27 C
Phnom Penh

អតីត​ទាហាន​ខ្មែរ​ក្រហម​តវ៉ា​នៅ​សាលា​ខេត្ត​បាត​់​ដំបង​ជុំ​វិញ​វិវាទ​ដីធ្លី​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ម្នាក់​បាន​ឲ្យ​ដឹង​ថា អ្នក​ភូមិ​ជាង​១០០​នាក់​ រួម​ទាំង​​អតីត​ទាហាន​ខ្មែរ​ក្រហម​បាន​ធ្វើ​ការ​តវ៉ា​នៅ​ខាង​ក្រៅ​សាលា​ខេត្ត​បាត់ដំបង សម្រាប់​ថ្ងៃ​ទី២​កាល​ពី​ម្សិលមិញ ស្នើ​សុំ​អន្តរាគមន៍​ក្នុង​វិវាទ​ដីធ្លី​ជាមួយ​មន្ត្រី​ឃុំ​ម្នាក់​និង​ស្នើ​សុំ​ឲ្យ​ដោះ​លែង​អ្នក​ភូមិ​ពីរ​នាក់​ដែល​នគរ​បាល​បានឃុំ​ខ្លួន​។

អ្នក​ភូមិ​មួយ​ក្រុម រួម​ទាំង​​ប្រជាពល​រដ្ឋ​ដែល​បាន​អះអាង​ថា បាន​ធ្វើ​ស្រែ​ចម្ការ​នៅ​តំបន់​នេះ​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៩​មក បាន​ជាប់​ពាក់​ព័ន្ធ​នៅ​ក្នុង​វិវាទ​ដីធ្លី​​តាំង​ពី​​ឆ្នាំ​២០១១​ បន្ទាប់​ពី​ដី​ដែល​ស្ថិត​នៅ​ក្នុង​ឃុំ​បឹង៥ ស្រុក​បវេល ​ត្រូវ​បាន​ប្រគល់​ទៅ​ឲ្យ​​អ្នក​ភូមិ​​មក​ពី​បណ្ដា​ខេត្ត​​ផ្សេងៗ​​ជា​ដីសម្បទាន​សង្គម​កិច្ច​។

លោក យិន ម៉េងលី អ្នក​សម្រប​សម្រួល​អង្គការ​សិទ្ធិ​មនុស្ស​​អាដ​ហុក​ប្រចាំ​ខេត្ត​នេះ​បាន​មាន​ប្រសាសន៍​ថា “មេឃុំ​​មិន​ដែល​ស្រាវ​ជ្រាវ​ថា តើ​អ្នក​ភូមិ​ណាខ្លះ​រស់​នៅ​លើ​ដីនេះ​មុន​ពេល​រាយការណ៍ទៅ​ថ្នាក់​លើ​ ឬ​ផ្ទៀង​ផ្ទាត់​ដីសម្បទាន​នេះ​ឡើយ។

អ្នកភូមិពីរ​នាក់​ដែលត្រូវ​បាន​ចោទ​ប្រកាន់​ថា បាន​វាយមន្ត្រី​ឃុំ​ ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ថ្ងៃ​ទី​១៨ ខែ​កក្កដា។ អ្នក​ភូមិ​និយាយ​ថា ​មន្ត្រីទាំងនោះ​បាន​រាន​ដី​ស្រែ​របស់​ពួកគាត់​ ហើយ​បាន​​ព្យាយាម​បំភិត​បំភ័យ​ពួកគាត់​ឲ្យ​ចាក​ចេញ​ពី​ដី​នេះ។

អ្នក​ភូមិ​​ដែល​ធ្វើ​ការ​តវ៉ា​ប្រហែល​១៤០​នាក់​​បាន​ទាម​ទារ​ប្រាំ​ចំណុច​ នៅ​សាលា​ខេត្ត​កាល​ពី​ម្សិលមិញ។ ពួកគាត​់​​បាន​ស្នើ​ឲ្យ​អាជ្ញាធរ​ឈប់​គំរាម​កំហែង​ចាប់​ខ្លួន​ពួកគាត់​ ប្រគល់​ត្រាក់​ទ័រ​ដែល​រឹប​អូស​យក​មក​វិញ ដោះ​លែង​អ្នកភូមិ​ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​ពីរ​នាក់ ឈប់​បំផ្លាញ​ដំណាំ​របស់​កសិករ ហើយ​​បង្កើត​គណៈកម្មការ​ដោះ​ស្រាយ​វិវាទ​នេះ​។

លោក ឆាន់ មុនី អាយុ​៣៧​ឆ្នាំបាន​អះអាង​ថា គាត់​បាន​កាន់​កាប់​ដី​ស្រែ​ទំហំ​៥ហិកតា​ ហើយ​បាន​និយាយ​ថា ​​គាត់​មាន​ឯកសារ​ដើម្បី​បង្ហាញ​ពី​កម្មសិទ្ធិ​។ លោក​ មុនី បាន​និយាយ​ថា ” យើង​ស្នើ​ឲ្យ​អាជ្ញាធរ​ធ្វើ​អន្តរាគមន៍​ និង​ដោះ​លែង​​អ្នក​ភូមិ​របស់​យើង​វិញ​។ វិវាទ​ដីធ្លី​នេះ​ត្រូវ​តែ​ដោះ​ស្រាយ​ឲ្យ​​ពួក​យើង​ ហើយ​យើង​មិន​អាច​ចាញ់​បាន​​ឡើយ​”។ លោក​បាន​និយាយ​ថា មេបញ្ជាការ​ខ្មែរ​ក្រហម​​នៅក្នុង​តំបន់​នេះ​បាន​ប្រគល់ដី​នេះ​​​ទៅ​ឲ្យ​ទាហាន​មូលដ្ឋាន​​ ហើយ​ថា អតីត​មេភូមិ​ម្នាក់​បាន​ចុះ​ហត្ថលេខា​លើ​​ការ​ផ្ទេរ​នេះ។

លោក ងួន រតនៈ អភិបាល​រង​ខេត្ត​បាន​មាន​ប្រសាសន៍​ថា កន្លែង​នេះ​ត្រូវ​បាន​ប្រគល់​ទៅ​ឲ្យ​អ្នក​ភូមិ​១.២៩៩​គ្រួសារ​ជា​ដីសម្បទាន​សង្គម​កិច្ច​។ ប៉ុន្តែ​ប្រសិន​បើ​អ្នក​ភូមិ​មាន​ឯកសារ​ស្រប​​ច្បាប់​ដើម្បី​បង្ហាញ​ពី​កម្មសិទ្ធិ​លើ​ដី​នេះ លោក​បានមាន​ប្រសាសន៍​ថា ពួកគាត់​អាច​រស់​នៅ​បាន​។

លោក រតនៈ បាន​មាន​ប្រសាសន៍​ថា “ប្រសិន​បើ​ពួកគាត់​មាន​ឯកសារ​ដើម្បី​បង្ហាញ​ថា វា​ជា​ដី​​របស់​ពួកគាត់​ ពួកគាត់​នឹង​មិន​ត្រូវ​ចាក​ចេញ​ទេ​”។ លោក​បានបន្ថែម​ថា សេចក្ដី​សម្រេច​ថា តើ​ត្រូវ​ដោះ​លែង​អ្នក​ភូមិ​ដែល​ត្រូវ​ឃុំខ្លួន​ទាំង​ពីរ​នាក់​ឬយ៉ាង​ណា​នោះ គឺ​អាស្រ័យ​លើ​សាលា​ដំបូង​ខេត្ត​៕ សារុន​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស