37 C
Phnom Penh

រដ្ឋាភិបាល​​​និយាយ​​​ថា ការ​​​រង​​​​​​របួស​​​នៅ​​​កន្លែង​​​ធ្វើ​​​ការ​​​កើន​​​ឡើង​​​ហើយ​​​​ចាំបាច់​​​ត្រូវ​​​ធ្វើ​​​កំណែ​​​ទម្រង់​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ដោយ​​​ប្រឈម​​​នឹង​​​ការ​​​កើន​​​ឡើង​​​ការ​​​រង​​​របួស​​​ពាក់​​​ព័ន្ធ​​​នឹង​​​ការងារ​​​ មន្ត្រី​​​រដ្ឋាភិបាល​​​បាន​​​ជួប​​​ប្រជុំ​​​គ្នា​​​នៅ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​​​កាល​​​ពីម្សិលមិញ ដើម្បី​​​ចាប់​​​ផ្ដើម​​​ការងារ​​​លើ​​​ផែនការ​​​ថ្មី​​​មួយ​​​​​​ដើម្បី​​​កាត់​​​បន្ថយ​​​គ្រោះ​​​ថ្នាក់​​​នៅ​​​កន្លែង​​​ធ្វើ​​​ការ​​​ និង​​​ដើម្បី​​​ឆ្លុះ​​​បញ្ចាំង​​​ពី​​​សមិទ្ធផល​​​សម្រេច​​​បាន​​​ក្នុង​​​រយៈ​​​ពេល​​​ប្រាំ​​​ឆ្នាំ​​​មក​​​នេះ​​​។

យោង​​​តាម​​​បេឡា​​​ជាតិ​​​របប​​​សន្តិសុខ​​​សង្គម​​​​​​បាន​​​ឲ្យ​​​ដឹង​​​ថា មនុស្ស​​​ជិត​​​១៧.០០០នាក់​​​បាន​​​រង​​​របួស​​​នៅ​​​កន្លែង​​​ធ្វើ​​​ការ​​​កាល​​​ពី​​​ឆ្នាំ​​​មុន​​​ ពោល​​​គឺ​​​ច្រើន​​​ជាង​​​កាល​​​ពី​​​ឆ្នាំ​​​២០១២​​​ ប្រហែល​​​២.៦០០​​​នាក់​​​។

ចំនួន​​​ដែល​​​ផ្អែក​​​លើ​​​និយោជក​​​រាយការណ៍​​​អំ​​​ពី​​​គ្រោះ​​​ថ្នាក់​​​ ក៏​​​បាន​​​កើន​​​ឡើង​​​បួន​​​​​​ដង​​​ដែរ​​​ ​​​​​​​​​​​​ចាប់​​​តាំង​​​ពី​​​រដ្ឋាភិបាល​​​បាន​​​ចាប់​​​ផ្ដើម​​​ផែនការ​​​មេ​​​ស្ដី​​​ពី​​​សុខភាព​​​ និង​​​សុវត្ថិភាព​​​ការងារ​​​លើក​​​ទី១​​​របស់​​​ខ្លួន​​​នៅ​​​ក្នុង​​​ឆ្នាំ​​​២០០៩​​​ម​​​ក។​​ ទោះ​​​បី​​​ជា​​​មាន​​​ការ​​​កើន​​​ឡើង​​​បែប​​​នេះ​​​ក្តី ក៏​​​មន្ត្រី​​​​​​បាន​​​អះ​​​អាង​​​​​​ថា គោល​​​ដៅ​​​ផែនការ​​​នេះ​​​សម្រេច​​​បាន​​​៨០​​​ភាគ​​​រយ។

លោក ឡេង តុង ប្រធាន​​​នាយក​​​ដ្ឋាន​​​ពេទ្យការងារ​​​នៃ​​​ក្រសួង​​​ការងារ និង​​​បណ្តុះ​​​បណ្តាល​​​វិជ្ជាជីវៈ​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា សមិទ្ធផល​​​សម្រេច​​​បាន​​​រួម​​​មាន​​​ ការ​​​អនុម័ត​​​ច្បាប់​​​ស្តី​​​ពី​​​​​​សុខភាព​​​ និង​​​សុវត្ថិភាព ​​​ការ​​​ចុះ​​​ធ្វើ​​​អធិការកិច្ច​​​នៅ​​​កន្លែង​​​ធ្វើការ​​​ ការគ្រប់​​​គ្រង​​​គ្លី​​​និក​​​សម្រាប់​​​កម្មករ​​​កាត់​​​ដេរ​​​ និង​​​ការ​​​ចែក​​​រំលែក​​​ព័ត៌មាន​​​ជាមួយ​​​បណ្តា​​​ប្រទេស​​​ផ្សេង​​​ទៀត​​​នៅ​​​ក្នុង​​​តំបន់​​​។

លោក​​​បានមានប្រសាសន៍​​​ទៀត​​​ថា “នៅ​​​ក្នុង​​​ពេល​​​ថ្មី​​​នេះ​​​ៗ​​​ យើង​​​បាន​​​បង្កើត​​​​គណៈ​​​កម្មាធិការ​​​អន្តរ​​​ក្រសួង​​​មួយ​​​ ដើម្បី​​​ទប់​​​ស្កាត់​​​ការ​​​សន្លប់​​​របស់​​​កម្មករ​​​ និង​​​គណៈកម្មាធិការ​​​អន្តរ​​​ក្រសួង​​​មួយ​​​ទៀត​​​ ដើម្បី​​​ពិនិត្យ​​​មើល​​​សុវត្ថិភាព​​​នៅ​​​តាម​​​រោង​​​ចក្រ។ ប្រសិនបើ​​​រោង​​​ចក្រ​​​មិន​​​​​​ឈាន​​​ដល់​​​កម្រិត​​​ស្តង់​​​ដារ​​​ទេ​​​នោះ យើង​​​នឹង​​​កំណត់​​​លក្ខខណ្ឌ​​​ឲ្យ​​​រោង​​​ចក្រ​​​នោះ​​​​​​កែ​​​លម្អ​​​ ហើយ​​​ប្រសិន​​​បើ​​​មិន​​​ព្រម​​​កែ​​​លម្អ​​​​​​ទេ​ យើង​​​នឹង​​​ពិន័យ​​​ ឬ​​​បិទ​​​វា​​​ចោល​​​តែ​​​ម្តង”។

នៅ​​​ក្នុង​​​ការ​​​ធ្វើ​​​បទ​​​បង្ហាញ​​​ក្នុង​​​កិច្ច​​​ប្រជុំ​​​​​​ ដែល​​​បញ្ចប់​​​នៅ​​​ថ្ងៃ​​​នេះ​​​ លោក​​​​​​ ហាន់​ នព្វគុណ ប្រធាន​​​នាយកដ្ឋាន​​​ស្ថិតិ និង​​​ទំនាក់​​​ទំនង​​​ខាង​ក្រៅ​​​​នៃ​​​ក្រសួង​​​ការ​​​ងារ​​​ បាន​​​ទទួល​​​ស្គាល់​​​ថា មាន​​​ឧបសគ្គ​​​មួយ​​​ចំនួន​​​ដែល​ធ្វើ​ឲ្យ​​​​រាំង​​​ស្ទះ​ការ​​​បង្កើន​​​កម្រិត​​​ស្តង់​​​ដារ​​​នៅ​​​កន្លែង​​​ធ្វើ​​​ការ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា ឧបសគ្គ​​​ចម្បង​​​ៗ​​​នៅក្នុង​​​ចំណោម​​​នោះ គឺ​​​ធន​​​ធាន​​​មាន​​​កម្រិត​​​សម្រាប់​​​ការ​​​ធ្វើ​​​អធិការកិច្ច​​​ និង​​​កង្វះ​​​ច្បាប់​​​ និង​បទដ្ឋាន​​​​នៅ​​​ក្នុង​​​ឧស្សាហ​​​កម្ម​​​សំណង់ជា​ដើម​​​​។

លោក ដេវ វែលស៍​​​ (Dave Welsh) នាយក​​​ប្រចាំ​​​ប្រទេស​​​កម្ពុជា​​​ នៃ​​​មជ្ឈមណ្ឌល​​​សាមគ្គីភាព (Solidarity Center) ជា​​​អង្គការ​​​សិទ្ធិ​​​ការ​​​ងារ​​​មួយ​​​ដែល​​​មាន​​​មូល​​​​​​ដ្ឋាន​​​នៅ​​​ក្នុង​​​សហ​​​រដ្ឋ​​​អាមេរិក​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា ​​​​​​​​​​​​​​​​​​ចាំបាច់​​​ត្រូវ​​​តែ​​​ធ្វើ​​​កំណែ​​​ទម្រង់​​​ គឺ​មិន​​​ត្រឹម​​​តែ​​​នៅ​​​ក្នុង​​​វិស័យ​​​កាត់​​​ដេរ​​​ដែល​​​ជិត​​​៦០​​​ភាគ​​​រយ​​​នៃ​​​គ្រោះ​​​ថ្នាក់​​​ត្រូវ​​​បាន​​​កត់​​​ត្រា​​​កាល​​​ពី​​​ឆ្នាំ​​​មុន​​​ប៉ុណ្ណោះ​​​ទេ​​​ ប៉ុន្តែ​ថែម​ទាំង​ នៅ​​​ក្នុង​​​ឧស្សាហកម្ម​​​សំណង់​​​ដែល​​​ក្រុមហ៊ុន​​​ថ្មី​​​ៗ​​​ត្រូវ​​​បាន​​​ចុះ​​​បញ្ជី​​​ជាមួយ​​​បេឡា​​​ជាតិ​​​របប​​​សន្តិសុខ​​​សង្គម​​​ ក៏​​​ត្រូវ​​​ធ្វើ​​​កំណែ​​​ទម្រង់​​​ដែរ​​​។ លោក​​​បាន​​​មានប្រសាសន៍​​​ទៀត​​​ថា “នឹង​​​មានការ​​​ជំរុញ​​​ខ្លាំង​​​ពីខាង​​​យើង​​​ ដើម្បី​​​ឲ្យ​​​ខាងសំណង់​​​គោរព​​​តាម​​​គោល​ការណ៍​នេះ​​​”៕សុខុម​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស