កាលពីខែមីនា ក្រសួងការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចាប់ផ្ដើមដាក់លក្ខខណ្ឌជាលើកដំបូងតម្រូវឲ្យមេដឹកនាំសហជីពដាក់ភ័ស្តុតាងបញ្ជាក់ថា ខ្លួនមិនធ្លាប់មានប្រវត្តិប្រព្រឹត្តបទល្មើស មុនពេលពួកគេទទួលបានការអនុញ្ញាតឲ្យចុះបញ្ជីសហជីព ឬសាខាថ្មី។
ពេលនេះបណ្ដាសហជីពលេចធ្លោនៅក្នុងប្រទេសកម្ពុជានិយាយថា តំណាងកម្មករកំពុងជួបការលំបាកក្នុងការទទួលបានឯកសារស្មុគស្មាញនេះ ដែលពួកគេត្រូវការដើម្បីបញ្ជាក់ថា ខ្លួនមានប្រវត្តិស្អាតស្អំមិនធ្លាប់ប្រព្រឹត្តបទល្មើស ហើយថា វិធានថ្មីនេះគឺស្មើនឹងការរារាំងការចុះបញ្ជីសហជីពថ្មីៗ។
យោងតាមលោក គង់ អាទិត្យ អនុប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ហៅកាត់ថា ស៊ីខៅឌូ បានឲ្យដឹងថា នៅឆ្នាំនេះ សហជីពរបស់លោកមិនអាចចុះបញ្ជីសាខាថ្មីនៅក្រសួងការងារបានសូម្បីតែមួយ ទោះបីជាខ្លួនបានព្យាយាមប្រហែល១០លើករួមមកហើយក្ដី។
លោក អាត់ ធន់ ដែលជាប្រធានសហជីពនេះបានមានប្រសាសន៍ថា ” ពេលនេះពួកគេដាក់លក្ខខណ្ឌបន្ថែមទៀតមកលើយើង ធ្វើឲ្យយើងកាន់តែមានការពិបាក ដូច្នេះវាមានការពិបាកណាស់ក្នុងការចុះបញ្ជី។ ប្រសិនបើគ្មានឯកសារគ្រប់គ្រាន់ទេ ពួកគេពន្យារពេលរហូតដល់យើងមានគ្រប់គ្រាន់”។
លោកបានមានប្រសាសន៍បន្តថា លោកជឿថា រដ្ឋាភិបាលមានចេតនារារាំងសហជីពឯករាជ្យមិនឲ្យបង្កើតសាខាថ្មីៗតាមរយៈដំណើរការចុះបញ្ជី ដែលមានលក្ខណៈការិយាធិបតេយ្យហួសហេតុ ដើម្បីឆ្លើយតបទៅនឹងកូដកម្មទូទាំងប្រទេសនៅក្នុងវិស័យកាត់ដេរកាលពីខែមករា ដែលបានផ្ទុះអំពើហិង្សា និងដែលត្រូវបានបង្ក្រាបដ៏បង្ហូរឈាមពីសំណាក់កងរាជអាវុធហត្ថ។ លោកបានមានប្រសាសន៍ទៀតថា “មូលហេតុដែលក្រសួងការងារផ្លាស់ប្ដូរ [គោលនយោបាយរបស់ខ្លួន] គឺដោយសារតែកូដកម្មទូទាំងប្រទេសកាលពីខែមករា”។
ទោះបីជាច្បាប់ការងារអនុម័តនៅឆ្នាំ១៩៩៧ចែងថា ជនធ្លាប់មានទោសមិនអាចធ្វើជាមេដឹកនាំសហជីពបានក្ដី ក៏គ្មានលក្ខខណ្ឌតម្រូវឲ្យមានឯកសារបញ្ជាក់ភាពស្អាតស្អំដែរ រហូតមកទល់ខែមីនា។ ពេលនេះ ដើម្បីទទួលបានលិខិតថ្កោលទោស តំណាងកម្មករត្រូវធ្វើដំណើរមករាជធានីភ្នំពេញ ដើម្បីប្រគល់សំបុត្រកំណើតច្បាប់ដើម សៀវភៅគ្រួសារ និងអត្តសញ្ញាណប័ណ្ណឲ្យទៅក្រសួងយុត្តិធម៌។
បណ្ដាមេដឹកនាំសហជីពនិយាយថា លក្ខខណ្ឌតម្រូវនេះមានការពិបាកសម្រាប់កម្មកររោងចក្រកាត់ដេរ ដែលជានិច្ចកាលគ្មានឯកសារច្បាប់ដើមនៅក្នុងដៃ និងដែលត្រូវសុំការអនុញ្ញាតពីគណៈគ្រប់គ្រងរោងចក្រ ដែលមានការស្ទាក់ស្ទើរក្នុងការផ្ដល់ពេលវេលាសម្រាប់ពួកគេបង្កើតសហជីព ដើម្បីធ្វើដំណើរមកកាន់រាជធានី។
លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្ពុជា បានមានប្រសាសន៍ថា នីតិវិធីថ្មីនេះកំពុងបង្កការស្មុគស្មាញ និងរារាំងសហជីពមិនឲ្យពង្រីកខ្លួន។ លោកមានប្រសាសន៍ថា “យើងបានដាក់ពាក្យស្នើសុំចុះបញ្ជីចំនួនប្រាំច្បាប់សម្រាប់សហជីពរបស់យើង ប៉ុន្តែអាជ្ញាធរនិយាយថា យើងគ្មានឯកសារគ្រប់គ្រាន់ទេ ដូចជាអត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ និងសំបុត្រកំណើតជាដើម”។
លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា បានមានប្រសាសន៍ថា ចាប់តាំងពីខែមីនាមក សហជីពចំនួន១៨នៅក្នុងសហភាពរបស់លោក បានព្យាយាមចុះបញ្ជីសាខាថ្មីៗ ប៉ុន្តែបានបរាជ័យរាល់លើកដោយសារតែលក្ខខណ្ឌថ្មីទាំងនេះ។
លោកមានប្រសាសន៍ទៀតថា “វាពិបាកសម្រាប់កម្មករមួយចំនួន ដែលគ្មានឯកសារទាំងអស់នេះ និងសម្រាប់ពួកគាត់បង្ហាញមុខ [នៅក្រសួងយុត្តិធម៌] ពីព្រោះពួកគាត់ត្រូវសុំការអនុញ្ញាតពីរោងចក្រ។ វាត្រូវការពេលវេលា និងថវិកាច្រើនក្នុងការដាក់ពាក្យស្នើសុំចុះបញ្ជីសហជីព [សាខា]។ វាមានការពិបាកសម្រាប់យើងទទួលបានការចុះបញ្ជី”។
លោក រ៉ុង ឈុន បានអំពាវនាវឲ្យក្រសួងការងារវិលទៅអនុវត្តតាមលក្ខខណ្ឌចាស់វិញ ដែលតំណាងសហជីពប្រកាសប្រវត្តិប្រព្រឹត្តបទល្មើសដោយខ្លួនឯង និងដែលពាក្យស្នើសុំមិនត្រូវការហត្ថលេខីរបស់តំណាងរោងចក្រ។
លោកមានប្រសាសន៍ទៀតថា “ក្រសួងការងារកំពុងរើសអើងចំពោះសហជីព ដែលប្រឆាំងនឹងក្រសួង សហជីពដែលជួយការពារកម្មករ។ ក្រសួងបាននិយាយថា យើងគ្មានឯកសារគ្រប់គ្រាន់ ឬប្រើប្រាស់ព័ត៌មានមិនត្រឹមត្រូវ ហើយត្រូវការពិនិត្យផ្ទៀងផ្ទាត់”។
មន្ត្រីរដ្ឋាភិបាលដែលត្រូវបានទាក់ទងនៅសប្ដាហ៍នេះបានបដិសេធថា ពួកគេគ្មានចេតនារារាំងសហជីពទេ ដោយនិយាយថា ពួកគេគ្រាន់តែគ្រប់គ្រងច្បាប់ប៉ុណ្ណោះ។ សមាជិកមួយរូបនៅខុទ្ទកាល័យរបស់លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដែលសុំមិនបញ្ចេញឈ្មោះ បានលើកឡើងថា ដំណើរការនៃការទទួលបានលិខិតថ្កោលទោស ដែលត្រូវការពេលវេលា២០ថ្ងៃក្នុងថ្ងៃធ្វើការនេះ គឺជាស្តង់ដារ។
លោក អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ បានចេញមុខការពារលក្ខខណ្ឌតម្រូវឲ្យមានលិខិតថ្កោលទោសនេះ ដោយមានប្រសាសន៍ថា ពេលនេះតំណាងសហជីពអាចចៀសផុតពីទោសធ្ងន់ធ្ងរចំពោះការផ្ដល់ព័ត៌មានមិនត្រឹមត្រូវ។ លោកថ្លែងថា “ដើម្បីទទួលបានលិខិតថ្កោលទោសពីក្រសួងយុត្តិធម៌ ត្រូវដាក់ការទទួលខុសត្រូវតិចជាងមុនលើពួកគេ ហើយវាងាយស្រួលជាងមុនឆ្ងាយណាស់”។
លោកបានបន្តថា ក្រសួងមានកាតព្វកិច្ចដើម្បីធានាថា បេក្ខជនដាក់ពាក្យស្នើសុំជាកម្មករកាត់ដេរពិតប្រាកដ ហើយមានប្រវត្តិស្អាតស្អំមិនធ្លាប់ប្រព្រឹត្តបទល្មើស ខណៈដែលការចុះបញ្ជីកំពុងមានចំនួនកើនឡើង។
លោកបានមានប្រសាសន៍បន្ថែមទៀតថា “វាគ្មានប្រយោជន៍ទេក្នុងការរារាំងពួកគេ [ចុះបញ្ជី]។ ពេលនេះមានសហជីពជិត៤.០០០ ហើយរោងចក្រមួយចំនួនមានសហជីពជាង១០ តើកន្លែងណាដែលថា យើងរារាំង? ពេលនេះកម្ពុជា គឺជាកន្លែងដ៏សុខសាន្តរបស់សហជីព”៕ សុខុម (រាយការណ៍បន្ថែមដោយ Holly Robertson)