35 C
Phnom Penh

នគរបាល​អន្តោប្រវេសន៍​ឃាត់​ខ្លួន​មនុស្ស​៩​នាក់​ព្រោះ​ប្រើ​លិខិត​ឆ្លង​ដែន​និង​ទិដ្ឋាការ​ក្លែងក្លាយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរបាល​នអន្តោប្រវេសន៍​បាន​ឃាត់​ខ្លួន​ជន​បរទេស​៩​នាក់​កាលពី​យប់​មិញ បន្ទាប់ពី​បាន​ទទួល​ព័ត៌មាន​ពី​អាជ្ញាធរ​មូលដ្ឋាន​នៅ​សង្កាត់​បឹង​ទំពុន ខណ្ឌ​មាន​ជ័យ​ថា ក្រុម​នេះ​កំពុង​ធ្វើ​លិខិត​ឆ្លងដែន​និង​ទិដ្ឋាការ​ក្លែងក្លាយ។

ឧត្តម​សេនីយ៍ សុខ ផល អគ្គនាយក​​​នៃ​​​អគ្គ​​​នាយក​​​ដ្ឋាន​អន្តោប្រវេសន៍ ក្រសួង​មហាផ្ទៃ បាន​មាន​ប្រសាសន៍​ថា “យើង​បាន​ចាប់​ជន​បរទេស​៩​នាក់ ដែល​បាន​ប្រើ​លិខិត​ឆ្លងដែន​និង​ទិដ្ឋាការ​មិន​ប្រក្រតី”។

លោក ឧត្តម​សេនីយ៍​រូប​នេះ បាន​បន្ថែម​ថា “ឥឡូវ​នេះ ពួកគេ​កំពុង​ត្រូវ​ឃុំ​ខ្លួន​នៅ​មន្ទីរ​ឃុំឃាំង​នគរបាល​អន្តោប្រវេសន៍។ ពួកគេ​ធ្វើ​លិខិត​ឆ្លងដែន​និង​ទិដ្ឋាការ​ក្លែងក្លាយ ដើម្បី​រស់​នៅ​ដោយ​ខុស​ច្បាប់​ក្នុង​ប្រទេស​កម្ពុជា”។

លោក សុខ ផល មិន​ផ្តល់​ព័ត៌មាន​បន្ថែម និង​បាន​បដិសេធ​មិន​ប្រាប់​ឈ្មោះឬ​សញ្ជាតិ​របស់​ពួកគេ​ទេ។

បុរស​ម្នាក់​ដែល​ត្រូវ​នគរបាល​នាំ​ខ្លួន​ចូល​រថយន្ត​នៅ​ខាង​ក្រៅ​លំនៅ​ដ្ឋាន​និង​កន្លែង​រកស៊ី​នៅ​សង្កាត់​បឹង​ទំពុន​កាលពី​យប់មិញ បាន​និយាយ​ថា នគរបាល​មិន​បាន​ផ្តល់​មូលហេតុ​ចំពោះ​ការ​ឃាត់​ខ្លួន​គាត់​ទេ។

​បុរស​រូប​នេះ​​​បាន​និយាយ​មុន​ពេល​រថយន្ត​បើក​ចេញ​ទៅ​ថា “ខ្ញុំ​មិន​ដឹង​ថា មាន​រឿង​អ្វី​កើត​ឡើង​ទេ ពួកគេ​បិទ​កន្លែង​របស់​ខ្ញុំ”។

ផ្ទះ​របស់​បុរស​រូប​នេះ​មាន​យីហោ​ក្រុមហ៊ុន​ពីរ​នៅ​ខាង​ក្រៅ។

បុរស​ម្នាក់​ដែល​ឆ្លើយ​ទូរស័ព្ទ​ក្រុមហ៊ុន​ទាំងពីរ​កាលពី​យប់​មិញ បាន​ប្រាប់​ថា​គាត់​ជា​ម្ចាស់​ក្រុម​ហ៊ុន​ទាំងពីរ​ ហើយ​បាន​បដិសេធ​ការ​ចោទ​ប្រកាន់​ពី​សំណាក់​អាជ្ញាធរ។

គាត់​បាន​និយាយ​ថា “ខ្ញុំ​មិន​ធ្វើ​ទិដ្ឋាការ​ក្លែងក្លាយ​ទេ។ ពួកគេ​មក​ផ្ទះ​របស់​ខ្ញុំ ហើយ​ចាប់​ផ្តើម​រើ​កកាយ ប៉ុន្តែ​មិន​បាន​រក​ឃើញ​អ្វី​ទេ។ បើ​គេ​រក​ឃើញ​អ្វី​នៅ​កន្លែង​របស់​ខ្ញុំ យក​វា​ទៅ។ បើ​ពួកគេ​មាន​ភ័ស្តុតាង បង្ហាញ​វា​មក។ ខ្ញុំ​រស់​នៅ​ទី​នេះ​ដោយ​ស្រប​ច្បាប់”។

បុរស​រូប​នេះ ដែល​មិន​បាន​ប្រាប់​ឈ្មោះ​ឬ​សញ្ជាតិ​មុន​ពេល​ដាច់​បណ្តាញ​ទូរស័ព្ទ បាន​និយាយ​ថា គាត់​ត្រូវ​គេ​រំខាន​យាយី​ដោយ​សារ​តែ​គាត់​ជា​ជន​បរទេសប៉ុណ្ណោះ៕មានិត (រាយការណ៍​បន្ថែម​ដោយ​​ Alex Consiglio)

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស