41.3 C
Phnom Penh

លោក​ ហ៊ុន សែន​ លើក​ឡើង​អំពី​តម្រូវ​ការ​ប្រព័ន្ធ​ធារាសាស្ត្រ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រើ​ប្រាស់​សុន្ទរកថា​នៅ​​សិក្ខាសាលា​ស្ដីពី​សន្តិសុខ​ស្បៀង​កាលពី​ម្សិលមិញ ​ដោយបញ្ជាក់​ជាថ្មី​ម្ដង​ទៀត​អំ​ពី​តម្រូវ​ការ​សម្រាប់​​ប្រទេស​កម្ពុជា​បង្កើត​ប្រព័ន្ធ​ធារាសាស្ត្រ​ទំនើប ដើម្បី​ប្រើ​ប្រាស់​ដី​ឲ្យ​បាន​​ល្អ​ប្រសើរ​ និង​ដើម្បី​ឆ្លើយ​​តប​ទៅ​នឹង​តម្រូវ​ការ​ស្បៀង​ដែលកំពុង​តែកើន​ឡើងនេះ។

ថ្លែងនៅអគារ​ការិយាល័យ​របស់​លោក​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ លោក ហ៊ុន​ សែន បាន​សម្ដែង​ការ​សោក​ស្ដាយ​ថា បណ្ដា​ខេត្ត​មួយ​ចំនួន​បច្ចុប្បន្ន​នេះ​គ្មាន​ទឹក​គ្រប់គ្រាន់ នៅ​ពេល​ដែល​ជិត​ដល់​រដូវ​វស្សា​ដែល​ជា​រដូវ​ដក​ស្ទូង។

លោក ហ៊ុន សែន បាន​មាន​ប្រសា​សន៍​ថា “ឥឡូវ​​នេះ​​យើង​​ធ្វើ​ស្រែ​​នៅ​រដូវ​វស្សា​លើ​ផ្ទៃ​ដី​២,៤លាន​ហិកតា ប៉ុន្តែ​មាន​ផ្ទៃ​ដី​តែ​ពាក់​កណ្ដាល​ប៉ុណ្ណោះ​ក្នុង​ចំណោម​ផ្ទៃដី​២,៤​លាន​ហិកតា​នេះមាន​ទឹក​។ យើង​មិន​អាចស្វែង​​រក​ប្រភព​ទឹក​ក្នុង​រយៈ​ពេល​ពីរបី​ថ្ងៃ​មុន​នេះ​បានទេ​នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ ឬតំបន់​ខ្លះ​ក្នុង​ខេត្ត​តាកែវ និង​ខេត្ត​​កំពត”។ លោក ហ៊ុន សែន បាន​បន្ត​ថា “ប្រជា​ពល​រដ្ឋ​របស់​យើង​ប្រឈម​បញ្ហា​ពីរ​ គឺ​បញ្ហា​ទី១​គ្រោះ​ទឹក​ជំនន់ និង​បញ្ហា​មួយ​ទៀត​គឺ​គ្រោះ​រាំង​ស្ងួត។ ដូច្នេះ​ហើយ​ការ​វិនិយោគ​ខាង​ប្រព័ន្ធ​ស្រោច​ស្រព​នៅ​តែ​ជា​អាទិភាព​”។

បច្ចុប្បន្ន​នេះ​ប្រទេស​កម្ពុជា​កំពុងរង​ផល​ប៉ះពាល់​ដោយ​គ្រោះ​រាំង​ស្ងួត​នៅ​ក្នុង​តំបន់ជា​ច្រើន​នៅ​​ភាគ​និរតី​ ខណៈដែលមាន​ការ​ជន់​លិច​នៅ​​តំបន់​ភាគ​ឦ​សាន​តាម​ដង​ទន្លេ​មេគង្គ ដែល​បាន​សម្លាប់​មនុស្ស​អស់​៣៥​នាក់​ និង​ជម្លៀស​ប្រជា​ពល​រដ្ឋ​១២០.០០០​គ្រួសារ​នៅ​ខែ​នេះ។

អង្គការ​ស្បៀង​អាហារ និង​កសិកម្ម​របស់​អង្គការ​សហ​ប្រជាជាតិ​បាន​ប៉ាន់​ប្រមាណកាល​ពី​​ដើម​​ឆ្នាំ​នេះ​ថា ទឹក​ជំនន់​រដូវ​វស្សា​នៅពេល​នេះ​កាលពី​ឆ្នាំ​មុន ដែល​បាន​សម្លាប់​មនុស្ស​ជាង​១៥០​នាក់​​​ក៏បាន​ធ្វើ​ឲ្យ​ខូច​ខាត​ដំណាំស្រូវ​អស់​១២៨.៥០០ហិកតា​ផង​ដែរ។

ដោយ​មិន​មាន​ប្រព័ន្ធ​ធារា​សាស្ត្រ​ទំនើប​ កសិករ​​ភាគ​ច្រើន​នៅ​តែ​ពឹង​ផ្អែក​លើ​ការ​ធ្លាក់​ភ្លៀង​ច្រើន​​នៅ​ក្នុង​តំបន់​ជិត​ខាង​ខ្លួន និង​ការ​ដាំ​ដំណាំរួមផ្សំ​នៅ​ពេល​មាន​អំណោយ​ផល។

លោក ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា កសិករ​ត្រូវ​តែ​កែប្រែ​ដី​របស់​ខ្លួន​ដើម្បី​បង្កើន​ទិន្ន​ផល ពីព្រោះ​ប្រជា​ពល​រដ្ឋ​មាន​ការ​កើន​ឡើង​។ លោក​បាន​មាន​ប្រសាសន៍​ថា “ទម្លាប់​របស់​ប្រជាពល​រដ្ឋខ្មែរ​តាំង​ពី​បុរាណ​​មក គឺ​មាន​ដី​តែ​មួយ​ហិកតាប៉ុណ្ណោះ​សម្រាប់​គ្រួសារ​​ដែល​មាន​សមាជិក​ប្រាំ​នាក់​។ ប្រសិន​បើគ្រួសារ​នេះ​មាន​សមាជិក​​ឡើង​ដល់​១០​នាក់​ ពួកគេ​ត្រូវ​តែ​មាន​ដី​ពីរឬ​​បីហិកតា​។

លោក​បាន​បន្ថែម​ថា “ប្រសិន​បើ​ើយើង​បន្ត​តាមវិធី​បែប​នេះ​ ព្រៃ​ឈើ​របស់​យើង​នឹង​ត្រូវ​កាប់​បំផ្លាញ​ទាំងស្រុង​នៅ​ទូទាំង​ប្រទេស​ ហើយ​ការ​ធ្វើ​ចំណាក​ស្រុក​ទៅ​ស្វែងរក​ដីថ្មី​ និង​ការ​កាប់​រាន​ព្រៃ​ដោយ​អនាធិបតេយ្យ​នឹង​បន្ត​កើត​មាន​”៕ សារុន​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស