29 C
Phnom Penh

នគរ​បាល​បាញ់​ជន​សង្ស័យ​ចែក​ចាយ​ថ្នាំញៀន​ត្រូវ​ត្រង់​ពោះ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​​​​មន្ត្រី​​​បាន​​​និយាយ​​​កាល​​​ពី​​​ម្សិលមិញ​​​ថា នគរ​​​បាល​​​បាន​​​បាញ់​​​បុរស​​​គ្មាន​​​អាវុធ​​​ម្នាក់​​​ដែល​​សង្ស័យ​​​ថា បាន​​​ចែក​​​ចាយ​​​ថ្នាំ​​​ញៀន​​​ ត្រូវ​​​ត្រង់​​​ពោះ​​​កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ បន្ទាប់​​​ពី​មាន​​​ការ​​​ដេញ​​​តាម​​​យ៉ាង​​​ប្រកៀក​​ប្រកិត​ដែល​​​នៅ​ក្នុង​​​នោះ​​​ជន​​​សង្ស័យ​​​បួន​​​នាក់​​​ទៀត​​​បាន​​​រត់​​​គេច​​​ខ្លួន​​​រួច។

យោង​​​តាម​​​លោក ជួន ណារិន ស្នង​​​ការ​​​រង​​​នគរ​​​បាល​​​រាជ​​​ធានី​​​បាន​​​ឲ្យ​​​ដឹង​​​ថា អ្នក​​​ភូមិ​​​ក្នុង​​​សង្កាត់​​​ស្វាយ​​​ប៉ាក ខណ្ឌ​​​ឫស្សីកែវ បាន​​​​​​ទូរស័ព្ទ​​​​រាយ​ការណ៍​​ប្រាប់​នគរ​បាល​អំពី​​​សកម្ម​​​ភាព​​​គួរ​​​ឲ្យ​​​សង្ស័យ​​​របស់​​​បុរ​​​ស​​​ទាំង​​​ប្រាំ​​​នាក់​​​នេះ។ នៅ​​​ពេល​​​មន្ត្រី​​​នគរ​​​បាល​​​ទៅ​ដល់ បុរស​​​បួន​​​នាក់​​​បាន​​​រត់​​​គេច​​​ខ្លួន​​​បាត​់​ ចំណែក​​​ សុខ រ៉ា អាយុ​​​៣១​​​ឆ្នាំ​​​បាន​​​រត់​​​ទៅ​​ពួន​​​​ក្នុង​​​ផ្ទះមួយ។

លោក ជួន ណារិន បាន​មាន​ប្រសាសន៍ថា នគរ​​​បាល​​​បាន​​​ឡោម​​​ព័ទ្ធ​​​ផ្ទះ​​​នោះ ហើយ​​​បាន​​​ចូល​​​ទៅ​​​ក្នុងផ្ទះ ដក​​​កាំ​​​ភ្លើង​​​ភ្ជង់​ចាប់​​​ខ្លួន​​​បុរស​​​​នោះ ដែលលោក​បាន​អះ​អាង​ថា បាន​​​​ព្យាយាម​​​ដណ្ដើម​​​កាំភ្លើង​​​ពី​​​មន្ត្រី​​​នគរ​​​បាល​​​ម្នាក់​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​បានដក​​​​កាំភ្លើងភ្ជង់​​​​ជន​​​សង្ស័យរូបនេះ ហើយ​​​បាន​​​បាញ់​​​មួយ​​​គ្រាប់​​​ត្រូវ​​​ត្រង់​​​ពោះ​​​”។

លោក ជួន ណារិន បាន​​​បដិសេធ​​​មិន​​​បង្ហាញអត្តសញ្ញាណ​​មន្ត្រី​​​នគ​​​របាលដែល​បាញ់​នោះ​ទេ ហើយ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា វា​​​អាស្រ័យ​​​លើ​​​តុលាការ​​​ ដើម្បី​​​កំណត់​​​ថា តើ​​​គាត់​​នឹង​​​ប្រឈម​​​​​​ការ​​​​​​​​​ដាក់​​​ទោស​​​ ឬ​​​យ៉ាង​​​ណា​​​នោះឡើយ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ជន​​​សង្ស័យ​​​រូប​​​នេះ​​​ ដែល​​​ទើប​​​តែ​​​ត្រូវ​​​បាន​​​ដោះ​​​លែង​​​ថ្មីៗ​ពី​​​ពន្ធនាគារ​​ កំពុង​​​សម្រាក​​​ព្យាបាល​​​នៅ​​​មន្ទីរ​​​ពេទ្យ​​​កាល់​​​មែ៉ត​​​នៅ​​​ឡើយ ហើយ​បាន​ធូរស្រាល​ពី​មុខ​របួស​ និង​​​មិន​​​គំរាម​​​កំហែង​​​ដល់​​​អាយុ​​​ជីវិត​​​ឡើយ​​​។

លោក​​​ ហូ សាម៉ន ចៅ​​​សង្កាត់​​​ស្វាយ​​​ប៉ាក​​​បាន​​​មានប្រសាសន៍​​​ថា អ្នក​​​ភូមិ​​​បាន​​​ទាក់​​​ទង​​​នគរ​​​បាល​​​ ពីព្រោះ​​​ពួកគាត់​​​បាន​ស្គាល់​​​បុរស​មួយ​ក្រុម​​​​​​នេះ​​​ជា​​​ពិសេស​​​ជន​​​សង្ស័យ​​​រូប​​​នេះ​​​ ថាជា​​​អ្នក​​​ចែក​​​ចាយ​​​ថ្នាំ​​​ញៀន។

លោក សាម៉ន បាន​​​មាន​​​ប្រសាសន៍​​​ថា ជន​​​សង្ស័យ​​​រូប​​​នេះ​​​ត្រូវ​​​បាន​​​ដោះ​​​លែង​​​ពី​​​ពន្ធនាគារ​​​កាល​​​ពី​​​ដើម​​​ឆ្នាំ​​​នេះ បន្ទាប់​​​ពី​​​អនុវត្ត​​​ទោស​​​ជាប់​​​ពន្ធនាគារ​​​ពីរ​​​ ឬ​​​បី​​​ឆ្នាំ​​​ ជាប់​​​ចោទ​​​ពី​​​បទ​​​ចែក​​​ចាយ​​​ថ្នាំ​​​ញៀន​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “សុខ រ៉ា ទើបតែត្រូវ​​​បាន​​​ដោះ​​​លែង​​​ពី​​​ពន្ធនាគារ​​។ មនុស្ស​​​គ្រប់​​​គ្នា​​រស់​​​នៅ​​​ក្នុង​​​សង្កាត់​​​នេះសុទ្ធតែ​ដឹង​ថា ជននេះ​​​​មិន​​​មែន​​​ជា​​​មនុស្ស​​​ល្អ​​​ឡើយ​​​”៕សារុន​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស