ក្រុមមន្ត្រីបាននិយាយកាលពីម្សិលមិញថា ពិធីបុណ្យអំុទូកនឹងប្រារព្ធធ្វើក្នុងទីក្រុងភ្នំពេញ នៅខែវិច្ឆិកា ជាលើកដំបូងចាប់តាំងពីមានមនុស្ស៣៥៣នាក់បានស្លាប់ ឬថប់ដង្ហើមស្លាប់នៅក្នុងការផ្អើលរត់ជាន់គ្នានៅលើស្ពានកោះពេជ្រអំឡុងពិធីបុណ្យអំុទូកកាលពីឆ្នាំ២០១០។
ពិធីបុណ្យអុំទូកដែលទាក់ទាញមនុស្សជាង១លាននាក់មកពីតាមខេត្ត ត្រូវបានលុបចោលបីឆ្នាំមកហើយ ដោយសារទឹកជំនន់ និងការសោយទិវង្គតរបស់សម្ដេចឪ នរោត្តម សីហនុ។
លោក ឈិន កេតនា អគ្គលេខាធិការគណៈកម្មាធិការរៀបចំបុណ្យជាតិ និងអន្តរជាតិ បានមានប្រសាសន៍ថា រដ្ឋាភិបាលបានផ្សព្វផ្សាយសេចក្ដីជូនដំណឹងមួយកាលពីសប្ដាហ៍មុន ណែនាំអាជ្ញាធរឲ្យត្រៀមរៀបចំពិធីបុណ្យអុំទូកនៅក្នុងទីក្រុងភ្នំពេញនៅខែវិច្ឆិកា។
លោកបានមានប្រសាសន៍ថា ” យើងនឹងប្រារព្ធពិធីបុណ្យនេះនៅថ្ងៃទី៥ ទី៦ និងទី៧ ខែវិច្ឆិកា ពីព្រោះយើងមិនបានធ្វើបីឆ្នាំមកហើយ។ សម្ដេច [នាយករដ្ឋមន្ត្រី ហ៊ុន សែន] មិនបានអនុញ្ញាតឲ្យយើងរៀបចំពិធីនេះ ដោយសារគ្រោះមហន្តរាយដែលមិនអាចដឹងមុនបាន។
លោក កេតនា ក៏បានបដិសេធមិននិយាយថា តើគណៈកម្មាធិការរបស់លោកនឹងធ្វើអ្វីដើម្បីធានាមិនឲ្យមានការរត់ជាន់គ្នានៅឆ្នាំនេះ ដូចនៅខែវិច្ឆិកា ឆ្នាំ២០១០ទៀតនោះទេ។ លោកបានមានប្រសាសន៍អំពីការផ្អើលរត់ជាន់គ្នានេះថា “កុំរំឭករឿងនេះ”។ លោក ហ៊ុន សែន បានចាត់ទុកការផ្អើលរត់ជាន់គ្នានេះថា ជាគ្រោះមហន្តរាយដ៏អាក្រក់បំផុតនៅកម្ពុជាចាប់តាំងពីក្រោយរបបខ្មែរក្រហមមក។
នៅសប្ដាហ៍ក្រោយពីមានការផ្អើលរត់ជាន់គ្នានៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១០ ក្រុមមន្ត្រីនគរបាលបានអះអាងថា ពួកគេមានចំណុចខ្វះខាតនៅក្នុងការគ្រប់គ្រងក្រុមមនុស្ស ដែលទៅប្រមូលផ្ដុំគ្នានៅកោះពេជ្រ ប៉ុន្តែក៏បានបន្ទោសម្ចាស់កោះពេជ្រដែរ។
គណៈកម្មការមួយដែលមានមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់បានបញ្ចប់ការស៊ើបអង្កេតរបស់ខ្លួនលើហេតុការណ៍នេះក្នុងរយៈពេលមួយសប្ដាហ៍ ហើយលោក ហ៊ុន សែន បានលើកឡើងថា គ្មាននរណាម្នាក់ត្រូវទទួលខុសត្រូវចំពោះរឿងនេះទេ។ លោកបានមានប្រសាសន៍ថា ” មិនគួរបន្ទោសនរណាម្នាក់ចំពោះការផ្អើលរត់ជាន់គ្នា ដែលគេនឹកស្មានមិនដល់នេះទេ”។
បន្ទាប់មកពិធីបុណ្យអុំទូកត្រូវបានលុបចោលដោយសារទឹកជំនន់នៅក្នុងខែវិច្ឆិកា ឆ្នាំ២០១១ ដោយសារការសោយទិវង្គតរបស់សម្ដេចឪ នរោត្តម សីហនុ កាលពីឆ្នាំ២០១២ និងដោយសារទឹកជំនន់ម្ដងទៀតកាលពីឆ្នាំមុន។
នៅឆ្នាំនេះការជន់លិចតាមទន្លេមេគង្គនៅខេត្តភាគខាងជើងបានសម្លាប់មនុស្ស៣៥នាក់ហើយ ហើយត្រូវជម្លៀសប្រជាជនជាង១២០.០០០គ្រួសារចេញពីលំនៅដ្ឋាន។
នៅពេលដូចគ្នានេះកាលពីឆ្នាំមុន ការជន់លិចមិនទាន់កើតមានទេ ប៉ុន្តែបានចាប់ផ្ដើមធ្វើឲ្យប៉ះពាល់ដល់ខេត្តនៅភាគខាងជើងនៅពាក់កណ្ដាលខែកញ្ញា និងបានឆក់យកជីវិតមនុស្សយ៉ាងតិច១៦៨នាក់។
លោក កឹម គុណវឌ្ឍន៍ អគ្គនាយកទូរទស្សន៍ជាតិកម្ពុជា ដែលមានភារកិច្ចផ្សព្វផ្សាយព្រឹត្តិការណ៍ជាតិបានមានប្រសាសន៍ថា ពិធីបុណ្យអុំទូកនេះនឹងមានការបណ្ដែតប្រទីបរបស់ក្រសួងចំនួនប្រាំ ប្រទីបរដ្ឋសភា ព្រឹទ្ធសភា ព្រះបរមរាជវាំង និងប្រទីបរបស់រដ្ឋាភិបាល។ ខេត្តនីមួយៗក៏នឹងបញ្ជូនទូកមកប្រកួតប្រជែងនៅក្នុងការប្រណាំងនៅមុខព្រះបរមរាជវាំងផងដែរ។
លោក កឹម គុណវឌ្ឍន៍ បានសរសេរនៅតាមហ្វេសប៊ុករបស់លោកថា “ខ្ញុំគិតថា ទូកមកពីតាមវត្ត ខេត្ត និងក្រុង ព្រមទាំងទូករបស់រដ្ឋាភិបាលនឹងចាប់ផ្ដើមត្រៀមលក្ខណៈពីពេលនេះទៅ”។
លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានមានប្រសាសន៍ថា លោកមិនទាន់បានឮអំពីការវិលត្រឡប់មកវិញនៃពិធីបុណ្យអុំទូកនេះទេ ប៉ុន្តែអាជ្ញាធរក្រុងត្រៀមខ្លួនរៀបចំពិធីនេះប្រសិនបើមិនមានការលុបចោលម្ដងទៀតនោះ។ លោកបានមានប្រសាសន៍ថា ” ប្រសិនបើគណៈកម្មាធិការរៀបចំបុណ្យជាតិ និងអន្តរជាតិ និយាយដូច្នេះ វាមិនខុសទេ។ អាជ្ញាធរក្រុងនឹងត្រៀមខ្លួនរៀបចំពិធីនេះ”។
លោក ចេវ ហាក់ នាយការិយាល័យនគរបាលចរាចរក្រុងភ្នំពេញបានមានប្រសាសន៍ថា លោកមិនទាន់បានដឹងព័ត៌មាននេះទេ។ លោកបានឲ្យដឹងថា ” ប៉ុន្តែប្រសិនបើវាជាការពិតមែននោះ យើងត្រូវរៀបចំផែនការដើម្បីត្រៀមលក្ខណៈ”។
នៅជិតព្រះបរមរាជវាំងជាកន្លែងរៀបចំពិធីនេះ អាជីវករបាននិយាយថា ពួកគេរីករាយដោយបានដឹងថា មានការរៀបចំពិធីបុណ្យអុំទូកឡើងវិញសម្រាប់ទាំងហេតុផលវប្បធម៌ និងហិរញ្ញវត្ថុ។
អ្នកស្រី មុំ ដានី អាយុ៥០ឆ្នាំ ជាអ្នកលក់វត្ថុអនុស្សាវរីយ៍នៅតាមមហាវិថីព្រះសីហនុ បាននិយាយថា ” ខ្ញុំរីករាយណាស់ដោយបានដឹងថា មានការរៀបចំពិធីបុណ្យនេះ ពីព្រោះខ្ញុំមិនចង់ឲ្យបាត់បង់ពិធីនេះទេ។ ខ្ញុំសង្ឃឹមថា នឹងលក់ដាច់ជាងថ្ងៃធម្មតា”។
អ្នកស្រី រស់ ឡេង អាយុ៦៤ឆ្នាំ ជាអ្នកលក់ភេសជ្ជៈ និងអាហារសម្រន់ជាយូរមកហើយនៅតាមតីរវិថីព្រះស៊ីសុវត្ថិ បាននិយាយថា មន្ត្រីព្រះបរមរាជវាំងម្នាក់បានប្រាប់អ្នកស្រីរួចហើយអំពីគម្រោងសម្រាប់ពិធីបុណ្យអុំទូក។
អ្នកស្រី ឡេង បាននិយាយថា ” ខ្ញុំសង្ឃឹមថា នឹងលក់ដាច់នៅឆ្នាំនេះ។ ខ្ញុំអាចរកលុយបានយ៉ាងតិច៥0.០០០រៀលទៅ១០០.០០០រៀលក្នុងមួយថ្ងៃអំឡុងពេលបុណ្យអុំទូក ប៉ុន្តែខ្ញុំរកលុយបានប្រហែលតែ២០.០០០ទៅ៣០.០០០រៀលប៉ុណ្ណោះនៅថ្ងៃធម្មតា៕ គឹមហឿន