26 C
Phnom Penh

អ្នក​ភូមិ​រារាំង​រថយន្ត​​ដឹកដី​មិន​ឲ្យ​បើក​ឆ្លងកាត​់​ព្រោះ​ធ្វើ​ឲ្យ​ខូ​ច​ផ្លូវ​នៅ​ក្នុង​សហគមន៍​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​ភូមិ​ជាង​២០០នាក់​មក​ពី​ក្រុង​សៀម​រាប​បាន​​រារាំង​រថ​យន្ត​ធុន​ធំ​ពីរគ្រឿង​មិន​ឲ្យ​បើក​ឆ្លង​កាត​់​ភូមិ​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ច័ន្ទ​ ដោយ​តវ៉ា​ថា រថយន្ត​​ទាំង​នេះ​ធ្វើ​ឲ្យ​ខូច​ផ្លូវ​នៅក្នុង​សហគមន៍​ និង​អនុញ្ញាត​ឲ្យ​បើក​ឆ្លង​កាត់​វិញ​នៅពេល​ដែល​ក្រុម​ហ៊ុន​សន្យា​ជួយ​ថែ​រក្សា​ផ្លូវ​នេះតែ​​ប៉ុណ្ណោះ។

អ្នក​ភូមិ​មក​ពី​ភូមិ​ទ្រៀក​និង​ភូមិ​ក្រសាំង​រលើង​ ក្នុង​សង្កា​ត់​សៀម​រាប បាន​រារាំង​រថយន្ត​​​ដឹក​ដី​របស់​​ក្រុមហ៊ុន​ លី ហាំង​សេង នៅពេល​រថយន្ត​​នេះ​បើក​បរ​លើក​ំណាត​់​ផ្លូវ​ប្រវែង​បួន​គីឡូម៉ែត្រ​ពី​ផ្សារ​ក្រោម​ទៅ​​ភ្នំក្រោម។

លោក ប៉ាវ ឆន ប្រធាន​ភូមិ​ទ្រៀក​​បាន​មាន​ប្រសាសន៍ថា “​អ្នក​ភូមិ​របស់​យើង​បាន​រារាំង​រថយន្ត​​ទាំង​នេះ​មិន​ឲ្យ​បើក​ឆ្លងកាត​់ ពីព្រោះ​វា​ធ្វើ​ឲ្យ​ខូច​ផ្លូវ និង​ធ្វើ​ឲ្យ​ធូលីហុយ​លើ​ផ្ទះ​របស់​យើង​ និង​លើ​ប្រជា​ជន។ ធូលីហុយ​នេះ​​ប៉ះពាល់​ដល់​សុខ​ភាព​របស់​អ្នក​ភូមិ​ ជា​ពិសេស​សុខភាព​របស់​កុមារ”។

ទីបំផុត​ អ្នកភូមិ​បាន​យល់​ព្រម​អនុញ្ញាត​ឲ្យ​រថយន្ត​ទាំង​នេះ​បើក​ឆ្លង​កាត​់​វិញនៅពេល​ក្រុម​ហ៊ុន​សន្យា​ជួស​ជុល​ផ្លូវ​ ហើយ​បាញ់​ទឹកជានិច្ច​​ដើម្បី​កុំ​ឲ្យ​ធូលីហុយ។

លោក ឆន បាន​មាន​ប្រសាសន៍​ថា ស្ថាន​ភាព​ផ្លូវ​គឺ​ជាក្តី​​កង្វល់​នៅក្នុង​សហគមន៍នេះ​អស់​រយៈ​ពេល​ប្រាំទៅ​ប្រាំមួយ​ឆ្នាំ​ហើយ​ ហើយ​មាន​ការ​តវ៉ា​កាល​ពី​ឆ្នាំ​២០១២ ២០១៣ និង​ដើម​ឆ្នាំ​នេះ។ ប៉ុន្តែ​រាល់​លើក ក្រុមហ៊ុន​មិន​បាន​ជួស​ជុល​ផ្លូវឲ្យ​បាន​ត្រឹម​ត្រូវ​ឡើយ។

លោក ព្រំ សារ៉ា តំណាង​អ្នក​ភូមិ​បាន​និយាយ​ថា “​បន្ទាប់​ពី​យើង​ធ្វើ​ការ​តវ៉ា ក្រុមហ៊ុន​បាន​ចរចា​ជាមួយ​ពួកយើង​ ហើយ​ពួកគេ​បាន​សន្យា​ថា ពួកគេ​នឹង​ជួស​ជុល​ផ្លូវ​ឲ្យ​បាន​ល្អ​ដូច​ពីមុន​ និង​បាញ់​​ទឹក​កុំ​ឲ្យធូលី​ហុយខ្លាំង​ពេក”។

លោក សូ ប្លាត​ុង អភិបាល​ស្តីទី​ក្រុង​សៀម​រាប​​បាន​មាន​ប្រសាសន៍ថា អាជ្ញាធរ​​បាន​ធ្វើ​ការ​សម្រប​សម្រួល​រវាង​​អ្នក​ភូមិ​​និង​ក្រុម​ហ៊ុន​ ហើយ​ក្រុម​ហ៊ុន​នឹង​អនុវត្ត​តាម​ការព្រម​ព្រៀង​​នេះ។

លោក ប្លាតុង បាន​មាន​ប្រសាសន៍​ថា​”​អាជ្ញា​ធរ​របស់​យើង​​បាន​ធ្វើ​ការ​សម្រប​សម្រួល​រវាង​ក្រុមហ៊ុន លី ហាំង​សេង និង​ក្រុម​អ្នក​ភូមិ ហើយ​ក្រុម​ហ៊ុន​នេះ​បាន​អះអាង​ថា ពួកគេ​នឹង​គោរ​តាម​ការ​សន្យា”។ លោក​បាន​បន្ថែមថា ពួកគេ​ “​នឹង​ចា​ត់​វិធានការ​តាម​ច្បាប់” ប្រសិន​បើ​ក្រុមហ៊ុន​នេះមិន​ជួស​ជុល​ផ្លូវ​។ គេ​មិន​អាច​ទាក់​ទង​តំណាង​ក្រុមហ៊ុន​ លី ហាំង​សេង ដើម្បី​សុំអត្ថា​ធិប្បាយ​បានទេ៕សារុន

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស