40.3 C
Phnom Penh

អង្គការ​​​មិនមែន​​​រដ្ឋាភិបាល​​​និយាយ​​​ថា ពាក្យ​​​បណ្ដឹង​​​ជុំ​​​វិញ​​​វិវាទ​​​ដី​​​ធ្លី​​​កើន​​​ឡើង​​​​​​ខ្លាំង​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ចំនួន​​​អ្នក​​​ដែល​​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​នៅ​​​ក្នុង​​​វិវាទ​​​ដី​​​ធ្លី​​​ទូទាំង​​​ប្រទេស​​​ចាប់​​​​​​តាំង​​​ពី​​​ដើម​​​ឆ្នាំ​​​រហូត​​​មក​​​ទល់​​​ពេល​​​នេះ​​​ បាន​​​កើន​​​ឡើង​​​លើស​​​ចំនួន​​​នៃ​​​ការ​​​ចោទ​​​ប្រកាន់​​​ក្នុង​​​ឆ្នាំ​​​២០១៣​​​ទាំង​​​មូល​​​រួច​​​ទៅ​​​ហើយ​​​ ជា​​​អ្វី​​​ដែល​​​កាល​​ពី​​​ម្សិលមិញ​​​​​​អង្គការ​​​អាដ​​​ហុក​​​បាន​​​ចាត់​​​ទុក​​​ថា ជា​​​ការ​​​កើន​​​ឡើង​​​ “គួរ​​​ឲ្យ​​​ព្រួយ​​​បារម្ភ​​​” នូវ​​​ពាក្យ​​​បណ្ដឹង​​​ប្តឹង​​​អ្នក​​​ដែល​​​ជាប់​​​ពាក់​​​ព័ន្ធ​​​ក្នុង​​​វិវាទ​​​ដីធ្លី​​​។

នៅ​​​ក្នុង​​​តួ​​​លេខ​​​ថ្មី​​​ដែល​​​ខ្លួន​​​បាន​​​បញ្ចេញ​​​កាល​​​ពី​​​ម្សិលមិញ អង្គការ​​​អាដ​​​ហុក​​​ បាន​​​លើក​​​ឡើង​​​​​​ថា ខ្លួន​​​បាន​​​កត់ត្រា​​​ករណី​​​ចោទ​​​ប្រកាន់​​​ចំនួន​​​១២៦​​​ករណី​​​ប្រឆាំង​​​អ្នក​​​ដែល​​​ជាប់​​​ពាក់​​​ព័ន្ធ​​​ក្នុង​​​វិវាទ​​​ដី​​​ធ្លី​​​ចន្លោះ​​​ពី​​​ថ្ងៃ​​​ទី​​​១ ខែ​​​មករា​​​ដល់​​​ថ្ងៃ​​​ទី​​​១៥ ខែ​​​សីហា នេះ​​​បើ​​​ប្រៀប​​​ធៀប​​​ទៅ​​​នឹង​​​ការ​​​ចោទ​​​ប្រកាន់​​​ពាក់​​​ព័ន្ធ​​​​​​វិវាទ​​​ដី​​​ធ្លី​​​ចំនួន​​​១០៩​​​ករណី​​​ ដែល​​​អង្គការ​​​នេះ​​​បាន​​​កត់​​​ត្រា​​​ពេញ​​​​​​មួយ​​​ឆ្នាំ​​​មុន​​​។

លោក​​​ នី ចរិយា ប្រធាន​​​ផ្នែក​​​សិទ្ធិ​​​មនុស្ស​​​ និង​​​ជំនួយ​​​ផ្នែក​​​ច្បាប់​​​​​​នៅ​​​អង្គការ​​​អាដ​​​ហុក​​​ បាន​​​​​​បន្ទោស​​​ការ​​​កើន​​​ឡើង​​​នេះ​​​​​​ភាគ​​​ច្រើន​​​​​​ទៅ​​​លើ​​​ការ​​​ផ្តល់​​​ប័ណ្ណ​​​កម្ម​​​សិទ្ធិ​​​ដី​​​ធ្លី​​​ ដែល​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន បាន​​​ផ្តួច​​​ផ្តើម​​​ដោយ​​​ផ្ទាល់​​​កាល​​​ពី​​​ឆ្នាំ​​​២០១២ ដែល​​​នៅ​​​ពេល​​​នោះ​​​លោក​​​បាន​​​បញ្ជូន​​​យុវនិស្សិត​​​ស្ម័គ្រ​​​ចិត្ត​​​​​ទូទាំង​​​ប្រទេស​​​ ដើម្បី​​​ចាប់​​​ផ្តើម​​​វាស់​​​វែង​​​ដី​​​ធ្លី​​​សម្រាប់​​​ការ​​​ផ្តល់​​​ប័ណ្ណ​​​កម្ម​​​សិទ្ធិ​​​ឯកជន​​​ថ្មី​​​ៗ។

ខណៈ​​​ដែល​​​ប័ណ្ណ​​​កម្ម​​​សិទ្ធិ​​​ដី​​​ធ្លី​​​ថ្មីៗ​​​រាប់​​​សែន​​​ត្រូវ​​​បាន​​​ចេញ​​​ជូន​​​ប្រជា​​​ពល​​​រដ្ឋ​​​ចាប់​​​តាំង​​​ពី​​​ពេល​​​នោះ​​​មក​​​ កម្ម​​​វិធី​​​នេះ​​​ក៏​​​បាន​​​បង្ក​​​ឲ្យ​​​មាន​​​វិវាទ​​​ និង​​​ពាក្យ​​​បណ្តឹង​​​យ៉ាង​​​ច្រើន​​​ដែរ​​​ ក្នុង​​​ចំណោម​​​អ្នក​​​ដែល​​​និយាយ​​​ថា ខ្លួន​​​ចាញ់​​​បោក​​​គេ​​​ ជាញឹក​​​ញាប់​​​គឺ​​​ចាញ់​​​បោក​​​ក្រុមហ៊ុន​​​ឯក​​​ជន​​​ ដែល​​​ទទួល​​​បាន​​​ដី​​​ទាំង​​​នោះ​​​ជំនួស​​​ពួកគេ។

លោក នី ចរិយា បាន​​​មាន​​​ប្រសាសន៍​​​នៅ​​​ក្នុង​​​សន្និសីទ​​​កាសែត​​​មួយ​​​ថា “និស្សិត​​​ស្ម័គ្រ​​​ចិត្ត​​​បាន​​​វាស់​​​វែង​​​ដី​​​ជូន​​​អ្នក​​​ភូមិ​​​ ហើយ​​​អ្នក​​​ភូមិ​​​ក៏​​​ទទួល​​​បាន​​​ប័ណ្ណ​​​កម្ម​​​សិទ្ធិ​​​ដី​​​ធ្លី ប៉ុន្តែ អាជ្ញាធរ​​​ខេត្ត​​​បាន​​​ដក​​​ហូត​​​ដី​​​ពី​​​គ្រួសារ​​​ទាំង​​​នោះ​​​វិញ​​​។ យើង​​​ចង់​​​លើក​​​ឡើង​​​ថា វិវាទ​​​ដី​​​ធ្លី​​​មិន​​​មែន​​​កើត​​​ឡើង​​​ដោយសារ​​​អ្នក​​​ភូមិ​​​ចាប់​​​យក​​​ដី​​​ពី​​​ក្រុមហ៊ុន​​​នោះ​​​ទេ​​​។ ពួក​​​គាត់​​​គ្រាន់​​​តែ​​​ចង់​​​បាន​​​ដី​​​កសិកម្ម​​​របស់​​​ខ្លួន​​​ដែល​​​និស្សិត​​​បាន​​​វាស់​​​វែង​​​មក​​​វិញ​​​តែ​​​ប៉ុណ្ណោះ​​​”។

តួ​​​លេខ​​​នេះ​​​ត្រូវ​​​បាន​​​បញ្ចេញ​​​មួយ​​​ថ្ងៃ​​​បន្ទាប់​​​ពី លោក ហ៊ុន សែន បាន​​​ថ្លែង​​​សុន្ទរកថា​​​បន្ទោស​​​វិវាទ​​​ដី​​​ធ្លី​​​ ដែល​​​កើត​​​ចេញ​​​ពី​​​កម្មវិធី​​​របស់​​​លោក​​​ទៅ​​​លើ​​​លោក​​​ អឹុម ឈុន​​​លឹម រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​រៀបច​​​ំ​​​ដែន​​​ដី ​​​នគរូប​​​នីយកម្ម និង​​​សំណង់​​​ និង​​​មន្ត្រី​​​ខេត្ត។

លោក ចាន់​​​ សុវ៉េត ប្រធាន​​​ផ្នែក​​​ឃ្លាំ​​​មើល​​​នៅ​​​អង្គការ​​​អាដ​​​ហុក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា សន្និសីទកាសែត​​​របស់​​​អង្គការ​​​មិន​​​មែន​​​រដ្ឋាភិបាល​​​មួយ​​​នេះ​​​ធ្វើ​​​ឡើង​​​ឆ្លើយ​​​តប​​​ទៅ​​​នឹង​​​សុន្ទ​​​រកថា របស់​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​។

លោក​​​បាន​​​មានប្រសាសន៍​​​ទៀត​​​ថា “នៅ​​​ក្នុង​​​សុន្ទរកថា​​​របស់​​​លោក​​​ លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន សែន ហាក់​​​ដូច​​​ជា​​​មិន​​​ទទួល​​​ខុស​​​ត្រូវ​​​ចំពោះ​​​វិវាទ​​​ដី​​​ធ្លី​​​ឡើយ​​​ ខណៈ​​​ដែល​​​វិវាទ​​​ដី​​​ធ្លី​​​ភាគ​​​​​​ច្រើន​​​កើត​​​ឡើង​​​ដោយ​​​សារ​​​សម្បទាន​​​ដី​​​សេដ្ឋ​​​កិច្ច​​​ និង​​​សម្បទាន​​​ដី​​​សង្គម​​​កិច្ច”​​​ ដែល​​​ចេញ​​​ដោយ​​​រដ្ឋាភិបាល​​​​​​ និង​​​”បុគ្គល​​​មាន​​​អំណាច​​​” ។

នៅ​​​ក្នុង​​​សេចក្តី​​​ថ្លែង​​​ការណ៍​​​មួយ​​​អម​​​​​​តួ​​​លេខ​​​ថ្មី​​​របស់​​​ខ្លួន​​​ អង្គការ​​​អាដហុក​​​និយាយ​​​ថា ចំនួន​​​ពិត​​​ប្រាកដ​​​​​​នៃ​​​ដី​​​ថ្មី​​​ ដែល​​​មាន​​​វិវាទ​​​នៅ​​​ឆ្នាំ​​​នេះ​​​ប្រៀប​​​ធៀប​​​ទៅ​​​នឹង​​​ឆ្នាំ​​​មុន​​​​​​ បាន​​​ធ្លាក់​​​ចុះ​​​គឺ​​​ប្រហែល​​​ជា​​​ដោយសារ​​​លោក​​​ ហ៊ុន សែន បាន​​​ប្រកាស​​​ផ្អាក​​​ការ​​​​​​ផ្តល់​​​សម្បទាន​​​ដី​​​សេដ្ឋ​​​កិច្ច​​​ក្នុង​​​ឆ្នាំ​​​២០១២​​​។

សេចក្តី​​​ការណ៍​​​នេះ​​​មាន​​​ខ្លឹម​​​សារ​​​ដូច្នេះ​​​​​​ថា “ទោះ​​​ជា​​​យ៉ាង​​​ណា​​​​​​​​​​​​​​​​​​​​​​​​ មាន​​​ការ​​​ចាត់​​​វិធាន​​​ការ​​​តិច​​​តួច​​​ណាស់​​​ដើម្បី​​​ដោះ​​​ស្រាយ​​​វិវាទ​​​ដី​​​ធ្លី​​​ ដែល​​​កើត​​​ចេញ​​​ពី​​​សម្បទាន​​​ផ្ដល់​​​ឲ្យ​​​លើក​​​មុន​​​ៗ​​​​​​ខណៈ​​​ដែល​​​៦២​​​ភាគ​​​រយ​​​នៃ​​​ផ្ទៃ​​​ដី​​​​​​មាន​​​វិវាទ​​​សរុប​​​ក្នុង​​​ឆ្នាំ​​​២០១៤​​​ ស្ថិត​​​នៅ​​​​​​ក្នុង​​​សម្បទាន​​​ដែល​​​មាន​​​ស្រាប់​​”។

សេចក្តី​​​ថ្លែង​​​ការណ៍​​​នេះ​​​បាន​​​បន្ត​​​ថា ការ​​​កើន​​​ឡើង​​​លើ​​​សទ្វេ​​​ដង​​​នូវ​​​​​​ករណី​​​បណ្តេញ​​​ចេញ​​​ថ្មី​​​ៗ​​​ពី​​​ឆ្នាំ​​​២០១៣​​​ ដល់​​​ឆ្នាំ​​​២០១៤​​​​​​ពី​​​៦ករណី​​​ដល់​​​១៤ករណី​​​ “បង្ហាញ​​​ថា ការ​​​បំពាន​​​សិទ្ធិ​​​​​​ដី​​​ធ្លី​​​មិន​​​ត្រូវ​​​បាន​​​រដ្ឋាភិបាល​​​ដោះ​​​ស្រាយ​​​ឲ្យ​​​បាន​​​ត្រឹម​​​ត្រូវទេ​​​ ហើយ​​​វា​​​បន្ត​​​ញាំ​​​ញី​​​ប្រទេស​​​កម្ពុជា​​​”។

ដើម្បី​​​ដោះ​​​ស្រាយ​​​បញ្ហា​​​នេះ​​​ អង្គការ​​​នេះ​​​បាន​​​ស្នើ​​​ឲ្យ​​​​​​ចាត់​​​វិធាន​​​ការ​​​ធ្វើ​​​យ៉ាង​​​ណា​​​ឲ្យ​​​តុលាការ​​​ដែល​​​ល្បី​​​ខាង​​​ពុក​​​រលួយ​​​ទូទាំង​​​ប្រទេស​​​ មាន​​​ភាព​​​ឯករាជ្យ​​​ជាង​​​មុន​​​ និង​​​ពង្រឹង​​​គណៈ​​​កម្មការ​​​សុរិយោដី និង​​​អាជ្ញាធរ​​​ដោះស្រាយ​​​វិវាទ​​​ដី​​​ធ្លី​​​របស់​​​រដ្ឋាភិបាល​​​។

អ្ន​​​ក​​​នាំ​​​ពាក្យ​​​ក្រសួង​​​មហាផ្ទៃ​​​ និង​​​ក្រសួង​​​រៀប​​​ចំ​​​ដែនដី នគរូបនីយកម្ម និង​​​ស​​​ំណង់ មិន​​​អាច​​​ទាក់​​​ទង​​​សុំ​​​ការ​​​បំភ្លឺ​​​បាន​​​ទេ​​​។

ក្នុង​​​ចំណោម​​​ករណី​​​ថ្មី​​​ៗ​​​នេះ​​​ដែល​​​អង្គការ​​​អាដ​​​ហុក​​​បាន​​​លើក​​​ឡើង​​​កាល​​​ពី​​​ម្សិល​​​មិញ គឺ​​​វិវាទ​​​មួយ​​​នៅ​​​ក្នុង​​​ខេត្ត​​​ក្រចេះ ដែល​​​​​​ក្រុម​​​យុវ​​​និស្សិត​​​ស្ម័គ្រ​​​ចិត្ត​​​វាស់​​​វែង​​​ដី​​​ឲ្យ​​​អ្នក​​​ភូមិ​​​មួយ​​​ក្រុម ហើយ​​​ការ​​​ងារ​​​របស់​​​និស្សិត​​​ទាំង​​​នេះ​​​មិន​​​ត្រូវ​​​បាន​​​ទទួលស្គាល់​​​ពី​​​សំណាក់​​​អាជ្ញាធរ​​​ខេត្ត​​​ដែល​​​បាន​​​សម្រេច​​​គាំទ្រ​​​ក្រុម​​​ហ៊ុន​​​កូរ៉េខាង​​​ត្បូង​​​ដែល​​​ជា​​​ម្ចាស់​​​ដី​​​សម្បទាន​​​ឡើយ​​​។

លោក កៅ ម៉ាលី​​​ឡែន ប្រធាន​​​មន្ទី​​​រ​​​រៀប​​​ចំ​​​ដែន​​​ដី​​​ខេត្ត​​​ក្រចេះ​​​ បាន​​​មានប្រសាសន៍​​​កាល​​​ពី​​​ម្សិលមិញ​​​ថា មន្ត្រី​​​បាន​​​ចុះ​​​ទៅ​​​កាន់​​​តំបន់​​​មាន​​​វិវាទ​​​កាល​​​ពី​​​ថ្ងៃ​​​អង្គារ ដើម្បី​​​ដោះ​​​ស្រាយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បញ្ហា​​​នេះ​​​ ហើយ​​​ថា តំណាង​​​ក្រុមហ៊ុន​​​ និង​​​តំណាង​​​អ្នក​​​ភូមិ​​​ត្រូវ​​​បាន​​​អញ្ជើ​ញ​​​ឲ្យ​​​ចូល​​​រួម​​​ជា​​​មួយ​​​ពួក​​​គេ​​​។ លោក​​​បាន​​​មានប្រសាសន៍​​​ទៀត​​​ថា “យើង​​​នឹង​​​សើុប​​​អង្កេត​​​ពី​​​តំបន់​​​នោះ​​​ ហើយ​​​យើង​​​នឹង​​​ប្រគល់​​​​​​ដី​​​ឲ្យ​​​ទៅ​​​ភាគី​​​ខាង​​​ណា​​​ដែល​​​យើង​​​រក​​​ឃើញ​​​ថា ជា​​​ម្ចាស់​​​ពិត​​​ប្រាកដ​​​”។

នៅ​​​ក្នុង​​​ករណី​​​​​​មួយ​​​ទៀត​​​ដែល​​​អង្គការ​​​អាដហុក​​​បាន​​​លើក​​​ឡើង​​​ដែរ​​​ គឺ​​​អ្នក​​​ភូមិ​​​ប្រាំ​​​នាក់​​​មក​​​ពី​​​ខេត្ត​​​កំពង់​​​ឆ្នាំង​​​ត្រូវ​​​បាន​​​ចាប់ខ្លួន​​​​​​ក្នុង​​​ពេល​​​ថ្មី​​​​​​​​​ៗ​​​នេះ​​​ ដោយ​​​សារ​​​ការ​​​តវ៉ា​​​ប្រឆាំង​​​ក្រុមហ៊ុន​​​មួយរបស់​​​ភរិយា​​​លោក ស៊ុយ សែម រដ្ឋមន្ត្រី​​​ក្រសួង​​​រ៉ែ និង​​​ថាមពល​​​ ដែល​​​ពួក​​​គាត់​​​ចោទ​​​ប្រកាន់​​​ថា បាន​​​លួច​​​ប្លន់​​​ដី​​​កសិកម្ម​​​របស់​​​ពួកគាត់​​​។

កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ តំណាង​​​រាស្ត្រ​​​​​​ប្រាំ​​​រូប​​​​​​​​​មក​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​ បាន​​​សរសេរ​​​លិខិត​​​ទៅ លោក​​​ ស ខេង​​​ រដ្ឋមន្ត្រី​​​ក្រសួង​​​មហាផ្ទៃ​​​ស្នើសុំ​​​ការ​​​អនុញ្ញាត​​​ទៅ​​​សួរ​​​សុខ​​​ទុក្ខ​​​បុរស​​​ទាំង​​​ប្រាំ​​​នាក់​​​ ដែល​​​កំពុង​​​ជាប់​​​ឃុំ​​​ក្នុង​​​ពន្ធនាគារ​​​ខេត្ត​​​កំពង់​​​ឆ្នាំង​​​។

លោក មែ៉ន សុថាវរិន្ទ្រ តំណាង​​​រាស្ត្រ​​​មួយ​​​រូប​​​ក្នុង​​​ចំណោម​​​តំណាង​​​រាស្ត្រ​​​​​​​​​ដែល​​​បាន​​​ចុះ​​​ហត្ថ​​​លេខា​​​​​​លើ​​​សំណើ​​​នេះ​​​បាន​​​មានប្រសាសន៍​​​ថា “យើង​​​កំពុង​​​ស្នើ​​​សុំ​​​ការ​​​អនុញ្ញាត​​​ដើម្បី​​​ទៅ​​​សួរ​​​សុខ​​​ទុក្ខ​​​អ្នក​​​ភូមិ​​​ទាំង​​​ប្រាំ​​​នាក់​​​នៅ​​​ក្នុង​​​ពន្ធនាគារ​​​នៅ​​​ថ្ងៃ​​​ទី​​​២១ [ខែ​​​សីហា]​​​​​​​​​ ដើម្បី​​​ប្រមូល​​​ព័ត៌មាន​​​លម្អិត​​​ស្តី​​​ពី​​​ការ​​​ចាប់​​​ខ្លួន​​​​​​ និង​​​ការ​​​ចោទ​​​ប្រកាន់​​​ពួក​​​គាត់”។

លោក​​​ ពៅ​​​ វុទ្ធី ប្រធាន​​​ពន្ធនាគារ​​​ខេត្ត​​​កំពង់​​​ឆ្នាំង​​​បាន​​​​​​មាន​​​ប្រសាសន៍​​​ថា លោក​​​មិន​​​បាន​​​ដឹង​​​ពី​​​គម្រោង​​​សួរ​​​សុខទុក្ខ​​​នេះ​​​ទេ។

លោក មែ៉ន សុថាវរិន្ទ្រ​​​ បាន​​​មានប្រសាសន៍​​​ថា គណបក្ស​​​ប្រឆាំង​​​ក៏​​​មាន​​​គម្រោង​​​កោះ​​​ហៅ លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រី​​​ក្រសួង​​​យុត្តិធម៌​​​ឲ្យ​​​ចូល​​​ខ្លួន​​​ទៅ​​​រដ្ឋ​​​សភា​​​​​​ផង​​​ដែរ ដើម្បី​​​ឆ្លើយ​​​សំណួរ​​​ជុំ​​​វិញ​​​​​​​​​ការ​​​ចាប់ខ្លួន​​​ និង​​​ការ​​​ចោទ​​​ប្រកាន់​​​​​​​​​​​​យ៉ាង​​​ច្រើន​​​នៅ ក្នុង​​​វិវាទ​​​ដី​​​ធ្លី ៕សុខុម (រាយការណ៍​​​បន្ថែម​​​ដោយ​​​ គុច ណារ៉េន)

​​​​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស