35 C
Phnom Penh

អ្នក​តវ៉ា​ថា​រដ្ឋ​មន្ត្រី​ការបរទេស​មិន​ចាប់​កំហុស​ចំពោះ​ការ​ដុត​ទង់ជាតិ​វៀតណាម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេដឹកនាំ​នៃ​ការ​តវ៉ា​ថ្មីៗ​ប្រឆាំង​នឹង​សម្តី​បង្ក​ហេតុ​របស់​អ្នក​នាំពាក្យ​ស្ថានទូត​វៀតណាម បាន​និយាយ​ថា កាលពី​ម្សិលមិញ លោក ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​ខ្មែរ​មិន​ចាប់​កំហុស​ចំពោះ​ការ​ដុត​ទង់ជាតិ​វៀតណាម​នៅ​មុខ​ស្ថានទូត​ប្រទេស​នេះ​កាលពី​សប្តាហ៍​មុន​ឡើយ។

ក្រុម​អ្នក​តវ៉ា​ខឹង​ខ្លាំង​ដោយសារ​ការ​លើក​ឡើង​របស់​លោក ត្រាន វ៉ានថុង អ្នក​នាំពាក្យ​ស្ថានទូត​វៀតណាម តាម​វិទ្យុកាលពី​ខែ​មិថុនា ដែល​បដិសេធ​ការ​អះអាង​ជា​ទូទៅ​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ខ្មែរ ដែល​ថា​កម្ពុជាក្រោម គឺ​ស្ថិត​ក្នុង​ប្រទេស​វៀតណាម​ខាង​ត្បូង​សព្វថ្ងៃ​ ជា​របស់​ប្រទេស​កម្ពុជា មុន​ពេល​អាណានិគម​បារាំង​​បាន​ប្រគល់​ឲ្យ​វៀតណាម​កាលពី​ឆ្នាំ​១៩៤៩។

លោកស្រី សុខ សុធា នៅ​អង្គការ​សម្ពន្ធ​យុវជន​ខ្មែរ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ ជាក្រុម​មួយ​ចំណោម​អ្នក​ទាមទារ​ឲ្យ​កែ​តម្រូវ​ពាក្យ​សម្តី​របស់​អ្នក​នាំពាក្យ​ស្ថានទូត​វៀតណាម បាន​ចូល​រួម​ជាមួយ​ប្រតិភូ ​ជួប​ជាមួយ​ក្រុម​មន្ត្រី​ការ​បរទេស​កាលពី​ម្សិលមិញ ទាក់ទង​​នឹង​ផែនការ​របស់​ខ្លួន​ក្នុង​ការ​ធ្វើ​ការ​តវ៉ា​បន្ត​ទៀត។

យោងតាម លោក​ស្រី សុធា បាន​ឲ្យ​ដឹង​ថា លោក ហោ ណាំហុង មិន​អល់អែក​នឹង​ការ​ដុត​ទង់ជាតិ​ទេ។​ លោក​ស្រី​មាន​ប្រសាសន៍​ថា “លោក ហោ ណាំហុង បាន​មាន​ប្រសាសន៍​ថា ការ​ដុត​ទង់​ជាតិ​ជា​រឿង​ធម្មតា​ក្នុង​ប្រទេស​ប្រជាធិបតេយ្យ។ ដូចគ្នា​ទៅ​នឹង លោក ខៀវ សុភ័គ [អ្នកនាំពាក្យ​ក្រសួង​មហា​ផ្ទៃ] ដែល​បាន​មាន​ប្រសាសន៍​ពីរបី​ថ្ងៃ​មុន​នេះ”។

ក្នុង​អត្ថបទ​មួយ​ផ្សាយ​ដោយ​វិទ្យុ​អាស៊ី​សេរីកាលពី​ថ្ងៃ​សុក្រ លោក សុភ័គ ត្រូវ​បាន​ដក​ស្រង់​សម្តី​ដែល​និយាយ​ថា “អ្នក​តវ៉ា​ដុត​ទង់ជាតិ​ជា​រឿងធម្មតា​នៅ​ជុំវិញ​ពិភព​លោក។ វា​អាច​ជា​រឿង​មិន​ត្រឹមត្រូវ​តាម​សីលធម៌ ប៉ុន្តែ​ឲ្យ​តែ​វា​កើត​ឡើង​ក្នុង​ពេល​ការ​តវ៉ា​ស្រប​ច្បាប់ គឺ​វា​អាច​ទទួល​យក​បាន”។

លោក​បន្ថែម​ថា “ប្រទេស​កម្ពុជាគឺ​ខុស​ពី​ប្រទេស​វៀតណាម។ ប្រទេស​កម្ពុជា​ប្រកាន់​ខ្ជាប់តាម​ទម្រង់​លទ្ធិ​ប្រជាធិប​តេយ្យ​សេរី​ពហុបក្ស។ កម្ពុជាអនុញ្ញាត​ឲ្យ​មាន​សេរី​ភាព​បញ្ចេញ​មតិ​ក្នុង​ក្របខណ្ឌ​ច្បាប់”

កាលពី​សប្តាហ៍​មុន អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​វៀតណាម​បាន​អំពាវនាវ​ដល់​អាជ្ញាធរ​កម្ពុជា​ឲ្យ​ចាត់​វិធានការ​ចំពោះ​អ្នក​ដុត​ទង់ជាតិ​វៀតណាម និង​ឲ្យ​មាន​វិធាន​ការ​ដើម្បី​ធានា​ថា សកម្មភាព​បែប​នេះ ដែល​រដ្ឋាភិបាល​ក្រុង​ហាណូយ​និយាយ​ថា គំរាម​ធ្វើ​ឲ្យ​ខូច​ទំនាក់​ទំនង​ជាមួយ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​នោះ កុំ​ឲ្យ​កើត​មាន​ជាថ្មី​ទៀត។

លោក ហោ ណាំហុង មិន​អាច​ទាក់​ទង​បាន​ដើម្បី​សុំ​ការ​អធិប្បាយ​បាន​ទេ។ លោក កុយ គួង អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស និង​លោក ឡុង វីសាឡូ រដ្ឋលេខាធិការ ដែល​បាន​ចូលរួម​ការ​ប្រជុំ​នេះ​ដែរ មិន​អាច​ទាក់ទង​បាន​ឡើយ។

លោកស្រី សុធា មាន​ប្រសាសន៍​ថា គណៈប្រតិភូ​ក្រសួង​ការបរទេស​បាន​ប្រាប់​លោក​ស្រី​ថា ឯកអគ្គរដ្ឋទូត​វៀតណាម និង​អ្នក​នាំ​ពាក្យ​នឹង​ត្រូវ​ជំនួស​ក្នុង​ពេល​ឆាប់ៗ​នេះ ហើយ​បាន​ស្នើ​ឲ្យ​អ្នករៀបចំ​ការ​តវ៉ា​រង់ចាំ និង​វាយ​តម្លៃ​ការងារ​របស់​ពួកគេ មុនពេល​ធ្វើ​ការ​សម្រេច ថាតើ​ត្រូវ​បន្ត​បាតុកម្ម​របស់​ខ្លួន​ឬយ៉ាងណា​នោះ។ លោក​ស្រី​មាន​ប្រសាសន៍​ថា ពួកគេ​បាន​យល់​ស្រប។ យោងតាម​បណ្តាញ​ព័ត៌មាន​វៀតណាម​បាន​ឲ្យ​ដឹង​ថា លោក ថាច់ ឌូ (Thach Du) ឯកអគ្គរដ្ឋទូត​ថ្មី ជា​ខ្មែរ​កម្ពុជាក្រោម។

សម្តី​របស់​លោក ហោ ណាំហុង ក្នុង​កិច្ច​ប្រជុំ​ផ្ទុយ​ស្រឡះ​ទៅ​នឹង​ការ​អធិប្បាយ របស់​​លោក ហេង សំរិន ប្រធាន​សភា​ជាតិ​ដែលបាន​និយាយ​​ពាក់ព័ន្ធ​នឹង​ការ​ដុត​ទង់ជាតិ អំឡុង​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​ទៅ​ក្រុង​ហាណូយ។

ដោយ​ដក​ស្រង់​​សម្តី​របស់​លោក ហេង សំរិន កាសែត Nhandan របស់​វៀតណាម​បាន​រាយការណ៍​កាលពី​ថ្ងៃ​ច័ន្ទ​ថា លោក ហេង សំរិន បាន​មាន​ប្រសាសន៍​ថា ប្រទេស​កម្ពុជា​បាន​”អនុវត្ត​វិធាន​ការ​ម៉ឺងម៉ាត់​ដើម្បី​ដោះស្រាយ​ហេតុការណ៍​នេះ និង​ដាក់​ទោស​អ្នក​រំលោភ​បំពាន”។

កាសែត​ដដែល​បាន​រាយការណ៍​បន្ថែម​ថា លោក ហេង សំរិន បាន​សន្យា​ថា ប្រទេស​កម្ពុជា​នឹង “ប្រឹងប្រែង​អស់​ពី​សមត្ថភាព ដោយ​ប្រើ​ច្បាប់ ដើម្បី​ទប់​ស្កាត់​សកម្ម​ភាព​បែប​នេះ​មិន​ឲ្យ​កើត​មាន​ជាថ្មី​ទៀត”៕ មានិត ​(រាយការណ៍​បន្ថែម​ដោយ ម៉ិច ដារ៉ា)

 

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស