33 C
Phnom Penh

នគរបាល​រក​ឃើញ​ធាតុផ្សំ​គ្រឿងញៀន​កប់​នៅ​ក្នុង​ទីធ្លា​ក្រោយ​ផ្ទះ​នៅ​ខេត្ត​ពោធិិ៍​សាត់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរបាល​បាន​និយាយ​ថា ប្រេង​ម្រះព្រៅ​មាន​តម្លៃ​ជាង៣៣.០០០​ដុល្លារ ជា​សារធាតុ​គីមី​ខុស​ច្បាប់ ដែល​អាច​ត្រូវ​ប្រើ​ដើម្បី​ផលិត​គ្រឿងញៀន ត្រូវ​បាន​រក​ឃើញ​កប់​នៅ​ក្នុង​ទីធ្លា​ក្រោយ​ផ្ទះ​ពីរ​កន្លែង​ក្នុង​ខេត្ត​ពោធិ៍សាត់​កាលពី​ម្សិលមិញ​និង​ថ្ងៃ​អាទិត្យ។

ក្រោយពី​មាន​ការ​ស៊ើបអង្កេត​រយៈ​ពេល​មួយ​ខែ កាលពី​ថ្ងៃ​អាទិត្យ នគរបាល​បាន​រក​ឃើញ​ប្រេង​ម្រះព្រៅ​៣៨ប៊ីដុង​នៅ​ឃុំ​អន្លង់​រាប ស្រុក​វាល​វែង។ ប្រេង​ម្រះព្រៅ​​៧២ប៊ីដុង​ទៀត​ត្រូវ​បាន​រកឃើញ​កាលពី​ម្សិលមិញ កប់​នៅ​កន្លែង​ផ្សេង​ពី​គ្នា ឃ្លាត​ពីគ្នា​ចម្ងាយ​៦០០​ម៉ែត្រ​ប៉ុណ្ណោះ។​យោងតាម​នគរបាល​បាន​ឲ្យ​ដឹង​ថា ប៊ីដុង​នីមួយៗ​មាន​ប្រេង​ពី​​៣០​ទៅ​៣៥​លីត្រ។

លោក ធាង ឡេង អធិការ​នគរបាល​ស្រុក​វាល​វែង​បាន​និយាយ​ថា “ការ​ស៊ើប​អង្កេត​ប្រើ​ពេល​យូរណាស់ គឺ​ដល់ទៅ​ជាង​មួយ​ខែ​ឯណោះ”។ លោក​អធិការ​រូបនេះ​បាន​បន្ថែម​ថា “[ប៊ីដុង​ប្រេង]​ត្រូវ​បាន​កប់​ជម្រៅ៧០​សង់ទីម៉ែត្រ​ក្នុង​ដី ហើយ​គ្រប​អាចម៍​គោ​និង​មែកឈើ​ដើម្បី​លាក់​ពី​ភ្នែក​នគរបាល”។

លោក ឡេង មាន​ប្រសាសន៍​ថា លោក ម៉ែន ចាន់ អាយុ​២១​ឆ្នាំ ជា​ម្ចាស់​ផ្ទះ​ទី១ បាន​ប្រាប់​នគរបាល​ថា អតីតថៅកែ​របស់​គាត់ ដែល​គេ​ស្គាល់​តែ​ឈ្មោះ សំ អាយុ​ប្រហែល​៣០​ឆ្នាំ ជា​អ្នក​ស្រុក​កំពង់​ឆ្នាំង និង​ជា​ម្ចាស់​ប្រេង​ម្រះ​ព្រៅ​នេះ។ លោក ឡេង បាន​បន្ថែម​ថា លោក ចាន់ មិន​ត្រូវ​បាន​ចាប់​ខ្លួន​ទេ ពីព្រោះ “គាត់​បាន​ផ្តល់​ព័ត៌មាន​ឲ្យ​នគរបាល​ដឹង”។

ម្ចាស់​ផ្ទះ​ទី២ ដែល​គេ​មិន​ស្គាល់​ភិនភាគ ក៏​បាន​អះអាង​ដែរ​ថា ប្រេង​ដែល​កប់​ក្នុងទីធ្លា​ក្រោយ​ផ្ទះ​របស់​គាត់ មិន​មែន​ជា​របស់​គាត់​ទេ ហើយ​ក៏​មិន​ត្រូវ​បាន​ចាប់​ខ្លួន​ដែរ។

ដោយ​មិន​ពន្យល់​ពី​មូលហេតុ​ដែល​បុរស​នោះ​មិន​ត្រូវ​បាន​គេ​ចាប់​ខ្លួន លោក ឡេង បាន​មាន​ប្រសាសន៍​ថា “ម្ចាស់​[ផ្ទះ​ទី២] បាន​និយាយ​ថា គាត់​មិន​ដឹងអី​ទេ [អំពី​ប្រេង​នេះ] ប៉ុន្តែ​ខ្ញុំ​គិត​ថា ពួកគេ​ដឹង​អំពី​រឿង​នេះ”។

ខេត្ត​ពោធិ៍សាត់​និង​ខេត្ត​ផ្សេង​ទៀត​​នៅ​ជិតខាង​សម្បូរ​ដើម​ម្រះព្រៅ។​​ ​កាលពី​ឆ្នាំ​២០០៩ យោធា​បាន​ប្រើ​មីន​ដើម្បី​កម្ទេច​កន្លែង​ចម្រាញ់​​១០​កន្លែង ដែល​គេ​ដឹងថា​កំពុង​ចម្រាញ់​ប្រេង​នេះ​ក្នុង​ជម្រក​សត្វ​ព្រៃ​ភ្នំ​សំកុស​នៅជួរ​​ភ្នំ​ក្រវាញ។

កាលពី​ឆ្នាំ​២០១២ នគរបាល​បាន​ឆ្មក់​ចាប់​ជា​ច្រើន​លើក ក្នុង​កិច្ច​ប្រឹងប្រែង​បោស​សម្អាត​ការផលិត​និង​ពាណិជ្ជកម្ម​ប្រេង​ម្រះ​ព្រៅ​ខុស​ច្បាប់ ដែល​ត្រូវ​គេ​ប្រើ​ជាសារធាតុ​ក្នុង​អាហារ មុន​ពេល​ត្រូវ​គេ​ចុះ​ក្នុង​បញ្ជី​ខ្មៅ​នៅ​បស្ចិម​ប្រទស​ភាគច្រើន​ បន្ទាប់ពី​រដ្ឋបាល​ស្បៀង​និង​ឱសថ​អាមេរិក បាន​រក​ឃើញ​ថា វា​មាន​សារធាតុ​បង្ក​រោគ​មហារីក។

លោក មាស វីរិទ្ធ អគ្គលេខាធិការ​នៃ​អាជ្ញាធរ​ជាតិប្រឆាំង​គ្រឿង​ញៀន បាន​មាន​ប្រសាសន៍​កាលពី​ម្សិលមិញ​ថា ប្រេង​ម្រះព្រៅ​ត្រូវបាន​នាំ​ចេញ​ភាគ​ច្រើនទៅ​ប្រទេស​ជិត​ខាង ដែល​ផលិត​ថ្នាំ​ញៀន។ លោក​ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា នេះ​ជា​ករណី​ដំបូង “ក្នុង​ពេល​ដ៏​យូរ​មក​នេះ” ដែល​កន្លែង​លាក់​ប្រេង​ម្រះព្រៅ​ត្រូវ​បាន​រក​ឃើញ។ លោក វីរិទ្ធ បាន​មាន​ប្រសាសន៍​ថា “ក្នុង​ពេល​កន្លង​មក វា​មាន​តម្លៃ​១០​ដុល្លារ​ក្នុង​មួយ​លីត្រ។ ឥឡូវ​នេះ ខ្ញុំ​មិន​ដឹង​ថា​វា​មាន​តម្លៃ​ប៉ុន្មាន​ទេ”៕មានិត​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស