យោងតាមអាជ្ញាធរនិងប្រធានសហជីពបានឲ្យដឹងថា សកម្មជនសហជីពម្នាក់ត្រូវបានចាប់ខ្លួនកាលពីម្សិលមិញ និងត្រូវចោទពីបទញុះញង់កម្មកររោងចក្រកាត់ដេរឲ្យធ្វើកូដកម្មបិទផ្លូវជាតិលេខ១ក្នុងខេត្តស្វាយរៀង។ ការចាប់ខ្លួននេះធ្វើឡើងបន្ទាប់ពីមានការចាប់ខ្លួនមេដឹកនាំសហជីពយ៉ាងហោចណាស់៩នាក់ក្នុងករណីស្រដៀងគ្នានេះ តែអ្នកទាំងអស់នោះត្រូវបានដោះលែងហើយកាលពីខែឧសភា។
លោក ទួន សារ៉ែន តំណាងកម្មករនៅរោងចក្រកាត់ដេរ You Li ក្នុងក្រុងបាវិត ដែលបានដឹកនាំកម្មករ៨០០នាក់តវ៉ាកាលពីថ្ងៃច័ន្ទសប្តាហ៍មុន ត្រូវបាននគរបាលចាប់ខ្លួនកាលពីម្សិលមិញនិងដោះលែងវិញដោយគ្មានការចោទប្រកាន់ឡើយ។
លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធ សហជីព ចលនាកម្មករ បានមានប្រសាសន៍ថា លោក សារ៉ែន ត្រូវបាននគរបាលចាប់ខ្លួនមួយរយៈពេលខ្លី បន្ទាប់ពីកម្មករបានបញ្ឈប់ការបិទផ្លូវជាតិ។
លោក ស៊ីណា មានប្រសាសន៍ថា “នោះជាការរំលោភសិទ្ធិរបស់គាត់ ព្រោះគាត់គ្រាន់តែខិតខំការពារកម្មករប៉ុណ្ណោះ”។
កម្មករបានសុំឲ្យមានគ្រូពេទ្យព្យាបាលនៅនឹងកន្លែងធ្វើការ ស្នើសុំប្រាក់បន្ថែម១០ដុល្លារក្នុងមួយខែសម្រាប់រយៈពេល១៨ខែឲ្យកម្មការិនីដែលសម្រាលកូន បំពាក់កង្ហារបន្ថែម និងឲ្យមានបន្ទប់បង្គន់ល្អប្រសើរជាងនេះ។
លោក ស៊ីណា មានប្រសាសន៍ថា រោងចក្របានយល់ព្រមទៅនឹងការទាមទារទាំងអស់របស់សហជីព លើកលែងតែប្រាក់រង្វាន់សម្រាប់កម្មករ ដែលផលិតលើសគោលដៅផលិតកម្ម និងប្រាក់បន្ថែម៥ដុល្លារក្នុងមួយខែសម្រាប់បុគ្គលិកមានជំនាញពិសេសក្នុងការប្រើម៉ាស៊ីនដេរតែប៉ុណ្ណោះ។
លោក កែវ សុថា ប្រធាននគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្ត បានមានប្រសាសន៍ថា សហជីពជាអ្នកទទួលខុសត្រូវចំពោះការសម្រេចចិត្តរបស់កម្មករក្នុងការបិទផ្លូវនេះ។ លោកបានបន្ថែមថា “យើងបានចាប់ខ្លួន [លោក សារ៉ែន] ពីព្រោះគាត់បានញុះញង់កម្មករឲ្យបិទផ្លូវជាតិលេខ១ ហើយធ្វើឲ្យប៉ះពាល់ដល់ការប្រកបរបររកស៊ីរបស់អ្នកដទៃ”។ លោកសារ៉ែន ទទួលបានការ “អប់រំ” ពីនគរបាល ហើយត្រូវបានណែនាំឲ្យបញ្ឈប់ការតវ៉ាបិទផ្លូវតទៅទៀត។
លោក សារ៉ែន មានប្រសាសន៍ថា កម្មករសម្រេចចិត្តបិទផ្លូវដោយខ្លួនឯង ពីព្រោះរោងចក្រ មិនព្រមទទួលយកការទាមទារទាំងអស់របស់ពួកគាត់ ហើយលោកបានបន្ថែមថា កូដកម្មនិងការតវ៉ានឹងបន្តធ្វើនៅថ្ងៃនេះទៀត។
ក្នុងពេលដំណាលគ្នានេះ រោងចក្រ Yorkmars Garment កាលពីម្សិលមិញបានយល់ព្រមទទួលយកសមាជិកសហព័ន្ធសហជីពសាមគ្គីភាពកម្ពុជា៦នាក់ ដែលត្រូវបានបណ្តេញកាលពីថ្ងៃសៅរ៍ ឲ្យចូលធ្វើការវិញបន្ទាប់ពីកម្មករធ្វើកូដកម្មរយៈពេលមួយថ្ងៃនោះ។
លោក ឡោ សុភក្ត្រ អនុប្រធានសហជីព បានមានប្រសាសន៍ថា សមាជិកទាំង៦នាក់នោះ ត្រូវបានបណ្តេញចេញពីរោងចក្រក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ពីព្រោះភាគីរោងចក្រមិនចង់បានសហជីពផ្សេងទៀតនៅក្នុងរោងចក្រនេះទេ។មានិត