35 C
Phnom Penh

​អ្នកភូមិ​ដែលមាន​វិវាទ​ដីធ្លី​បាន​​តវ៉ា​នៅខាងក្រៅ​ពិធីបិទ​វគ្គបណ្តុះ​បណ្តាល​ពល​ទាហាន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​ភូមិដែល​មាន​កំហឹង​ប្រហែល​១០០​នាក់​ បាន​ធ្វើ​ការ​តវ៉ា​នៅ​ខាង​ក្រៅ​ពិធី​បិទ​វគ្គ​បណ្ដុះ​បណ្ដាល​ពល​ទាហាន​ថ្មើរ​ជើង​កង​វរសេនាតូច​លេខ​៩១​​កាល​ពី​ម្សិលមិញ ដើម្បី​ទាម​ទារ​ឲ្យក្រុម​​មន្ត្រី​ជាន់​ខ្ពស់​ធ្វើ​អន្តរាគមន៍​នៅក្នុង​វិវាទ​ដីធ្លី​របស់​ខ្លួន​ជាមួយ​អង្គភាព​កង​ទ័ព​នេះ​។hun-manet

ពិធី​នៅ​ក្នុង​រាជធានីភ្នំពេញ​សម្រាប់​ពលទាហាន​ដែលបាន​បញ្ចប់​វគ្គ​បណ្ដុះ​បណ្ដាល​ទ័ព​ថ្មើរ​ជើង​ មាន​ការ​ចូល​រួម​ជាអធិបតី​ដោយ​លោក​ ហ៊ុន ម៉ាណែត កូន​ប្រុស​ច្បង​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ជាមេបញ្ជាការ​កង​កម្លាំង​ប្រឆាំង​ភេរវកម្ម​។

ក្រុម​អ្នក​តវ៉ា​បាន​ឈរ​នៅ​ទី​បញ្ជាការ​ដ្ឋាន​កង​វរសេនាតូច​នេះ ដែល​ស្ថិត​នៅ​ក្នុង​ខណ្ឌ​ពោធិ៍សែនជ័យ ដោយ​មាន​កាន់​រូប​ថត​លោក ហ៊ុន សែន និង​លោកស្រី ប៊ុនរ៉ានី ជា​ម្ដាយ​របស់​លោក ហ៊ុន ម៉ាណែត ស្នើ​សុំជំនួយពី​ពួកគាត​់​ដើម្បី​ទាម​ទារ​ដីនៅ​ជុំវិញទីបញ្ជាការដ្ឋាន​ ដែល​ពួកគាត់​អះអាង​ថា ជា​របស់​ពួកគាត​់។

ក្រុម​អ្នក​តវ៉ា​​៣៥​គ្រួសារ​ ដែល​ជាប់​ពាក់​ព័ន្ធ​ក្នុង​វិវាទ​ដីធ្លី និង​អ្នក​គាំទ្រជាង​​១០០​នាក់ទៀត​លើក​ឡើង​ថា មេបញ្ជាការ​កង​វរសេនាតូច​ទ័ព​ថ្មើរ​ជើង​លេខ​៩១​បាន​លក់​ដី​មួយ​ផ្នែក​ដោយ​ខុស​ច្បាប់ ជា​ដី​ដែល​ពួកគេ​បាន​ជួល​ពីក្រុម​អ្នកភូមិ​តាំង​ពី​ឆ្នាំ​១៩៨៧​។

គឹម សាន អាយុ​៥០​ឆ្នាំ​ ជា​អ្នក​តវ៉ា​ម្នាក់​បាន​និយាយ​ថា ” ខ្ញុំ​បាន​ឮថា លោក ហ៊ុន ម៉ាណែត មក​កាន់​ទីនេះ ដូច្នេះ​យើង​ត្រូវ​តែ​តវ៉ា​ដើម្បី​បង្ហាញ​បញ្ហា​របស់​យើង​ដល់​រូបលោក ហើយ​ថា មន្ត្រី​មូលដ្ឋាន​មិន​បាន​ដោះ​ស្រាយ​អ្វី​ឡើយ​ ហើយ​បាន​ពន្យារ​ពេល​រឿង​នេះ​ជាយូរ​មក​ហើយ”។ លោក​បាន​បន្ថែម​ថា “លោក​ឧត្តម​សេនីយ៍ទោ សុខ ប៉ាង បាន​និយាយ​ភូត​កុហក​ថា គាត់​បាន​លក់​ទៅ​ឲ្យ​ឯកជន​ម្នាក់នូវដី ដែល​យើង​បាន​រស់​នៅ​តាំង​ពី​ក្រោយ​របប​ខ្មែរ​ក្រហម​មក​ម្លេ៉ះ”។

នៅ​ម៉ោង​ប្រហែល​១រសៀល​ តំណាង​អ្នក​ភូមិ​បួន​នាក់​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ទៅ​ក្នុង​បរិវេណ​នោះ​ ដើម្បីជួប​ជាមួយ​លោក ហ៊ុន ម៉ាណែត ហើយ​បាន​លើក​ឡើង​នូវ​ករណី​របស់​ពួក​គាត់​ជាមួយ​កង​វរសេនាតូច​ទ័ព​ថ្មើរ​ជើង​លេខ​៩១​នេះ។

ហេង ទូច អាយុ​៥៧​ឆ្នាំ​បាន​និយាយ​ថា “ខ្ញុំ​សង្ឃឹម​តិច​ណាស់​ដោយសារ​យើង​ត្រូវ​រង់​ចាំ​ការ​ចរចា​ជាមួយ​សាលា​រាជ​ធានី​ ប៉ុន្តែ​ខ្ញុំ​សង្ឃឹម​ថា លោក ហុ៊ន ម៉ាណែត នឹង​ជម្រាប​សម្ដេច​ ហ៊ុន សែន ឲ្យ​អន្តរាគមន៍សម្រាប់​ពួកយើង។ ខ្ញុំ​ត្រូវ​ការ​ដី​របស់​ខ្ញុំ​”។

លោក ឈុំ សុជាតិ អ្នក​នាំពាក្យ​ក្រសួង​ការ​ពារ​ជាតិ​មិន​អាច​ទាក់​ទង​សុំ​អត្ថាធិប្បាយ​បាន​ទេ។ ទោះ​ជាយ៉ាង​ណា លោក ឡុង ឌីម៉ង់ អ្នក​នាំពាក្យ​សាលា​រាជធានី​បាន​បដិសេធ​ថា មន្ត្រី​សាលា​រាជ​ធានី​មិន​បាន​ព្យាយាម​ពន្យារ​ពេល​កិច្ច​ប្រជុំ​ជាមួយ​អង្គភាព​ ដើម្បី​ដោះ​ស្រាយ​វិវាទ​ដីធ្លី​នេះ​ទេ​។លោក​បាន​មាន​ប្រសាសន៍​ថា ” យើងត្រៀមរៀបចំ​កិច្ច​ប្រជុំ​រវាង​ភាគី​ពាក់ព័ន្ធ​នៅពេល​​ឆាប់​ៗ​នេះ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​”៕ សារុន​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស