26 C
Phnom Penh

លោក ហ៊ុន​​​ ម៉ានី ថា បុគ្គលិក​​​ក្រុមហ៊ុនម្នាក់​​​​​​បាន​​​ប្រើ​​​ប្រាស់​​​ឈ្មោះ​​​របស​​​់លោក​​​ដោយ​​​ខុស​​​ច្បាប់​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ លោក ហ៊ុន ម៉ានី កូនប្រុស​​​ពៅ​​​របស់​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន​​​​​​បាន​​​ដាក់​​​ពាក្យ​​​បណ្តឹង​​​ទៅ​​​​​​សាលា​​​ដំបូង​​​​​​​​​រាជ​​​ធានី​​​ភ្នំពេញ​​​ប្តឹង​​​បុរស​​​ម្នាក់​​​ដែល​​​លោក​​​ចោទ​​​ថា បាន​​​ប្រើ​​​ប្រាស់​​ឈ្មោះ​​​របស់​​​លោក​​​ដើម្បី​​​ទាម​​​ទារ​​​ឲ្យ​​​មាន​​​ការ​​​ជម្រះ​​​ពន្ធ​​​ឲ្យ​​​បាន​​​ឆាប់​​​នៅ​​​កំពង់​​​ផែ​​​ស្វយ​​​័ត​​​ក្រុង​​​ព្រះ​​​សីហនុ​​​ នេះ​​​បើ​​​តាម​​​សម្ដី​​​​​​មេធាវី​​​របស់​​​លោក​​​។

យោង​​​តាម លោក​​​ លី ច័ន្ទ​​​តុលា មេធាវី​​​របស់​​​លោក​​​ ហ៊ុន មានី​​​ បាន​​​ឲ្យ​​​ដឹង​​​ថា លោក ហ៊ុន ម៉ានី បាន​​​ចោទ​​​ប្រកាន់​​​ថា បុគ្គលិក​​​ម្នាក់​​​របស់​​​ក្រុមហ៊ុន​​​ដឹក​​​ជញ្ជូន​​​មួយ​​​​​​បាន​​​ប្រាប់​​​មន្ត្រី​​​នៅ​​​កំពង់​​​ផែ​​​ស្វយ័ត​​​ក្រុង​​​ព្រះ​​​សីហនុ​​​ក្នុង​​​គោល​​​បំណង​​​ពន្លឿន​​​ការ​​​ជម្រះ​​​ពន្ធ​​​ថា រថ​​​យន្ត​​​សង្គ្រោះ​​​បន្ទាន់​​​ចំនួន​​​ពីរ​​​គ្រឿង​​​ដែល​​​កំពុង​​​រង់ចាំ​​​ការ​​​ជម្រះ​​​ពន្ធ​​​គឺ​​​ជា​​​របស់​​​លោក ហ៊ុន ម៉ានី ។

លោក​​​ ច័ន្ទ​​​តុលា បាន​​​មាន​​​ប្រសាសន៍​​​ថា “លោក ហ៊ុន ម៉ានី មិន​​​ចង់​​​ឲ្យ​​​គេ​​​ប្រើ​​​ឈ្មោះ​​​របស់​​​លោក​​​ទៅ​​​ធ្វើ​​​រឿង​​​អ្វី​​​ឡើយ​​​ ហើយ​​​សូម្បី​​​តែ​​​លោក ហ៊ុន ម៉ានី ក៏​​​មិន​​​ដែល​​​ពាក់​​​ព័ន្ធ​​​នៅ​​​ក្នុង​​​ការ​​​ប្រើ​​​ឈ្មោះ​​​របស់​​​លោក​​​ដើម្បី​​​ធ្វើ​​​រឿង​​​បែប​​​នេះ​​​ដែរ​​​​​​”។ លោក​​​បាន​​​មានប្រសាសន៍​​​បន្ត​​​ថា “នេះ​​​ជា​​​លើក​​​ដំបូង​​​ហើយ​​​ដែល​​​ [ ​​​លោក ហ៊ុន ម៉ានី ចាត់​​​វិធាន​​​ការ] ។ លោក ហ៊ុន​​​ ម៉ានី ចង់​​​ចាប់​​​ផ្តើម​​​វិធាន​​​ការ​​​ប្រឆាំង​​​អ្នក​​​ណា​​​ដែល​​​ប្រើ​​​ឈ្មោះ​​​របស់​​​លោក​​​ទៅ​​​ធ្វើ​​​រឿង​​​ខុស​​​ច្បាប់”។

លោក​​​ ច័ន្ទ​​​តុលា បាន​​​បដិសេធ​​​មិន​​​ប្រាប់​​​ឈ្មោះ​​​បុរស​​​ដែល​​​លោក ហ៊ុន ម៉ានី បាន​​​ចោទ​​​ប្រកាន់​​​ថា បាន​​​យក​​​ឈ្មោះ​​​របស់​​​លោក​​​ទៅ​​​សម្រួល​​​កិច្ច​​​ការ​​​ពិសេស​​​នោះ​​​ឡើយ​​​។ ប៉ុន្តែ លោក​​​បាន​​​លើក​​​ឡើង​​​ថា បុរស​​​រូប​​​នេះ​​​បាន​​​អះ​​​អាង​​​ដោយ​​​ផ្ទាល់​​​ទៅ​​​ប្រធាន​​​អធិការកិច្ច​​​គយ​​​នៅ​​​កំពង់​​​ផែ​​​ស្វយ័ត​​​ក្រុង​​​ព្រះ​​​សីហនុ។

លោក គិន​​​ លី ប្រធាន​​​សាខាគយ​​​ប្រចាំ​​​កំពង់​​​ផែ​​​អន្តរជាតិ​​​ខេត្ត​​​ព្រះ​​​សីហនុ ក៏​​​បដិសេធ​​​មិន​​​ប្រាប់​​​ពី​​​អត្ត​​​សញ្ញាណ​​​របស់​​​បុរស​​​ដែល​​​ត្រូវ​​​ចោទ​​​ប្រកាន់​​​នោះ​​​ដែរ ប៉ុន្តែ បាន​​ឲ្យ​​​ដឹង​​​ថា បុរស​​​​​​រូប​​​នេះ​​​ធ្វើ​​​ការ​​​ឲ្យ “ក្រុមហ៊ុន RSL”  ហើយ​​​ត្រូវ​​​បាន​​​បញ្ជូន​​​ឲ្យទៅ​​​​​​ទទួល​​​យក​​​រថយន្ត​​​សង្គ្រោះ​​​បន្ទាន់​​​ពីរ​​​គ្រឿង​​​ដែល​​​ដឹក​​​ពី​​​ប្រទេស​​​ចិន​​​មក​​​ ដើម្បី​​បញ្ជូន​​​ទៅ​​​មន្ទីរ​​​ពេទ្យ​​​មួយ​​​​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​។

លោក គិន លី បាន​​​មាន​​​ប្រសាសន៍​​​ថា “មនុស្ស​​​មក​​​ពី​​​ក្រុម​​​ហ៊ុន RSL បាន​​​ផ្ញើ​​​សារ​​​មួយ​​​ទៅ​​​ប្រធាន​​​អធិការ​​​កិច្ច​​​គយ​​​ថា រថយន្ត​​​ទាំង​​​ពីរ​​​គ្រឿង​​​នោះ​​​គឺ​​​ជា​​​របស់​​​លោក ហ៊ុន ម៉ានី ហេតុ​​​ដូច្នេះ​​​​​​ត្រូវ​​តែ​​​ មានការ​​​ដឹក​​​ជញ្ជូន​​​ឲ្យ​​​បាន​​​នៅ​​​ថ្ងៃ​​​ទី​​​៥ ខែ​​​សីហា។ រថយន្ត​​​ទាំង​​​នេះ​​​មាន​​​ឯកសារ​​​ដែល​​​តម្រូវ​​​ឲ្យ​​​មាន​​​ការ​​​ជម្រះ​​​ពន្ធ​​​ ប៉ុន្តែ បុរស​​​រូប​​​នេះ​​​ចង់​​​ឲ្យ​​​មាន​​​ការ​​​ដឹក​​​ជញ្ជូន​​​ឲ្យ​​​បាន​​​ឆាប់​​​គឺនៅ​​​ថ្ងៃទី​​​៥ ខែ​​​សីហា​​​”។

លោក​​​ គិន លី បាន​​​ពន្យល់​​​ថា “បន្ទាប់​​​ពី​​​ទទួល​​​បាន​​​សារ​​​នេះ​​​រួច ​​​ប្រធាន​​​អធិការកិច្ច​​​គយ​​​បាន​​​ហៅ​​​ទូរស័ព្ទ​​​ទៅ​​​លោក​​​ ហ៊ុន ម៉ានី ប៉ុន្តែ លោក​​​ ហ៊ុន មា៉នី បាន​​​​​​មាន​​​ប្រសាសន៍​​​ថា លោក​​​គ្មាន​​​ទំនិញ​​​ណា​​​មួយ​​​ត្រូវ​​​ដឹក​​​ជញ្ជូន​​​ពី​​​ទី​​​នោះ​​​ឡើយ​​​”។ លោក​​​បាន​​​បន្ថែម​​​ថា រថយន្ត​​​សង្គ្រោះ​​​បន្ទាន់​​​ទាំង​​​ពីរ​​​គ្រឿង​​​ឥឡូវ​​​នេះ កំពុង​​​ត្រូវ​​​បាន​​​រក្សា​​​ទុក​​​នៅ​​​កំពង់​​​ផែ​​​។ តំណាង​​​ក្រុមហ៊ុន​​​ RSL​​​ មិន​​​អាច​​​​​​ទាក់​​​ទង​​​បាន​​​ឡើយ​​​។

លោក ច័ន្ទតុលា បាន​​​ឲ្យ​​​ដឹង​​​ទៀត​​​ថា ពាក្យ​​​បណ្តឹង​​​របស់​​​លោក ហ៊ុន ម៉ានី គឺ​​​ជា​​​សារ​​​មួយ​​​ដល់​​​សាធារណជន​​​ថា លោក​​​មិន​​​មែន​​​ជា​​​មនុស្ស​​​ពុក​​​រលួយ​​​នោះ​​​ទេ​​​។ លោក​​​បាន​​​មានប្រសាសន៍ថា  “លោក​​​ ហ៊ុន ម៉ានី បាន​​​ប្រកាស​​​ និង​​​បញ្ជាក់​​​ដល់​​​សាធារណ​​​ជន​​​ថា លោក​​​មិន​​​មែន​​​ជា​​​មនុស្ស​​​ដែល​​​ប្រើ​​​អំណាច​​​ទៅ​​​ធ្វើ​​​រឿង​​​ខុសច្បាប់​​​នោះ​​​ឡើយ​​​”៕ គឹម​​​ហឿន​​​​​​

​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស