28 C
Phnom Penh

មន្ត្រីគយ​មិន​ទាន់​មាន​វិធានការ​ទាក់ទង​ភ្លុក​ដំរី​រាប់​តោន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រយៈ​ពេល​ជាង​បីខែ​បន្ទាប់​ពី​អាជ្ញាធរ​នៅ​​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ បាន​រឹប​អូស​ភ្លុក​ដំរី​ដ៏ច្រើន​ដែល​មិន​ធ្លាប់​មាន​នៅ​ក្នុង​​ប្រទេស​កម្ពុជា​ ដែល​មាន​ទម្ងន់​ជាង​៣តោន និង​មាន​​តម្លៃ​រាប់​លាន​ដុល្លារ​នោះ​ ​ការ​ស៊ើប​អង្កេត​ករណី​នេះ​នៅ​តែ​ជាប់​គាំង​ និង​ជា​រឿង​សម្ងាត់ដដែល​។

មន្ត្រី​គយ​បាន​លើក​ឡើង​ថា ពួកគេ​កំពុង​រង់ចាំ​បញ្ជា​ពី​ក្រសួង​សេដ្ឋកិច្ច ដើម្បី​បន្ត​ការ​ស៊ើប​អង្កេត​ ប៉ុន្តែ​បាន​លើក​ឡើង​ថា ក្រសួង​​​មាន​គម្រោង​ដាក់​តាំង​ភ្លុក​ដំរី​ជាង​៥០០​នៅ​សារមន្ទីរ​ជាតិ។

លោក​ គិន លី ប្រធាន​នាយក​ដ្ឋាន​គយនិង​រដ្ឋាករ​នៅកំពង់ផែ​នេះ​​បាន​មាន​ប្រសាសន៍​ថា “យើង​មិន​បាន​បញ្ជូន​សំណុំរឿង​ភ្លុក​ដំរី​នេះ​ទៅ​តុលាការ​ទេ ពីព្រោះ​យើង​កំពុង​រង់ចាំ​សេចក្ដី​សម្រេចពី​ថ្នាក់​លើ​”។ លោក​បាន​មាន​ប្រសាសន៍​ថា ការ​យាម​ភ្លុក​ដំរី​ដែល​មាន​តម្លៃ​រហូត​ដល់​៧លានដុល្លារ​នៅ​​ទីផ្សារ​ងងឹត​គឺ​ជា​បន្ទុក​របស់​បុគ្គលិក​។

លោក គិន លី បាន​មាន​ប្រសាសន៍​ថា “យើង​ត្រូវ​ប្រើ​ប្រាស់មន្ត្រី​ជាង​១០០​នាក់​ដើម្បី​យាម​ភ្លុក​ដំរី​នេះ។ យើង​មិន​ចង់​ទុក​វា​នៅ​ទីនេះ​ទេ​”។

លោក​​ អ៊ូច អនុត​្តរោ ប្រធាន​កិច្ច​ការ​ច្បាប់​នៅ​នាយកដ្ឋាន​គយនិង​រដ្ឋាករ​ក្នុង​រាជ​ធានី​ភ្នំពេញ បាន​មាន​ប្រសាសន៍​ថា ករណី​នេះ​ត្រូវ​បាន​បញ្ជូន​បន្ត​ទៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ​។

លោក អនុត​្តរោ បាន​បន្ថែម​ថា ” អគ្គនាយក​ដ្ឋាន​​គយ និង​រដ្ឋាករ​ និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ​មាន​គម្រោង​យក​ភ្លុក​ដំរី​នេះ​ទៅ​ដាក់​តាំង​នៅ​សារមន្ទីរ​ជាតិ​នៅ​ពេល​អនាគត”។

រហូត​មក​ទល់​ពេល​នេះ​ការ​ស៊ើប​អង្កេត​បាន​រកឃើញ​ថា ភ្លុក​ដំរី​ទម្ងន់​៣.០០៨​គីឡូក្រាម​ដែល​មាន​ប្រភព​​មកពី​ប្រទេស​កេនយ៉ា និង​ត្រូវ​បាន​ដឹក​មក​កាន់​កំពង់ផែ​ក្រុង​ព្រះ​សីហនុ តាម​ប្រទេស​ម៉ាឡេស៊ី​នេះ លាក់​ទុក​នៅ​ក្នុង​កុងតឺន័រ​ពីរ​គ្រឿង ដែល​គេ​ស្មាន​ថា ជា​សណ្ដែក​សៀង។

ក្រុម​ហ៊ុន​ Olair Worldwide Logistics ​បាន​ផ្ញើ​ទំនិញ​ខុស​ច្បាប់​​ទាំង​នេះ ដែល​គេ​បាន​រក​ឃើញ​​កាលពី​ថ្ងៃ​ទី​៩ ខែ​ឧសភា។ ​​លោក លី ដែល​ជា​មន្ត្រី​ម្នាក់​នៅ​កំពង់ផែ​េនះ​បាន​បដិសេធ​មិននិយាយ​ថា តើ​ក្រុម​ហ៊ុន​ Olair ​នេះកំពុង​ត្រូវ​បាន​ស៊ើប​អង្កេត​ឬយ៉ាង​ណានោះឡើយ​។

ទោះ​ជាយ៉ាង​ណា មន្ត្រី​ម្នាក់​នៅ​ក្រុម​ហ៊ុន​នេះ​​ដែល​មិន​​ប្រាប់​ឈ្មោះ​របស់​ខ្លួន​បាន​បដិ​សេធ​កាលពី​ម្សិលមិញ​ថា ក្រុម​ហ៊ុន​របស់​លោក​​មិន​ទទួល​ខុស​ត្រូវ​​ចំពោះ​ករណី​នេះ​ទេ​។

លោក​បាន​មាន​ប្រសាសន៍​ថា “ក្រុម​ហ៊ុន​ Olair មិន​បាន​អនុញ្ញាត​ឲ្យ​​​នាំ​ចូល​ឬនាំចេញ​​ទំនិញ​ទាំង​នេះ​ទេ​។ នាយក​ដ្ឋាន​គយ បានឲ្យដឹងថា ក្រុម​ហ៊ុន​មួយ​ទៀត​បាន​ប្រើ​ឈ្មោះ​របស់​យើង​ដើម្បី​ផ្ញើ​ភ្លុក​ដំរី​នេះ ហើយ​ថា ក្រុម​ហ៊ុន​របស់​លោក​មិន​ជាប់​ពាក់​ព័ន្ធ​ទេ​ ប៉ុន្តែ​ពួក​គេ​មិន​​ប្រាប់​ខ្ញុំ​ពី​ឈ្មោះ​ក្រុម​ហ៊ុន​មួយ​ទៀត​ឡើយ”៕ សារុន​​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស