មន្ត្រីពន្ធនាគារព្រៃសកំពុងដឹកទឹករាប់ពាន់លីត្រទៅកាន់ពន្ធនាគារនេះក្នុងមួយថ្ងៃៗ ពីព្រោះក្រុមហ៊ុនជួសជុលផ្លូវមួយបានធ្វើឲ្យបែកទុយោទឹក ហើយមិនទាន់បានជួសជុលនៅឡើយទេ។
យោងតាមមន្ត្រីពន្ធនាគារបានឲ្យដឹងថា អ្នកទោសម្នាក់ៗទទួលបានទឹកស្អាត៣លីត្រក្នុងមួយថ្ងៃ ដែលរថយន្តដឹកទឹកបានទៅដឹកនៅកន្លែងដែលបែកទុយោនោះស្ថិតនៅចម្ងាយប្រហែលបីគីឡូម៉ែត្រពីពន្ធនាគារ ហើយពួកគេត្រូវការទឹកបន្ថែមទៀតពីស្រះក្បែរនោះ។
ពួកគេបាននិយាយថា បណ្តាញផ្គត់ផ្គង់ទឹកទៅកាន់ពន្ធនាគារនេះត្រូវបានកាត់ផ្ដាច់ចន្លោះ១០ថ្ងៃ ឬពីរសប្ដាហ៍មកហើយ។
លោក តេង ប៊ុនធី អនុប្រធានមណ្ឌលអប់រំកែប្រែទី២ នៅពន្ធនាគារព្រៃសបានមានប្រសាសន៍ថា ” បន្ទាប់ពីប្រព័ន្ធទឹកត្រូវបានកាត់ផ្ដាច់ យើងបានបញ្ជាឲ្យមន្ត្រីពន្ធនាគារប្រើប្រាស់ឡានដឹកទឹកយ៉ាងហោចណាស់ក៏១០ជើងដែរក្នុងមួយថ្ងៃ”។ លោកបានបន្ថែមថា “មានទឹកគ្រប់គ្រាន់សម្រាប់អ្នកទោសជិត៥.០០០នាក់ ប៉ុន្តែយើងក៏នៅឲ្យពួកគេប្រើប្រាស់ទឹកស្រះផងដែរ ខណៈទុយោកំពុងត្រូវបានជួសជុល”។
លោក ប៊ុនធី បានមានប្រសាសន៍ថា លោកបានស្នើសុំឲ្យសាលារាជធានីដោះស្រាយបញ្ហានេះ ប៉ុន្តែសាលារាជធានីមិនទាន់បានឆ្លើយតបនៅឡើយទេ។
លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីបានមានប្រសាសន៍ថា បុគ្គលិកផ្នែកថែទាំត្រូវបានបញ្ជូនទៅកន្លែងទុយោដែលបែកនោះនៅមុខប៉ុស្តិ៍នគរបាលសង្កាត់ព្រៃស ប៉ុន្តែមិនអាចបញ្ជាក់អំពីពេលវេលាជួសជុលឡើយ។ លោក ឡុង ឌីម៉ង់ បានមានប្រសាសន៍ថា ” យើងបានបញ្ជូនមន្ត្រីទៅពិនិត្យមើលបញ្ហានោះហើយ ប៉ុន្តែយើងមិនអាចនិយាយថា តើនឹងជួសជុលរួចនៅពេលណានោះទេ។ យើងមិនបណ្ដោយឲ្យយូរបានឡើយ ពីព្រោះយើងដឹងថាវាប៉ះពាល់ដល់អ្នកទោស”។
កម្មករជួសជុលផ្លូវទៅកាន់ពន្ធនាគារព្រៃសបាននិយាយថា ក្រុមហ៊ុន TSR បានជួលពួកគេ ហើយបានទទួលស្គាល់ថា បានធ្វើឲ្យទុយោទឹកបែកប្រហែល១០ថ្ងៃកន្លងមកហើយ។
កាលពីថ្ងៃអង្គារ សន្តិសុខពន្ធនាគារម្នាក់ដែលប្រាប់ត្រឹមតែឈ្មោះថា កុសល បានមកដល់កន្លែងដែលបែកទុយោនោះដើម្បីបូមទឹកដាក់រថយន្តដឹកទឹក។ លោកបាននិយាយថា ការចែកទឹកកំពុងបង្កឲ្យមានបញ្ហានៅពន្ធនាគារ ប៉ុន្តែលោកបានបដិសេធមិននិយាយលម្អិតទេ។
បន្ទាប់ពីលោកបានចេញដំណើរទៅ លោក ទុំ ប៉ូឡែន នាយប៉ុស្តិ៍រងបានមានប្រសាសន៍ថា “សន្តិសុខបានប្រាប់ខ្ញុំថា អ្នកទោសបានវ៉ៃគ្នាដោយសារមិនមានទឹកគ្រប់គ្រាន់នៅក្នុងពន្ធនាគារ”៕ សារុន