កាលពីម្សិលមិញ នគរបាលខេត្តពោធិ៍សាត់បានរកឃើញប្រេងម្រះព្រៅប្រហែល៩០០លីត្រ ដែលគេអាចយកទៅប្រើប្រាស់នៅក្នុងការផលិតថ្នាំញៀនអិុចស្តាស៊ី កប់នៅក្នុងទីធ្លាខាងក្រោយផ្ទះមួយនៅក្នុងស្រុកវាលវែង ចម្ងាយតែប៉ុន្មានម៉ែត្រប៉ុណ្ណោះពីកន្លែងដែលគេបានជីកឃើញប្រេងម្រះព្រៅជាង២.០០០លីត្រទៀតកាលពីថ្ងៃច័ន្ទ។
ការឆ្មក់ចាប់នេះគឺជាការបន្តការស៊ើបអង្កេតរយៈពេលមួយខែ ដើម្បីស្វែងរកប្រេងម្រះព្រៅ ដែលនគរបាលគិតថា ត្រូវបានគេរក្សាទុកក្នុងប៊ីដុងនៅទីនោះចាប់តាំងពីមានការបង្ក្រាបលើសារធាតុនេះកាលពីឆ្នាំ២០១២។
លោក ធាង ឡេង អធិការនគរបាលស្រុកបាននិយាយថា “យើងចាប់បាន៣១ប៊ីដុងទៀតនៅផ្ទះទី២ ដែលមានចម្ងាយ៣០ម៉ែត្រពីរណ្ដៅទី១ ដែលយើងបានជីកកាលពីម្សិលមិញ។ ឥឡូវនេះខ្ញុំកំពុងថ្លឹងប្រេងម្រះព្រៅនោះ ហើយវាមានទម្ងន់ពី៣៩ទៅ៤២គីឡូក្រាមក្នុងមួយប៊ីដុង”។
កាលពីថ្ងៃអាទិត្យ និងថ្ងៃច័ន្ទ លោក ឡេង បានដឹកនាំសកម្មភាពជីករកប្រេងម្រះព្រៅពីរកន្លែង គឺមួយកន្លែងនៅកន្លែងដដែល និងមួយកន្លែងទៀតនៅផ្ទះផ្សេងចម្ងាយប្រហែល៦០០ម៉ែត្រពីគ្នា ដែលមានចំនួនសរុបជាង៣.០០០លីត្រ។
យោងតាមលោក ឡេង បានឲ្យដឹងថា មិនមានការចាប់ខ្លួននរណាម្នាក់ទេ ដោយមានលោក មិន ចាន់ ដែលជាម្ចាស់ផ្ទះទី១បានសហការជាមួយនគរបាល។ ទោះជាយ៉ាងណា កាលពីម្សិលមិញ អធិការនគរបាលស្រុករូបនេះបាននិយាយថា នគរបាលកំពុងស្វែងរកម្ចាស់ផ្ទះទី២ ដែលបានគេចខ្លួន ប៉ុន្តែលោកមិនជឿថា ម្ចាស់ផ្ទះនោះគឺជាម្ចាស់ប្រេងម្រះព្រៅនេះទេ។ លោក ឡេង បាននិយាយថា ” បុរសអាយុ២១ឆ្នាំម្នាក់ឈ្មោះ រឿង សំណាង ហៅ ខ្មៅ បានរត់គេចខ្លួន។ អ្នកដែលរក្សាទុកប្រេងម្រះព្រៅនេះមិនមែនជាម្ចាស់ប្រេងម្រះព្រៅនេះទេ”។
កាលពីឆ្នាំ២០១២នគរបាលបានរារាំងការផលិត និងការលក់ប្រេងម្រះព្រៅនៅក្នុងខេត្តពោធិ៍សាត់ ដែលសម្បូរទៅដោយដើមម្រះព្រៅ ដែលជាប្រភពនៃប្រេងម្រះព្រៅ។
លោក អ៊ុំ សេង មេឃុំអន្លង់រាប ជាឃុំដែលមានការបង្ក្រាបនៅសប្ដាហ៍េនះបាននិយាយថា លោក ចាន់ ដែលជាម្ចាស់ផ្ទះទី១បានចែករំលែកព័ត៌មានអំពីកន្លែងកប់ប៊ីដុងប្រេងម្រះព្រៅជាង២០០ប៊ីដុង។
លោក ធាង ឡេង បាននិយាយថា លោករក្សាទុកប្រេងទាំងអស់នេះដែលមានតម្លៃរហូតដល់១០ដុល្លារក្នុងមួយលីត្រ នៅអធិការដ្ឋាននគរបាលស្រុកនៅពេលដែលការបង្ក្រាបបន្តទៀត។ លោក ឡេង បាននិយាយថា ” ខ្ញុំកំពុងស្វែងរក និងប្រមូលព័ត៌មានបន្ថែមទៀត។ វាមិនទាន់ចប់នៅឡើយទេ”៕ គឹមហឿន