29 C
Phnom Penh

នគរ​បាល​ចាប់​ខ្លួន​មន្ត្រី​រដ្ឋ​បាល​ព្រៃ​ឈើ​ពីរនាក់​ជុំវិញ​ការ​គំរាម​ទារ​ប្រាក់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​មន្ត្រី​បាន​និយាយ​ថា​ មន្ត្រី​រដ្ឋ​បាល​ព្រៃឈើ​ពីរនាក់​ដែលត្រូវ​បាន​ចាប់ខ្លួន​និង​ឃាត់​ខ្លួន​​នៅ​ក្នុង​ខេត្ត​ក្រចេះ​ពី​បទ​គំរាម​ទារ​ប្រាក់​ពី​កសិករ​ដាំម្រេច​នោះ ​ត្រូវ​បាន​បញ្ជូន​បន្ត​ទៅ​រាជ​ធានី​ភ្នំពេញ​កាល​ពី​ម្សិលមិញ​តាម​សំណើ​របស់​អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ។

លោក ស៊ាន សុភក្ត្រ អធិការ​នគរ​បាល​ក្រុង​ក្រចេះ​បាន​មាន​ប្រសាសន៍​ថា នគរបាល​បាន​ចាប់​ខ្លួន​​មន្ត្រី​ទាំង​ពីរ​នាក់​នេះឈ្មោះ មិញ ស៊ីថា និង​ សន ណារិន នៅភោជនីយដ្ឋាន​មួយ​ក្នុង​ក្រុង​ក្រចេះ​កាលពី​ថ្ងៃ​អាទិត្យ​​បន្ទាប់ពី​ទទួលបាន​ពាក្យ​បណ្ត​ឹង​ពី​កសិករ​ថា ពួកគេ​ទាំង​ពីរ​នាក់​នេះ​បាន​គំរាមទារ​​ប្រាក់​ដើម្បី​អនុញ្ញាត​ឲ្យ​ពួកគាត់​ដឹក​ម្រេច​ដែលប្រមូល​ផលពី​ចម្ការ​​របស់​ខ្លួន​។

លោក​​បាន​មាន​ប្រសាសន៍​ថា “​យើង​បាន​ចាប់​ខ្លួន​មន្ត្រីរដ្ឋបាល​ព្រៃឈើ​​ទាំង​ពីរនាក់​នេះដែល​ជា​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ក្នុង​ស្រុក​ព្រែកប្រសព្វ កាល​ពី​ថ្ងៃទី​១៧ ខែសីហា ពីព្រោះ​នគរ​បាល​ទទួល​បាន​ពាក្យ​បណ្ត​ឹង​ពី​ជន​រងគ្រោះ…​ជុំវិញ​អំពើ​ពុក​រលួយដោយ​សារ​ពួកគេ​បាន​គំរាម​ទារ​ប្រាក់​ចំនួន​១.៥០០ដុល្លា​រពី​ជនរងគ្រោះ”។

អធិការ​នគរបាល​រូបនេះ​បានមាន​ប្រសាសន៍ថា កសិករ​ទាំង​នេះ​បាន​ទិញ​ដី​មួយ​ក្បាល​នៅ​ក្នុ​ងស្រុក​ព្រែក​ប្រសព្វ​​កន្លែង​ដែល​ពួកគាត​់​ដាំ​និង​ប្រមូល​ផល​ម្រេច​ចំនួន​៧០០ដើម ហើយ​បម្រុង​ដឹក​ទៅ​លក់​នៅ​ទី​ផ្សារ។

លោក សុភក្ត្រ បាន​មាន​ប្រសាសន៍ថា ពី​ដំបូង​មន្ត្រី​ទាំង​ពីរ​រូបនេះ​​ត្រូវ​បាន​ហៅ​ឲ្យ​ទៅ​កាន់ភោជនីយ​ដ្ឋាន​មួយ​ក្នុង​ក្រុង​ក្រចេះ​ដើម្បី​សាកសួរ​។ បន្ទាប់​ពី​រក​ឃើញថា ពួកគេ​បាន​ប្រើ​ប្រាស់​តួនាទី​របស់ខ្លួន​គំរាម​ទារ​ប្រាក់​ នគរបាល​បាន​ទូរស័ព្ទ​ទៅ​អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​នៅ​រាជ​ធានី​ភ្នំពេញ។ លោក សុភក្ត្រ បាន​មាន​ប្រសាសន៍​ថា “ដំបូង​ យើង​បាន​អញ្ជើញ​មន្ត្រី​រដ្ឋ​បាល​ព្រៃ​ឈើ​ទាំង​ពីរ​នាក់​នេះ​មក​សាក​សួរ​ ប៉ុន្តែ​មិន​បាន​ចាប់​ខ្លួន​ពួកគេ​ទេ ប៉ុន្តែ​បន្ទាប់ពី​ពួកគេ​ជាប់​ពាក់​ព័ន្ធ​នឹង​អំពើ​ពុក​រលួយ យើង​ក៏បាន​រាយ​ការណ៍​ទៅ​អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​តែម្តង”។

លោក​បាន​មាន​ប្រសាសន៍ថា អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​ស្នើ​ឲ្យ​នគរបាល​ផ្ទេរ​លោក ស៊ីថា និង​ លោក ណារិន ទៅ​រាជ​ធានី​ភ្នំពេញ ហើយ​ពួកគេ​បាន​មក​ដល់​ទី​ស្នាក់​ការ​កណ្តាល​របស់​អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ដែល​ស្ថិត​នៅ​តាម​មហា​វិថី​ព្រះ​នរោត្តម​នៅ​ម៉ោង​៨ព្រឹក​ម្សិល​មិញហើយ​។

លោក​បាន​មាន​ប្រសាសន៍ថា “ឥឡូវនេះ ពួកគេ​នៅក្នុង​ការិយាល​័យ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយដើម្បី​​​បន្ត​ដំណើរ​ការ​ករណី​របស់​ខ្លួន​ទាក់​ទង​នឹង​សកម្ម​ភាព​របស់​ពួកគេ”។

លោក ឆាយ សាវុធ អនុ​ប្រធាន​អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​​បាន​មាន​ប្រសាសន៍​តាម​ទូរស័ព្ទ​ថា ករណី​នេះ​​កំពុង​​ត្រូវបាន​ដោះ​ស្រាយ​ដោយលោក ឱម យ៉ិន​ទៀង ប្រធាន​អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ ហើយ​លោក​បាន​បដិសេធ​មិន​ធ្វើ​អត្ថា​ធិប្បាយ​អំពី​បញ្ហានេះ​ទេ។គេ​មិន​អាច​ទាក់​ទង​លោក ឱម យ៉ិន​ទៀង ដើម្បី​សុំ​អត្ថា​ធិប្បាយ​បានទេ៕សារុន

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស