញាធរ​​​ឆក់​​​នឹង​​​ដំបង​​​​​​​​​​​​​​​​​​​​​ឆក់។ គាត់​​​និយាយ​​​ទៀត​​​ថា “សន្តិសុខ​​​ម្នាក់​​​បាន​​​ដាល់​​​ខ្ញុំ​​​​​​ចំ​​​ថ្ពាល់​​ខាង​​​ស្តាំ​​​ ហើយ​​​ខ្ញុំ​​​ក៏​​​ដួល ហើយ​​​គេ​​​បាន​​​​​ប្រើ​​​ដំបង​​​ឆក់​​​ខ្ញុំ​​​ពីរ​​​ដង​​​”។

អ្នកស្រី ព្រំ ចន្ថា អាយុ​​​៤៥​​​ឆ្នាំ​​​ ដែល​​​កំពុង​​​បី​​​កូន​​​​​​ប្រុស​​​អាយុ​​​៤​​​ឆ្នាំ​​​​​​ ក៏​​​ត្រូវ​​​អាជ្ញាធរ​​​ច្រាន​​​ឲ្យ​​​ដួល​​​ទៅ​​​នឹង​​​ដី​​​ដែរ។ អ្នកស្រី​​​និយាយ​​​ថា “នគរបាល​​​បាន​​​រុញ​​​ខ្ញុំ និង​​​កូន​​​របស់​​​ខ្ញុំ​​​ឲ្យ​​​ដួល ហើយ​​​​​​បាន​​​ព្យាយាម​​​ឆក់​​​ខ្ញុំ ប៉ុន្តែ ពួកគេ​​​បាន​​​ឈប់​​​វិញ ពេល​​​ពួកគេ​​​ឃើញ​​​កូន​​​ប្រុស​​​របស់​​​ខ្ញុំ​​រង​​​របួស​​​ថ្ងាស​​​”។

លោក ឡុង ឌីម៉ង់ អ្ន​​​ក​​​នាំ​​​ពាក្យ​​​សាលា​​​រាជ​​​ធានី​​​ភ្នំពេញ​​​បា​​​ន​​​មាន​​​ប្រសាសន៍​​​ថា សន្តិសុខទាំង​​​នោះ​​​​​​ត្រូវ​​​បាន​​​បញ្ជូន​​​ឲ្យ​​​ទៅ​​​ “ការ​​​ពារ​​​តំបន់​​​នោះ” ហើយ​​​បាន​​​គូស​​​បញ្ជាក់​​​ថា អ្នក​​​តវ៉ា​​​ទាំង​​​នេះ​​​បាន​​​បង្ក​​​ការ​​​កក​​​ស្ទះ​​​ចរាចរណ៍​​​លើ​​​កំណាត់​​​មហាវិថី​​​ព្រះសីហនុ​​​។

លោក​​​បាន​​​លើក​​​ឡើង​​​អំពី​​​កសិករ​​​មួយ​​​ក្រុម​​​តូច​​​ដែល​​​គ្មាន​​​អាវុធ​​​ក្នុង​​​ដៃ​​​នេះ​​​ថា “យើង​​​បារម្ភ​​​ខ្លាច​​​ថា ពួក​​​គាត់​​​បង្ក​​​អំពើ​​​ហិង្សា ពីព្រោះ​​​ពួក​​​គាត់​​​ធ្វើ​​​ការ​​​តវ៉ា​​​ដោយ​​​​​​គ្មាន​​​ច្បាប់​​​អនុញ្ញាត​​​”។

បន្ទាប់​​​ពី​​​ការ​​​ប៉ះ​​​ទង្គិច​​​គ្នា​​​ ដែល​​​មិន​​​បណ្តាល​​​ឲ្យ​​​មាន​​​អ្នក​​​រង​​​របួស​​​ធ្ងន់​​​ធ្ងរ​​​នេះ​​​ លោក ស សុវណ្ណ រដ្ឋលេខាធិការ​​​ក្រសួង​​​រៀប​​​ច​​ំ​​​ដែន​​​ដី​​​ នគរូប​​​នីយ​​​កម្ម​​ និង​​​សំណង់​​​​​​ និ​​ង​​​លោក វុទ្ធី វណ្ណារ៉ា ប្រធាន​​​គណៈ​​​កម្មាធិការ​​​ដោះ​​​ស្រាយ​​​វិវាទ​​​ដី​​​ធ្លី​​​នៃ​​​ក្រសួង​​​នេះ​​​ បាន​​​ចុះ​​​ទៅ​​​ជួប​​​អ្នក​​​តវ៉ា​​​ទាំង​​​នេះ​​​នៅ​​​សួន​​​​​​ច្បារ​​​មុខ​​​​​​វត្ត​​​បទុម​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ​​​​​​​​​​​​​​​​​​”ខ្ញុំ​​​សូម​​​ស្នើ​​​ឲ្យ​​​បង​​​ប្អូន​​​ទាំង​​​អស់​​​គ្នា​​​វិល​​​ត្រឡប់​​​ទៅ​​​ផ្ទះ​​​វិញ ហើយ​​​​​​យើង​​​នឹង​​​ស្វែង​​​រក​​​ដំណោះ​​​ស្រាយ​​​តាម​​​ក្រោយ​​​។ យើង​​​សន្យា​​​ស្វែង​​​រក​​​ដំណោះ​​​ស្រាយ​​​ជូន​​​បង​​​ប្អូន​​​ទាំង​​​​​​អស់​​​គ្នា ប៉ុន្តែ សូម​​​ទុក​​​ពេល​​​ខ្លះ​​​ឲ្យ​​​យើង​​​​​​ដើម្បី​​​ដោះ​​​ស្រាយ​​​បញ្ហា​​​នេះ​​​”។

លោក ស សុវណ្ណ បាន​​​លើក​​​ឡើង​​​ទៀត​​​ថា លោក​​​នឹង​​​បញ្ជូន​​​ “ក្រុម​​​ការងារ​​​” ឲ្យ​​​ចុះ​​​ទៅ​​​តំបន់​​​ដី​​​មាន​​​វិវាទ​​​ដើម្បី​​​ស្វែង​​​រក​​​ដំណោះ​​​ស្រាយ ប៉ុន្តែ​​​អ្នក​​​ភូមិ​​​​​​​​​នៅ​​​តែ​​​មិន​​​សប្បាយ​​​​​​ចិត្ត​​​។

លោក សួន វិច្ឆិកា តំណាង​​​អ្នក​​​ភូមិ​​​ទាំង​​​នេះ​​​និយាយ​​​ថា “យើង​​​មិន​​ព្រម​​​ត្រឡប់​​​ទៅ​​​ផ្ទះ​​​វិញ​​​ដោយ​​​ដៃ​​​ទទេ​​​ឡើយ​​​”។ គាត់​​​និយាយ​​​ទៀត​​​ថា អ្នក​​​ភូមិ​​​មាន​​​គម្រោង​​​បន្ត​​​​​​ស្នាក់​​​នៅ​​​ក្នុង​​​​​​វត្ត​​​សាមគ្គី​​​រង្សី ហើយ​​​ធ្វើ​​​ការ​​​តវ៉ា​​​រហូត​​​ដល់​​​មាន​​​ដំ​​ណោះ​​​ស្រាយ​​​។ គាត់​​​បាន​​​លើក​​​ឡើង​​​បន្ត​​​ថា “យើង​​​​​​នឹង​​​យល់​​​ព្រម​​​ត្រឡប់​​​ទៅ​​​ផ្ទះ​​​វិញ​​​ នៅ​​​ពេល​​​សម្ដេច​​​ ហ៊ុន សែន ប្រគល់​​​ដី​​​មក​​​ឲ្យ​​​ពួក​​​យើង​​​វិញ​​​”៕សុខុម​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស