40.3 C
Phnom Penh

ក្មេងស្រី​​រង​ការ​ធ្វើ​ទារុណកម្ម​ពីសំណាក់​គ្រួសារ​មួយ​បង្ហាញ​ខ្លួន​នៅ​​តុលាការ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្មេង​ស្រី​អាយុ​១៨​ឆ្នាំ ដែល​អះអាង​ថា នាង​ត្រូវ​បាន​គ្រួសារ​មាន​ទ្រព្យ​សម្បត្តិស្ដុក​ស្ដម្ភ​មួយ​រំលោភ​បំពាន​ និង​ចាប់​បង្ខាំង​​នៅ​ក្នុង​ភូមិគ្រឹះ​របស់​ពួកគេ​​ស្ថិត​ក្នុង​ខណ្ឌ​ទួលគោក​ រយៈ​ពេល​ប្រាំបី​ឆ្នាំ​ បាន​បង្ហាញ​ខ្លួន​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​កាលពី​ម្សិលមិញ ដើម្បី​ឆ្លើយ​សំណួរ​ពាក់​ព័ន្ធ​ការ​ចោទ​ប្រកាន់​របស់​នាង​ ប៉ុន្តែ​គេ​នៅ​មិន​ទាន់​ដឹង​ច្បាស់​អំពី​កន្លែង​លាក់​ខ្លួន​របស់​គ្រួសារ​នេះ​នៅ​ឡើយទេ​។

លោក សឿង ហឿង ជាមេគ្រួសារ​ និង​អ្នកស្រី​​ តាំង ស៊ីមរ៉ុង ជា​ប្រពន្ធ​របស់​លោក ព្រមទាំង​កូន​ប្រុស​ពីរ​នាក់​ឈ្មោះ​ សឿង រដ្ឋា និង​ សឿង រតនា ត្រូវ​បាន​ចោទ​ប្រកាន់​ពីបទ​រំលោភ​បំពាន​ទាំង​ផ្លូវ​កាយ​ និង​ផ្លូវ​ចិត្តលើក្មេងស្រីរូបនេះ​អំឡុង​ការ​បង្ខាំង​រូប​នាង​រយៈ​ពេល​ជាច្រើន​ឆ្នាំ​។ ប្អូន​ប្រុស​អាយុ​១២​ឆ្នាំ​របស់​នាង ដែល​អះអាង​ថា វា​ក៏​ត្រូវ​បាន​ចាប់​បង្ខាំង​និង​រំលោភ​បំពាន​រយ​ៈ​ពេល​ពីរ​ឆ្នាំ​ដែរ​នោះ គ្រោង​បង្ហាញ​ខ្លួន​នៅ​តុលាការ​សម្រាប់​ការ​សាក​សួរ​ដែរនៅ​ថ្ងៃ​នេះ​។

លោកស្រី សន សូដាឡែន ​មេធាវី​របស់​បង​ប្អូន​បង្កើត​នេះ​បាន​មាន​ប្រសាសន៍​ថា លោកស្រី​សង្ស័យ​ថា ការ​ចោទ​ប្រកាន់​លើ​សមាជិក​គ្រួសារ​នេះ​ត្រូវ​បាន​លើក​លែង​ហើយ ហើយ​ថា លោក យឹម ប៊ុនធឿន ជា​អង្គរក្ស​របស់​ពួកគេ​ដែល​បច្ចុប្បន្ន​កំពុង​ស្ថិត​ក្នុង​ការ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​រង់ចាំ​ការ​កាត់​ក្ដី​ក្នុង​ពន្ធនាគារ​ព្រៃ​សនោះ គឺ​ជា​មនុស្ស​តែ​ម្នាក់​គត់​ដែល​​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​រំលោភបំពាន​លើ​ពួកគេ​។

សន្តិសុខ​ម្នាក់​យាម​ផ្ទះ​គ្រួសារ​នេះ​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​កាលពី​សប្ដាហ៍មុន​ថា លោក​ជឿ​ថា សមាជិក​គ្រួសារ​ជាប់​ចោទ​នេះ​បាន​គេ​ចខ្លួន​ពី​ប្រទេស​បា​ត់ហើយ​។

លោកស្រី សូដាឡែន បាន​មាន​ប្រសាសន៍​កាលពី​ម្សិលមិញ​ថា ” ខ្ញុំ​បាន​ឮថា ជន​សង្ស័យ​ម្នាក់​ត្រូវ​បាន​ចោទ​ប្រកាន់​ ប៉ុន្តែ​មនុស្ស​ប្រាំ​នាក់​ទៀត​កំពុង​រត់គេច​ខ្លួន​ ឬ​ការ​ចោទ​ប្រកាន់​​លើ​ពួកគេ​​ត្រូវ​បាន​លើក​លែងហើយ​”។

ក្មេង​ស្រី​អាយុ​១៨​ឆ្នាំ​រូប​នេះ​បាន​លើក​ឡើង​ពី​ការ​ចោទ​ប្រកាន់​របស់​នាង​​ចំពោះ​សមាជិក​គ្រួសារ​នេះ​នៅ​ក្នុង​តុលាការ​។

នាង​បាន​និយាយ​បន្ទាប់ពី​ការ​បង្ហាញ​ខ្លួន​នៅ​តុលាការ​ថា ” ខ្ញុំ​បាន​ប្រាប់​តុលាការ​ថា លោក សឿង រតនា បាន​រំលោភ​ខ្ញុំ​ ហើយ​លោក សឿង ហឿង ដែល​ជា​ឪពុក​របស់​គាត់​ និង​អ្នក​ផ្សេង​ទៀត​បាន​ធ្វើ​ទារុណ​កម្ម​ខ្ញុំ​ដោយ​ទះកំផ្លៀង និង​វាយ​ដំ​លើ​រូប​ខ្ញុំ ខណៈ​ដែល​ខ្ញុំ​ត្រូវ​បាន​ចាប់​បង្ខាំង​នៅ​ក្នុង​ផ្ទះ​របស់​ពួកគេ​”។​ នាង​បាន​និយាយ​ថា នាងបាន​​ស្វែង​រក​សំណង​ចំនួន​២០.០០០​ដុល្លារ​ពី​ជន​សង្ស័យទាំង​នេះ​ ហើយ​សង្ឃឹម​ថា តុលាការ​នឹង​ផ្ដន្ទាទោស​ពួកគេ​តាម​ច្បាប់​។

យោង​តាម​លោកស្រី សូដាឡែន បាន​ឲ្យ​ដឹង​ថា សមាជិក​ពីរ​នាក់​ក្នុង​ចំណោម​សមាជិក​​គ្រួសារ​របស់​បង​ប្អូន​បង្កើត​នេះ​ក៏​ត្រូវ​បាន​កោះ​ហៅ​មក​សាកសួរ​នៅ​សប្ដាហ៍​នេះ​ដែរ។

លោក មាស ច័ន្ទពិសិដ្ឋ ព្រះ​រាជ​អាជ្ញារង​បាន​មាន​ប្រសាសន៍​នៅ​ខាង​ក្រៅ​តុលាការ​ថា លោក​មិន​អាច​និយាយ​ថា តើ​សមាជិក​គ្រួសារ​នេះ​ត្រូវ​បាន​ចោទ​ប្រកាន់​ឬ​ក៏អត់​ឡើយ ពីព្រោះ​រឿង​ក្ដី​នេះ​ស្ថិត​ក្នុង​ដៃ​លោក​ ស្វាយ តុញ ចៅក្រម​ស៊ើបសួរ​។ គេ​មិនអាច​ទាក់​ទង​ចៅក្រម​ ស្វាយ តុញ ដើម្បី​សុំ​អត្ថាធិប្បាយ​បានទេ​៕ សារុន​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស